សារ​នយោបាយ​ឆ្លងឆ្លើយ​រវាង​មេដឹកនាំ​បក្ស​ទាំង​២

ដោយ ម៉ម មុនីរតន៍
2014.12.31
សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya

អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មើល​ឃើញ​ថា មេដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​ទី​៥​នេះ បាន​ប្រើប្រាស់​សម្ដី​របស់​ខ្លួន​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​សំចៃ​មាត់ ដើម្បី​ធ្វើ​ជា​ដើម​ទុន​ក្នុង​ការ​ដណ្ដើម​ប្រជាប្រិយភាព ឬ​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។ សារ​ពិសេសៗ ចាប់​ផ្តើម​មាន​ច្រើន​ជា​ហូរហែ​នៅ​មុន​និង​ក្រោយ​ការ​បោះឆ្នោត​សកល​រួច។

តួអង្គ​សំខាន់​មួយ​ក្នុង​ឆាក​នយោបាយ​កម្ពុជា គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ក្រៅ​ពី​ជា​មេដឹកនាំ​ដែល​ចេះ​ប្រើ​ស្នៀត​ឲ្យ​​ដៃគូ​បក្ស​នយោបាយ​ប្រជែង​របស់​ខ្លួន​ត្រូវ​ចុះ​ខ្សោយ​នោះ លោក​ក៏​ជា​មេដឹកនាំ​ដែល​ពូកែ​ក្នុង​ការ​ប្រើ​មធ្យោបាយ​សម្លុត គំរាមកំហែង ថែម​ទៀត​ផង។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​អន្តរជាតិ​ផង លោក រស់ រ៉ាវុធ យល់​ថា កម្ដៅ​ផ្នែក​នយោបាយ​នៅ​តែ​មិន​មាន​ភាព​ថមថយ​ឡើយ បើ​ទោះ​ជា​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ឆ្នោត​ដ៏​លើសលប់​ទាំង​ពីរ​នៅ​អាណត្តិ​ទី​ប្រាំ​នេះ បាន​ប្រកៀក​ស្មា​គ្នា​ចូល​អង្គុយ​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​កិច្ចការ​រៀងៗ​ខ្លួន ដោយ​សុទ្ធ​តែ​បាន​អះអាង​ថា ធ្វើ​ដើម្បី​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ហើយ​ក៏ដោយ​ចុះ៖ «ការ​ប្រើ​អា មឹង អញ ឯង ឬ​ក៏​ពាក្យ​អសុរោះ​ណា​មួយ គឺ​ជា​កំហុស​ឆ្គង​ធ្ងន់​ណាស់​សម្រាប់​មេដឹកនាំ»

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ការ​បោះឆ្នោត​សកល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ រួច​មក គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជំហរ​ធ្វើ​ពហិការ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ភ្លាម​ដែរ។ នៅ​ពេល​នោះ អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ស្ទើរ​នៅ​ទូទៅ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ២០១៤ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​បែប​ចំអក​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ថា លោក ហ៊ុន សែន កំពុង​តែ​ភ័យ​ខ្លួន​ខ្លាំង​ហើយ​បាន​ជា​លោក​ចេះ​តែ​និយាយ​ខុស​ទៅៗ​ដូច្នេះ។

ការ​លើក​ឡើង​​របស់​លោក​លោក កឹម សុខា បែប​នេះ គឺ​នៅ​បន្ទាប់​ពី​លោក ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​លោក​ដែល​ចង់​ប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។

យ៉ាង​ណា​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​បាន​​ជាប់​គាំង​ស្ទើរ​​ពេញ​មួយ​ឆ្នាំ ទម្រាំ​អ្នក​នយោបាយ​ទាំង​ពីរ​ស្រុះស្រួល​គ្នា​បើក​ផ្លូវ​ចរចា ដើម្បី​ទម្លាយ​ភាព​គាប់​គាំង​ផ្នែក​នយោបាយ​នេះ។ កាល​ពី​ដើម​ឆ្នាំ​២០១៤ សារ​ដែល​​ពេញ​និយម​បំផុត​សម្រាប់​អ្នក​តវ៉ា​គាំទ្រ​បក្ស​ប្រឆាំង​គឺ "ហ៊ុន សែន អើយ ចុះ​ចេញ​​ទៅ" ។ ភ្លាមៗ​ក្រោយ​ពី​ស្ថានការណ៍​នយោបាយ​ហាក់​អាប់អួ​ទៅៗ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​បម្រាម​ប្រឆាំង​ការ​ប្រមូលផ្ដុំ​ភ្លាម​ដែរ មិន​ឲ្យ​លើស​ពី ១០​នាក់។ ក្រោយ​មក​លោក ហ៊ុន សែន បាន​ប្រកាស​លុប​បម្រាម​នេះ​វិញ បន្ទាប់​ពី​មាន​ការ​រិះគន់​ធ្ងន់ធ្ងរ​ពី​បណ្ដា​ប្រទេស​មហា​អំណាច​ផ្នែក​ប្រជាធិបតេយ្យ​មួយ​ចំនួន។ ក្នុង​ន័យ​នេះ លោក​នាយករដ្ឋមន្ត្រី​ថែម​ទាំង​បាន​អះអាង​ថា លោក​នឹង​បើក​ចំហ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ឆ្លៀត​យក​ឱកាស​នេះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ភ្លាម​វិញ​ដែរ​ថា បើ​មាន​បាតុកម្ម​ប្រឆាំង​លោក​ក៏​អាច​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ស្រប​តប​វិញ​ដែរ។ ការ​ប្រកាស​ជំហរ​ដូច​នេះ របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ ទន្ទឹម​នឹង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​ធ្ងន់ៗ មិន​ចំ​ឈ្មោះ​ដែរ ប្រឆាំង​មនុស្ស​មួយ​ក្រុម​ដែល​លោក​ហៅ​ថា ក្រុម​ប្រតិកិរិយា​ប៉ុនប៉ង​យក​ប្រទេស​​កម្ពុជា ​ធ្វើ​ជា​ចំណាប់​ខ្មាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។

ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ វិញ ចោទ​ថា បក្ស​ប្រឆាំង​ចង់​អូស​ទាញ​ការ​គាំទ្រ​ពី​កងទ័ព​ដើម្បី​ដូរ​រដ្ឋាភិបាល។ ការ​ថ្លែង​បែប​នេះ​របស់​លោក ទៀ បាញ់ ធ្វើ​ឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​បួន​ចំនួន ២៩​នាក់​បន្ថែម​ទៀត លើ​ចំនួន​ផ្កាយ​បួន​ដែល​មាន​ស្រាប់​កាល​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នៅ​ក្រសួង​ការពារ​ជាតិ៖ «ចាត់​ទុក​ថា ទាហាន​ហ្នឹង​គឺ​គាំទ្រ​គេ​ខ្លាំង​ណាស់។ ទៅ​យំ​ទៅ​ស្រែក​អី​ណា​នៅ​មុខ​ហ្នឹង គឺ​ថា​សព្វ​រឿង​ទាំង​អស់។ នេះ​គឺ​ជា​រឿង​ដែល​​គេ​ធ្វើ​ដោយ​ជាក់ស្ដែង​របស់​គេ។ គេ​ធ្វើ​យ៉ាង​ម៉េច​សម្រេច​ឲ្យ​បាន​មហិច្ឆតា​របស់​គេ គឺ​ដូរ​ឲ្យ​ទាល់​តែ​បាន»

នា​ខែ មីនា កម្ដៅ​នយោបាយ​បាន​ស្ទុះ​ឡើង​មួយ​កម្រិត​ទៀត​បន្ថែម​លើ​សកម្មភាព​តវ៉ា​ដែល​កំពុង​តែ​រន្ថើន​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ស្ថានការណ៍​ដែល​ចេះ​តែ​បន្ត​រុញច្រាន​ដែល​អាច​នឹង​ផ្ទុះ​ទៅ​ជា​ហិង្សា​នេះ គឺ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​សមាជ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​ចុង​ខែ​មីនា។

នៅ​មុន​សមាជ​គណបក្ស​ប្រឆាំង​ចាប់​ផ្ដើម ៤​ថ្ងៃ​មុន ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២៧ មីនា លោក ហ៊ុន សែន បាន​ព្រមាន​ប្រើ​ច្បាប់​របស់​ប្រទេស​ដើម្បី​ចាត់​វិធានការ ឬ​បង្ក្រាប​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​ខ្វល់​អ្វី​ទាំង​អស់​ក្រៅ​តែ​ពី​ការ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង និង​រក្សា​នូវ​ដំណើរ​ការ​ធម្មតា​ចំពោះ​កម្មករ​រោងចក្រ​កាត់​ដេរ មន្ត្រី​រាជការ និង​សិស្សានុសិស្ស៖ «អា​ហ្នឹង​គ្រាន់​តែ​បញ្ជាក់​ថា ខន្តី​ញោម ធ្វើ​ម៉េច​ឲ្យ​នៅ​ត្រឹម​កម្រិត​ថា បើ​ត្រឹម​ប៉ុណ្ណឹង​ហើយៗ​ដក​ឃ្លា​ទៅ។ គេ​ថា​ខ្ញុំ​ផ្លែផ្កា​អី​ចុង​ក្រោយ​ទៀត ព្រោះ​ឥឡូវ​ឮ​គេ​ថា​អី​មហា​អី​ទៀត​ហើយ»។

បន្ទាប់​ពី​អ្នក​នយោបាយ​ជាន់​ខ្ពស់​ទាំង​ពីរ​គណបក្ស ព្រមាន​តែ​រៀងៗ​ខ្លួន​ថា អាច​នឹង​បិទ​ផ្លូវ​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នោះ ក៏​នៅ​មាន​យន្តការ​មួយ​ផ្សេង​ទៀត​ដែល​មិន​ធ្វើ​ឲ្យ​ដំណើរការ​ដោះស្រាយ​នយោបាយ​រាំង​ស្ទះ​ឡើយ ពោល​គឺ​គណៈកម្មការ​ជំនាញ​របស់​គណបក្ស​ទាំង​ពី​នៅ​តែ​បន្ត​រក​ច្រក​ចេញ​ដដែល។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា លោក កឹម សុខា ប្រកាស​ខ្លួន​នឹង​បន្ត​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់​បច្ចេកទេស​បន្ត​ទៀត។ ចំពោះ​លោក ហ៊ុន សែន វិញ ថ្លែង​កាល​ពី​ថ្ងៃ​ទី​១០ មេសា ថា ការ​ចរចា​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ស្ថិត​លើ​លោក កឹម សុខា។

ក្រៅ​ពី​នេះ​វិញ លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា ចង់​ប្រើប្រាស់​កម្លាំង​ប្រជាជន​មក​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ការ​អះអាង​ដូច​នេះ​របស់​លោក ហេង សំរិន ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ក្នុង​ពេល​លោក​ចូលរួម​គម្រប់​ខួប​៦៣ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ កាល​ណោះ​លោក​ចោទ​ប្រកាន់​ថា គណបក្ស​នេះ និង​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ប្រើ​ពាក្យ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដោយ​កុហក​ប្រជាពលរដ្ឋ​ក្នុង​បំណង​ប្រើ​អំណាច​ប្រជាជន​ដើម្បី​ផ្ដួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា ទៀត​ផង៖ «ដំណោះស្រាយ​ដែល​អាច​នឹង​ទទួល​បាន​គឺ​ត្រូវ​តែ​ផ្អែក​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត ហើយ​មិន​នាំ​ប្រទេស​ជាតិ​ទៅ​រក​ភាព​ជាប់​គាំង​ខាង​នយោបាយ»

ចំណែក​លោក ហ៊ុន សែន វិញ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា លោក​នឹង​មិន​អត់​ទោស​ឲ្យ​ឡើយ​ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​កម្ពុជា បែកបាក់​សាមគ្គី ដោយ​លោក​ចាត់​ទុក​ថា អ្នក​នោះ​គឺ​ជា​ឧក្រិដ្ឋជន។

ដោយ​ការ​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​ទទួល​បាន​លទ្ធផល​ដូច​ជា ការ​ទាមទារ​ឲ្យ​បោះឆ្នោត​មុន​អាណត្តិ​ជា​ដើម​នោះ ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ហាក់​ព្រងើយកន្តើយ ហើយ​ជម្រើស​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដូរផ្ដាច់​ជា​ដាច់ខាត​លើ​រឿង​ការ​កែទម្រង់ គ.ជ.ប វិញ​ម្ដង។

នៅ​ដើម​ខែ​កក្កដា ប្រមុខ​រដ្ឋាភិបាល​ប្រតិកម្ម​តប​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​ប្រឆាំង និង​ក្រុម​អ្នក​វិភាគ​ទាមទារ​ឲ្យ​ជ្រើស​រើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដោយ​ការ​បោះ​ឆ្នោត​យក​សំឡេង ២ ភាគ ៣ នៃ​សមាជិក​សភា។ លោក ហ៊ុន សែន ចាត់​ទុក​ថា ការ​អនុវត្ត​បែប​នេះ គឺ​ជា​ទស្សនៈ​ដែល​នឹង​ឈាន​ទៅ​បញ្ចប់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា។

ការ​ចូល​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋ​សភា​របស់​លោក កឹម សុខ មិន​សឹង​ទាំង​បាន​ក្ដៅ​គូថ​នៅ​ឡើយ​ផង លោក​ត្រូវ​បាន​លោក ហ៊ុន សែន ព្រមាន​បោះឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។ការ​ថ្លែង​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក កឹម សុខា ដែល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា នឹង​ប្រើប្រាស់​យន្តការ​សភា​ដើម្បី​ដក​ហូត​តំណែង​រដ្ឋមន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ពុករលួយ។

នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ហៅ​សម្ដី​របស់​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា លោក កឹម សុខា ទៅ​នឹង​កាំភ្លើង​ធំ​ដែល​បាញ់​ផ្លោង​ដាក់​បន្ទាយ​ទេវតា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ផ្អាក​បាញ់​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​ដាក់​បិណ្ឌ​និង​ធ្វើ​បុណ្យ​ភ្ជុំ​ឲ្យ​បាន​ស្ងប់​ចិត្ត។ ប៉ុន្តែ​បើ​បក្ស​ប្រឆាំង​នៅ​តែ​រឹង​ទទឹង​នោះ លោក​នឹង​តបត​វិញ​ដោយ​មិន​សំចៃ​​ដៃ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​បែប​ចំអក​ថា អនុ​ប្រធាន​ទី​១​រដ្ឋសភា ចូល​កាន់​តំណែង​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​ឡើង​ដៃ ហើយ​បាញ់​មិន​ឈប់។

ដោយ​ឡែក​លោក កឹម សុខា ឆ្លើយ​តប​វិញ​ភ្លាម​ដែរ​ថា ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​អាច​បោះឆ្នោត​ទម្លាក់​រូប​លោក​ចេញ​ពី​តំណែង​មែន ប៉ុន្តែ​លោក ហ៊ុន សែន ក៏​ត្រូវ​គិត​ផង​ថា ខ្លួន​ចង់​បន្ត​ការពារ​មន្ត្រី​ពុករលួយ ឬ​យ៉ាង​ណា?

បើ​ទោះ​ជា​លោក កឹម សុខា ខ្លួន​ឯង​ត្រូវ​រង​ការ​គំរាម​ជា​ច្រើន​លើក​ច្រើន​សា​រហូត​កាល​ពី​ដើម​ឆ្នាំ​២០១៤ លោក​ត្រូវ​បាន​កម្លាំង​យោធា និង​មនុស្ស​ជា​ច្រើន​ក្រុម​ឡោមព័ទ្ធ​ក្នុង​បំណង​រារាំង​ការ​ជួបជុំ​ក្នុង​ខេត្ត​កំពង់ចាម ក្ដី ក៏​លោក កឹម សុខា បាន​ប្រើប្រាស់​សិទ្ធិ​វាយ​បក​ដៃគូ​ប្រជែង​របស់​លោក គឺ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ថមថយ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៣ តុលា ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា ក្នុង​បរិវេណ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ព្រមាន​បក្ស​កាន់​អំណាច​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​ជា​បក្ស​ប្រឆាំង​ឲ្យ​ហើយ​ទៅ។ លោក​បន្ត​ថា ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្យាយាម​ម្ដង​ជា​ពីរ​ដង ដើម្បី​លុប​បំបាត់​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា។ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ព្យាយាម​លើក​ស្ទួយ​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ជ័យ​ជម្នះ​លើ​របប ប៉ុល ពត និង​ជា​ថ្ងៃ​ដែល​វៀតណាម វាយ​ទន្ទ្រាន​កាន់​កាប់​ប្រទេស​កម្ពុជា ទៅ​វិញ៖ «សន្តិភាព​ពិត​គឺ​សេចក្ដី​ស្ងប់​អារម្មណ៍​របស់​មនុស្ស។ អា​ហ្នឹង​បាន​ហៅ​ថា​សន្តិភាព​ពិត។ តើ​ប្រជាជន​ខ្មែរ​ទូទៅ​សព្វថ្ងៃ​ស្ងប់​អារម្មណ៍ ស្ងប់​ចិត្ត​ហើយ​នៅ? សព្វថ្ងៃ​នៅ​សង្គ្រាម​ដណ្ដើម​ដី​របស់​ប្រជារាស្ត្រ​ក្រីក្រ»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់​នូវ​ការ​រិះគន់​រដ្ឋាភិបាល​នៅ​ទី​សាធារណៈ ផ្ទុយ​មក​វិញ គួរ​ប្រើ​យន្តការ​នេះ​ពិភាក្សា​នៅ​រដ្ឋសភា ដោយ​ប្រកាន់​យក​វប្បធម៌​សន្ទនា​ដោយ​សន្តិវិធី ទើប​ជា​ការ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ច្រើន ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ឆ្នាំ២០២៤
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។