គណបក្ស​នយោបាយ​បង្កើន​​សកម្មភាព​​ធ្វើ​យុទ្ធនាការ​​ឃោសនា​​រក​​សំឡេង​​ឆ្នោត​ទូទាំង​​ប្រទេស

ដោយ មាន ឫទ្ធិ
2022.05.29
គណបក្ស​នយោបាយ​បង្កើន​​សកម្មភាព​​ធ្វើ​យុទ្ធនាការ​​ឃោសនា​​រក​​សំឡេង​​ឆ្នោត​ទូទាំង​​ប្រទេស លោក ឃួង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ចុះជួប​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​នៅ​រាជធានីភ្នំពេញ ខណៈលោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​បាន​ដឹកនាំ​ហែរក្បួនឃោសនា​បោះឆ្នោត​ឃុំសង្កាត់​នៅខេត្តកំពង់ស្ពឺ​កាល​ពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក ថាច់ សេដ្ឋា

គណបក្ស​នយោ​បាយ​មួយ​ចំនួន​បង្កើន​សកម្មភាព​ធ្វើ​យុទ្ធនាការ​​ឃោស​នា​រក​សំ​ឡេងឆ្នោត​​​ទូទាំង​ប្រទេស ​ដោយ​ហែរ​ក្បួន​និង​​ធ្វើ​សកម្មភាព​តូចៗ​នៅ​តាម​មូលដ្ឋាន នៅ​​ថ្ងៃ​​ទី​២៩ ខែឧសភា។ ប៉ុន្តែ​គណបក្ស​ខ្លះ​​បន្ត​ទទួល​​រង​ការគំរាម​កំហែង បំភិត​បំភ័យ​ដដែល ខណៈ​គណបក្ស​កាន់​អំណាច​កំណត់​ទិសដៅ​បង្ហាញ​ពី​សមិទ្ធិផល និង​ចុះ​បង្រៀន​អ្នក​បោះ​ឆ្នោត​ពី​វិធី​គូស​លើ​សន្លឹកឆ្នោត​នៅ​តាម​ខ្នងផ្ទះ​ដោយគ្មាន​ឧបសគ្គ។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៥ មាន​រយៈ​ពេល​១៤ថ្ងៃ​នឹង​បិទ​បញ្ចាប់​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា​ ខាង​មុខ​នេះ។ គណបក្ស​នយោ​បាយ​មួយ​ចំនួន​បាន​បង្កើត​សកម្មភាព​ឃោសនា​នៅ​តាម​បណ្តាល​រាជធានី ខេត្ត​ទូទាំង​ប្រទេស​​​ក្នុង​​​ថ្ងៃ​​​ទី​​៩​ នៃ​យុទ្ធនា​ការ ដោយ​​ហែរ​ក្បួន ចាក់​​មេក្រូ​ចល័ត ដើរ​​ចែក​​ខិត្តប័ណ្ណ​តាម​ភូមិ​ឃុំ ដើម្បី​​ផ្សព្វ​ផ្សាយ​​ពី​​គោល​នយោ​បាយ​​គណបក្ស​​ពួក​គេ។

គណបក្ស​ភ្លើង​ទៀន​បន្ត​​​ហែរ​​​ក្បួន​ទ្រង់​ទ្រាយ​ធំៗ​ដែល​មាន​អ្នក​ចូល​រួម​រាប់​ពាន់នាក់ ដូចជា​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហនុ ​ខេត្ត​កណ្តាល  តា​កែវ និង​ខេត្តសៀមរាប​ជាដើម។ ក្រៅ​ពី​នេះ​សកម្ម​ជន​គណបក្ស​​ភ្លើង​ទៀន​ផ្សេង​ទៀត ក៏​កំពុងមមាញឹក​​​​បាន​ចុះ​​ផ្ស​ព្វផ្សាយ​គោល​នយោ​បាយ​នៅ​តា​មមូល​ដ្ឋាន​រៀងៗ​ខ្លួន​ផង​ដែរ។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀនលោក ថាច់ សេដ្ឋា សង្កេត​ឃើញ​ថា អំឡុង​ពេលឃោសនា​រក​សំឡេង​ឆ្នោត​ប្រជា​ពលរដ្ឋ​បាន​ចូល​រួម​ហែរក្បួន​ជា​មួយ​បក្ស​ភ្លើងទៀន​កើន​ឡើង​ជា​លំដាប់ និង​ទទួល​​​បាន​ការ​គាំទ្រ​​ទូទាំង​​ប្រទេស ខណៈ​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​នៅ​តែ​ហាម​ឃាត់​សកម្មភាព​ឃោសនា​​នៅ​ទី​​ប្រជុំ​ជន​សំខានៗ។ យ៉ាង​ណា​ក្តី​លោក​បញ្ជាក់​ថា អ្នក​គាំទ្រ​ទាំង​នោះ​ចូល​រួម​ឃោសនា​ដោយ​ការ​ស្ម័គ្រចិត្ត និង​ពុំ​មាន​​ផ្តល់​លុយ​កាក់​ទិញ​ទឹក​ចិត្ត​ឡើយ ពី​ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្តចំពោះ​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច​កន្លង​មក​ដែល​បង្ក​នូវ​អំពើអយុត្តិធម៌​ក្នុង​សង្គម ដូច្នេះ​ពួកគេ​ចង់​ឱ្យ​មាន​ការ​ផ្តាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោតខាង​មុខ​នេះ៖ «​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​សូម​បោះ​ឆ្នោតឱ្យ​គណបក្ស​ភ្លើង​ទៀន ដើម្បី​​​មាន​​ការ​ផ្លាស់​ប្តូរ​នៅ​ថ្នាក់​ឃុំ សង្កាត់ ជា​ពិសេស​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សូម​ប្រកាន់​នូវ​អព្យា​ក្រឹត្យ​ភាព​របស់​ខ្លួន ដើម្បី​ធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សុចរិត និងយុត្តិ​ធម៌»

ចំណែក​គណបក្ស​យុវ​ជន​កម្ពុជា​ដែល​បាន​ដាក់​បេក្ខជន​ចូល​រួម​ការ​បោះឆ្នោតចំនួន​១១៤ ឃុំ-សង្កាត់ ភាគ​ច្រើន​ជា​យុវជន​ជាង​៨០ភាគ​រយ​វិញ ថ្ងៃ​ទី៩ នៃ​យុទ្ធនាការ​នេះ បាន​ហែរ​ក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​​ទ្រង់​ទ្រាយ​ធំ ដោយ​ចាប់​ផ្តើម​ពីទី​ស្នាក់​ការ​បក្ស​ឆ្ពោះ​ទៅ​ទី​តាំង​ប្រគំ​តន្រ្តី​នៅ​ផ្លូវ​វេង​ស្រេង ម្តុំ​ផ្សារ​ត្រពាំង​ថ្លឹង ខណ្ឌពោធិ៍​សែ​នជ័យ រាជ​ធានី​ភ្នំពេញ ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​ គឺ​លោក ពេជ្រ ស្រស់ ដែល​​មាន​​អ្នក​ចូល​រួម​ជាង ២ពាន់នាក់ (២០០០)។ អគ្គ​លេខា​ធិការ​គណបក្ស​យុវ​ជន​កម្ពុជាលោក ឆុំ ចាន់ថន លើក​ឡើង​ថា ក្រៅ​ពី​ហែរ​ក្បួន សកម្មជននៅ​តាម​មូល​ដ្ឋាន​ក៏​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​គោល​នយោ​បាយ​ចំនួន ៧ចំណុច ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ដែរ៖ «គណបក្ស​យុវ​ជន​កម្ពុជា​មិន​មែន​ចង់​ឱ្យ​មាន​អ្នក​ចូល​រួម​ជា​មួយគណបក្ស​តែ​យុវជន​នោះ​ទេ យើង​ទទួល​ទាំង​យុវ​ចាស់ យុវ​​នារី​ទាំង​អស់ ហើយអាស្រ័យ​លើ​ពួក​គាត់​ចូល​រួម តែ​ភាគ​ច្រើន គឺ​យុវជន​ចូល​រួម»

ចំណែក​​គណបក្ស​​កម្ពុជា​​និយម​​វិញ​ បាន​​ហែរ​​​ក្បួន​ឃោស​នា​​​បោះ​​​​ឆ្នោត​នៅ​សង្កាត់​បឹង​​ទំពន់​២ សង្កាត់​​រលួស និង​សង្កាត់​ព្រែក​ហូរ រាជ​ធានី​ភ្នំពេញ ​​ដឹក​នាំ​​ដោយ​ប្រធាន​​គណបក្ស​​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​មាន​​អ្នកគាំទ្រ​​ចូល​​រួម​​ជិត​១រយ​នាក់​។ ប៉ុន្តែ​សកម្ម​ភាព​ឃោសនា​នោះ​ត្រូវ​បាន​សកម្មជន​គណបក្ស​ប្រជា​ជន​កម្ពុជា​តាម​រំខាន និង​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​លើ​ពួក​គេ។

ប្រធាន​​នាយក​​ដ្ឋាន​​ព័ត៌​​មាននៃ​គណ​បក្ស​កម្ពុជា​និយម​​​លោក សុខ ប៉េងឡុង ប្រាប់​ថា លោក​សោក​ស្តាយ​ជាខ្លាំង​ចំពោះ​ទង្វើ​របស់​សកម្មជន​របស់​គណបក្ស​កាន់​ណាច​ដែល​បង្ក​បរិយាឃោសនា​អាប់​អួរ ហើយ​​ករណី​គណបក្ស​​ទាំង​​នេះ​លោក​​នឹង​ពិនិត្យ​ផ្លូវ​ច្បាប់​​ដើម្បីប្តឹង​បុគ្គល​នោះ​ទៅ​​គណៈ​​កម្មការ​​ឃុំ សង្កាត់​រៀបចំ​​ការ​​បោះ​​ឆ្នោត​ឆាប់ៗ​នេះ៖ «សកម្ម​ជន​គណបក្ស​ប្រជាជន​ស្រែក​ថា​ ចាក់​មេក្រូ​រញេ​រញ៉ៃ ហើយ​គាត់​ស្រែក​​ឱ្យ​យើង​ចេញ​ពី​ផ្លូវ​ដែល​យើង​ដើរ​ហ្នឹង បើ​គាត់​មក​ក្នុង​នាម​ជាអាជ្ញាធរ​អត់​អី​ទេ ហើយ​អាច​សម្រប​សម្រួល​បានក៏​ប៉ុន្តែ​នេះ​ពាក់​ស្លាក​គណ​បក្សប្រជា​ជន ដែល​ជា​រូប​ភាព​យើង​មិន​អាច​ទទួល​យក​បាន​ទេ»

រីឯ​​គណបក្ស​​ប្រជា​ជន​​កម្ពុជា​​វិញ អះអាង​ថា​ ដោយ​ផ្អែក​តាម​ច្បាប់ និង​នីតិ​វិធី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ពួក​គេ​បាន​កំណត់​យុទ្ធនាការ​​ហែរ​ក្បួន​ទ្រង់ទា្រយ​ធំ ចំនួន​២ដង គឺ​ថ្ងៃបើក​និង​ថ្ងៃ​បិទ​​បញ្ចប់។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​កម្ពុជា​លោក សុខ ឥសាន លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​បាន​កំណត់សកម្ម​ភាព​ឃោសនា​តូចៗ​នៅ​តាម​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ ដើម្បី​ពន្យល់​ពី​កម្ម​វិធីនយោ​បាយ និង​​បង្ហាញ​ពី​ស្នា​ដៃក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ជាពិសេស​បង្រៀន​ពលរដ្ឋ​ពី​វិធី​គូស​នៅ​លើ​សន្លឹក​ឆ្នោត​ដែលមាន​​រូប​ស្លាក​សញ្ញា​បក្ស និង​លំដាប់​លេខរៀង​​នៅ​តាម​ឃុំ សង្កាត់​នីមួយៗ ដើម្បី​​ជៀស​វៀង​កុំ​ឱ្យ​ខូច​សន្លឹក​ឆ្នោត៖ «ឱ្យ​គាត់​គូស​ឱ្យ​ចំ​ហ្នឹង ទីមួយ​ពន្យល់​អំពី​កម្ម​វិធី​នយោ​បាយរបស់​គណបក្ស​ឱ្យ​គាត់​យល់​ដឹង​អំពី​សារៈ​សំខាន់​ដែល​កម្ម​វិធី​នយោ​បាយ​របស់គណបក្ស​ប្រជា​ជន​កម្ពុជា គឺ​ជា​កម្ម​វិធី​នយោ​បាយ​ត្រឹម​ត្រូវ​ដែល​គិត​គូ​ពី​ផលប្រយោជន៍​ជាតិ​និង​ពលរដ្ឋ ដើម្បី​ឱ្យ​គាត់​សម្រួច​ឆន្ទៈ​ទៅ​គូស​លើ​សន្លឹក​បោះ​ឆ្នោតឱ្យ​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​របស់ គ.. បាន​កំណត់»

អ្នក​​​​​នាំ​​​​​ពាក្យ​​​​​​គណៈ​កម្មា​​ធិ​ការ​​​​​​ជាតិ​​​​​​រៀប​ចំ​​​​ការ​​​​​​បោះ​​​ឆ្នោត (..លោក ហង្ស ពុទ្ធា ប្រាប់​​​​​​វិទ្យុ​​​​​​អាស៊ី​​​​​​សេរី​​​​ថា ការ​ឃោសនា​នៅ​ថ្ងៃ​ទី​៩​នេះ គណបក្ស​នយោ​បាយបាន​ធ្វើ​សកម្មភាព​ជួប​ជុំ និង​ហែរ​ក្បួន​ទ្រង់​ទ្រាយ​តូច​ជាង​ថ្ងៃ​បើក​យុទ្ធនា​ការ ហើយ​សកម្ម​ភាព​ឃោស​នា​វិញ ប្រព្រឹត្ត​ទៅ​ដោយ​​មាន​​​សន្តិ​សុខ សុវត្ថិ​​​ភាព សណ្ឋាប់​​​ធ្នាប់​​​​ល្អ។​ ​លោក​បញ្ជាក់​ថា ​រយៈ​ពេល​ឃោសនា​៨ថ្ងៃ​នៃ​យុទ្ធ​នា​ការឃោស​នា​កន្លង​មក​នោះ គណៈ​កម្ម​ការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​ទទួល​បាន​បណ្តឹង​ចំនួន​៣៦​ករណី ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា ​នៅ​​​ថ្ងៃ​​​ទី​២៩ ខែ​​ឧសភា​នេះ ខាង​លោកមិន​ទាន់​បាន​ទទួល​ពាក្យបណ្តឹង​ពី​បក្ស​នយោ​បាយ​ណា​មួយ​នោះ​ទេ៖ «បើ​សិន​ណា​ជួប​បញ្ហា​គំរាម​កំហែង ឬ​ដោយ​ប្រការ​ណា​មួយ ខុស​ពី​នីតិ​វិធី​នៃ​ការ​ឃោស​នា​បោះ​ឆ្នោត គណ​បក្ស​នយោ​បាយ ឬ​ក៏​បុគ្គល​អាច​ធ្វើការ​ប្តឹង​ជា​បឋម​ទៅ​គណៈ​កម្មការ​ឃុំ សង្កាត់ រៀប​ចំ​ការ​បោះ​ឆ្នោត»

ជុំវិញ​​រឿង​​នេះ នាយក​​ប្រតិ​បត្តិ​​អង្គ​​ការ​​ឃ្លាំ​​មើល​​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា​​ហៅ​​កាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាន៍​​ថា ក្នុង​ចំណោម​គណ​បក្សយោបាយ​ដែល​ចូល​បោះ​ឆ្នោត​ប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នេះ គណ​បក្ស​ភ្លើង​ទៀន​ទទួល​រង​ការ​គំរាម​កំហែង និង​រារាំង​ច្រើន​ជាងបក្ស​នយោ​បាយ​ផ្សេង​ទៀត ដោយ​សារ​ពួក​គេ​ធ្វើ​សកម្មភាព​លេច​ធ្លោ​អំឡុង​ពេលយុទ្ធនា​ការ​ឃោស​នា​បោះ​ឆ្នោត។ ទោះ​យ៉ាង​ណា​លោក​បញ្ជាក់​ថា បញ្ហា​ទាំងនោះ​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ដល់​ដំណើរ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។ ដូច្នេះ​លោកអំពាវ​នាវ ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​បញ្ឈប់​អំពើ​ខុស​ឆ្គង​ដែល​ផ្ទុយ​ពី​ច្បាប់ និង​ក្រម​សីល​ធម៌៖ «ខ្ញុំ​សូម​អំពាវ​នាវ​គោរព​បទ​បញ្ជា នីតិ​វិធី និង​ក្រម​សីល​ធម៌ ឃោសនា​បោះ​ឆ្នោត ដើម្បី​ឱ្យ​ដំណើរ​ការ​រលូត​ដោយ​កុំ​ឱ្យ​មាន​បញ្ហា ហើយ​សូមអាជ្ញាធរ​ជួយ​សម្រួល​ការ​ងារ​ឃោសនា​បោះ​ឆ្នោត​រាប់​​ចាប់​ពី​ការ​ជួយ​សម្រួលចរាចរណ៍​ជា​ដើម ដើម្បី​ឱ្យ​ពួក​គាត់​បាន​ធ្វើ​សកម្ម​ឃោស​នា​បោះ​ឆ្នោត​ឱ្យ​បានទូលាយ​ដល់​អ្នក​បោះ​ឆ្នោត»

ការ​​​​​បោះ​​​​​ឆ្នោត​​​​​​ជ្រើស​​​​​​រើស​​​​​​ក្រុម​​​​​ប្រឹក្សាឃុំ-សង្កាត់​​​​ អាណត្តិ​​​​ទី៥ នេះ នឹង​​​​​ប្រព្រឹត្ត​​​​​ទៅ​នៅ​​​​​ថ្ងៃ​​អាទិត្យ ​​​ទី៥ ខែ​​​​​មិថុ​នា​​​​​ខាង​​​​​មុខ។​ ក្នុង​​នោះ​​​​​​គណ​បក្ស​​​​​នយោ​​​បាយ​​​ចំនួន​​១៧ បាន​​​ចូល​​ប្រកួត​​ប្រជែង​​ដណើម​​យក​​​​​អាសនៈ​​​​​សមាជិក ក្រុម​​​​ប្រឹក្សា​​​​​ឃុំ​​​​ សង្កាត់ មាន​​​​ចំនួន​​​​​ជាង ១ម៉ឺន (១១.៦២២) អា​សនៈ ហើយ​​​​​ប្រជា​​​ពលរដ្ឋ​​​​​ជាង​​​​៩​លាន​២​សែន​​​​នាក់​​​​​បាន​​​​​ចុះ​​​​​ឈ្មោះ​​​​ក្នុង​​​​​បញ្ជី​​​​​បោះ​​​​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា របប​ផ្ដាច់ការ​ត្រកូល​ហ៊ុន នឹង​ដួល​រលំ​ដូច​របប​ផ្ដាច់ការ​នៅ​ស៊ីរី​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។