លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៤ មិថុនា បានទទួលប្រតិភូមកពីអង្គការអន្តរជាតិយ៉ាងហោចណាស់ចំនួន ៥ស្ថាប័ន ដើម្បីអនុញ្ញាតឱ្យស្ថាប័នទាំងនេះ ចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតថ្នាក់ក្រោមជាតិអាណត្តិទី៥។ អ្នកវិភាគនយោបាយ បារម្ភពីឯករាជ្យរបស់អង្គការទាំងនោះ ខណៈអង្គការអន្តរជាតិឯករាជ្យផ្សេងទៀត មិនចូលរួមសង្កេតការណ៍បោះឆ្នោតនោះ។
ស្ថាប័នសង្កេតការណ៍ទាំងនេះមកអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិក (CAPDI) សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) អន្តរសភាអាស៊ាន (AIPA) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) និងអង្គការ (IPTP)។ ក្រុមនេះដឹកនាំដោយអតីតប្រធានាធិបតីនៃប្រទេសកូឡុំប៊ី (Colombia) លោក អាន់ដ្រេ ប៉ាស្ត្រាណា (Andre Pastrana) និងជាគណៈប្រតិភូទាំងអស់នៃអង្គការ (CDI)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្វាគមន៍ក្រុមសង្កេតការណ៍ទាំងនេះ កាលពីព្រឹកថ្ងៃទី៤មិថុនា នៅវិមានសន្តិភាព និងជជែកពីការចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលចាប់ផ្ដើមប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៥មិថុនា ខាងមុខនេះ។
គណៈប្រតិភូទាំងអស់នៃអង្គការ (CDI) លោក អាន់ដ្រេ ប៉ាស្ត្រាណា (Andre Pastrana) ធ្លាប់ដឹកនាំ អង្គការមួយចំនួនចូលរួមធ្វើជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតនៅកម្ពុជាចំនួន៣ដង មកហើយចាប់តាំងពីឆ្នាំ២០១៧ក្រោយពេល ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានរម្លាយគណបក្សប្រឆាំង។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកឡើងថា របាយការណ៍វាយតម្លៃការបោះឆ្នោតរបស់អង្គការសង្កេតការណ៍ទាំងនេះអាច មិនមានភាពសុក្រិត្យអំពីលទ្ធផលបោះឆ្នោត ខណៈអង្គការឯករាជ្យផ្សេងទៀតបានប្រកាសមិនចូលរួមក្នុងការវាយតម្លៃពីលទ្ធផលសន្លឹកឆ្នោតនៅក្នុងអាណត្តិនេះ។ លោក ថាច់ សេដ្ឋា បន្តថា ការមិនចូលខ្លួនវាយតម្លៃការបោះឆ្នោតពីអង្គការអន្តរជាតិឯករាជ្យ និងសហគមន៍អឺរ៉ុបនេះ វាសញ្ញាមួយ ដែលតម្រូវឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរតែរៀបចំសមាសភាពឡើងវិញ ដោយប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀងទៅខាងគណបក្សនយោបាយណាមួយ និងធានាលទ្ធផលបោះឆ្នោតឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោត៖ « ដោយសារតែគេ [ សហភាពអឺរ៉ុប ] មិនអាចប្រមូលព័ត៌មានបាន គ្រប់ជ្រុងជ្រោយទើបគេហ៊ានវាយតម្លៃ គេគ្រាន់តែឃ្លាំមើលតែប៉ុណ្ណឹងទេ។ យើងមើលឃើញជាក់ស្តែង ការបោះឆ្នោត នេះវាពោរពេញដោយការគំរាមកំហែង ទោះបីគ្មានអំពើហិង្សា ក៏ដោយ។ ក៏ប៉ុន្តែ មានការគំរាមកំហែងទៅលើគណបក្សភ្លើងទៀន គ្រប់រូបភាព រហូត ដល់បច្ចុប្បន្ន ជិតដល់ថ្ងៃបោះឆ្នោតក៏ដោយ ភ្នាក់ងាររបស់យើង ត្រូវគេ គំរាមកំហែង ឱ្យរលាយចេញជាបន្តបន្ទាប់។ កន្លែងការិយាល័យខ្លះស្ទើរតែអស់តែម្ដង » ។
ទាក់នឹងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី ០៤ មិថុនា។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ ប៉ុន្តែ លោកបញ្ជាក់យ៉ាងខ្លីថា ការចូលរួមពីបណ្តាអង្គការអន្តរជាតិក្នុងសង្កេតការណ៍ទាំងនោះមិនជាប់ពាក់ព័ន្ធ នឹងរដ្ឋាភិបាលនោះទេ។ អង្គការទាំងនោះបានចំណាយថវិកាផ្ទាល់ខ្លួន៖ «តែធម្មតា អ្នកចូលមកសង្កេតការណ៍ចូលមកកម្ពុជា ដើម្បីសង្កេតការណ៍ មិនមែនជាបន្ទុករបស់រាជរដ្ឋាភិបាលទេ។ គាត់មកក្នុងនាមជាម្ចាស់ប្រទេស អាហ្នឹងប្រទេសគាត់ជាអ្នកចេញ លុយចំណាយ។ អ្នកសារព័ត៌មានក៏អ៊ីចឹងដែរត្រូវតែចំណាយផ្ទាល់ខ្លួនហើយ។ លុះត្រាតែ តែយើងមានសេចក្ដីអញ្ជើញ ជាផ្លូវការពីរាជរដ្ឋាភិបាលយើងបាន គេមកហ្នឹង បានរាជរដ្ឋាភិបាល ទទួលបន្ទុក ដើម្បីដោះស្រាយ រាល់ការចំណាយស្នាក់នៅ ការធ្វើដំណើររបស់គាត់ »។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា អង្គការចូលរួមសង្កេតការណ៍ដែលដឹកនាំដោយ លោក អាន់ដ្រេ ប៉ាស្ត្រាណា គ្រាន់ជាបេសសកម្មបង្គ្រប់កិច្ចក្នុងការបោះឆ្នោតឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន តែប៉ុណ្ណោះ។ លោកបន្តថា ការចូលរួមសង្កេតការណ៍ពីស្ថាប័នអន្តរជាតិ កម្ពុជាគួរត្រូវចំណាយពេលច្រើនខែ ក្នុងការពិភាក្សាការងារ។ ដោយឡែក អង្គការដែលសង្កេតការណ៍បោះឆ្នោត ធ្វើសកម្មភាពជជែកជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាត្រឹមមួយថ្ងៃមុនការបោះឆ្នោតបែបនេះ លោក គឹម សុខ យល់ថា អង្គការទាំងនោះអាចទទួលបានផលប្រយោជន៍ច្រើនពីលោក ហ៊ុន សែន៖ « វាជាបេសកកម្ម លេងសើចសុទ្ធសាធ។ យើងកត់សម្គាល់ឃើញថា អង្គការទាំងនោះ មិនសូវមានឈ្មោះទេ គឺមានតម្លៃទាបណាស់ នៅក្នុងការណ៍ដែលទៅធ្វើជាភ្នែក សង្កេតការណ៍ធ្វើរបាយការណ៍ វាយតម្លៃការបោះឆ្នោតប្រាប់ទៅប្រជាពលរដ្ឋខ្មែរ។ គ្រាន់តែ ជាបេសកកម្ម បំពេញកម្មវិធី បេសកកម្មឧបកិច្ចថ្ងៃទី៥ខែមិថុនា នៅពេលដែរ អ្នកសង្កេតការណ៍មែនទែន និងមានគុណភាព ឱ្យប្រជាពលរដ្ឋខ្មែរទុកចិត្ត ពីអង្គការសហប្រជាជាតិ (UN) សហភាពអឺរ៉ុប (EU) ជប៉ុន (Japan) អូស្រ្តាលី (Australia) អង់គ្លេស (England) និងសហរដ្ឋអាមេរិក (US) ជាដើម មិនចូលរួមសង្កេតការណ៍ធ្វើរបាយការណ៍វាយតម្លៃការបោះឆ្នោត » ។
ជុំវិញរឿងនេះដែរ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស យល់ថា ការចូលរួមសង្កេតការណ៍របស់ស្ថាប័នអន្តរជាតិ គឺជាសិទ្ធិចូលរួមក្នុងការសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត។ ក្រៅពីនេះ លោកមើលឃើញថា លំហសេរីភាពឆន្ទៈពលរដ្ឋក្នុងការចូលរួមផ្នែកជីវភាពនយោបាយ នៅតែរងការរឹតត្បិត ក្រោយពីរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់មួយចំនួនកាលពីឆ្នាំ២០១៧។
លើសពីនេះ លោកមើលឃើញថា គណបក្សនយោបាយដែលជាដៃគូប្រកួតប្រជែងជាមួយបក្សកាន់អំណាច បានបន្តរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ពីអាជ្ញាធរបក្សកាន់អំណាច។ លោកយល់ថា ករណីទាំងនេះ ដែលធ្វើសហភាពអឺរ៉ុបមើលឃើញពីភាពមិនប្រក្រតី និងគ្មានការ ចុះឈ្មោះជាផ្លូវការក្នុងការវាយតម្លៃដំណើរការបោះឆ្នោតថ្នាក់ក្រោមជាតិនៅអាណត្តិនេះ។ ទោះជាយ៉ាងណា លោកមិនទាន់អាចវាយតម្លៃ ពីសមត្ថភាពរបស់អង្គការដែលដឹកនាំដោយ អតីតប្រធានាធិបតីនៃប្រទេសកូឡុំប៊ីនេះនៅឡើយ៖ « គោលការណ៍ដោយសេរី ដែលមានលក្ខខណ្ឌ តិចបំផុត ៦ចំណុច (Six minimum condition) ហ្នឹងយើងបង្ហាញទៅភាគីពាក់ព័ន្ធតាំងពីឆ្នាំទៅមកម្ល៉េះ ដើម្បីឱ្យ គិតគូរ និងស្ដារអំពីស្ថានភាព ឡើងវិញ ដើម្បីឱ្យដំណើរការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។ ក៏ប៉ុន្តែចំណុចទាំង ៦ ដែលមានការលើកឡើងនោះ គឺមិនត្រូវមានចំណុចណាមួយ កែប្រែ ឱ្យបានពេញលេញទេ។ ជាពិសេស យើងមើលផ្នែកច្បាប់ ជាដើមមិនបាន ត្រឡប់ទៅភាពដើមវិញទេ ជាពិសេសច្បាប់ ទាក់ទងនឹងការ ការពារឆន្ទៈពលរដ្ឋ ច្បាប់ទាក់ទង សិទ្ធនយោបាយ » ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាស្អែកនេះ។ ក្នុងនោះគណបក្សនយោបាយចំនួន១៧ បានចូលប្រកួតប្រជែងដណ្ដើមយកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនជាង ១ម៉ឺន (១១.៦២២) អាសនៈ ហើយប្រជាពលរដ្ឋជាង៩លាន២សែននាក់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។ សហភាពអឺរ៉ុប និងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា មិនបានផ្តល់ជំនួយក្នុងការគាំទ្រការបោះឆ្នោត និងចុះឈ្មោះជាផ្លូវការសម្រាប់វាយតម្លៃដំណើរការបោះឆ្នោតក្នុងអាណត្តិនេះឡើយ។ ក្រៅពីនេះ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ធានាឱ្យបាននូវបរិយាកាសនយោបាយល្អនៅមុនការបោះឆ្នោត ខណៈអង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសចំពោះការធ្វើទុក្ខបុកម្នេញលើបេក្ខជនគណបក្សប្រឆាំង។ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីក្រុងហ្ស៊ឺណែវ (Geneva) ប្រទេសស្វីស (Switzerland) អំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យធានាថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព និងសុវត្ថិភាព ដែលលើកស្ទួយដល់ភាពចម្រុះផ្នែកនយោបាយ និងការគោរពសេរីភាពជាមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។