បក្សនយោបាយនិងសង្គមស៊ីវិលថា បក្សកាន់អំណាចមិនទាន់ផ្តល់សន្តិភាពពេញលេញជូនពលរដ្ឋខ្មែរ
2022.10.24

មន្រ្តីគណបក្សនយោបាយភ្លើងទៀន និងមន្រ្តីសង្គមស៊ីវិលលើកឡើងថា ក្រៅពីបញ្ចប់សង្គ្រាម គណបក្សកាន់អំណាចមិនទាន់ផ្តល់សន្តិភាពពេញលេញជូនពលរដ្ឋខ្មែរបាននៅឡើយទេ។ ពួកគេថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចកម្ពុជា ទោះបីគណបក្សនយោបាយណាក៏អាចដឹកនាំប្រទេសរកសន្តិភាពជូនប្រជាពលរដ្ឋបានដែរ។ ប្រតិកម្មនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា បើគណបក្សប្រជាជនមិនបានគ្រប់គ្រងអំណាចខាងមុខទេ ប្រទេសនឹងពុំអាចរក្សាសន្តិភាពដើម្បីការពារអាយុជីវិតពលរដ្ឋពីសង្គ្រោមបាននោះទេ។
មន្រ្តីគណបក្សនយោបាយភ្លើងទៀន និងមន្រ្តីសង្គមស៊ីវិលលើកឡើងដូចៗគគ្នាថាក្រោមការដឹកនាំលោក ហ៊ុន សែន គឺត្រឹមតែគ្មានសង្គ្រាមក៏ពិតមែន ប៉ុន្តែលោកពុំទាន់រកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋខ្មែររួចផុតពីភាពភ័យខ្លាច និងជីវភាពរស់ល្អប្រសើរដូចនឹងប្រទេសជិតខាង និងនៅលើពិភពលោកបានទេ។ ពួកគេចង់ឃើញកម្ពុជាមានការគោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសង្គមមានយុត្តិធម៌ជាដើម។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា សង្កេតឃើញថាមេដឹកនាំគណបក្សប្រជាជនតែងតែយកពាក្យគុណសន្តិភាពបានមកការបញ្ចប់សង្គ្រាមកន្លងទៅឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទូទៅមិនត្រូវការសង្គ្រាម ប៉ុន្តែពួកគេត្រូវការសន្តិភាពពិតប្រាកដ គឺសន្តិភាពផ្លូវកាយ និងផ្លូវចិត្ត។ លោកបន្តថាទោះបីបច្ចុប្បន្នកម្ពុជាមិនផ្ទុះសង្គ្រាមក៏ដោយ តែប្រជាពលរដ្ឋនៅតែភ័យខ្លាច រស់នៅមិនស្ងប់ចិត្ត ដោយសារបញ្ហា រំលោភសិទ្ធិសេរីភាព ការគំរាមកំហែង អំពើអយុត្តិធម៌ ភាពក្រីក្រ និងបញ្ហាអសន្តិសុខសង្គមជាច្រើនទៀត។ លោក ថាច់ សេដ្ឋា ថាក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្សការផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយលោកបញ្ជាក់គណបក្សណាក៏អាចស្វែងរកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋបានដែរ៖
«ប្រទេសដែលគេមានសន្តិភាពពិតប្រាកដគេមិនដែលលើកឡើងអរគុណសន្តិភាពទេ ចំណែកកម្ពុជាមួយម៉ាត់ណាក៏អរគុណសន្តិភាព។ គេការពារបានតើដើម្បីអភិវឌ្ឍប្រទេសជាតិគេមិនដែលមានអ្នកណាជ្រៀតជ្រែក ប្រជាពលរដ្ឋសម័យនេះហើយតើមានអ្នកណាចង់ធ្វើសង្គ្រាម។ អ្នកនយោបាយគ្រាន់តែអនុវត្តគោលនយោបាយគណបក្សរបស់ខ្លួន តើរឿងអ្វីយើងផ្សាភ្ជាប់ទាំងអស់ហ្នឹងទាល់តែគណបក្សប្រជាជនទើបអាចដឹកនាំប្រទេសបាន អ៊ីចឹងមានន័យថាទាំងអស់ហ្នឹងជាកម្មសិទ្ធិរបស់គណបក្ស យើងមិនអាចចាត់ទុកបែបនេះបានទេ»។
ការលើកឡើងរបស់មន្ត្រីបក្សភ្លើងទៀននេះ បន្ទាប់ពីលោក ហ៊ុន សែន នៅថ្ងៃទី២៤ ខែតុលា ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងជូនពលរដ្ឋរងគ្រោះទឹកជំនន់ជាងមួយម៉ឺនគ្រួសានៅបាត់ដំបង ដោយលោកអះអាងថា បច្ចុប្បន្នកម្ពុជាមានសន្តិភាពទូទាំងប្រទេសដោយសារគ្មានសង្គ្រាមបានធ្វើឱ្យប្រជាពលរដ្ឋមានសម្លៀកបំពាក់សមរម្យ សាលារៀន មន្ទើរពេទ្យ និងមានវ៉ាក់សាំងកូវីដ១៩សម្រាប់ចាក់ដូចប្រទេសដទៃទៀត។ លោក ហ៊ុន សែន បញ្ជាក់ថាទោះស្ថិតក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាការពារសន្តិភាពឱ្យខានតែបាន។
ក្រៅពីលើកពីរឿងរ៉ាវសង្គ្រោមកាលពីអតីតកាល និងរំឭកពីស្មាដៃដឹកនាំរបស់លោកនៅមុខពលរដ្ឋទទួលអំណោយនោះ លោក ហ៊ុន សែន បានឆ្លៀតអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតខាងមុខ ដោយលោកបញ្ជាក់ថាទាល់តែគណបក្សប្រជាជនគ្រប់គ្រងអំណាច ទើបអាចរក្សាសន្តិភាពសម្រាប់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីសង្គ្រោមបាន៖
«យើងឆ្លងកាត់សង្គ្រាមទាំអអស់គ្នា ប៉ុន្តែឥឡូវមានសន្តិភាពហើយត្រូវខិតខំរួមគ្នាការពារសន្តិភាពឱ្យខានតែបាន ទោះបីតម្លៃណាក៏ដោយ។ ដើម្បីធានាសន្តិភាព រក្សាសន្តិភាពជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនអាហ្នឹងសុខទាំងអស់គ្នាហើយ គណបក្សប្រជាជនគ្រប់គ្រងអំណាចរកសន្តិភាពឱ្យប្រទេស គណបក្សប្រជាជនកាន់អំណាចមានលទ្ធភាពរក្សាសន្តិភាពបានសម្រាប់ការពារជីវិតបងប្អូន»។
កន្លងទៅ លោកនាយករដ្ឋមន្រ្តីធ្លាប់បញ្ជាក់ថា លោកអាចរកបានត្រឹមការធានាសន្តិភាពគ្មានកងកម្លាំងជម្លោះប្រដាប់អាវុធ ដែលធានាសន្តិភាពដល់សិទ្ធិមូលដ្ឋាននៃការរស់រានមានជីវិត ជៀសផុតពីការស្លាប់ដោយសារអាវុធ ជៀសផុតពីការភ័យខ្លាច ជៀសផុតពីគ្រាប់កាំភ្លើង និងគ្រាប់បែកជាដើម។ ចំណែកខាងផ្លូវចិត្តវិញ លោក ហ៊ុន សែន ជំរុញឲ្យពលរដ្ឋគ្រប់រូបរកវិធីដោះស្រាយដោយខ្លួនឯង។
ទោះយ៉ាងណា អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក មើលឃើញថាសន្តិភាពរបស់រដ្ឋាភិបាលបច្ចុប្បន្នមានតែសំបកខាងក្រៅទេ ដោយសារការអនុវត្តសិទ្ធិសេរីភាពរឹតត្បិត ហើយប្រជាធិបតេយ្យកំពុងដើរថយក្រោយដែលសហគមន៍អន្តរជាតិរិះគន់ និងដាក់ទណ្ឌកម្មគួរឱ្យព្រួយបារម្ភ។ លោកចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន នេះ គឺជាការឃោសនារកសំឡេងឆ្នោតនៅមុនរដូវកាលតែប៉ុណ្ណោះ។ ប៉ុន្តែលោកយល់ថាសារនយោបាយបែបនេះធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត បំភិតបំភ័យពលរដ្ឋដែលត្រៀមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា៖
«ស្ថានភាពប្រទេសកម្ពុជាពេលនេះ ស្ថិតក្នុងស្ថានភាពមួយដែលគំរាមកំហែងលើសិទ្ធិនៃការបោះឆ្នោតចែងក្នុងរដ្ឋធម្មនុញ្ញដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត អ៊ីចឹងបើសិនប្រកាសបែបនេះធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលគាត់ត្រៀមទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះ»។
បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហម និងគ្រប់គ្រងកម្ពុជាដើមឆ្នាំ១៩៧៩ ពេញដៃហើយ កងទ័ពវៀតណាម បានលើកបន្តុបលោក ហ៊ុន សែន ឱ្យកាន់តំណែងជាមេដឹកនាំកម្ពុជា។ លោកបានធ្វើជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៨៥រហូតមកដល់ពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាកាន់តែរងការរិះគន់ធ្ងន់ធ្ងរពីឆាកអន្តរជាតិ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយការរម្លាយគណបក្សសង្រ្គោះជាតិនៅឆ្នាំ២០១៧ និងចាប់មេគណបក្សនេះដាក់គុកអស់មួយរយៈពេល។
គណបក្សនយោបាយ និងមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ដោយសារភាពអយុត្តិធម៌សង្គម ការដណ្ដើមដីធ្លី ការគោរពសិទ្ធិមនុស្សធ្លាក់ចុះ បណ្ដាលពលរដ្ឋជាច្រើនគ្មានសន្តិភាពពេញលេញ។ ពួកគេថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅពេលខាងមុខ គណបក្សនយោបាយណាក៏អាចដឹកនាំប្រទេសដើម្បីរក្សាសន្តិភាពជូនប្រជាពលរដ្ឋបានដែរឱ្យតែមេដឹកនាំនយោបាយទាំងនោះមានឆន្ទៈពិតប្រកដក្នុងការដឹកនាំប្រទេស តាមរយៈការផ្សះផ្សាជាតិ បង្របបង្រួមជាតិ ការពង្រឹងច្បាប់ឲ្យពលរដ្ឋទទួលបានយុត្តិធម៌ស្មើភាពគ្នា ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលជាបំណងប្រាថ្នារួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។