"ការ​ចុច Likes ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ពី​ក្រៅ​ប្រទេស​ច្រើន​ជាង​ក្នុង​ស្រុក"

ដោយ មួង ណារ៉េត
2017.03.30
ហ៊ុន សែន ហ្វេសប៊ុក ៨៥៥ ២០១៧ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៧។ Screenshot
Screenshot

គិត​មក​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មីនា នេះ ទំព័រ​ហ្វេសប៊ុក (Facebook) លោក ហ៊ុន សែន កើន​ចំនួន “Likes”  រហូត​ដល់​ជិត ៧,៣លាន (៧.២៦២.០៩៧)។ ក្នុង​ចំណោម​នេះ ចំនួន Likes តិច​ជាង​ពាក់​កណ្ដាល ឬ​ស្មើ​នឹង​ជាង ៣,៦​លាន (៣.៦២៤.២៣១) ឬ​ស្មើ​នឹង ៤៩,៩% បាន​មក​ពី​ក្នុង​ប្រទេស​កម្ពុជា។ ចំនួន​ជាង​ពាក់​កណ្ដាល​ទៀត​នៃ​អ្នក​ចុច likes ឬ​ស្មើ​នឹង​ជិត ៣,៧​លាន (៣.៦៣៧.៨៦៦) ឬ​ស្មើ​នឹង ៥០,១% គឺ​បាន​មក​ពី​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​ឥណ្ឌា (India) ហ្វីលីពីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) មីយ៉ាន់ម៉ា (Myanmar) ប៉ាគីស្ថាន (Pakistan) អាហ្វហ្គានីស្ថាន (Afghanistan) បង់ក្លាដេស (Bangladesh) អ៊ីរ៉ាក់ (Iraq) និង​នីហ្សេរីយ៉ា (Nigeria) ជាដើម។

ប្រទេស​ឥណ្ឌា (India) ដែល​ស្ទើរ​តែ​គ្មាន​ខ្មែរ​រស់​នៅ​សោះ មាន​អ្នក​ចុច likes ទំព័រ​ហ្វេសប៊ុក លោក ហ៊ុន សែន ជិត ១​លាន​នាក់ (៨៤៩.៥៨០) ហ្វីលីពីន (Philippines) ជិត ៨​សែន (៧៦៨.៨៨៨) ឥណ្ឌូនេស៊ី (Indonesia) ជាង ៤​សែន (៤០៤.៤១៩) មីយ៉ាន់ម៉ា ជិត ២,៥​សែន (២៤៣.៦២៤) ដែល​ប្រទេស​ទាំង​នេះ ល្បី​ខាង​មាន​មនុស្ស​ស៊ី​ឈ្នួល​ចាំ​អង្គុយ​ចុច likes ឲ្យ​ម្ចាស់​ហ្វេសប៊ុក ដែល​ត្រូវ​ការ​ចំនួន likes តាម​រយៈ​ការ​ទិញ​ជា​ជាង​ការ​ចុច likes តាម​ការ​ចូល​ចិត្ត​ពិត​ប្រាកដ។ មុខ​របរ​ស៊ី​ឈ្នួល​អង្គុយ​ចុច likes ឬ​ឈ្មោះ​ថា “click farms” នេះ​ជា​របរ​នៅ​ប្រទេស ដែល​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប។ ជា​ទូទៅ​គេ​អាច​ទិញ likes បាន ១​ពាន់ likes ដោយ​ចំណាយ​ប្រាក់​ត្រឹមតែ ១​ដុល្លារ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​ចំនួន likes លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក  ហ៊ុន សែន រហូត​ដល់​ជិត ៧,៣​លាន​នេះ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា ត្រូវ​បាន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដក​ស្រង់​សម្ដី​តាម​រយៈ​សារ​អេឡិចត្រូនិក (E-mail) ថា “ឥឡូវ​នេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ជាង​មុន​ហើយ ថា​ការ​កើន​ឡើង​ប្រជាប្រិយ​នេះ គឺ​បាន​មក​ពី​ការ​ទិញ។ ការ​ធ្វើ​បែប​នេះ​គឺ​ដូច​ក្មេង​បៀម​ដៃ និង​គួរ​ឲ្យ​អស់​សំណើច​ខ្លាំង​ណាស់”។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា ផ្ដន្ទាទោស​ដោយ​កំបាំងមុខ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លើ​ករណី​បរិហារកេរ្តិ៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​សាធារណៈ​លើ​ហ្វេសប៊ុក (Facebook) ដែល​លោក​បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦ ថា “ថ្ងៃ​នេះ​មាន​ធ្លាយ​ព័ត៌មាន​មួយ​តាម​រយៈ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ពី​មតិ​ចូល​ចិត្ត ឬ likes ក្លែងក្លាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។ លោក​ថា ចំនួន likes មួយ​ចំនួន​ធំ​លើ​ហ្វេសប៊ុក លោក ហ៊ុន សែន គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត​គណនី​ក្លែងក្លាយ ដែល​ផ្ដល់​មតិ like ឬ​ចូលចិត្ត​ឲ្យ​លោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរ​បន្ត​ថា អ្នក​គេ​ជួល​ធ្វើ​បែប​នេះ ច្រើន​ជាង​គេ​​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ហ្វីលីពីន។

លោក សម រង្ស៊ី កាល​ណោះ​ចាត់​ទុក​សាលក្រម​តុលាការ​ថា ជា​ការ​បិទបាំង ការ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ និង​ដាក់​ទោសទណ្ឌ​លោក ដោយសារ​លោក​ហ៊ាន​លាតត្រដាង​ការពិត។

កាល​ពី​ចុង​ឆ្នាំ​២០១៦ មាន​ការ​បែក​ធ្លាយ​សារ​ទំនាក់ទំនង​រវាង​ចៅ និង​តា តាម​បណ្ដាញ​ហ្វេសប៊ុក​ដែល​គេ​សង្ស័យ​ថា ជា​ការ​សន្ទនា​គ្នា​រវាង​កញ្ញា ធី សុវណ្ណថា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សារ​ពី​ចៅ​បាន​សរសេរ​ថា “Facebook របស់​តា ជា​មធ្យម​បាន likes ជិត ៣.០០០ likes ចំនួន​នេះ​មិន​អាច​លើ សម រង្ស៊ី ទេ។ ចៅ​អាច​ធ្វើ​ឲ្យ Facebook page របស់​តា បាន ១​ម៉ឺន likes ក្នុង​មួយ​ថ្ងៃ។ ចៅ​នឹង​ជួប​ជំនួយការ​តា និង​ប្រាប់​ពី​វិធី​នេះ តែ​ត្រូវ​ប្រាប់​គាត់​ឲ្យ​លាក់​ចំណេះ​ដែល​ចៅ​ប្រាប់​ឲ្យ​ជិត"។ ទាំង​កញ្ញា ធី សុវណ្ណថា និង​លោក ហ៊ុន សែន មិន​បាន​ប្រតិកម្ម​បដិសេធ ឬ​ទទួល​ស្គាល់​សារ​បែក​ធ្លាយ​នេះ​ទេ។ លោក ហ៊ុន សែន ក៏​មិន​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​បែក​ធ្លាយ​សារ​នេះ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។