តុលាការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ភ្លើងទៀន លោក ថាន់ ណារិន រឿង​គូស​ខ្វែង​សន្លឹក​ឆ្នោត

2023.08.20
តុលាការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ភ្លើងទៀន លោក ថាន់ ណារិន រឿង​គូស​ខ្វែង​សន្លឹក​ឆ្នោត ​ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក ថាន់ ណារិន។
រូប៖ យុវជនគណបក្សភ្លើងទៀនខេត្ត​ត្បូងឃ្ញុំ

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​មន្ត្រី​បក្ស​ភ្លើងទៀន​ម្នាក់​ទៀត គឺ​លោក ថាន់ ណារិន ទាក់ទង​រឿង​គូស​ខ្វែង​សន្លឹកឆ្នោត កាលពី​ពេល​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស នៅ​ខែកក្កដា​កន្លង​ទៅ។ មន្ត្រី​សិទ្ធិមនុស្ស និង​គណបក្សភ្លើងទៀន​យល់​ថា ការ​ចាប់​ឃុំខ្លួន​សកម្មជន​នយោបាយ​ជា​បន្ត​បន្ទាប់​នេះ គឺ​ជា​ការគំរាម​កំហែង​ផ្នែក​នយោបាយ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​សីហា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​គឺ លោក ថាន់ ណារិន ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ព្រៃស ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទាក់ទង​រឿង​គួស​ខ្វែង​សន្លឹកឆ្នោត កាល​ពី​អំឡុង​បោះឆ្នោត​ជ្រើស​តំណាងរាស្រ្ត​កន្លង​ទៅ។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីសួរ ភីរិទ្ធិ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី២០ ខែ​សីហា​ថា​លោក ថាន់ ណារិន ស្ថិត​ក្នុង​ចំណោម​មន្ត្រី​បក្ស​ភ្លើងទៀន​ជិត ២០នាក់​ទៀត​មាន​ឈ្មោះ​ក្នុង​លិខិត​អនាមិក​មួយ​ដែល​ព្រមាន​ចាប់ខ្លួន​កាល​ពី​ពេលថ្មីៗ​នេះ។ លោក​បញ្ជាក់​ថា គណបក្ស​ពុំ​ទាន់​ដឹង​តុលាការ​យក​ភស្តុតាង​អ្វី​មក​សំអាង​ដើម្បី​ចាប់ខ្លួន ឬ​ចោទប្រកាន់​លើ​លោក ថាន់ ណារិន នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា មេធាវី​គណបក្ស​កំពុង​ពិនិត្យ​មើល​រឿង​នេះ។ លោក​ថា បើ​ទោះបី​ជា​គណបក្ស​ភ្លើងទៀន​មិន​បាន​ចូលរួម​ការបោះឆ្នោត នៅ​ខែកក្កដា​នេះ​ក៏​ដោយ ក៏​ថ្នាក់​ដឹកនាំ និង​សកម្មជន​មួយ​ចំនួន​របស់​គណបក្ស​នេះ​នៅតែ​រង​នូវ​ការ​គាប​សង្កត់ និង​គំរាមកំហែង​ដែល​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ​កាន់តែ​តូច​ចង្អៀត​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​​ថ្មី​ឱ្យ​ដោះស្រាយ​បញ្ហា​នយោបាយ ហើយ​ដោះលែង​មន្ត្រី​ទាំង​នេះ​ដើម្បី​ឱ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ និង​បន្តសកម្មភាព​នយោបាយ​បន្ត​ទៅ​ទៀត។

លោក គីសួរ ភីរិទ្ធិ៖ «រឿង​ហ្នឹង​ចង់​មិន​ចង់​វា​ធ្វើ​ឱ្យ​មាន​ការភ័យខ្លាច​ដល់​សកម្មជន និង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​តស៊ូ​ផ្នែក​នយោបាយ​ស្រប​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង។ ខ្ញុំ​យល់​ថា គណបក្ស​ណា​ក៏​ដោយ​មាន​តួនាទី​ជួយ​ប្រទេស​ជាតិ​ទាំង​អស់​គ្នា គ្រាន់តែ​ដើរ​តួនាទី​ជា​អ្នក​ប្រកួត​ប្រជែង​ទេ មិនមែន​ជា​គូ​សត្រូវ​ទេ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​ពិចារណា​កែ​សម្រួល​ក្នុង​ការ​ធ្វើ​សកម្មភាព​ធ្វើ​នយោបាយ ក៏​ដូច​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ឱ្យ​មាន​លំហ​ប្រសើរ​ជា​មុន»

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​លោក ថាន់ ណារិន នៅ​លើ​ផ្លូវ​៦០ម៉ែត្រ​ ម្តុំ​ក្បាល​ថ្នល់​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី១៩ ខែ​សីហា ដោយ​មិន​បាន​បង្ហាញ​ដីកា ឬ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​សួរ​អំពី​បញ្ហានេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែ​សីហា។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADOលោក អំ សំអាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចួលរួម​សកម្មភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ដោយ​គ្មាន​ការ​រារាំង ឬ​ការ​គំរាមកំហែង​នោះ​ទេ។ លោក​យល់​ថា ការ​ចាប់ខ្លួន​មន្ត្រី​របស់​គណបក្ស​ភ្លើងទៀន​នេះ ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់តែ​យ៉ាប់​យឺន។ លោក​បញ្ជាក់​ថា​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ករណី​ទាំងនេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ និង​កែ​លម្អ​ឡើង​វិញ។

លោក អំ សំអាត៖ «មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ល្អ​ណាមួយ​សម្រាប់​ការ​កែ​លម្អ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​ទេ អ៊ីចឹង​ហើយ​បាន​ជា​យើង​សង្ឃឹម​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ពិនិត្យ​ពិចារណា​កែ​លម្អ​ដោយ​បើក​លំហ​ទៅ​លើ​សេរីភាព និង​លំហ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​ជាតិ ហើយ​ផ្នែក​នយោបាយ​គួរតែ​មាន​ការ​បើក​ចំហ ឬ​មាន​ការសម្រប​សម្រួល​ណាមួយ​ដើម្បី​ឱ្យ​ស្ថានភាព​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត​បាន​ល្អ​ប្រសើរ»

លោក ថាន់ ណារិន ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ។ កាល​ពេល​នៅ​មាន​សេរីភាព លោក​តែងតែ​អម​ដំណើរ​ជាមួយ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក រ៉ុង ឈុន ចុះ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​នៅ​មូលដ្ឋាន និង​ឃ្លាំមើល​សវនាការ​នៅ​មុខ​តុលាការ​ជាដើម។ កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​លោក ជា សុផារ៉ា បាន​បញ្ចប់​តួនាទី​ពី​អនុប្រធាន​នាយកដ្ឋាន​រៀបចំ​ដែនដី​នៅ​ឆ្នាំ២០១៨ ព្រមទាំង​ដកហូត​ក្របខណ្ឌ​រដ្ឋ​ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លែង​ឱ្យ​បម្រើ​ការងារ​ក្រសួង​នេះ​នៅ​ឆ្នាំ២០១៩ ក្រោម​ហេតុផល​ចោទ​ថា លោក​អសកម្ម​ការងារ។ ទោះយ៉ាង​ណា​លោក ថាន់ ណារិន្ទ អះអាង​ថា លោក​តស៊ូ​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​ក្នុង​សង្គម ដោយ​លោក​មិន​ស្តាយ​តួនាទី ឬ​បុណ្យ​ស័ក្តិ​នោះ​ឡើយ។

ការ​ចាប់ខ្លួន​លោក ថាន់ ណារិន នេះ​គឺ​បន្ទាប់​ពី​លោក​ទទួល​បាន​លិខិត​គំរាម​ចាប់​ខ្លួន​ពី​ជន​មិន​ស្គាល់​មុខ​ថ្មីៗ​នេះ។ លិខិត​អនាមិក​នោះ​បាន​ដាក់​ឈ្មោះ​របស់​លោក និង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន ១៧នាក់​ទៀត​ក្នុង​លិខិត​នោះ​រួម​មាន អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក រ៉ុង ឈុន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក ជា មុនី ជា​ដើម។ មកដល់​ពេលនេះ​មាន​មន្ត្រី​គណបក្ស​នេះ​យ៉ាង​ហោច​ចំនួន ៥នាក់ រួមមាន​លោក អេង ស្រួយ លោក ប៊ុន ខេត លោក លី រី លោក វង រុន្នី និងលោក គឹម សុភា កំពុង​​ជាប់​​ពន្ធនាគារ​ក្នុង​អំឡុង​ខែ​កក្កដា។ ពួកគេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដូចៗ​គ្នា​ពី​​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទាក់ទង​ការ​បញ្ចេញ​មតិ​​ក្នុង​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត​ក្នុង​ការ​បោះឆ្នោត កាល​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ដែល​ជា​ការ​បោះឆ្នោត​បិទ​មិន​ឱ្យ​គណបក្ស​ប្រឆាំង​ចុង​ក្រោយ​គឺ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការ​បោះឆ្នោត។

ទោះ​យ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ករណីនេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ហើយ​ថ្កោលទោស​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស ជាពិសេស​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។