មន្ត្រី​ពន្ធនាគារ​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ សំអាន ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

ដោយ ជី វិតា
2022.08.15
Share on WhatsApp
Share on WhatsApp
មន្ត្រី​ពន្ធនាគារ​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ សំអាន ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី លោក គង់ សំអាន មន្ត្រី​បក្ស​ប្រឆាំង​នៅ​ស្រុក​មេមត់ ខេត្តត្បូង​ឃ្មុំ ដែល​កំពុង​មាន​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ។
រូបភាពពីពលរដ្ឋ

មន្ត្រី​ពន្ធនាគារ​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូង​ឃ្មុំ លោក គង់ សំអាន ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​នៅ​ថ្ងៃ​ទី១៥ ខែសីហា ក្រោយ​ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ខែ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ចង្អៀត​ណែន។ មន្ត្រី​សង្គម​ស៊ីវិល​សាទរ ប៉ុន្តែ​ជំរុញ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុក​ដាក់​ឆ្លើយតប​ក្នុង​ការ​ផ្តល់​សេវា​សុខភាព​ដល់​ជន​ជាប់​ឃុំ​ឱ្យ​ប្រសើរ​ជាង​នេះ ដើម្បី​បញ្ចៀស​ការ​រិះគន់​ផ្សេងៗ ពី​សាធារណជន​ជុំវិញ​ការ​រើស​អើង​ផ្នែក​នយោបាយ ដែល​ខុស​ពី​ឧកញ៉ា​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ស្រុក​មេមត់ ខេត្តត្បូង​ឃ្មុំ លោក គង់ សំអាន ដែល​មាន​ជំងឺ​លើស​ឈាម ជំងឺ​ដុះ​សាច់​តម្រង​នោម ជំងឺ​ក្រពះ ជាពិសេស​ជំងឺ​ឈឺ​ធ្មេញ​បណ្ដាល​ឱ្យ​ពិសា​បាយ​មិន​បាន​សម្រាន្ត​មិន​លក់ រង​ទុក្ខ​វេទនា អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ហើយ​​ទើប​តែ​បាន​ទៅ​ពិនិត្យ​និង​​​ព្យាបាល​ជំងឺ​ធ្មេញ​ពី​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែសីហា។

កូន​ស្រី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​លោក គង់ សំអាន គឺ​កញ្ញា គង់ មុយលី ប្រាប់​ថា​វិទ្យុ​អាស៊ី​សេរី​ថា ឪពុក​របស់​កញ្ញា​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ដោយ​គ្រូ​ពេទ្យ​បាន​ដក​ធ្មេញ​ចំនួន៣ ដែល​ខូច​នៅ​ផ្នែក​ខាង​លើ​ចេញ ដើម្បី​កុំ​ឱ្យ​នៅ​ឈឺ​ចាប់​បន្ត​ទៀត។ កញ្ញា​បន្ត​ថា​ខាង​គ្រូពេទ្យ​ក៏​បាន​អនុញ្ញាត​ឱ្យ​សាច់​ញាតិ​ចូល​សួរ​សុខ​ទុក្ខ​ឪពុក​នៅ​ក្នុង​បន្ទាប់​ព្យាបាល​ផ្នែក​ធ្មេញ​ដែរ។ ទោះ​យ៉ាង​ណា​ក្ដី កូន​ស្រី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ មិន​ពេញ​ចិត្ត​ចំពោះ​មន្ត្រី​ពន្ធនាគារ​សម្រេច​បញ្ជូន​ឪពុក​ត្រឡប់​ទៅ​មន្ទីរ​ឃុំឃាំង​វិញ​ភ្លាមៗ ក្រោយ​ពេល​គ្រូពេទ្យ​ព្យាបាល​ធ្មេញ​របស់​គាត់​រួច ដោយ​មិន​ឱ្យ​នៅ​សម្រាក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេង​ទៀត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ទេ។ ទន្ទឹម​នឹង​នេះ កញ្ញា គង់ មុយលី នៅតែ​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ឪពុក​ពី​ព្រោះ​គាត់​មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​រាំរ៉ៃ​ប្រចាំ​កាយ​ច្រើន​មុខ ដូច្នេះ​កញ្ញា​ស្នើ​ដល់​អាជ្ញាធរ​ពន្ធនាគារ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឪពុក​ដើម្បី​ឱ្យ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ៖ «បញ្ជូន​ទៅ​វិញ​តក់​ក្រហល់​ពេក អត់​បាន​សម្រាក​សម្រួល​បួល ហើយ​អត់​មាន​មើល​ជំងឺ​ផ្សេងៗ ទៀត នាង​ខ្ញុំ​សោក​ស្ដាយ​ដែរ​ចំពោះ​រឿង​ហ្នឹង គាត់​ពិបាក​រស់​នៅ​ណាស់​សូម​មេត្តា​ជួយ​ថែ​រក្សា និង​ដោះ​លែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ​ទៅ ពី​ព្រោះ​គាត់​ចាស់​ហើយ គាត់​ជា​គ្រូ​បង្រៀន​ស្អាត​ស្អំ​ម្នាក់»

ក្រៅ​ពី​លោក គង់ សំអាន ក្នុង​នោះ​មាន​សកម្មជន​ប្រឆាំង​មួយ​ចំនួន​ទៀត ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ដែរ ដូច​ជា លោក យឹម សារ៉េត និង​លោក កែវ ថៃ ជា​ដើម ហើយ​រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ពន្ធនាគារ​មិន​ទាន់​ឱ្យ​ពួក​គាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​​​មិន​​​អាច​ទាក់​ទង​អ្នក​​​នាំ​​​ពាក្យ​​​​ក្រសួង​​​​អគ្គ​នាយកដ្ឋាន​​​​ពន្ធនាគារ​​​​នៃ​​ក្រសួង​​​មហា​​ផ្ទៃ​​​លោក នុត សវនា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា។ ប៉ុន្តែ​កន្លង​មក​លោក នុត សវនា ធ្លាប់​​អះអាង​​​​​ថា​ អាជ្ញាធរ​ពន្ធនាគារ​​​តែង​​តែ​​យក​​​ចិត្ត​​ទុក​​​ដាក់​ពី​​​​​បញ្ហា​​​​សុខ​ភាព​​​​របស់​​​​ជន​​​​ជាប់​​​​ឃុំ​​​​​​ទាំង​​​​​​អស់ ដោយ​​មិន​បណ្ដោយ​ឱ្យ​​ជន​​ជាប់​ឃុំ​​ណា​​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់ធ្ងរ​​នោះ​​ទេ។

ទោះ​យ៉ាង​ណា​កន្លង​មក សកម្មជន ប្រជាពលរដ្ឋ និង​​អង្គការ​​ផ្នែក​​សិទ្ធិ​មនុស្ស​មួយ​​ចំនួន ធ្លាប់​​បាន​​រិះគន់​​អាជ្ញាធរ​​របប​​ក្រុង​ភ្នំពេញ​ ជុំវិញ​​ការ​អនុវត្ត​​ស្តង់​ដារ​​ពីរ ចំពោះ​​អ្នក​​ជាប់​ឃុំ​​ដែល​​ក្រីក្រ និង​​អ្នក​មាន​​លុយ​​មាន​អំណាច​។ អ្នក​​ជាប់​ឃុំ​​ក្រីក្រ និង​​អ្នក​ទោស​​មនសិការ មិន​​ងាយ​​ទទួល​​បាន​​ការ​អនុញ្ញាត​​ឱ្យ​​សម្រាក​​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​​ខាង​ក្រៅ​​ឡើយ ទោះ​ជា​​ពួកគេ​​មាន​​ជំងឺ​​ធ្ងន់ធ្ងរ ឬ​ក៏​​ស្នើ​សុំ​​ច្រើន​ដង​បែប​​ណា​​ក្ដី។ ផ្ទុយ​ទៅ​វិញ អ្នក​​ជាប់​ឃុំ​​ខ្លះ​​ដែល​​ជា​​ឧក្រិដ្ឋ​ជន តែ​​មាន​​លុយ ឬ​មានអំណាច អាច​​ទទួល​​បាន​​ការ​អនុញ្ញាត​​ឱ្យ​​សម្រាក​​ព្យាបាល​​រយៈ​ពេល​​វែង​​នៅ​​មន្ទីរពេទ្យ​​ខាង​​ក្រៅ​​ពន្ធនាគារ។

ជា​​ឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែល​​ត្រូវ​​បាន​​តុលាការ​ក្រុង​​ភ្នំពេញ​​ផ្ដន្ទាទោស​​ដាក់​​ពន្ធនាគារ​​អស់​​មួយ​​ជីវិត​​ក្នុង​​រឿង​​ក្តី​​បាញ់​សម្លាប់​​ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពី​ឆ្នាំ ២០១៥ នោះ បាន​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​​មិន​​ដល់​​មួយ​​សប្ដាហ៍​​ផង រួច​​ក៏​ត្រូវ​​បាន​​គេ​​បញ្ជូន​​មក​​ស្នាក់​នៅ​​បន្ទប់​​វីអាយភី (VIP) ក្នុង​​មន្ទីរ​ពេទ្យ​​ខាង​ក្រៅ​ពន្ធនា​គារ​​វិញ រហូត​​ទាល់​តែ​​សាលាឧទ្ធរណ៍​​សម្រេច​​ដោះ​លែង​​ឱ្យ​​នៅ​​ក្រៅ​​ឃុំ​​នៅ​​ខែវិច្ឆិកា ឆ្នាំ​​២០១៩។ រីឯ​​បង​ប្រុស​​បង្កើត​​របស់​​លោក គិត ម៉េង គឺ​​លោក គិត ធាង វិញ តុលាការ​ក្រុង​​ភ្នំពេញ​​បាន​​កាត់​ទោស​​ឱ្យ​​ជាប់​​ពន្ធនាគារ ៤​ឆ្នាំ ក្នុង​​ករណី​​ជួញដូរ​​គ្រឿង​ញៀន​​ជិត ៥០ គីឡូក្រាម ប៉ុន្តែ​​លោក​​ជាប់​ឃុំ​​បាន​ប្រមាណ​​កន្លះ​​ខែ ក៏​​ត្រូវ​បាន​​គេ​​បញ្ជូន​​ឱ្យ​ទៅ​​ស្នាក់​​នៅ​ក្នុង​​បន្ទប់​​វីអាយភី (VIP) នៅ​​មន្ទីរ​ពេទ្យ​​ខាង​ក្រៅ​ពន្ធនាគារ​​ដែរ រហូត​​ទាល់​តែ​​សាលាឧទ្ធរណ៍​​កាត់​​តម្រឹម​​ទោស​​ត្រឹម ២​ឆ្នាំ ហើយ​ដោះ​លែង​​លោក​​នៅ​​ឆ្នាំ២០២១។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​សិន​ប៉ុស្តិ៍​សុខភាព​ក្នុង​ពន្ធនាគារ​ខ្វះ​ថ្នាំ​ព្យាបាល​ជំងឺ ឬ​គ្រូពេទ្យ​ជំនាញ​នោះ តាម​ច្បាប់​អាជ្ញាធរ​ពន្ធនាគារ​មាន​កាតព្វកិច្ច​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ឱ្យ​ជន​ជាប់​ឃុំ​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ ដោយ​ពុំ​ចាំ​បាច់​ក្រុម​គ្រួសារ ឬ​មហាជន​ស្នើ​សុំ​អន្តរាគមន៍​នោះ​ទេ។ លោក អំ សំអាត ថា សង្គម​ស៊ីវិល​គាំទ្រ​ករណី​បញ្ជូន​សកម្ម​ជន​បក្ស​ប្រឆាំង​លោក គង់ សំអាន មក​ព្យាបាល​ជំងឺ​ធ្មេញ​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ពេល​នេះ ប៉ុន្តែ​លោក​សោកស្ដាយ​ដែល​មន្ត្រី​ពន្ធនាគារ​មិន​ឱ្យ​សកម្មជន​រូប​នេះ​អាច​ទទួល​បាន​ពិនិត្យ​មើល​ជំងឺ​ផ្សេង​ទៀត​ឱ្យ​អស់​សិន មុន​បញ្ជូន​គាត់​ចេញ​ពី​មន្ទីរ​ពេទ្យ៖ «ការ​កាតព្វកិច្ច​អាជ្ញាធរ ឬ​មន្ត្រី​ពន្ធនាគារ​នៅ​ពេល ដែល​ជន​ជាប់​ឃុំ​ណា​មួយ​មាន​ជំងឺ ហើយ​ចាំបាច់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អា​ហ្នឹង ជា​កាតព្វកិច្ច​ក្នុង​ការ​បញ្ជូន​ទៅ​ព្យាបាល ពីព្រោះ​ពួក​គាត់​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​សេវា​ព្យាបាល​ដូច​ពលរដ្ឋ​ដទៃ​ដែរ​បាទ»

លោក គង់ សំអាន អាយុ ៧០ឆ្នាំ គឺ​​​ជា​​អតីត​​គ្រូប​​ង្រៀន និង​​ជា​​​សមាជិក​​​ក្រុមប្រឹក្សា​​​ស្រុក​​​មេមត់​​​នៃ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។ លោក​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​ចាប់​ខ្លួន​កាល​​​ពី​ដើម​​​ខែ​​​កញ្ញា ឆ្នាំ​២០២០។ តុលា​ការ​​​ខេត្ត​​​ត្បូង​​ឃ្មុំ​​​បាន​​​ផ្ដន្ទា​ទោស​​​លោក​​​ឱ្យ​ជាប់​​​ពន្ធនាគារ​​​ចំនួន ៧ឆ្នាំ ពី​​​បទ​​​រួម​​​គំនិត​​​ក្បត់ ដោយ​​សារ​​​លោក​​​បាន​​​គាំទ្រ​​នយោ​បាយ​​​របស់​​​​ថ្នាក់​​ដឹក​នាំ​​​បក្ស​​​ប្រឆាំង និង​​​ហូប​​នំ​​បញ្ចុក​​ជុំ​​​គ្នា​​​ជាមួយ​​​សមាជិក​​​ដទៃ​ទៀត​​​នៃ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ជា​ពិសេស លោក​​​​បាន​​​គាំទ្រ​​​ដំណើរ​​​វិល​​​ចូល​ស្រុក​​វិញ​​​របស់​​​លោក សម រង្ស៊ី កាល​​​ពី​​​ខែ​​វិច្ឆិកា ឆ្នាំ២០១៩។ ថ្មីៗ នេះ តុលា​​ការ​កំពូល​​​​តម្កល់​​សេចក្ដី​​សម្រេច​​របស់​​តុលាការ​​ជាន់​​ក្រោម​​ដែល​​​បាន​​​កាត់​​ទោ​ស​​ឱ្យ​លោក​ គង់ សំអាន ជាប់​​​ពន្ធនាគារ ៧ឆ្នាំ​​ដដែល ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​អ្នក​ទោស​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។