ស្ថានទូតប្រទេសលោកសេរី និងមន្ត្រីសង្គមស៊ីវិល សោកស្ដាយចំពោះការផ្ដន្ទាទោស និងការបិទសិទ្ធិមេបក្សប្រឆាំងលោក កឹម សុខា។ ប្រតិកម្មនេះធ្វើឡើងក្រោយពេលតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសឱ្យជាប់ឃុំ ២៧ឆ្នាំ ត្រូវឃុំខ្លួនក្នុងផ្ទះ និងមិនអាចធ្វើនយោបាយ មិនអាចជួបអ្នកណាក្រៅសាច់ញាតិ។
ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាត់បង់សិទ្ធិសេរីភាព សិទ្ធិធ្វើនយោបាយ និងត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាបុគ្គលទាំងឡាយ ចាប់ថ្ងៃទី៣ ខែមីនានេះតទៅ ទោះសាលក្រមតុលាការមិនទាន់ចូលស្ថាពរក្ដី។ ទោះយ៉ាងណាស្ថានទូតប្រទេសមហាអំណាច នៃលោកសេរីមួយចំនួន ចេញសេចក្ដីថ្លែងជាបន្តបន្ទាប់រិះគន់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែលបានចូលរួមស្ដាប់ការប្រកាសសាលក្រមនេះថា សហរដ្ឋអាមេរិកសោកស្ដាយ ចំពោះការផ្ដន្ទាទោសលោក កឹម សុខា។ លោកបន្តថា នេះជាការដើរខុសឆ្គងនៃប្រព័ន្ធយុត្តិធម៌។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោករិះគន់ថា ការដកសិទ្ធិលោក កឹម សុខា និងអ្នកផ្សេងទៀត ជាការដើរថយក្រោយនៃការអនុវត្តរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ប៉ាទ្រីក ម័រហ្វី៖«ការដក់សិទ្ធិនយោបាយលោក កឹម សុខា ដែលមានរយៈដ៏យូរនេះ បង្ហាញហើយឱ្យឃើញពីការផ្អែកលើបទល្មើសដែលមានលក្ខណៈជាក់ស្ដែង គឺសន្ទិដ្ឋិភាព ជាមួយបរទេសជារឿងមួយប្រឌិតហើយគឺជាការដើរខុសឆ្គងនៃប្រព័ន្ធយុត្តិធម៌»។
ដូចគ្នានេះដែរស្ថានទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងពីខកចិត្តរបស់ខ្លួនពេលឃើញ សាលក្រមកាត់ទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទក្បត់ជាតិ។ ស្ថានទូតអូស្ត្រាលីអំពាវនាវឱ្យមានដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាពក្នុងសំណុំរឿងនេះ។ ស្ថានទូតអូស្ត្រាលី អះអាងដែរថា នឹងបន្តកិច្ចពិភាក្សារដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យមានលំហនយោបាយសម្រាប់ការបោះឆ្នោត ដែលមានការប្រកួតប្រជែងពិតប្រាកដ ព្រមទាំងការគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ប្រតិកម្មនេះ ក្រោយពេលសមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនលោក កឹម សុខា ជាថ្មីម្ដងទៀត យកទៅឃុំខ្លួននៅក្នុងផ្ទះរបស់លោក នៅថ្ងៃទី៣ ខែមីនា។ សមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ពេលលោក កឹម សុខា ចូលរួមស្ដាប់ការប្រកាសសាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ តែត្រូវឃុំខ្លួននៅក្នុងផ្ទះ។ តុលាការក៏ដកសំខាន់ៗ នៃជីវិតនយោបាយរបស់ផងដែរ ដូចជា ការមិនអនុញ្ញាតឈរឈ្មោះបោះឆ្នោត សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។
តុលាការក្រុងភ្នំពេញដែលរងការរិះគន់ថា ស្ថិតក្រោមការខ្សែញាក់របស់លោក ហ៊ុន សែន ក៏ដាក់លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញា។ មិនត្រូវជួបបុគ្គលណាមួយទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញា។
តុលាការក៏បង្គាប់ឱ្យសមត្ថកិច្ច ប្រើប្រាស់សិទ្ធិអំណាច ដើម្បីធានាការអនុវត្តនូវវិធានការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ក្នុងករណីលោក កឹម សុខា ហ៊ានបំពានបម្រាមទាំងនេះ ត្រូវចាប់លោក កឹម សុខា យកទៅដាក់ឃុំក្នុងពន្ធនាគារ។
វិធានការរបស់តុលាការពេលនេះ ត្រូវបាននាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា លោក កឹម សុខា ជាបុគ្គលទី២ នៃប្រទេសតំបន់អាស៊ាន ដែលត្រូវបានតុលាការដាក់ឃុំក្នុងផ្ទះក្នុងរយៈ ២៧ឆ្នាំ ដែលករណីនេះគឺទៅនឹងករណីអ្នកស្រី អង់សាន ស៊ូជី នៅប្រទេសភូមាដែរ។ លោក អំ សំអាត បារម្ភថា ករណីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាខាងមុខ។
លោក អំ សំអាត៖«នឹងអាចទទួលការរិះគន់ច្រើនទៀតពីសហគមន៍អន្តរជាតិទាក់ទងនឹងការឃុំខ្លួនក្នុងផ្ទះ ២៧ឆ្នាំ ទៅលើមេដឹកនាំអតីតគណបក្សប្រឆាំងហ្នឹង ហើយក៏អាចធ្វើឱ្យបរិយាកាសមុនការបោះឆ្នោតឆ្នាំ២០២៣ ជាបរិយាកាសមួយមិនសូវល្អសម្រាប់ការបោះឆ្នោត»។
ទាក់ទងរឿងនេះដែរ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣ ខែមីនា ចោទប្រកាន់ថា លោក កឹម សុខា អាយុ ៧០ឆ្នាំ បានប្រព្រឹត្តិបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ រហូតដល់ថ្ងៃចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ បើទោះជាតុលាការចោទប្រកាន់ថា លោក កឹម សុខា បានត្រូវរ៉ូវគ្នាជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្ដី ប៉ុន្តែ តុលាការមិនបង្ហាញឈ្មោះរដ្ឋបរទេសណាមួយដែលត្រូវរ៉ូវជាមួយលោក កឹម សុខា ទេ តែតុលាការបែរព្រមានចាត់វិធានការលើអ្នកណាដែលបង្ហាញឈ្មោះរដ្ឋបរទេសនោះទៀតផង។ តុលាការចោទប្រកាន់ទៀតថា លោក កឹម សុខា បានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មកធ្វើជាលេស ឬជាឈ្នាន់ ក្នុងការប្រមូលកម្លាំងមហាជន តាមគ្រប់មធ្យោបាយដោយស្របច្បាប់ និងមិនស្របច្បាប់ធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន ដោយបានឃុបឃិតត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស។
ទាក់ទងសាលក្រមផ្ដន្ទាទោសលោក កឹម សុខា វិញម្ដង សាលក្រមនេះ មានកម្រាស់ ១៦៦ទំព័រ ក្នុងពេលប្រកាសសាលក្រម ប្រធានក្រុមប្រឹក្សាលោក កូយ សៅ បានអានសង្ខេបសាលក្រមមកខ្លីៗ ប៉ុណ្ណោះ។ តុលាការនៅតែយកខ្លឹមសារវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ថា ជាភស្តុតាងរឹងមាំ។ តុលាការក៏ថ្លែងការពារចំណាត់ការដែលសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំ២០១៧ ថា ជាការអនុវត្តតាមនីតិវិធី ព្រោះជាបទល្មើសជាក់ស្ដែងដែលលោក កឹម សុខា បានប្រព្រឹត្តិតាំងពីឆ្នាំ១៩៩៣ ឆ្នាំ២០១០ និងមកដល់ឆ្នាំ២០១៧។ តុលាការចោទប្រកាន់ទៀតថា លោក កឹម សុខា យកលេសបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងធ្វើសកម្មភាពបម្រើនៃការធ្វើបដិវត្តន៍ពណ៌ ដូចជា ការការធ្វើយុទ្ធនាការកាន់ផ្កាឈូក ការធ្វើការបាតុកម្មនៅស្ពាននាគ និងផ្លូវវេងស្រេងជាដើម ដើម្បីផ្ដួលរដ្ឋាភិបាលលោក ហ៊ុន សែន។
ចាប់តាំងពីតុលាការប្រកាសសាលក្រម រហូតសមត្ថកិច្ចនាំខ្លួនលោក កឹម សុខា យកទៅឃុំខ្លួននៅផ្ទះវិញ លោក កឹម សុខា មិនបាននិយាយអ្វីទាំងអស់ តែលោកបានបញ្ចេញទឹកមុខស្រងូតស្រងាត់។
ទាក់ទងការសម្រេចរបស់តុលាការនេះដែរ មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់អ្នកស្រី ម៉េង សុភារី ឱ្យវិទ្យុអាស៊ីសេរីដឹងយ៉ាងខ្លីថា ជាការសម្រេចដោយអយុត្តិធម៌លើលោក កឹម សុខា ហើយក្រុមមេធាវីនឹងរៀបចំប្ដឹងទាស់ការសម្រេចសាលាដំបូងរាជធានីភ្នំពេញ ទៅសាលាឧទ្ធរណ៍។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថាការសម្រេចរបស់តុលាការគឺឈរលើមូលដ្ឋានច្បាប់ និងភស្តុតាងត្រឹមត្រូវ។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចរូបនេះថា បើលោក កឹម សុខា មិនអស់ចំពោះការសម្រេចក្ដីពេលនេះ គឺលោក កឹម សុខា អាចប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ហើយប្រសិនបើមេបក្សរូបនេះ នៅតែបើនៅចាញ់ក្ដីនៅតុលាការជាន់ខ្ពស់បន្តទៀត គឺលោក កឹម សុខា ត្រូវខិតខំរៀបចំកសាងខ្លួនឱ្យបានល្អទៅតាមបទបញ្ជាតុលាការ ក្រែងទទួលបានការលើកលែងទោសនៅពេលណាមួយ។
លោក សុខ ឥសាន៖«ឃុំខ្លួននៅផ្ទះហ្នឹងក៏អ៊ីចឹងដែរ កែប្រែនៅហ្នឹងទៅ ធ្វើម៉េចឱ្យស្ងប់ស្ងាត់ទៅតាមបទបញ្ញត្តិរបស់សាលក្រមហ្នឹងទៅ ប្រាកដជាសាលក្រមគេដាក់អំពីខ្លឹមសារហ្នឹងច្បាស់លាស់ហើយថា គាត់ (លោក កឹម សុខា)ត្រូវម៉េចហើយគាត់ត្រូវអនុវត្តឱ្យត្រឹមត្រូវទៅតាមខ្លឹមសារ ដែលសាលក្រមបានកំណត់»។
បើទោះមន្ត្រីបក្សកាន់អំណាចលើកឡើងដូច្នេះក្ដី តែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់រដ្ឋាភិបាល និងតុលាការលុបចោលសេចក្តីសម្រេចនេះ និងទម្លាក់ចោលរាល់ករណីទាំងអស់ប្រឆាំងនឹងលោក កឹម សុខា ដើម្បីលទ្ធិប្រជាធិបតេយ្យ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងទៀតថា ការគោរពសេរីភាពខាងការបញ្ចេញមតិ ទោះបីជាបុគ្គលដែលពាក់ព័ន្ធការបញ្ចេញទស្សនៈ ឬព័ត៌មានដែលអាជ្ញាធរមិនយល់ស្របក៏ដោយ ក៏ទង្វើដូច្នោះមិនមែនជាបទល្មើសទេ។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែលតាមដានរឿងនេះយល់ថា ការសម្រេចក្ដីរបស់តុលាការក្នុងពេលអ្នកនយោបាយកំពុងពាក់មុខយក្សដាក់គ្នាដូចសព្វថ្ងៃនេះមិនមែនជារឿល្អទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ចង់ឃើញអ្នកនយោបាយគួរដោះស្រាយបញ្ហានេះដោយការជជែកគ្នា។ លោក ស៊ឹង សែនករុណា បារម្ភថា ការសម្រេចក្ដីនេះ នឹងធ្វើឱ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសេរីផ្សេងទៀត អាចនឹងដាក់សម្ពាធលើកម្ពុជា ខណៈកម្ពុជាកំពុងបាត់បង់ប្រព័ន្ធអនុគ្រោះអ៊ីប៊ីអេ (EBA) អស់ ២០ភាគរយ និងមិនទាន់ទទួលបានការអនុគ្រោះពន្ធជីអេសភី (GSP) ពីសហរដ្ឋអាមេរិកវិញនៅឡើយ។
លោក ស៊ឹង សែនករុណា៖«បញ្ហាទាំងអស់នេះដែលកើតមានឡើង គួរតែមានការកែប្រែគិតយ៉ាងណាធ្វើឱ្យផលប្រយោជន៍ជាតិ មានន័យថា តម្កល់ផលប្រយោជន៍ជារួមផលប្រយោជន៍របស់ពលរដ្ឋជារួម ជៀសវាងគិតទៅលើផលប្រយោជន៍បុគ្គល ផលប្រយោជន៍ក្រុម។ កាលណាយើងនៅតែយកផលប្រយោជន៍បុគ្គល ផលប្រយោជន៍ក្រុម អំណាចបុគ្គល អំណាចក្រុមហ្នឹងមកជាប់ពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹង ខ្ញុំមិនសង្ឃឹមថា នឹងអាចមានភាពធូរស្រាលទេ»។
តុលាការក្រុងភ្នំពេញទុករយៈ ១ខែ ឱ្យលោក កឹម សុខា ដើម្បីប្ដឹងទាស់ការសម្រេចនេះទៅសាលាឧទ្ធរណ៍។ ទោះយ៉ាងណា សំណុំរឿងនយោបាយដូច្នេះ បើតុលាការជាន់ទាបសម្រេចបែបណាហើយ តុលាការជាន់ខ្ពស់ក៏សម្រេចបែបនោះដែរ៕
[ មេធាវីជាតិ និងអន្តរជាតិ ទាមទារសាលក្រមគ្មានទោសសម្រាប់លោក កឹម សុខាOpens in new window ]

[ តុលាការស្ថិតក្រោមអំណាចនយោបាយក្នុងរឿងក្ដីលោក កឹម សុខាOpens in new window ]
[ ការវិភាគអំពីសាលក្រមលោក កឹម សុខាOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។