លោក ចៅ វាសនា មិន​បាន​ចូលរួម​បុណ្យ​សព​ឪពុក​បង្កើត​នៅ​ក្រុង​ប៉ោយប៉ែត

0:00 / 0:00

មន្ត្រី​បក្ស​ភ្លើងទៀន​នៅ​ក្រុង​ប៉ោយប៉ែត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​រឿង​នយោបាយ លោក ចៅ វាសនា បាត់បង់​ឪពុក​បង្កើត ហើយ​លោក មិនអាច​ចូលរួម ពិធី​បុណ្យសព​ឪពុក​បង្កើត​នៅ​ក្រុង​ប៉ោយប៉ែត​។ ក្រុម​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់ទុក​ការ​ឃុំខ្លួន លោក ចៅ វាសនា ទាំង​គ្មាន​កំហុស​ឱ្យ​រង​ទុក្ខវេទនា​បែកបាក់​គ្រួសារ​គឺ​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវចិត្ត​មួយ​ដ៏​ឈឺចាប់ ហើយ​ស្នើ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​តទៅ​ទៀត។

គ្រួសារ​សកម្មជន​នយោបាយ​មួយទៀត​ដែល​កំពុង​ជាប់ឃុំ សោកសង្រេង​ក្រោយ​ពេល​លោកតា សៅ ភូ អាយុ​៨៣​ឆ្នាំ ដែល​ជា​ឪពុក​បង្កើត​ន​របស់​មន្ត្រី​បក្ស​ភ្លើងទៀន​ប្រចាំ​ក្រុង​ប៉ោយប៉ែត​គឺ​លោក ចៅ វាសនា នោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ដោយ​មិន​បាន​ជួប​មុខ​កូនប្រុស​ជា​លើក​ចុង​ក្រោយ។

ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​ប៉ោយប៉ែត ដែល​ត្រូវ​ជា​កូន​បង្កើត​លោក ចៅ វាសនា គឺ អ្នកស្រី ចៅ រតនៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកស្រី​ឈឺចាប់​ដែល​ឪពុក​មិន​បាន​ទាន់​ដង្ហើម​ចុងក្រោយ​របស់​អ្នក​មាន​គុណ ខណៈ​គាត់​ជា​អ្នកតស៊ូ​លះបង់​ដើម្បី​យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ​ត្រូវ​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ អ្នកស្រី​រៀបរាប់​ទាំង​ទឹកភ្នែក​ថា អ្វី​ដែល​គ្រួសារ​ខ្លោចចិត្ត​បំផុត​នោះ​គឺ​លោកតា​របស់​លោកស្រី​ដង្ហោយ​រក​លោក ចៅ វាសនា ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាច្រើន​សប្តាហ៍​មុន​ពេល​គាត់​ស្លាប់។

អ្នកស្រី ចៅ រតនៈ៖ «តើ​ក្តុកក្តួល​ប៉ុណ្ណា​នៅ​ពេល​ដែល​គាត់​មាន​អាយុជីវិត​មិន​អាច​ក្រាបថ្វាយបង្គំ​លា​ឪពុក​ជា​ចុងក្រោយ​បាន ចុះបើ​ឪពុក​របស់ខ្ញុំ​ដឹង​ព័ត៌មាន​នេះ គាត់​មាន​អារម្មណ៍​បែប​មិច ខ្ញុំ​តែ​ឮ​អ៊ីចឹង​ខ្ញុំ​គិតដល់​ឪពុក​របស់ខ្ញុំ​មុនគេ ទីមួយ​សម្ពាធ​ផ្លូវចិត្ត ទី​ពីរ​គាត់​មិន​មាន​ឱកាស​ជួប​ឪពុក​ជា​លើក​ចុង​ក្រោយ គ្មាន​ថ្ងៃ​វិល​វិញ​ទេ គឺ​លាគ្នា​រហូត​ហើយ»។

អ្នកស្រី ចៅ រតនៈ ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ឪពុក​អ្នកស្រី​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​មិនទាន់​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ឡើយ​ទេ។ អ្នកស្រី​ស្នើ​ដល់​តុលាការ និង​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​លោក ចៅ វាសនា បាន​ជូន​ដំណើរ​ឪពុក​ជា​លើក​ចុង​ក្រោយ​ដើម្បី​បង្ហាញ​កតញ្ញូតា​ធម៌​របស់​កូន​ចំពោះ​ឪពុក ជាពិសេស​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​មក​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃ​សវនាការ​នៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​សប្តាហ៍​ក្រោយ​នេះ។

អ្នកស្រី ចៅ រតនៈ៖ «ខ្ញុំ​សង្ឃឹមថា​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ដែល​ខ្ញុំ​ជា​កូន​ខ្មែរ​នៅ​ក្នុង​ប្រទេស​ដែរ​គួរ​យល់​ពី​ទុក្ខសោក​គ្រួសារ​ខ្ញុំ​ផង ដោះលែង​ឱ្យ​ឪពុក​ខ្ញុំ​មាន​សេរីភាព​វិញ​ទៅ ឪពុក​របស់ខ្ញុំ​គ្មាន​ទោស​ឧក្រឹដ្ឋ​អ្វី​រហូតដល់​ថ្នាក់​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ តែ​ឥឡូវ​តា​របស់ខ្ញុំ​ត្រូវ​ស្លាប់​ដោយ​ឪពុក​របស់ខ្ញុំ​មិន​បាន​មក​អុជ​ធូប​ជា​លើក​ចុង​ក្រោយ​ទៀត ចា៎​កុំ​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​មក​លើ​ខ្មែរ​គ្នាឯង​ខ្លាំង​ពេក»។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ពន្ធនាគារ​ពុំ​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​ជន​ជាប់ឃុំ​ទៅ​ចូលរួម​បុណ្យសព​សាច់ញាតិ​នោះ​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ករណីនេះ​គ្រួសារ​អាច​ដាក់​លិខិតស្នើ​ទៅ​តុលាការ និង​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​បាន​ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ។

លោក នុត សវនា៖ «យើង​ដឹង​ថា ទុក្ខ​ធុរៈ​របស់​គ្រួសារ​សំខាន់ ប៉ុន្តែ​វា​ពិបាក​សម្រាប់​មន្ត្រី​របស់​ខ្ញុំ​ដែរ ដោយ​មិនមែន​យើង​មិន​យោគយល់​ទេ តែ​សូម​និយាយ​ការពិត​ដែរ​ថា ការ​បញ្ជូន​ចេញទៅ​ខាងក្រៅ​វា​ពាក់ព័ន្ធ​ការងារ​សន្តិសុខ នេះ​វា​មិន​ស្រួល​ប៉ុន្មាន​ទេ អ៊ីចឹង​វា​អាច​មាន​រូបភាព​ផ្សេងៗ​ដែល​អាច​កើតឡើង​ដែល​មាន​ការ​ថត​ជា​វីដេអូ​ទៅ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ជា​រូបភាព​ពិបាក​គ្រប់គ្រង ប៉ុន្តែ​គាត់​ដាក់​សំណើ​ទៅ គេ​នឹង​ទទួល​សំណើ​ទៅ​ពិនិត្យ​ទៅ​តាម​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ និង​ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ លោក សំរិទ្ធ សុខុន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័ក ដើម្បី​បកស្រាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១ ខែ​ធ្នូ។

ទោះយ៉ាងណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកច្បាប់​តែងតែ​រិះគន់​អាជ្ញាធរ​មិន​គួរ​ដកហូត​សិទ្ធិ​អ្នក​ជាប់ឃុំ​មិន​ឱ្យ​ជួបជុំ​ក្រុម​គ្រួសារ​ជា​លើក​ចុង​ក្រោយ​នោះ​ទេ​។ ពួកគេ​ជំរុញ​ឲ្យ​សមត្ថកិច្ច​កែប្រែ​ចំណុច​នេះ ដោយ​ត្រូវ​ផ្ដល់​សិទ្ធិ​ដល់​អ្នក​ជាប់ឃុំ។

កន្លង​ទៅ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ភ្លើងទៀន​មួយចំនួន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ ក្រោម​ហេតុផល​នយោបាយ​នោះ ពួកគេ​បាន​ឈឺចាប់​ខ្លោចផ្សា ដោយសារតែ​សាច់ញាតិ​របស់​ពួកគេ បាន​ទទួល​មរណភាព​ហើយ​មិនបាន​ចូលរួម​បុណ្យសព ក្នុង​នោះ​មាន​ដូចជា​ប្រពន្ធ​របស់ លោក សុខ ចន្ថា គឺ​អ្នកស្រី សោម ចន្ធូ និង​ម្ដាយក្មេក​របស់​លោក កាក់ កុម្ភារ ជាដើម។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មើល​ឃើញ​ថា សកម្មជន​ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ហើយ​ពួកគេ​ត្រូវ​រស់នៅ​ព្រាត់ប្រាស​គ្នា និង​មិនបាន​លាគ្នា​ជា​លើក​ចុង​ក្រោយ​បែបនេះ​ជា​រឿង​សោកសៅ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​សកម្មជន​ទាំងនោះ​។ លោក​យល់​ថា អ្នកនយោបាយ ជាពិសេស​អ្នក​កាន់អំណាច​គួរ​ដល់​ពេល​ដោះស្រាយ​វិបត្តិ​នយោបាយ ស្ដារ​ប្រជាធិបតេយ្យ​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​ផលប្រយោជន៍​ជាតិ និង​បញ្ឈប់​បង្ក​ការឈឺចាប់​តទៅ​ទៀត។

លោក នី សុខា៖ «នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​យើង​ហៅថា​សង្គម​ប្រជាធិបតេយ្យ​សេរី ហើយ​ជា​សង្គម​មួយ​និយាយ​ពី​សន្តិភាព ការ​បង្រួបបង្រួម ឯកភាព​ជាតិ​ទាំងអស់​នេះ ខ្ញុំ​គិត​ថា មិន​គួរ​ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​ឈឺចាប់ បែកបាក់ ព្រាត់ប្រាស​គ្នា អ្នកខ្លះ​និរទេស​ខ្លួន​ដោយសារ​រឿង​នយោបាយ ដោយសារ​មិន​ឯកភាព​ផ្នែក​នយោបាយ​ជាមួយគ្នា​បែបនេះ​នោះ​ទេ មក​ដល់​ពេល​នេះ​ខ្មែរ​យើង​គួរតែ​រួមគ្នា កាន់​ដៃ​កសាង​ប្រទេស​ជាមួយគ្នា»។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា មាន​ដើម​កំណើត​ខ្មែរក្រោម​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចាប់​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា​កន្លង​ទៅ។

តុលាការ​បាន​ចោទប្រកាន់​លោក ចៅ វាសនា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ការរើសអើង ពាក់ព័ន្ធ​នឹង​រឿង​ចូលរួម​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ក្នុង​ពេល​បោះឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២៣។ ប៉ុន្តែ លោក ចៅ វាសនា បាន​ច្រាល​ចោល​ការ​ចោទប្រកាន់​នោះ។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ​កាត់ទោស​ជាប់ពន្ធនាគារ​ម្តង​រួច​មក​ហើយ​ពី​បទ​ញុះញង់ និង​បាន​ចេញពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ​២០២២ បន្ទាប់ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន​រយៈពេល ៥​ឆ្នាំ​ពេញ​នៅក្នុង​ពន្ធនាគារ។

ក្រុម​គ្រួសារ​ឱ្យ​ដឹង​ពិធី​បុណ្យសព​របស់​ឪពុក​របស់​លោក ចៅ វាសនា ប្រព្រឹត្តទៅ​នៅ​ភូមិ​បាលិលេយ្យ​២ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​រៀបចំ​បូជា​នៅ​រសៀល​ថ្ងៃទី​២ ខែ​ធ្នូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។