តុលាការនឹងបន្តសវនាការ មន្ត្រីបក្សប្រឆាំង២១នាក់ ពីបទក្បត់ជាតិ និងញុះញង់ទៅចុងខែមករា ខណៈប៉ូលិសឃាត់ខ្លួនស្ត្រីអ្នកតវ៉ា២នាក់
2020.12.29
មេធាវីការពារក្ដីឲ្យសកម្មជនបក្សប្រឆាំងទាំង២១នាក់ លោក សំ សុគង់ ឲ្យដឹងថា ចៅក្រមបានហៅជនសង្ស័យចំនួន១៣នាក់ ឲ្យចូលបង្ហាញខ្លួនម្ដងម្នាក់ក្នុងបន្ទប់សវនាការ និងប្រើពេលពេញមួយព្រឹកសួរនាំបាន២នាក់ គឺ លោក ឡុង ផារី និង លោក ងិន ឃាន ជាសកម្មជនបក្សប្រឆាំងនៅខេត្តព្រៃវែង។ លោកមេធាវីបន្តថាចៅក្រមនឹងមិនបំបែកសំណុំរឿងនេះទេ ព្រោះជាបទចោទ ដែលទាក់ទងគ្នា ហើយសំណុំរឿងនេះមានជនត្រូវចោទសរុបចំនួន២១នាក់ ក្នុងនោះ៧នាក់ជាក្រុមមេដឹកនាំបក្សប្រឆាំងស្នាក់នៅក្រៅប្រទេស ១៣នាក់កំពុងជាប់ឃុំ និង ម្នាក់នៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារមានជំងឺធ្ងន់ គឺសកម្មជនបក្សប្រឆាំងខេត្តស្វាយរៀង លោក ហិន ឆាន។
លោក សំ សុគង់ បន្តទៀតថាចៅក្រមនឹងបន្តសវនាការសំណុំរឿងនេះពេញមួយថ្ងៃ នៅថ្ងៃទី២២ ខែមករា។ លោកមេធាវីជំរុញថាសវនាការលើកក្រោយគួរតែធ្វើឡើងរយៈពេលវែង គឺរហូតដល់បញ្ចប់សំណុំរឿងនេះ ដើម្បីជាប្រយោជន៍ដល់កូនក្ដី ដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ៖ «គាត់មួយចំនួនធំនោះមានការឃុំខ្លួនយូរដែរហើយ។ មានអ្នកខ្លះអាចជិតមួយឆ្នាំ។ អ្នកខ្លះមួយឆ្នាំជាងដែរ។ អ៊ីចឹងបើយើងមើលទៅការឃុំខ្លួនហ្នឹងវាមានពេលយូរ បើសិនជាយើងបន្តសវនាការ ដោយមិនឲ្យមានសវនាការបានរួសរាន់ក្នុងការបញ្ចប់រឿងក្ដី ហ្នឹង ធ្វើឲ្យប៉ះពាល់ដល់ការឃុំខ្លួនពួកគាត់។»
ក្នុងពេលសវនាការក្រុមសាច់ញាតិជាប្រពន្ធ កូន និងអ្នកគាំទ្រសកម្មជនបក្សប្រឆាំងមានគ្នាប្រហែល២០នាក់ជាស្ត្រី និងកុមារ ព្យាយាមស្រែកតវ៉ានៅម្ដុំខាងមុខសាលាដំបូង ដើម្បីទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយទាំងអស់។ ប៉ុន្តែនគរបាល និងកងកម្លាំងសន្តិសុខខណ្ឌ៧មករាបានរារាំង រុញច្រាន និងឆ្មក់ប្រើហិង្សា លើក្រុមស្ត្រី និងកុមារជាសាច់ញាតិ ហើយគំរាមមិនឲ្យតវ៉ានៅកៀកបរិវេណតុលាការឡើយ។ កងសន្តិសុខសាលាខណ្ឌបានតាមរុញច្រាន និងដាក់ឧគ្ឃោសនស័ព្ទ ដេញតាមស្រែកបណ្ដេញក្រុមអ្នកតវ៉ាឲ្យចេញឆ្ងាយពីតុលាការ កៀងចូលក្នុងស្តាតអូឡាំពិក និងបន្តដេញរហូតដល់ស្ពានអាកាសស្ទឹងមានជ័យ។
ក្នុងពេលរុញច្រាននោះនគរបាលខណ្ឌ៧មករាបានចាប់ស្ត្រីតវ៉ាចំនួន០២នាក់ ឈ្មោះ សុខ បូលីម៉ា និង ឈ្មោះ គីម សុគន្ធនីសា ដោយចោទប្រកាន់ថាការតវ៉ាមិនបានសុំច្បាប់ពីអាជ្ញាធរ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា គិតត្រឹមរសៀលថ្ងៃទី២៩ ខែធ្នូ ប៉ូលិសកំពុងធ្វើកំណត់ហេតុ និងសួរនាំស្ត្រីទាំង២នាក់ពាក់ព័ន្ធនឹងការតវ៉ា ដោយគ្មានច្បាប់អនុញ្ញាត។ លោកមិនទាន់សន្មតថាប៉ូលិសនឹងចាត់វិធានការបែបណាទេ៖ «(សួរពី) ការមកធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ ការគ្មានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញព្រោះធម្មតាការតវ៉ាអ្វីមួយគឺលើកលែងតែមានការអនុញ្ញាត។ បើអ៊ីចឹងវាអាចប៉ះពាល់។ ពួកគាត់ចេះតែមក មក អ៊ីចឹង វាអាចប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ រាជធានីភ្នំពេញទាំងមូល។»
ស្ត្រីតវ៉ាម្នាក់ជាភរិយារបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពង់ធំ លោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន អះអាងថាសន្តិសុខខណ្ឌ៧មករា បានប្រើហិង្សាទាំងកម្រោលលើក្រុមស្ត្រីតវ៉ា និងបានឆ្មក់វាយ ទាត់ ធាក់ កុមារ ជាកូនរបស់សកម្មជនបក្សប្រឆាំងថែមទៀត។ លោកស្រីសោកស្ដាយ ចំពោះអាជ្ញាធរ ដែលមិនផ្ដល់ឱកាសឲ្យសាច់ញាតិបានចូលជួប និងផ្ដល់ម្ហូបអាហារដល់អ្នកដែលត្រូវឡើងសវនាការតែបែរជាជ្រើសយកវិធីបង្ក្រាប ប្រពន្ធ កូន សកម្មជនបក្សប្រឆាំងទៅវិញ។ ទោះជាយ៉ាងណា លោកស្រីមិនតក់ស្លុតចំពោះការបង្ក្រាបនេះទេ។ លោកស្រីប្ដេជ្ញាថា នៅតែបន្តការតវ៉ា និងទទូចឲ្យដោះលែងសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំទាំងអស់ឲ្យមានសេរីភាពជួបជុំក្រុមគ្រួសារវិញ៖ «ឬក៏គាត់ទាក់ទងទៅខាងយោធា។ បង្គាប់យោធា មិនឲ្យស្ដាប់បង្គាប់រាជរដ្ឋាភិបាលអ្វីហ្នឹង? តើគាត់ណាត់ជួបគ្នាកន្លែងណា? មានភស្តុតាងអ្វីខ្លះព្រោះខ្ញុំចង់ដឹង ព្រោះគាត់មិនដែលធ្វើអំពើអស់ហ្នឹងទេ ព្រោះខ្ញុំនៅជាមួយគាត់កន្លងមកអត់អ៊ីចឹងសោះ។ អ៊ីចឹងសុំឲ្យគាត់(តុលាការ)បើកបង្ហាញការពិតមក។ សុំឲ្យគាត់ហ្នឹងយកអ្នកខុស អ្នកលក់ជាតិ លក់ទឹកដី ដាក់ពន្ធនាគារ មកដាក់ទោសទៅតាមច្បាប់ទៅ ហើយសុំឲ្យដោះលែងពួកគាត់មិនមានខុសអ្វីមកវិញមក។»
នាយករងអង្គការលីកាដូទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត យល់ថាតុលាការ គួរតែពន្លឿនសវនាការសំណុំរឿងនេះឲ្យលឿន ដើម្បីកុំឲ្យប៉ះពាល់សិទ្ធិអ្នកកំពុងជាប់ឃុំបណ្ដោះអាសន្ន។ លោក អំ សំអាត ក៏ជំរុញឲ្យអ្នកនយោបាយរកយន្តការដោះស្រាយជម្លោះនេះ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយ និងជាប្រយោជន៍ដល់អ្នកកំពុងជាប់ឃុំ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ អះអាងថា បើទោះជាមិនបានសុំច្បាប់អនុញ្ញាតក៏ដោយពលរដ្ឋមានសិទ្ធិជួបជុំតវ៉ា ដោយសន្តិវិធី និង រួចផុតពីការប្រើអំពើហិង្សានានា។ លោក អំ សំអាត ចង់ឲ្យអាជ្ញាធរ និងក្រុមអ្នកតវ៉ារកយន្តការចរចាគ្នា ជៀសវាងការប្រើហិង្សា និងចាប់ខ្លួន ដើម្បីកុំឲ្យមានការរិះគន់៖ «ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ ខ្ញុំគិតថា អ្នកនយោបាយគួរតែរកដំណោះស្រាយផ្នែកនយោបាយណាមួយ ដើម្បីបន្ធូរស្ថានភាពនយោបាយ ហើយកុំឲ្យមានការណ៍ដែលយកបានន័យថាអ្នកគាំទ្រគឺជាឧបករណ៍នយោបាយ។»
សាលាដំបូងរាជធានីភ្នំពេញក៏គ្រោងនឹងបើកសវនាការពេញមួយថ្ងៃ លើសំណុំរឿងបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ដែលមានសកម្មជនបក្សប្រឆាំង និងសកម្មជនសង្គម ចំនួន១៥នាក់ផ្សេងទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ នៅថ្ងៃទី៣០ ខែធ្នូនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។