ប្រធានសមាគមខ្មែរនៅអូស្ត្រាលីរិះគន់ទូតខ្មែរថា គួរធ្វើជាអ្នកតំណាងប្រទេស មិនមែនតំណាងបក្សទេ
2023.02.02

ប្រធានសមាគមខ្មែរនៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី(Australia) រិះគន់ ឯកអគ្គរាជទូតខ្មែរនៅប្រទេសនេះ គួរធ្វើការតាមតួនាទីរបស់ខ្លួន ដោយមិនមែនជាតំណាងរបស់បក្សនៅក្នុងស្ថានទូតនោះទេ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីប្រធានយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣០ មករា បានជួបជាមួយឯកអគ្គរាជទូតខ្មែរទើបតែងតាំងថ្មីចំនួន ១០រូប មុននឹងទៅបំពេញតួនាទីតាមប្រទេសនានា។
ប្រធានសមាគមខ្មែរនៅបរទេស និងអង្គការសង្គមស៊ីវិលរិះគន់រដ្ឋាភិបាលថា ការដែលផ្ដល់តួនាទីឲ្យឯកអគ្គរាជទូតជាប្រធានគណៈកម្មាធិការគណបក្ស ឬប្រធានគណៈកម្មាធិការសាខាគណបក្ស នៅតាមបណ្តាប្រទេសគឺជាការខុសឆ្គង។ ពួកគាត់យល់ឃើញថា ប្រសិនបើគណបក្សកាន់អំណាចចង់ពង្រឹងគណបក្សទៅតាមប្រទេសនានា គួរតែចាត់តាំងបុគ្គលផ្សេងក្រៅពីឯកអគ្គរាជទូតដែលតំណាងឱ្យកម្ពុជានៅក្រៅប្រទេស។
ប្រធានសមាគមខ្មែរនៅរដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលី(Australia) លោក ជា យូហ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ កុម្ភៈ នេះ ថា លោកចង់ឃើញប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដដោយគណបក្សនយោបាយទាំងអស់ មានលទ្ធភាពស្មើគ្នា ក្នុងការផ្សព្វផ្សាយ ការពង្រឹង និងក្នុងការបោះឆ្នោត។ លោកបន្តថា ការតែងតាំងឯកអគ្គរាជទូតខ្មែរដែលជាតំណាងរបស់ប្រជាពលរដ្ឋមួយប្រទេស ទៅជាប្រធានគណៈកម្មការពង្រឹងបក្សតាមប្រទេសគឺជារឿងមិនត្រូវនោះទេ ហើយអាចធ្វើឲ្យការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ មិនមានតម្លាភាព។ លោកស្នើឲ្យឯកអគ្គរាជទូតខ្មែរទាំងអស់ ដែលបំពេញតួនាទីនៅក្រៅប្រទេស ធ្វើអ្វីគ្រប់យ៉ាងឲ្យគិតដល់ផលប្រយោជន៍ជាតិជាធំ ជាជាងគិតតែពីការពង្រឹងអំណាចបក្ស និងស្វែងរកផលប្រយោជន៍ដើម្បីបក្សរបស់ខ្លួន។
លោក ជា យូហ៊ន៖ «ខ្ញុំឃើញប្លែកឥឡូវនិង គឺ គេមកបំបែកបំបាក់ ខ្មែរនៅតាមបរទេសដែរ ដូចជានៅរដ្ឋវ៉ិកតូរីយ៉ានៅអ៊ីចឹង គេមានបង្កើតខាងក្នុងគណបក្ស ស៊ីភីភី(CPP)គេឥឡូវគេបង្កើតសមាគមគេបង្កើតអ៊ីចឹងទៅណា៎ ដល់សមាគមគេហ្នឹងអត់ អត់ដែលធ្វើការអ៊ីទេ អត់ធ្វើការអ៊ីទេ ប៉ុន្តែដល់កាលណា លោកធំគេហ្នឹងមក បានគេប្រមូលគ្នាទៅស៊ីផឹក នៅអាណាបេលឡានៅ រេស្ទឹរ៉ង់(Restaurant) អ៊ីចឹងទៅ ហើយមិនបាច់ចេញលុយ ហ៊ី... អ្នកណាក៏ចង់ទៅញាំដែរបាទ រួចអាហ្នឹងគេហៅតែគ្នាគេទេ»។
ប្រតិកម្មរបស់ប្រធានសមាគមខ្មែរនៅបរទេសបែបនេះ បន្ទាប់ពីប្រធានយុវជនគណបក្សប្រជាជនកម្ពុជាដែលជាបេក្ខជនបន្តវេននាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតទាំង១០រូប ដែលទើបនិងតែងតាំងថ្មី មុននឹងទៅបំពេញភារកិច្ចនៅតាមប្រទេសនានា។
តាមរយៈការបង្ហោះលើគណនីផ្លូវការលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)របស់ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព។ ឯកអគ្គរាជទូតទាំង១០រូបនោះ រួមមាន៖ លោក កុយ គួង ជាឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា លោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូតប្រចាំប្រទេសគុយវ៉ែត លោក ហ៊ុន សារឿន និងឯកអគ្គរាជទូតផ្សេងទៀត។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា នៅពេលដែលឯកអគ្គរាជទូតខ្មែរនៅបរទេសធ្វើជាប្រធានគណៈកម្មាធិការពង្រឹងបក្ស លោកព្រួយបារម្ភខ្លាច ការបម្រើផលប្រយោជន៍ពលរដ្ឋលំអៀងទៅរកគណបក្សកាន់អំណាច ។ លោកចង់ឃើញឲ្យមានការបែងចែកឲ្យដាច់រវាងមន្ត្រីតំណាងប្រទេស និងមន្ត្រីតំណាងបក្ស។
លោក សំ គន្ធាមី៖ «បាទខ្ញុំគ្រាន់តែសំណូមពរអ៊ីចឹង មន្ត្រីគាត់ធ្វើកិច្ចការមន្ត្រីឲ្យដាច់ពីគ្នាណាបាទ គណបក្សគួរតែមានតំណាងគណបក្សផ្សេងណា៎ អ្នកដែលផ្សេងក្រៅពីអគ្គរាជទូត (Ambassador) ហ្នឹងបាទ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងទៅកាន់អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុឃឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១ កុម្ភៈ នេះ ដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។ ប៉ុន្តែ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្លាប់ច្រានចោលការលើកឡើងថា ស្ថានទូតមិនយកចិត្តទុកដាក់លើការងារជូនពលរដ្ឋ ហើយប្រព្រឹត្តអំពើពុករលួយជាដើម កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅ ដោយបានលើកឡើងថាស្ថានទូតខ្មែរនៅក្រៅប្រទេស ធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការជួយគាំពារដល់ប្រជាពលរដ្ឋ។
មាត្រា៣៧ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចែងថា មន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយ ដូចជាធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយទៀត។ ការប្រព្រឹត្តផ្ទុយនឹងមាត្រានេះ ចាត់ទុកជាកំហុស និងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
ច្បាប់កំណត់ថា ឯកអគ្គរាជទូតតំណាងឲ្យរដ្ឋាភិបាល មានតួនាទីដើម្បីការពារ បម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែកន្លងទៅ ពលរដ្ឋ និងសង្គមស៊ីវិល តែងរិះគន់ថា ស្ថានទូតមិនយកចិត្តទុកដាក់លើការងារជូនពលរដ្ឋ ហើយប្រព្រឹត្តអំពើពុករលួយ ទារលុយពីពលរដ្ឋពេលស្វែងរកជំនួយ ឬឯកសារផ្សេងៗ រើសអើងនិន្នាការនយោបាយ ប្រើប្រាស់ម៉ោងការងាររដ្ឋធ្វើការឲ្យបក្ស និងយកទីតាំងឯកអគ្គរាជទូតខ្មែរយកធ្វើជាកន្លែងប្រជុំបក្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។