មេ​ប៉េអឹម​នៅ​បន្ទាយមានជ័យ​ត្រូវ​បាន​ផ្លាស់​មក​កាន់​តំណែង​នៅ​ភ្នំពេញ

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ផ្លាស់ប្ដូរ​មក​ឲ្យ​កាន់​តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ប្ដូរ​ឲ្យ​មក​មក​ជំនួស​តំណែង​របស់​លោក​ឧត្តមសេនីយ៍ត្រី យ៉ា គីមអ៊ី។ ការ​ផ្លាស់ប្ដូរ​តំណែង​នោះ នឹង​ធ្វើ​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

លោក ខេង ទីតូ បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​តួនាទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ គឺ​មាន​មូលហេតុ ២​យ៉ាង។ ទី​១ ជា​ការ​កែ​ទម្រង់​បែប​បទ​រដ្ឋបាល និង​ទី​២ ដោយសារ​តែ​ឧត្តមនីយ៍ទោ រ័ត្ន ស្រ៊ាង មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​មន្ត្រី​កងរាជអាវុធហត្ថ៖ «រ័ត្ន ស្រ៊ាង គាត់​ធ្លាប់​មាន​បទពិសោធន៍ គាត់​ធ្លាប់​គ្រប់គ្រង​ការងារ​កង​កម្លាំង​នៅ​ខេត្ត​បន្ទាយមានជ័យ អ៊ីចឹង​គាត់​មាន​បទពិសោធន៍​ក្នុង​ការ​គ្រប់គ្រង​កងកម្លាំង​គាត់​ហ្នឹង គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​កងកម្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ»

ការ​ផ្លាស់ប្ដូរ​តំណែង​លោក យ៉ា គីមអ៊ី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​លោក រ័ត្ន ស្រ៊ាង ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ប៉ះ​ទង្គិច​រវាង​អ្នក​តវ៉ា​បោះ​ឆ្នោត និង​ព្រះសង្ឃ​វាយ​កម្ទេច​ដុត​រថយន្ត​ប៉េអឹម ២​គ្រឿង នៅ​សង្កាត់​ស្ទឹងមានជ័យ កាល​ពី​ពេល​បោះ​ឆ្នោត ​ថ្ងៃ​ទី​២៨ កក្កដា កន្លង​មក។

ការ​ផ្លាស់ប្ដូរ​តួនាទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នេះ ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​ត្រួត​ពិនិត្យ​សន្តិសុខ​នៅ​តាម​ច្រក​ចេញ​ចូល​មក​ក្រុង​ភ្នំពេញ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​ជួប​ជុំ​ណា​មួយ​របស់​ពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត ដើម្បី​តវ៉ា​ប្រឆាំង​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។