ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ ហ៊ុន សុគង់ ប្រាប់ថា សមត្ថកិច្ចបាននាំខ្លួនស្វាមីលោកស្រី មកសាកសួរបន្តនៅស្នងការនគរបាលខេត្តកំពង់ចាមនៅថ្ងៃទី៦ ខែសីហា ក្រោយពីសមត្ថកិច្ចបានចាប់នៅខេត្តបន្ទាយមានជ័យ។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការឃាត់ខ្លួននេះ ជាការបំពានលើសិទ្ធិនយោបាយ ហើយសន្យាថា នឹងតាមដានឃ្លាំមើលពីដំណើររឿងនៃការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង។
លោកស្រី ខាន់ សុគន្ធា ភរិយាលោក ហ៊ុន សុគង់ មេឃុំបុស្សខ្នុរ ខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពង់ចាមមិនទាន់អនុញ្ញាតឲ្យសមាជិកក្រុមគ្រួសារចានចូលជួបទេដោយសារតែលើកហេតុផលថា ករណីនេះជារឿងនយោបាយ ដែលខុសពីការចាប់ជនសង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
អ្នកស្រីទទូចឲ្យសមត្ថកិច្ចបង្ហាញភស្តុតាងថា ស្វាមីលោកស្រីជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីខ្លះ មុននឹងចាប់យកទៅឃុំឃាំង។ លោកស្រីស្នើសុំរបបក្រុងភ្នំពេញឱ្យដោះលែងស្វាមីឱ្យរួចផុតពីការចោទប្រកាន់នេះ ដោយសារតែលោក ហ៊ុន សុគង់ ជាអ្នកប្រកបរបររត់ម៉ូតូឌុប មិនបានធ្វើសកម្មភាពណាមួយពាក់ព័ន្ធនឹងរឿងនយោបាយទេ៖ « បើគ្មានការចោទប្រកាន់ផងហេតុអ្វីបានជាចាប់គាត់ឃុំ។ ចង់ឲ្យដោះលែងគាត់មកវិញ ពីព្រោះការចាប់ហ្នឹងក៏មិនបានចោទប្រកាន់អ្វីដែរយកគាត់ទៅឃុំធ្វើអ្វីហេតុអ្វីមិនដោះលែងគាត់មកវិញមក។ បើខ្ញុំសួរទៅគេអត់មានដីកា គេអត់ឆ្លើយជាមួយយើងមានឬមិនមានគេឆ្លើយថា អត់ដឹង។ ដល់ពេលអ៊ីចឹង ចង់ឲ្យដោះលែងមកវិញមក។ បើគេអត់ឆ្លើយច្បាស់លាស់ជាមួយគ្រួសារខ្ញុំផង។ អត់មានរឿងអីផងចេះតែយកឃុំទុកយ៉ាងម៉េច » ។
មេឃុំគណបក្សសង្គ្រោះជាតិ នៅមកពីឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម លោក ហ៊ុន សុគង់ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលព្រឹកថ្ងៃទី៥ កញ្ញា ពេលលោកអ្នកប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបនៅទីនោះ។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា ការចាប់ខ្លួននេះ សមត្ថកិច្ចមិនបាន បង្ហាញដីកាចាប់ខ្លួនពីតុលាការនោះទេ។
ជុំវិញការចាប់ខ្លួនមេឃុំគណបក្សសង្គ្រោះជាតិនេះ ស្នងការរងខេត្តបន្ទាយមានជ័យលោក សិទ្ធិ លោះ នៅតែអះអាងប្រាប់អាស៊ីសេរីថ្ងៃទី៦ ខែកញ្ញាថា លោកមិនបានដឹងទេ ដោយសារតែលោកកំពុងជាប់បេសកកម្មនៅក្រៅខេត្ត និងបានបង្វែរសំនួរឲ្យទៅសួរស្នងការនគរបាលខេត្តវិញ។ ប៉ុន្តែអាស៊ីសេរីបានទូរស័ព្ទទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ចូលជាច្រើនសាគ្មានអ្នកទទួល។
ចំណែកស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ ដោយលោកនិយាយយ៉ាងខ្លីថា កំពុងជាប់ប្រជុំ៖ « ខ្ញុំជាប់ប្រជុំប៉ុស្តិ៍រដ្ឋបាល ស្ដាប់បានទេ » ។
មន្ត្រីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តកំពង់ចាម អ្នកស្រី ធីម ណារីន ប្រាប់អាស៊ីសេរីថា តាមព័ត៌មាន ដែលអ្នកស្រីទទួលបានពីអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ឱ្យដឹងថា ការចាប់ខ្លួននេះ អាចជាប់ទាក់ទងនឹងការទៅចូលរួមប្រជុំរបស់លោក ហ៊ុន សុគង់ កាលពីអំឡុងខែសីហាជាមួយលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។ មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា នឹងតាមដានឃ្លាំមើលករណីចាប់ខ្លួននេះ៖ « ករណីហ្នឹងទីមួយខាង អាដហុក យើងក៏អត់ទទួលបានពាក្យបណ្ដឹងពីសាមីខ្លួន ពីសាច់ញត្តិគាត់ទេ។ អត់ទាន់មានពាក្យបណ្ដឹងចូលមកអាដហុកយើងទេ។ដូច្នេះហើយកាលណាអត់ទាន់មានពាក្យបណ្ដឹងខាងអាដហុកយើងមិនសម្រេចបើកការស៊ើបអង្កេតទេ។ប៉ុន្តែក្នុងនាមយើងជាអង្គការសិទ្ធិមនុស្សយើងនឹងតាមដាន នៅក្នុងរឿងហ្នឹងថា វាវិវត្តទៅដល់ណា ខ្ញុំនឹងធ្វើការតាមដាន » ។
ភរិយាលោក ហ៊ុន សុគង់ លោកស្រី ខាន់ សុគន្ធា ប្រាប់ថា ស្វាមីលោកស្រីធ្លាប់ទៅចូលរួមសិក្ខាសាលានៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅមែន ប៉ុន្តែលោកស្រីមិនបានច្បាស់ថា តើសិក្ខាសាលានៅប្រទេសម៉ាឡេស៊ីនោះ ជាប់ទាក់ទិនជាមួយនឹងគណបក្សសង្គ្រោះជាតិឬយ៉ាងណាទេ។
គិតត្រឹមដើមខែកញ្ញានេះ មានមន្ត្រីគណបក្សប្រឆាំង ២៣នាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន ហើយក៏មានមន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀតដែរ ដែលត្រូវជនមិនស្គាល់មុខលបវាយដំ និងគំរាមប្រើអំពើហិង្សា។
កាលពីថ្ងៃទី២ ខែកញ្ញា សមត្ថកិច្ចខេត្តកំពង់ធំបានបញ្ជូនសកម្មជនគណបក្សប្រឆាំង ៣នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធរឿងចែកចាយសារនៅក្នុងហ្វេសប៊ុកធ្វើឱ្យប៉ះពាល់ដល់របបដឹកនាំក្រុងភ្នំពេញ។ ក្នុងចំណោមអ្នកទាំង៣ សកម្មជនគណបក្សសង្គ្រោះជាតិពីររូបគឺ លោក ស៊ុន ប៊ុនថុន និងលោក នូ ភឿន តុលាការចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ និងបទបន្តធ្វើសកម្មភាពជាមន្ត្រីគណបក្សនយោបាយ ដែលប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ មន្ត្រីសិទ្ធិមនុស្សហៅការចាប់ខ្លួន និងការចោទប្រកាន់ទាំងនេះ ជាការបំបិទសិទ្ធិសេរី និងការបញ្ចេញមតិរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។