មន្ត្រីបក្សប្រឆាំងថា ការសុំសិទ្ធិធ្វើនយោបាយជាសិទ្ធិបុគ្គល តែត្រូវគិតពីការលះបង់របស់ប្រធានបក្សនេះ
2019.03.05
មន្ត្រីបក្សប្រឆាំង ថា ការសុំសិទ្ធិធ្វើនយោបាយជាសិទ្ធិបុគ្គល ប៉ុន្តែ ត្រូវគិតពីគុណធម៌ ដល់ការលះបង់របស់ប្រធានបក្សនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងស្ថិតក្នុងចំណោមមន្ត្រីទាំង ១១៨ រូបដែលហាមឃាត់សិទ្ធិនយោបាយដែរនោះ ថា មន្ត្រីបក្សសង្គ្រោះជាតិទាំងអស់ គួរពិចារណាឱ្យបានល្អិតល្អន់ ជាពិសេសត្រូវយកប្រយោជន៍រួមរបស់បក្សជាធំ មុននឹងសម្រេចសុំសិទ្ធិធ្វើនយោបាយនេះ៖ «បើយើងជាអ្នកប្រជាធិបតេយ្យ ជំហានដំបូង ត្រូវគិតពីគុណធម៌ ថាតើយើងជាមន្ត្រីថ្នាក់ក្រោម ហើយខណៈប្រធានគណបក្សរបស់យើង មិនទាន់មានសេរីភាពពេញលេញ ហើយយើងនៅថ្នាក់ក្រោមគាត់ យើងចង់បានសេរីភាព ឬសិទ្ធិធ្វើនយោបាយហ្នឹងមុនគាត់ មានន័យថា បើយើងគិតពីគុណធម៌ គឺអត់មានគុណធម៌ទេ គឺអគុណធម៌ចំពោះប្រធានរបស់ខ្លួន ព្រោះគិតពីប្រយោជន៍សួនតួ ជាងប្រយោជន៍របស់គណបក្សទៅវិញ។ កាន់តែអគុណធម៌ជាងនេះទៀត គឺមិនបានគិត អំពីប្រធានខ្លួនឯងខំលះបង់ដើម្បីប្រយោជន៍គណបក្ស»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងក្រោយសមាជិកគណៈកម្មាធិការនាយក របស់គណបក្សសង្គ្រោះជាតិមួយរូប នៅខេត្តត្បូងឃ្មុំ គឺលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាននី ត្រូវបានព្រះមហាក្សត្របានផ្តល់នីតិសម្បទានេះវិញ នៅថ្ងៃទី២ ខែ មីនានេះ ក្រោយលោកបានសុំសិទ្ធិធ្វើនយោបាយនេះ ជាលក្ខណៈបុគ្គល។ ព្រះរាជក្រឹត្យនេះ ត្រូវប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន យកមកចុះផ្សាយនៅថ្ងៃនេះ។
តាំងពីរបបលោក ហ៊ុន សែន ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីចុងឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានមន្ត្រីបក្សប្រឆាំងបីរូបប៉ុណ្ណោះ ក្នុងចំណោម ១១៨រូប រួមទាំងលោក ស៊ីម វ៉ាន់នី នេះផង បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញ។
អាស៊ីសេរី នៅមិនទាន់អាចសុំការបំភ្លឺពីលោក ស៊ីម វ៉ាន់នី បាននៅឡើយទេ នៅពេលនេះ។
ទោះបីមាត្រា ៤៥ ថ្មី (ស្ទួនមួយ) នៃច្បាប់នេះ មិនតម្រូវឱ្យមន្ត្រីបក្សប្រឆាំង ត្រូវតែសរសេរលិខិតស្នើសុំម្តងម្នាក់ ដើម្បីបានសិទ្ធិនយោបាយនេះវិញក៏ដោយ ក៏ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ថា ទាល់តែធ្វើដូច្នេះ ទើបអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ។
អ្នកវិភាគ ថា ការតម្រូវឱ្យមន្ត្រីបក្សប្រឆាំងម្ដងម្នាក់ សរសេរសំណើសុំទៅក្រសួងមហាផ្ទៃ ទើបក្រសួងនេះបញ្ជូនសំណើទៅលោក ហ៊ុន សែន ដែលនឹងស្នើទៅព្រះមហាក្សត្រសុំផ្ដល់សិទ្ធនយោបាយវិញនេះ ថា ជាចេតនាបំបែកបំបាក់មន្ត្រីបក្សប្រឆាំង មិនមែនដើម្បីរកដំណោះស្រាយនយោបាយទេ។
ចំណែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឯណោះវិញ ធ្លាប់អះអាងថា មន្ត្រីណាដែលសុំសិទ្ធិនយោបាយវិញ គឺជាមន្ត្រីក្បត់បក្ស និងថា សិទ្ធិនយោបាយនេះ មិនចាំបាច់សុំទេ ព្រោះជាសិទ្ធិដែលបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា នៅពេលណាមានដំណោះស្រាយនយោបាយរួម សិទ្ធិធ្វើនយោបាយរបស់មន្ត្រីបក្សប្រឆាំងទាំងអស់ ដែលគេហាមឃាត់នេះ នឹងទទួលបានវិញដោយស្វ័យប្រវត្តិ។
ទោះជាយ៉ាងនេះក្តី ដំណោះស្រាយរួមនេះ នៅមិនទាន់មានពន្លឺនៅឡើយទេ ស្របពេលដែលសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប កំពុងដាក់សម្ពាធរបបលោក ហ៊ុន សែន ខ្លាំងឱ្យស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងការមិនព្យួរការអនុគ្រោះពន្ធ៕