លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រូបលោកបានគោរព និងការពារព្រះមហាក្សត្រឱ្យខាងតែបាន ហើយលោកអំពាវនាវឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃងើបប្រឆាំងនឹងលោក សម រង្ស៊ី ដោយលោកចោទថា មេដឹកនាំបក្សប្រឆាំងរូបនេះជេរប្រមាថព្រះមហាក្សត្រ ដែលលោកត្រូវកម្ចាត់ចោល។ ប្រតិកម្មនេះ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងថា លោក ហ៊ុន សែន និងព្រះមហាក្សត្រក្បត់ជាតិដោយសារកាត់ទឹកដីឱ្យបរទេស។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងយល់ថា សាររបស់លោក ហ៊ុន សែន ជាល្បិចកលនយោបាយយកព្រះមហាក្សត្រធ្វើជាខែលទប់ស្កាត់លោក សម រង្ស៊ី ដើម្បីសម្រេចមហិច្ឆតាផ្ទេរអំណាចតវង្សត្រកូលនៅពេលខាងមុខ។
ថ្លែងសារនយោបាយក្នុងពិធីចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋរងគ្រោះទឹកជំនន់ជាង៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់ លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែតុលាបានអះអាងថា កន្លងមកលោកតែងតែគោរព និងការពារចំពោះព្រះមហាក្សត្រ។ លោក ហ៊ុន សែន ដែលទើបចាញ់ក្ដីលោក សម រង្ស៊ី នៅតុលាការបារាំងកាលពីពេលថ្មីៗ នេះក្នុងសំណុំរឿងបរិហារកេរ្តិ៍ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃងើបឈរប្រឆាំងនឹងប្រធានស្តីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដោយលោកចោទថា មេដឹកនាំបក្សប្រឆាំងរូបនេះជេរប្រមាថព្រះមហាក្សត្រ ដែលលោកត្រូវតែកម្ចាត់ចោល ដើម្បីការពារសន្តិភាព និងរបបរាជានិយមនៅកម្ពុជា។ លោក ហ៊ុន សែន ក៏បានព្រមានដល់អ្នកដែលផ្សារភ្ជាប់ជាមួយលោក សម រង្ស៊ី ត្រូវផ្តាច់ខ្លួនឱ្យបានឆាប់ ពីព្រោះបក្សនយោបាយមួយនោះនឹងប្រឈមការអនុវត្តច្បាប់បើសិនរកថាមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី។
លោក ហ៊ុន សែន៖«បក្សណាក៏ដោយផ្សាភ្ជាប់ខ្លួនជាមួយជនក្បត់ជាតិនេះ ចាំបាត់ត្រូវតែពិនិត្យមើលដោយតុលាការ ហើយយើងក៏មិនទុកឱ្យជនក្បត់ជាតិនេះបន្តការរំខាន បើជេរត្រឹមនាយករដ្ឋមន្ត្រីវាមិនអីទេ ប៉ុន្តែកន្លងទៅវាជេរមហាក្សត្រ ឥឡូវវាជេរមហាក្សត្រទៀត ហើយរហូតវាជេរមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិច តែចំពោះយើងគោរពមហាក្សត្រ ព្រោះប្រទេសរបស់យើងរាជានិយម»។
ភ្លាមៗ ក្រោយការអំពាវនាវរបស់លោក ហ៊ុន សែន មានលិខិតថ្កោលទោសលោក សម រង្ស៊ី ជាច្រើនបានផ្សព្វផ្សាយព្រោងព្រាតតាមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ។ លិខិតទាំងនោះចេញមកពីតុលាការ ក្រសួង ស្ថាប័ន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និយាយជាវីដេអូមួយនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសបារាំងនាកាលពីពេលថ្មីៗ នេះ ដោយចោទថា លោក ហ៊ុន សែន និងព្រះមហាក្សត្របានក្បត់ជាតិដោយសារកាត់ទឹកដីឱ្យបរទេស។
លោក សម រង្ស៊ី៖«បន្ទាប់ពីលោក ហ៊ុន សែន គឺស្តេចសព្វថ្ងៃក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ អាហ្នឹងដូចកាត់ទឹកដីខ្មែរឱ្យទៅបរទេស»។
ឆ្លើយតបរឿងនេះ មន្ត្រីជាន់ខ្ពស់ និងអតីតតំណាងគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន យល់ថា សារអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងលោក សម រង្ស៊ី គឺជាល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ទាញព្រះមហាក្សត្រធ្វើជាខែលការពារអំណាចផ្តាច់ការតវង្សត្រកូលរបស់ខ្លួន។ លោកអះអាងថា អ្នកដែលមិនផ្តល់តម្លៃ ឬជេរប្រមាថព្រះមហាក្សត្រ និងគំរាមប្តូររបបដឹកនាំប្រទេសតាមអំពើចិត្តកន្លងទៅគឺលោក ហ៊ុន សែន តែម្តង។ ទោះយ៉ាងណាលោកថា ចំណាត់ការរបស់លោក ហ៊ុន សែន លើលោក សម រង្ស៊ី ជាបន្តបន្ទាប់មកនេះបង្ហាញថា លោក ហ៊ុន សែន កំពុងភ័យខ្លាចនឹងប្រជាប្រិយភាពលោក សម រង្ស៊ី។
លោក អ៊ុំ សំអាន៖«ឱ្យប្រជាពលរដ្ឋប្រឆាំងលោក សម រង្ស៊ី ទៅការពារស្តេចហ្នឹង ដើម្បីការពារអំណាចរបស់គាត់តវង្សត្រកូលតែប៉ុណ្ណោះមិនមែនការពារព្រះមហាក្សត្រ ព្រោះព្រះមហាក្សត្រមិនចង់បានអំណាចអីគាត់ ដោយលោកគ្រងរាជ្យមិនកាន់អំណាចផងហ្នឹង លោកមិនតបតជាមួយលោក សម រង្ស៊ី និងអ្នកផ្សេងទេ»។
ផ្ទុយពីអះអាងរបស់លោក ហ៊ុន សែន ដែលថាលោកបានគោរព និងការពារចំពោះព្រះមហាក្សត្រនោះ គេមើលឃើញថាលោក ហ៊ុន សែន មិនបានគោរពព្រះមហាក្សត្រដូចការលើកឡើងនេះទេ ជាក់ស្តែងកាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ ប្រសិនបើព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម។
ជំរុញរឿងនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា អង្គព្រះមហាក្សត្រមិនអាចនរណាប៉ះពាល់បានឡើយ។ លោកបន្តថា ការទាញព្រះមហាក្សត្រជាប់ពាក់ព័ន្ធការប្រកួតប្រជែងរបស់អ្នកនយោបាយជារឿងមិនត្រឹមត្រូវនោះទេ ដោយត្រូវរក្សាស្ថាប័ននេះដើរតួនាទីឯករាជ្យសម្រាប់ដោះស្រាយវិបត្តិនយោបាយវិញ។ លោកយល់ថាសារអំពាវនាវរបស់លោក ហ៊ុន សែន នោះ គឺជាការកេងចំណេញផ្នែកនយោបាយ។
លោកបណ្ឌិត សេង សារី កត់សម្គាល់ថាលោក ហ៊ុន សែន រំពឹងថា ការរម្លាយគណបក្សសង្គ្រោះជាតិចាប់តាំងពី២០១៧ នឹងធ្វើឱ្យចលនាប្រជាធិបតេយ្យបែកបាក់ធ្ងន់ធ្ងរ ផ្ទុយទៅវិញកម្លាំងគាំទ្រលោក សម រង្ស៊ី នៅតែគំរាមកំហែងដល់ការកាន់អំណាចគណបក្សប្រជាជនកម្ពុជាដដែល ជាពិសេសការប្រកួតប្រជែងតាមរយៈការឆ្នោតនៅឆ្នាំ២០២៣ និងការផ្ទេរអំណាចនាពេលខាងមុខ។ លោកយល់ថាយុទ្ធសាស្ត្រទុកឱ្យ លោក សម រង្ស៊ី ឱ្យនៅឯកោហើយត្រូវបញ្ចប់អាចមានប្រសិទ្ធភាពតិចតួច ពីព្រោះអ្នកគាំទ្រលោក សម រង្ស៊ី សុំានឹងគំរាមកំហែង ការភ័យខ្លាច ចំណែកអ្នកដែលចាកចេញវិញជីវិតនយោបាយរបស់ពួកគេត្រូវបញ្ចប់ជាបន្តបន្ទាប់។
លោក សេង សារី៖«ខ្ញុំមើលថា ទោះបីវាងតាមផ្លូវណាក៏ដោយ ចុងក្រោយនៅតែដដែល ដោះស្រាយនៅលើតុជាមួយគ្នាដដែល។ ដូច្នេះ ហើយជាសំណូមពរ ភាគីទាំងសងខាងអាចដកឃ្លាម្នាក់មួយជំហាន បន្ថយសារនយោបាយ ដែលបង្កើតឱ្យមានកំហឹងបុគ្គល ហើយរកអ្នកដែលមានអំណាច ឬរកអ្នកណាដែលអាចភ្ជាប់ជាស្ពានធ្វើមិច ដើម្បីឱ្យអ្នកនយោបាយទាំងពីរ ដែលមានទ្រព្យនយោបាយច្រើនជាងគេពីររូបនៅកម្ពុជាអាចងាកមកជជែកគ្នាបាន ហើយផ្ដល់នូវអធ្យាស្រ័យគ្នាខ្ពស់»។
តុលាការនៃរបបលោក ហ៊ុន សែន បានកាត់ក្ដីផ្ដន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិនយោបាយជាស្ថាពរ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក សម រង្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន ៤ខេត្ត ឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា ដើម្បីរស់នៅ។
ស្ទើរគ្រប់វេទិកា លោក ហ៊ុន សែន តែងតែលើកឡើងពីផែនការនយោបាយតាមកម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ ហើយលោកថា បើមានកម្លាំងណាមួយដែលចេញមកគាំទ្រលោក សម រង្ស៊ី លោកមិនខ្លាចក្នុងការបង្ហូរឈាមនោះទេ។ លោកអនុវត្តន៍ផែនការនេះ ដូចផែនការកម្ទេចក្រុមខ្មែរក្រហមដែរ។ កាលថ្មីៗនេះ លោក ហ៊ុន សែន ប្រកាសថា លោកនឹងប្រើយុទ្ធសាស្ត្រ ឌីហ្វីដ ដែលមានប្រាំតួអក្សរអង់គ្លេស DIFID (Divide Isolate Finish Integrate Develop ) ប៉ុន្តែ លោកអនុវត្តន៍លើលោក សម រង្ស៊ី តែពីរអក្សរទេ គឺអាយអែហ្ស (IF)។ ពីរតួទេIF នេះ ពាក្យសាមញ្ញមានន័យថា ទុកឱ្យឯកោហើយត្រូវបញ្ចប់។
គណបក្សភ្លើងទៀន ដែលមានមេដឹកនាំកើតចេញអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលមេដឹកនាំគណបក្សនេះ ភាគច្រើនមាននិន្នាការគោរពស្រលាញ់ លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា ជាគណបក្សគួរប្រកួតប្រជែងដ៏ស្រួចស្រាល់ ជាមួយបក្សកាន់អំណាច ដែលនឹងអាចមានលទ្ធភាពដណ្ដើមកៅអីសភា ពីគណបក្សកាន់អំណាចយ៉ាងហោចណាស់ ២០អាសនៈ ក្រោយពីគណបក្សដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ២.០០០ (ពីរពាន់) កាលពីពេលបោះឆ្នោតថ្នាក់ក្រោមថ្ងៃទី៥ ខែមិថុនាកន្លងទៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដើម្បីបញ្ជាក់ជុំវិញសារព្រមានរបស់លោក ហ៊ុន សែន ថា នឹងរំលាយគណបក្សណា ដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះបានទេ នៅថ្ងៃទី២៥ ខែតុលា។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលធ្វើលោក ហ៊ុន សែន បានកែធ្វើច្បាប់ស្ដីពីគណបក្ស ហាមគ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ចំពោះទោសទណ្ឌដល់គណបក្សនយោបាយ ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះរហូតដល់ ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។