តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ៨​រូប រឿង​ក្បត់ជាតិ​មួយ​ករណី​ទៀត

0:00 / 0:00

តុលាការ​របប​លោក ហ៊ុន សែន ចេញ​ដីកា​តាម​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ៨​រូប នៃ​គណបក្ស​សង្គ្រោះជាតិ ទាក់ទង​នឹង​បទល្មើស​ក្បត់ជាតិ​មួយ​ករណី​ថ្មី​ទៀត​។ អ្នកវិភាគ​យល់ថា នេះ​មិនមែន​ជា​រឿង​ផ្លូវច្បាប់​អ្វី​នោះ​ទេ ប៉ុន្តែ​គឺជា​ល្បិច​បំបែកបំបាក់​គណបក្ស​សង្គ្រោះជាតិ​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន។

ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក កូយ សៅ បាន​ចោទប្រកាន់​អ្នក​ទាំង ៨​រូប ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​កម្ពុជា និង​នៅ​ទីកន្លែង​ផ្សេងទៀត ចាប់ពី​ថ្ងៃទី២០ ដល់​ទី២៧ ខែ​មករា ឆ្នាំ​២០១៩ នេះ​។ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ ដែល​អាស៊ីសេរី​ទើប​ទទួល​បាន​នៅ​ថ្ងៃទី១៧ មីនា។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រង​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ថ្មី​មួយទៀត​នេះ រួមមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក តុ វ៉ាន់ចាន់។

ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំងនេះ គឺជា​អ្នក​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២០ មករា កន្លងទៅ នៅ​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts)​។ កិច្ចប្រជុំ​នៅ​ពេល​នោះ ផ្តោត​លើ​ចំណុច​៣ សំខាន់ គឺ​ការ​ទទួល​ស្គាល់​លោក សម រង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បណ្ដោះអាសន្ន ការ​បដិសេធ​រឿង​លោក ហ៊ុន សែន យក​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​ទៅ​គំរាម​សហភាព​អឺរ៉ុប និង​ការរៀបចំ​ផែនការ​សម្រាប់​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ។

សម្រាប់​ផែនការ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នោះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ បាន​ដាក់​ចេញ​នូវ​សកម្មភាព​ការងារ​មួយ​ចំនួន ដូចជា បង្កើត​ក្រុមការងារ​រៀបចំ​កម្លាំង​ទទួល​លោក សម រង្ស៊ី ពង្រីក​សកម្មភាព​ការទូត ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បញ្ហា​ជាតិ ទាក់ទង​ឱ្យ​បាន​ស្អិតរមួត ជាមួយ​អ្នក​ប្រជាធិបតេយ្យ​គ្រប់​មជ្ឈដ្ឋាន និង​រៀបចំ​ថវិកា​សម្រាប់​ដំណើរការ​គម្រោង​នេះ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ អះអាង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សកម្មភាព​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​អំពើ​ក្បត់ជាតិ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា ដីកា​តាម​ចាប់ខ្លួន​នេះ គឺជា​ការ​បន្ត​យុទ្ធសាស្ត្រ​បំបែក​គណបក្ស​សង្គ្រោះជាតិ​ដោយ​លោក ហ៊ុន សែន មិនមែន​ជា​រឿង​ផ្លូវច្បាប់​អ្វី​នោះទេ។ លោក​ហ៊ាន​អះអាង​បែបនេះ ព្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន របប​ក្រុងភ្នំពេញ​បាន​បញ្ចេញ​ព័ត៌មាន​ថា មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ដែល​អាច​ជា​ក្រុម​និយម​លោក កឹម សុខា កំពុង​ត្រៀម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក៏ប៉ុន្តែ​ស្រាប់តែ​ពេលនេះ ក៏​លេចចេញ​នូវ​ដីកា​តាម​ចាប់ខ្លួន​ក្រុម​អ្នកធ្វើការ​ជាមួយ​លោក សម រង្ស៊ី ទៅវិញ៖ «គេ​គាប​ក្រុម​លោក កឹម សុខា ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ។ ក្នុង​ពេល​ហ្នឹង គេ​ប្រើ​វិធី​ក្ដៅ​លើ​ក្រុម​លោក សម រង្ស៊ី ដើម្បី​ឱ្យ​មើល​ឃើញ​ថា ក្រុម​ទាំងពីរ​ហ្នឹង បើ​ទោះ​បី​ជា​មិនបាន​ប្រកាស​អំពី​ការ​បែកបាក់​ជា​ផ្លូវការ​ក៏ដោយ ក៏ប៉ុន្តែ​គេ​បង្កើត​រូបភាព​មួយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា នៅ​ឆ្ងាយ​ពី​គ្នា​។ នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​របស់​គេ​។ គេ​នៅតែ​បន្ត​ធ្វើ​របៀប​ហ្នឹង​ដដែល​ទេ»។

បច្ចុប្បន្ន​នេះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៨​រូប មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ពោល​គឺ​កំពុង​ស្នាក់នៅ និង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។