លោក ហ៊ុន សែន​ ប្រកាស​តាម​ចាប់​ខ្លួន​បណ្ឌិត ​សេង សារី​ ដែល​វិភាគ​រឿង​លទ្ធភាព​បង្កើត​​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2021.09.17
លោក ហ៊ុន សែន​ ប្រកាស​តាម​ចាប់​ខ្លួន​បណ្ឌិត ​សេង សារី​ ដែល​វិភាគ​រឿង​លទ្ធភាព​បង្កើត​​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងបណ្ឌិត សេង សារី

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ​លោក ហ៊ុន សែន ​ប្រកាស​តាម​ចាប់​ខ្លួន​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម ​បណ្ឌិត ​សេង សារី ​​បន្ទាប់ពី​លោក​​វិភាគ​អំ​ពី​លទ្ធភាព​​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ដែល​លោក សម រង្ស៊ី ​លើកឡើង។ បណ្ឌិត ​សេង សារី ​ឆ្លើយ​តប​ថា ការវិភាគ​របស់​លោក​កន្លងមក​ គឺ​ជា​ការ​បង្ហាញ​ទស្សនៈ​ស្រប​តាម​ច្បាប់​​ ដើម្បី​ឲ្យ​កម្ពុជា​ដើរ​នៅ​លើ​គន្លង​ប្រជាធិបតេយ្យ និង​ចង់ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចរចា​គ្នា ដោយ​លោក​​មិន​បាន​គាំទ្រ​ចលនា​នយោបាយ​ណា​មួយ​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​អារម្មណ៍​ខឹង​សម្បារ ជេរប្រមាថ​ជា​សាធារណៈ និង​ប្រកាស​​តាម​​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​មួយ​រូប គឺ​បណ្ឌិត សេង សារី ដោយសារ​អ្នក​វិភាគ​រូប​នេះ​បាន​​បញ្ចេញ​ទស្សនៈ​អំពី​បញ្ហា​នយោបាយ ខុស​ពី​ចិត្ត​របស់​លោក។

លោក ហ៊ុន សែន អះអាង​ថា តុលាការ​​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​បណ្ឌិត សេង សារី រួចហើយ​ដោយសារ​តែ​លោក ​បង្ហោះ​ទស្សនៈ​វិភាគ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​លក្ខ​ខណ្ឌ​ ៦​ចំណុច ​ដែល​អាច​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​តាម​ការ​អំពាវនាវ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី៖ «មាន​អា​បណ្ឌិត​មួយ​ទៀត ​មាន​ដីកា​ចាប់​ខ្លួន​រួច​ហើយ​ ព្រោះ​ហ្អែង​គាំទ្រ​លក្ខខណ្ឌ ៦​ចំណុច ​ដែល​អាច​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​បាន។ តុលាការ​ចេញ​ដីកា​បាត់​ហើយ។ បើ​រត់ៗ ឲ្យ​បាន​ឆ្ងាយ​បន្តិច​ រត់​ក្បែរៗ ហ្នឹង​រត់​មិន​រួច​ទេ។ ប្រាប់​ឲ្យ​ហើយ​ឲ្យតែ​រឿង​ទាក់ទង​នឹង​ចលនា​ប្រដាប់​អាវុធ​ រដ្ឋាភិបាល​ក្រៅ​ប្រទេស ត្រូវតែ​ចាប់ខ្លួន ​បើ​មិន​ចាប់​ខ្លួន​មិនមែន​រដ្ឋាភិបាល​ទេ»

លោក ហ៊ុន សែន ឲ្យ​ដឹង​ថា សមត្ថកិច្ច ​បាន​ស្វែង​រក​ចាប់​ខ្លួន​បណ្ឌិត សេង សារី ដល់​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ ​ប៉ុន្តែ​រក​មិន​ឃើញ ព្រោះ​លោក​កំពុង​ស្នាក់នៅ​ប្រទេស​ថៃ។ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​រូប​នេះ បន្ត​ថា ប្រសិនបើ​អ្នកវិភាគ​រូប​នេះ ​មិន​ព្រម ​ដក​អត្ថបទ​វិភាគ​របស់​ខ្លួន​ចេញ​ពី​ហ្វេសបុក​ទេ ​លោក​ចាត់ទុកថា​ ជា​បទ​ល្មើស​ជាក់​ស្ដែង ដែល​ឃើញ​ទីណា​ចាប់​នៅ​ទីនោះ ​ទោះ​ម៉ោង ​១២​យប់​ក៏ដោយ។ លោក ហ៊ុន សែន ​មិន​ត្រឹមតែ​ព្រមាន​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គំរាម​បាញ់​សម្លាប់​ពលរដ្ឋ​ណា ដែល​ហ៊ាន​បង្កើត​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ ដែល​លោក​ហៅថា ជា​ក្រុម​ឧទ្ទាម នោះ​ទៀត​ផង«ខ្ញុំ​បាន​ជា​បង្ហើប​ទៅ​ហើយ អា​ហ្នឹង​មាន​ដីកា​ចាប់​ខ្លួន មើល​យក​វា​មក​សួរ​មើល។ អា ៦ចំណុច​ជា​លក្ខខណ្ឌសម្រាប់​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​ហ្អែង​លើក​ទឹក​ចិត្ត​បង្កើត? ហ្អែង​បង្កើត ហ្អែង​គុក! មិន​មែន​ត្រឹម​តែ​គុក​ទេ ដែល​ហៅ​ថា ចលនា​ឧទ្ទាម គេ​បាញ់​ផង! គេ​ឃើញ គេ​បាញ់! មិន​មែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ សូម​បញ្ជាក់​ឱ្យ​ហើយ​អា​រឿង​ក្របខ័ណ្ឌ​នយោបាយ​ផ្សេង អា​ចលនា​ប្រដាប់​អាវុធ​ផ្សឹង ព្រោះ​គេ​ធ្វើ​តាម​បែប​ភូមា»

ការព្រមាន​របស់​លោក ហ៊ុន សែន ​នេះ ​ធ្វើឡើង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ​ដល់​កុមារ​អាយុ​ចន្លោះ​ពី ​៦​ឆ្នាំ​ដល់ ​១១ឆ្នាំ​ នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែកញ្ញា។ ក្រៅ​ពី​ប្រកាស​តាម​ចាប់​បណ្ឌិត សេង សារី ហើយ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ ក៏បាន​ព្រមាន​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​មួយ​រូប​ទៀត​ដែរ គឺ​បណ្ឌិត មាស នី ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បញ្ចេញ​មតិ​រិះគន់​ទំនាក់ទំនង​កម្ពុជា-ចិន។

ទាក់ទង​នឹង​ការ​ប្រកាស​​តាម​ខ្លួន​បណ្ឌិត សេង សារី ពី​ប្រទេស​ថៃ​នេះ វិទ្យុ​អាស៊ី​សេរី​ មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​លោក​ ឆាយ គឹមខឿន ​បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​នាំ​ខ្លួន​លោក ​សេង សារី មក​ដាក់​ទោស​នៅ​កម្ពុជា៖ «តាម​ធម្មតា​យើង​ មាន​អាំងទែរប៉ូល (Interpol) ដែល​ជា​កិច្ច​សហប្រតិបត្តិការ ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ម្ល៉ោះ​ហើយ​យើង​មាន​លទ្ធភាព​បញ្ជូន​មកវិញ»

ទោះ​ជា​យ៉ាង​ណា អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី ប្រាប់​អាស៊ី​សេរី​ថា ពេល​នេះ​ លោក​​កំពុង​ស្ថិតនៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ​ ប៉ុន្តែ​ លោក​នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​គ្រួសារ​លោក ​នៅ​ឯ​ស្រុកកំណើត។ ​លោក​ឆ្លើយតប​ថា ការ​វិភាគ​របស់​លោក​កន្លងមក ​មិនមែន​មាន​ន័យ​ថា ​លោក​គាំទ្រ​ចលនា​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ខុស​ច្បាប់​នោះ​ទេ។ លោក​យល់ថា ​ការចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន​ ថា​ លោក​​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ គឺជា​ការ​ភ័ន្តច្រឡំ​ ដូច្នេះ​លោក​ទាមទារ​ឲ្យ​ផ្តល់​យុត្តិធម៌​សម្រាប់​លោក​វិញ​ ព្រោះ​លោក​គ្រាន់​តែ​ជា​អ្នកវិភាគ​ឯករាជ្យ​ម្នាក់ ​មិន​មាន​កម្លាំង​នយោបាយ​ ឬ​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ៖ «ការវិភាគ​របស់ខ្ញុំ​ទាំង​ ៦​ចំណុច​នេះ​ គឺជា​លក្ខខណ្ឌ​ដែល​ជា ការ​វិភាគ​បែប​សេណារីយ៉ូ​ ដែល​មានន័យថា​ គំនិត​ផ្ដួចផ្ដើម​នោះ​វា​អាច​ទៅ​រួច ​លុះ​ត្រា​តែ​វា​មាន ៦ចំណុច​។ ដូច្នេះ​ហើយ ​វា​អត់​មាន​ចំណុច​ណាមួយ​ ដែល​ខ្ញុំ​គាំទ្រ​ទៅលើ​ការ​ផ្ដួចផ្ដើម​បង្កើត​ចលនា ឬ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ទេ។ ប៉ុន្តែ​ខ្ញុំ​ជា​អ្នកវិភាគ ​គឺ​ខ្ញុំ​ វិភាគ​ជា​សេណារីយ៉ូ ហើយ​ខ្ញុំ​ដាក់​លក្ខខណ្ឌ​ជូន​ហើយ​ទៅ​រួច ឬ​មិន​ទៅ​រួច​វា​អាស្រ័យ​ទៅ​លើ​អ្នក​នយោបាយ។ ខ្ញុំ​អត់​មាន​កម្លាំង​នយោបាយ ខ្ញុំ​មានតែ​មាត់​មាន​តែ​សំឡេង​ ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម​របស់​ខ្ញុំ»

កាលពីខែកក្កដា​​កន្លងទៅ ​បណ្ឌិត​ សេង សារី ​បាន​បង្ហោះ​អត្ថបទ​វិភាគ​ខ្លីមួយ​នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ដាក់​ចំណង​ជើង​ថា ​តើ​ការ​ផ្តួច​ផ្តើមគំនិត​​បង្កើតរ​ដ្ឋា​ភិបាល​បង្រួបបង្រួមជាតិ​របស់​លោក សម រង្ស៊ី ​អាច​ទៅ​រួច ឬ​មិន​ទៅ​រួច?។ លោក​បាន​សាកល្បង​វិភាគ​ថា ​មាន​កម្លាំង​៦ ​ធំៗ​​ ដែល​អាចធ្វើឲ្យ​នយោបាយ​កម្ពុជា​ប្រែប្រួលតាមការ​អំពាវនាវ​របស់​លោក សម សរង្ស៊ី។ ទី​១ កម្លាំង​​អ្នកគាំទ្រគណបក្សប្រឆាំង។ ទី​២ កម្លាំង​មហាជន ​ដែល​ចង់ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ​ហើយ​​រងអយុត្តិសង្គម ​ការំលោភ​បំពាន​ ការជិះជាន់ ​និង​ពោរពេញ​ដោយ​ការ​ឈឺចាប់។ ទី៣ ​គឺ​កម្លាំងយុវជន​ដែល​ចំណាក​ស្រុក​ និង​បាត់បង់​ការងារ​ ហើយ​ទី៤ គឺ​​កម្លាំង​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច ​ដែលបែកបាក់។​ ទី៥ កម្លាំង​ប្រដាប់​អាវុធ ​ដែលទទួល​អំពើអយុត្តិធម៏​ក្នុងការ​បំពេញ​​ការងារ​ និង​ទី​៦ គឺ​កម្លាំង​អន្តរ​ជាតិ ​និង​ប្រទេសជិតខាង។ ដូច្នេះ​ លោក​​យល់​ថា ​លទ្ធភាព​ក្នុងការ​បង្កើត​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ​អាច​ទៅ​រួច ​លុះត្រាតែ​មាន​កម្លាំង​លើស​ពី ៣ ក្នុង​ចំណោម​កម្លាំង​ទាំង៦ ​ងើបឡើង​ព្រមគ្នា។ ម្យ៉ាងទៀត ​លោក​​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ ​ធានា​យុត្តិធម៌​សង្គម ​ឈប់​រំលោភបំពាន​ពលរដ្ឋ ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​មាន​គំនិត​ផ្ទុយ ​និង​ឲ្យ​កម្ពុជា​ត្រឡប់​ទៅ​​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ​ ស្ថាន​ភាព​ពិត​ជា​ពិបាក​ប៉ាន់ស្មាន​ណាស់។

ជុំវិញ​ករណី​នេះ​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក​ លោក ស៊ឹង សែន ករុណា ​មាន​ប្រសាសន៍​ថា ​ការ​លើក​ឡើង​របស់​អ្នកវិភាគ​ទាំងនេះ​ គឺ​សុទ្ធតែជា​​​ទស្សនៈ ដែល​ស្រប​តាម​ច្បាប់ជាតិ ​និង​អន្តរជាតិ​ ​ដែល​មិន​គួរ​ទទួល​រងការ​ដាក់ទោស​ទណ្ឌនោះ​ទេ។ លោក​បារម្ភថា ​សារព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ នឹង​ធ្វើឲ្យ​សេរីភាព​បញ្ចេញ​មតិ កាន់​តែ​​ធ្លាក់​ចុះថែម​ទៀត៖ «ជា​រឿង​មួយ​ដែល​យើង​ព្រួយ​បារម្ភ​ ចំពោះ​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ីចឹង ​ហើយ​ធ្វើ​ឲ្យ​ធនធាន​អ្នកវិភាគ​លើ​រឿង​នយោបាយ​ និង​សង្គម​ទាំង​អស់​នេះ​កាន់​តែ​​ថមថយ​ទៅ ​ហើយ​ធ្វើឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច ​ហើយ​ក៏ជះ​ឥទ្ធិពល​ទៅ​ដល់​អ្នក​ធ្វើ​កិច្ច​ការងារ​សង្គម ​ឬក៏​ប្រជាពលរដ្ឋផ្សេង​ៗ ទៀត ​ព្រោះ​អ្នកចេះដឹង​ គាត់​បញ្ចេញ​ទស្សនៈ​ និង​គំនិត​តែប៉ុណ្ណឹង​ ពួកគាត់​រងការ​គំរាមកំហែង​ ចុះ​ទម្រាំ​ពលរដ្ឋ​សាមញ្ញ​ តើ​គាត់​ហ៊ាន​បញ្ចេញ​មតិយោបល់​ដោយ​របៀប​ម៉េច?»

តាំង​ពី​ដើម​មក អ្នក​ដែល​និយាយ​ការពិត​ដើម្បី​ប្រយោជន៍​ជាតិ តែ​មិន​ស្រប​នឹង​ទស្សនៈ​របស់​លោក ហ៊ុន សែន តែងតែ​ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាត់​ទុក​ជា​សត្រូវ ជា​ក្រុម​អគតិ ឬ​ក្បត់​ជាតិ ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក ឬ​ត្រូវ​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​រស់នៅ​បែកបាក់​គ្រួសារ។ ជាមួយ​គ្នា​នេះ អ្នក​វិភាគ​ខ្លះ​ត្រូវ​ទៀត ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ដូច​ជា​បណ្ឌិត កែម ឡី ជាដើម ហើយ​សមត្ថកិច្ច​មិន​បាន​ស៊ើប​អង្កេត​ស្វែងរក​ការ​ពិត​ដោយ​ឯករាជ្យ និង​ពេញលេញ​នោះ​ឡើយ។

សហគមន៍​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា ទង្វើ​របស់​ក្រុម​មេដឹកនាំ​របប​លោក​ ហ៊ុន សែន ​ទៅ​វិញ​ទេ ​ដែល​កំពុង​ជាន់​ឈ្លី​គោល​ការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ ​ដើម្បី​បន្ត​​ក្ដោបក្ដាប់​អំណាច​ត​វង្ស​ត្រកូល​តាម​បែប​ផ្ដាច់ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។