លោក ហ៊ុន សែន ជួប​នាយក​រដ្ឋមន្ត្រី​ជប៉ុន ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច

ដោយ ថា ថៃ
2022.09.28
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន ជួប​នាយក​រដ្ឋមន្ត្រី​ជប៉ុន ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​​ជាមួយ​​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយក​រដ្ឋមន្ត្រី​ជប៉ុន កាល​ពី​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ពិភាក្សា​អំពី​​ទំនាក់​ទំនង​ទ្វេភាគី ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ជប៉ុន ​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​មក​ដល់។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​នាយករដ្ឋមន្ត្រី​ជប៉ុន ​ជួប​ពិភាក្សា​អំពី​បញ្ហា ក្នុង​តំបន់ ​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី២៨ ខែកញ្ញា ។ ជំនួប​ពិភាក្សា​នេះ​ ធ្វើឡើង​ក្នុង​ពេល​លោក ហ៊ុន សែន ​ទៅ​ចូលរួម​បុណ្យ​សព​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក ​ស៊ិនហ្សូ ​អាបេ (Shenzo Abe) នៅ​ទីក្រុង​តូក្យូ (Tokjo) ប្រទេស​ជប៉ុន​(Japan)។ អ្នកវិភាគ​នយោបាយ ​លើក​ឡើង​ថា កម្ពុជា ​នឹង​មិន​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ទំនាក់ទំនង​ជាមួយ​ជប៉ុន​ឡើយ​ ប្រសិនបើ​លោក ហ៊ុន សែន ​ បន្ត​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​ហើយ​មិនព្រម​ស្ដារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ឡើង​វិញ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ឆ្លៀត​ពេល​ពី​ការ​ចូលរួម​បុណ្យ​សព​លោក ស៊ិនហ្សូ អាបេ នោះ លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ដើម្បី​ពិភាក្សា​ការងារ​លើ​ប្រធានបទ​មួយ​ចំនួន​ដូចជា​ទំនាក់​ទំនង​ទ្វេភាគី ​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ជប៉ុន ​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​មក​ដល់។

លោក​ ហ៊ុន សែន ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី២៨ កញ្ញា​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន និង​កិច្ចប្រជុំ​អាស៊ី -បូព៌ា ​នៅ​ខែវិច្ឆិកា នៅ​កម្ពុជា ​តាម​ការ​អញ្ជើញ​របស់​លោក។ លោក​បន្ត​ថា ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ ​ក៏​បាន​ជជែក​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ​ជាពិសេស​ជប៉ុន​ នឹង​បង្កើត​រោងចក្រ​ក្រុមហ៊ុន​តូយ៉ូតា (Toyota) នៅ​ប្រទេស​កម្ពុជា ព្រម​ទាំង​ស្នើសុំ​ការ​គាំទ្រ​ក្រុមហ៊ុន​របស់​ជប៉ុន​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា។នាយករដ្ឋមន្ត្រី​ជប៉ុន បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​កាន់​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ នឹង​បន្ត​ពង្រឹង​ពង្រីក​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា។ លោក ហ្វូមីអូ គីស៊ីដា ក៏​ស្នើសុំ​លោក ហ៊ុន សែន ឱ្យ​គាំទ្រ​ជប៉ុន ក្នុង​ក្រប​ខណ្ឌ​រវាង​អាស៊ាន និង​ជប៉ុន​ផង​ដែរ។ លើស​ពី​នេះ ​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​មតិ​គ្នា​ជុំវិញ​បញ្ហា​នៅ​មីយ៉ាន់ម៉ា បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​នៅ​អ៊ុយក្រែន។

ក្រៅ​ពី​នេះ ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៧ កញ្ញា ក៏​បាន​ឆ្លៀត​ជួប​ទទួល​អាហារ​ពេលព្រឹក និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) អំពី​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ ព្រមទាំង​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ដោះ​ស្រាយ​ការងារ​មួយ​ចំនួន ដែល​នៅ​សេស​សល់ ជា​ពិសេស​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ឆាប់​រហ័ស។

ចំពោះ​ជំនួប​រវាង​លោក ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​វិញ អ្នក​រិះគន់​លើកឡើង​ថា កម្ពុជា​ នឹង​មិន​ទទួល​បាន​ផលប្រយោជន៍​ធំដុំ​ឡើយ​ ប្រសិនបើ​លោក ហ៊ុន សែន​ គ្មាន​ជំហរ​ឯករាជ្យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​ និង​មិនព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ទេ​នោះ។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា ថ្លែង​ថា វត្តមាន​លោក ហ៊ុន សែន ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក ស៊ិនហ្សូ អាបេ មិន​ចេញ​ពី​ចិត្ត​ឡើយ ព្រោះ​លោក​មិន​បាន​ស្ដារ​ប្រជាធិបតេយ្យ​តាម​ការ​ស្នើសុំ​របស់​លោក អាបេ កាល​នៅ​មាន​ជីវិត និង​មិន​បាន​ប្រើប្រាស់​ជំនួយ​ជប៉ុន​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ទោះបីជា​លោក ហ៊ុន សែន និង​មេ​ដឹកនាំ​ជប៉ុន ខំ​ជជែក​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​បែប​ណា​ក្ដី ក៏​នឹង​មិន​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ឡើយ ប្រសិនបើ​លោក ហ៊ុន សែន ​នៅតែ​មាន​ចរិត​ផ្ដាច់ការ៖ «ខ្ញុំ​នៅតែ​យល់​ថា ទាំង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ ជប៉ុន ​គេ​ចង់​ឲ្យ​កម្ពុជា​យើង​មាន​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​អី​ជាដើម​ ។ប៉ុន្តែ​ដោយសារ​ការ​ធ្វើនយោបាយ​ការបរទេស​របស់​ជប៉ុន មាន​ភាព​ទន់ភ្លន់​ពេក​មិន​អាច​និយាយ​គ្នា​ត្រូវ​ជាមួយ​នឹង​លោក ហ៊ុន សែន​ទេ។ ដូច្នេះ​ទោះបីជា​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​និង​ជា​អ្នក​ដឹកនាំ​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ក៏​យើង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​របស់​យើង​ដើម្បីឲ្យ​រដ្ឋាភិបាល​ជប៉ុន មាន​ឥរិយាបថ​ថ្មី មាន​ន័យ​ថា ចង់ឲ្យ​គាត់​និយាយ​ពាក្យ​ណា ដែល​មាន​ទម្ងន់​ជាង​អ្វី​ដែល​ គាត់​ធ្លាប់​និយាយ ហើយ​យើង​គ្រោង​ធ្វើ​បាតុកម្ម​និង​ធ្វើ​ញត្តិ​ទៅ​ដាក់​នៅ​ប្រទេស​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា»

ចំណែក​អ្នកវិភាគ​នយោបាយ លោក គឹម សុខ វិញ លោក​យល់​ថា ដោយសារ​តែ​វិបត្តិ ជា​ច្រើន​ហ៊ុំ​ព័ទ្ធ​ជុំវិញ​តំបន់​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា​ផង ហើយ​កម្ពុជា​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ខ្លួន​ឯង​ផង និង​ក្រុម​លោក ហ៊ុន សែន លម្អៀង​ទៅ​រក​ចិន​ខ្លាំង​ផង ដូច្នេះ​ជប៉ុន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រក្សា​ទំនាក់ទំនង​ដើម្បី​សម្របសម្រួល​ជាមួយ​លោក ហ៊ុន សែន ឡើយ ដើម្បី​កុំឲ្យ​បញ្ហា​កាន់តែ​ធ្ងន់​បន្ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ជឿ​ថា ជប៉ុន​ក៏​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​ជាមួយ​កម្ពុជា​ឡើយ ប្រសិនបើ​លោក ហ៊ុន សែន មិន​រក្សា​ជំហរ​ឯករាជ្យ ហើយ​ស្ដារ​ប្រជាធិបតេយ្យ​ទេ​នោះ៖

«ប្រសិនបើ​លោក ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ផល​ប្រយោជន៍​ធំ​ណាស់​ដល់​ប្រជាជាតិ​ខ្មែរ​បាន​ទាំង​ទំនាក់ទំនង​ល្អ​ការ​ទូត​ជាមួយ​ ប្រទេស​សេរី​ប្រជាធិបតេយ្យ​ទូលំទូលាយ​ បាន​ទាំង​ជំនួយ​ឥត​សំណង ​និង​កម្ចី​ការ​ប្រាក់​ទាប​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ពី​ប្រទេស​ជប៉ុន ​ពី​សហភាព​អឺរ៉ុប ​និង​ពី​សហរដ្ឋអាមេរិក។មិន​ត្រឹមតែ​ជំនួយ​ឥត​សំណង​និង​កម្ចី​ការប្រាក់​ទាប​ទេ ​ថែម​ទាំង​បាន​ផល​ដ៏ធំធេង​ពី​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ថែមទៀត»

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​រង​ការ​រិះគន់​ជា​ច្រើន​ថា មាន​និន្នាការ​ លម្អៀង​​ខ្លាំង​ទៅ​រក​​ចិន​ ដែល​ធ្វើ​ឲ្យ​អាស៊ាន ប្រឈម​ការ​បែក​បាក់ និង​តែង​ធ្វើឲ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​ជាក់លាក់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ ដូចជា បញ្ហា​ភូមា និង​ញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​រង​ការ​រិះគន់​ខ្លាំង​ថា ​ធ្វើឲ្យ​កម្ពុជា ខូចខាត​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ក្រុម​​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​លើ​ពិភពលោក ដូចជា​ សហរដ្ឋអាមេរិក ​និង​អឺរ៉ុប​ជាដើម ​ដោយ​ជំនួស​មកវិញ​នូវ​ការ​ស្វះស្វែង​រក​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ផ្តាច់ការ​ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
គណបក្ស​កាន់អំណាច​រង​ការ​រិះគន់​ដែល​នៅ​បន្ត​យក​ថ្ងៃ ២​ធ្នូ មក​ឃោសនា​រក​ការ​គាំទ្រ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។