ប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលមួយចំនួននៅក្នុងវត្តចាស់ ភូមិចម្ការឪឡឹក ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានព្រះសង្ឃជាច្រើនអង្គ និងប្រជាពលរដ្ឋជាច្រើននាក់ចូលរួម នៅថ្ងៃ៣០ មីនា។
មានព្រះបន្ទូលនៅក្នុងពិធីបុណ្យនោះ ព្រះអង្គមិនបានលើកឡើងពីគោលនយោបាយរបស់គណបក្សព្រះអង្គដែលទើបតែបង្កើតថ្មីនោះទេ ប៉ុន្តែព្រះអង្គបែរជាលើកឡើងអំពីការចង់ឲ្យមានការដោះស្រាយបញ្ហានយោបាយដែលជាប់គាំងពីសំណាក់គណបក្សជាប់ឆ្នោតធំៗទាំងពីរ ពិសេសសុំឱ្យបក្សសង្គ្រោះជាតិ ចូលសភាដើម្បីដោះស្រាយបញ្ហាជាតិជាធំ។
នេះជាលើកដំបូងហើយ ដែលប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ បានបង្ហាញពីព្រះវត្តមានរបស់ទ្រង់ នៅតាមមូលដ្ឋានដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម។ មានព្រះរាជបន្ទូលក្នុងពិធីនោះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែជឿជាក់ថា ប្រជាពលរដ្ឋខ្មែរនៅតែមានភក្ដីភាពចំពោះសែរាជវង្សានុវង្ស ពិសេសគឺព្រះបរមរតនកោដ្ឋិ ឬសម្ដេចឪ ដែលស្ថិតនៅក្នុងសន្ដានចិត្តរបស់ប្រជាពលរដ្ឋខ្មែរទូទៅ។ បន្ថែមពីនេះទៀត ព្រះអង្គនៅតែទទូចឱ្យគណបក្សធំៗ ទាំងពីរធ្វើការដោះស្រាយបញ្ហាជាតិជាមួយគ្នា ពិសេសទទូចឱ្យបក្សប្រឆាំងព្រមចូលសភាដើម្បីដោះស្រាយបញ្ហាជាតិទាំងមូល។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះរាជបន្ទូលថា ព្រះអង្គមានអារម្មណ៍សប្បាយព្រះទ័យណាស់ដែលបានចូលរួមក្នុងពិធីបុណ្យឆ្លងសមិទ្ធផលក្នុងវត្តនៅពេលនេះ។ ព្រះអង្គបន្តថា តាមការប្រមើលទៅ ប្រជាពលរដ្ឋដែលបានចូលរួមនោះមិនបញ្ជាក់ថា គាំទ្រព្រះអង្គនោះទេ ប៉ុន្តែប្រជាពលរដ្ឋគឺនៅតែមានភក្តីភាពចំពោះព្រះបិតារបស់ព្រះអង្គ ជាប់ក្នុងសន្ដានចិត្តដដែល ហើយស្ថាប័នព្រះមហាក្សត្រនៅតែមានសារសំខាន់សម្រាប់ប្រជានុរាស្ត្រ ប្រៀបបានទឹកនិងត្រីយ៉ាងនោះឯង។
ព្រះអង្គបន្ថែមទៀតថា ចំពោះរឿងថា ព្រះអង្គបង្កើតគណបក្សនយោបាយដើម្បីបំបែកសំឡេងគណបក្សប្រឆាំងនោះ គឺជារឿងមិនអាចទៅរួចនោះទេ ពីព្រោះមិនមានគណបក្សណាមួយជាសត្រូវរបស់ព្រះអង្គឡើយ។
សម្ដេចក្រុមព្រះ៖ «មានស្វាមីភក្ដិចំពោះឪពុកខ្ញុំ ព្រះបរមរតនកោដ្ឋិ សម្ដេចតា សម្ដេចតាទូត ដែលព្រះអង្គជាព្រះបិតាជាតិ ព្រះរាជបិតានៃឯករាជ្យជាតិ ព្រះរាជបិតានៃការរួបរួមជាតិ ព្រះរាជបិតាជាតិ និយាយឱ្យចំទៅ ប្រជារាស្រ្តគាត់ស្រលាញ់ខ្លាំងណាស់។ ដូច្នេះ លោកយាយ លោកតា លោកមាលោកមីងខ្លះគាត់និយាយថា យី! មើលមុខខ្ញុំដូចមុខលោក (សម្ដេចតា) អ៊ីចឹង។ តាមយោបល់របស់ខ្ញុំព្រះអង្គ ដែលអញ្ជើញមកនេះ ដោយការនឹករលឹក ទីពីរ ដោយសារខ្ញុំយល់ថា ខ្ញុំនិយាយថាជាតិៗៗ ទីពីរអញ្ជើញមកអបអរសាទរនូវអ្វីមួយដែលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។
ទោះបីជានៅក្នុងពិធីនោះព្រះអង្គមិនបានមានព្រះរាជបន្ទូលទាក់ទងនឹងគោលនយោបាយបក្សរបស់ព្រះអង្គដែលទើបនឹងបង្កើតថ្មីក៏ដោយ ប៉ុន្តែអ្វីដែលព្រះអង្គបានលើកឡើង គឺចង់ឱ្យគណបក្សធំៗទាំងពីរព្រមចូលដោះស្រាយបញ្ហាជាតិជាមួយគ្នា ពិសេសទទូចឱ្យគណបក្សប្រឆាំងព្រមចូលសភា និងរឹតតែមិនចង់ឱ្យមានការធ្វើបាតុកម្មដែលអាចនាំឱ្យមានការបង្ហូរឈាមខ្មែរទៀតផង។
សម្ដេចក្រុមព្រះ៖ «បិណ្ឌបាតសុំឱ្យអ្នកធំពីរសព្វថ្ងៃដែលគេបោះឆ្នោតឱ្យនោះ សូមឱ្យជានាគ្នាទៅ។រកមធ្យោបាយឱ្យចេញមកងរ អីក៏ងរ... ចូលទៅរដ្ឋសភាទៅ ចូលទីរដ្ឋសភាទៅ។ លោកតាអ្នកណាមិនដឹងដែរថា អាលទ្ធផលនេះវាយ៉ាងម៉េចទៅៗៗៗ ចូលទៅ។ ខ្ញុំព្រះករុណាខ្ញុំក៏ដឹងដែរ នៅឆ្នាំ១៩៩៨ ថាបានប៉ុន្មានអីប៉ុន្មាន ខ្ញុំដឹងទាំងអស់។ បើមិនអ៊ីចឹងទេ មានអ្នកគេស្រវឹង ពេលដែលមិនស្រវឹងមិនអីទេ ប៉ុន្តែពេលស្រវឹងប្រាប់ថា ព្រះអង្គម៉េចក៏ចូលបាន...។ ព្រះករុណាព្រះជាម្ចាស់តម្កល់លើត្បូង លោកតា លោកយាយ ស្រលាញ់សម្ដេចតាទេ?»។
ការទទួចឱ្យបក្សប្រឆាំងចូលសភានេះ ត្រូវបានអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនយល់ស្របជាមួយព្រះរាជបន្ទូលរបស់ព្រះអង្គឡើយ ដោយសារលោកយល់ថា គឺជាគំនិតដែលនាំឱ្យគណបក្សខ្លួនចាញ់និងរលាយទៅវិញ៖ «ខ្ញុំមិនទៅឆ្លើយអីជាមួយសម្ដេចក្រុមព្រះទេ។ យើងយកគំនិតមនុស្សចាញ់មកធ្វើតាមគាត់យើងចាញ់ទៀតហើយ ពីព្រោះគាត់ៗធ្លាប់ចាញ់ហើយ រលាយ ដឹកនាំគណបក្សឡើងរលាយហើយ ហើយបើយើងធ្វើតាមយោបល់របស់គាត់ អ៊ីចឹងមានន័យថា យើងចង់ឱ្យគណបក្សរបស់យើងរលាយទៀត។ ដូច្នេះប្រជាពលរដ្ឋគាត់មិនល្ងង់ទេ ហើយយោបល់របស់គាត់ គឺចង់ឱ្យគណបក្សរលាយ គឺយោបល់កញ្ជេះគណបក្សប្រជាជន ហើយធ្វើឱ្យបក្សរលាយ ហើយនរណាទៅធ្វើតាមគាត់ ដូចនេះខ្ញុំមិនចាប់អារម្មណ៍ទេក្មួយ»។
ការបង្ហាញព្រះវត្តមានរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យពេលនេះ គឺនៅក្នុងពិធីបុណ្យឆ្លងស្ពាន ផ្លូវលំ សាលាឆទាន ប្រតិស្ឋានដើមពោធិព្រឹក្ស ដែលដង្ហែរពីប្រទេសឥណ្ឌា និងមហាសង្ឃទាន ដែលរៀបចំឡើងដោយអង្គការធម្មទានសង្គម ហៅថា អេស.ឌី.ឌី.អូ (SDDO) នៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។