មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​ប្ដឹង​ទៅ​សង្គម​ស៊ីវិល​ឲ្យ​ជួយ​ការពារ​សុវត្ថិភាព បន្ទាប់​ពី​ប៉ូលិស​ទៅ​ឡោមព័ទ្ធ​ផ្ទះ

0:00 / 0:00

ប្រធាន​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​ប្ដឹង​ទៅ​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ជួយ​អន្តរាគមន៍​ផ្លូវ​ច្បាប់ ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ករណី​ប៉ូលិស​ស្រុក​បរិបូរណ៍​ជា​ច្រើន​នាក់​ទៅ​ឡោមព័ទ្ធ​ផ្ទះ​ កាល​ពី​ថ្ងៃ​ទី២២ មីនា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ករណី​នេះ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​​រំលោភ​សិទ្ធិ​មនុស្ស​ខុស​ច្បាប់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២៨ មីនា​ថា លោក​បាន​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី២៦ មីនា ដើម្បី​ឲ្យ​ជួយ​ស៊ើបអង្កេត​បន្ថែម​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​រូប​លោក​ដោយ​សមត្ថកិច្ច​នេះ​ និង​ស្នើសុំ​ឱ្យ​ជួប​អន្តរាគមន៍​ផ្លូវ​ច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ លោក​អះអាង​ថា មូលហេតុ​ដែល​ប្ដឹង​ដោយសារ ព្រួយបារម្ភ​ពី​សុវត្ថិភាព ព្រោះ​ប៉ូលិស​ជា​ច្រើន​នាក់​បាន​ទៅ​ឡោមព័ទ្ធ​របស់​ខ្លួន​ ដោយ​គ្មាន​ដីកា​ពី​តុលាការ​នោះ​ទេ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា​ខ្ញុំ​អត់​មាន​ខុស​អី​ទាំង​អស់​ ខ្ញុំ​អត់​មាន​សរសេរ​រិះគន់​រដ្ឋាភិបាល​ជា​វីដេអូ​ឃ្លិប​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ចែកចាយ​បន្ត​ដោយសារ​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ព័ត៌មាន​ដើម្បី​ថ្លឹងថ្លែង​ពី​បញ្ហា​នៅ​ក្នុង​សង្គម​និង​នយោបាយ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។បើ​កម្ពុជា​ជា​ប្រទេស​ថា​មាន​សេរីភាព​មាន​នីតិរដ្ឋ​ពេញលេញ​គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​តាមដាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោង​ផង​ដើម្បី​គាត់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស »

លោក​បន្ត​ថា​ រហូត​មក​ទល់​ថ្ងៃ​ទី២៨ មីនា​ លោក​មិន​ទាន់​ហ៊ាន​ចូល​ផ្ទះ​វិញ​ទេ ព្រោះ​សាច់​ញាតិ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ថា សមត្ថកិច្ច​នៅ​តែ​បន្ត​តាម​រក​លោក​មិន​ទាន់​ឈប់​នៅ​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អធិការ​នគរបាល​ស្រុក​បរិបូរណ៍​លោក ជាង សុវណ្ណារិទ្ធ មាន​ប្រសាសន៍​ថា​ ប៉ូលិស​មិន​បាន​ទៅ​ឡោមព័ទ្ធ​ផ្ទះ​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «បាទ​គាត់​រស់​នៅ​ធម្មតា​តើ​ មាន​អ្នក​ណា​ទៅ​ធ្វើ​អី​គាត់​អត់​មាន​ទេ បង​ឯង​កុំ​ជឿ​គាត់​ គាត់​ចេះ​តែ​និយាយ​បំផ្លើស​អីចឹង​មាន​អ្នក​ធ្វើ​អី​គាត់​ គាត់​មាន​កំហុស​អី​ដែល​ត្រូវ​គេ​ឡោមព័ទ្ធ​អត់​មាន​ទេ »

មន្ត្រី​សម្របសម្រួល​អង្គការ​ លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ចាន់មុន្នី អះអាង​ថា ខាង​លោក​បាន​ទទួល​បណ្ដឹង​ពី​លោក​ កែវ ថៃ រួច​ហើយ​ ក៏ប៉ុន្តែ​មិន​ទាន់​លោក​មិន​ទាន់​បាន​ចុះ​ស៊ើបអង្កេត​ជុំ​វិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ព្រោះ​ចាប់​ពី​ថ្ងៃ​ទទួល​បណ្ដឹង​មក​ខាង​លោក​ជាប់​រវល់​ការងារ​នៅ​ភ្នំពេញ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក​ យល់​ថា បញ្ហា​នេះ​ប្រសិន​បើជា​រឿង​ពិត​គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ព្រោះ​បាន​គំរាមកំហែង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច៖ «បើ​សិន​មាន​រឿង​កើត​ឡើង​មែន​វា​ខុស​ច្បាប់​ហើយ​បាន​ន័យ​ថា​ ជា​ការ​បំភ័យ​ពលរដ្ឋ ព្រោះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ បាន​ចែង​ហើយ​ដរាបណា មិន​មាន​ដីកា​ពី​តុលាការ​មិន​អាច​ឃាត់​ខ្លួន​មនុស្ស​បាន​ទេ ហើយ​សមត្ថកិច្ច​ក៏​មិន​អាច​ចូល​ក្នុង​លំនៅឋាន​គេ​បាន​ទេ​ លើក​លែង​ជា​បទល្មើស​ជាក់​ស្ដែង »

លោក​បន្ត​ថា ប្រសិន​បើ​ស៊ើប​អង្កេត​រក​ឃើញ​ប៉ូលិស​ទៅ​ឡោមព័ទ្ធ​ផ្ទះ​​របស់​មន្ត្រី​បក្ស​ប្រឆាំង​ពិត​ប្រាកដ​មែន ​លោក​នឹង​ជួយ​ផ្ដល់​ប្រឹក្សា​ផ្លូវ​ច្បាប់​និង​រៀបចំ​បណ្ដឹង​​ដាក់​​ទៅ​តុលាការ ដើម្បី​ឲ្យ​ចាត់​វិធានការណ៍​ទៅ​លើ​ជន​ប្រព្រឹត្ត​តាម​ច្បាប់។

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ខាង​លោក​ក៏​មិន​ទាន់​បាន​ចុះ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​ដែរ មួយ​រយៈ​នេះ​លោក​ជាប់​រវល់​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​ក្នុង​សហគមន៍។

លោក​កែវ​ ថៃ​ ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ម្នាក់​ក្នុង​ចំណោម ១១០នាក់ ដែល​របប​លោក ហ៊ុន សែន ហាមឃាត់​ធ្វើ​នយោបាយ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី​ក៏​លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ ដោយសារ​លោក​យល់​ថា ប្រសិន​បើ​សុំ​សិទ្ធ​ គឺ​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ជា​ការ​ចូលរួម​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។