នីតិវិធី​បន្ត​របស់​គណៈកម្មការ​អឺរ៉ុប​ លើ​ការ​ព្យួរ​អនុគ្រោះ​ពន្ធ EBA

0:00 / 0:00

នីតិវិធី ៦ ខែ ដំបូង​ក្នុង​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស មុននឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប បាន​បិទ​បញ្ចប់​ទៅ​ហើយ កាលពី​ថ្ងៃទី១២ ខែ​សីហា​។ ឥឡូវនេះ គណៈកម្មការ​អឺរ៉ុប កំពុង​ចាប់ផ្ដើម​នីតិវិធី​បី​ខែ​បន្ទាប់ ដែល​អាច​ឈាន​ទៅ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បើ​ស្ថានភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ក្នុង​វិស័យ​ការងារ នៅតែ​មិន​ប្រសើរ។

តើ​នីតិវិធី​បន្ត​របស់​គណៈកម្មការ​អឺរ៉ុប នៅ​មាន​អ្វី​ខ្លះ​ទៀត?

មូលហេតុ​ដែល​នាំ​ឱ្យ​សហភាព​អឺរ៉ុប ចាប់ផ្ដើម​នីតិវិធី ដែល​ឈាន​ទៅ​ដល់​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា គឺ​ដោយសារតែ​សហភាព​អឺរ៉ុប​មិន​ពេញចិត្ត ទៅ​នឹង​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ និង រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព កម្មករ និង​សិទ្ធិ​ដីធ្លី​ជាដើម ក្រោយ​របប​នេះ បាន​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើទុក្ខបុកម្នេញ​មន្ត្រី​សហជីព​កម្មករ បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី រៀបចំ​ការបោះឆ្នោត ដោយ​ផាត់​ចោល​គណបក្សប្រឆាំង ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស និង​បន្ត​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ជាដើម។

ប្រទេស​កម្ពុជា ទទួល​បាន​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​«​ទំនិញ​គ្រប់មុខ លើកលែងតែ​គ្រឿង​សព្វាវុធ​» (Everything But Arms) ឬ​ហៅ​កាត់​ថា EBA នេះ ដោយសារតែ​វា​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ឱ្យ​តែ​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ​។ គោលបំណង​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ចង់​ឱ្យ​ប្រទេស​ក្រីក្រ​ទាំងនោះ មាន​ឱកាស​កាត់​បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ប្រកបដោយ​ចិរភាព។

ទោះជា​យ៉ាង​នេះ​ក្តី ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ​មួយ​ចំនួន ដែល​ប្រទេស​នីមួយៗ ត្រូវ​បំពេញ​ឱ្យ​បានជា​ដាច់ខាត​។ លក្ខខណ្ឌ​ទាំងនោះ រួមមាន​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិ​ការងារ ដែល​មាន​ចែង នៅ​ក្នុង​គោលការណ៍​ជា​មូលដ្ឋាន នៃ​អនុសញ្ញា​ទាំងឡាយ ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​របស់​អង្គការ​សហប្រជាជាតិ និង អង្គការ​អន្តរជាតិ​ខាង​ការងារ។

សហភាព​អឺរ៉ុប បាន​ថ្កោលទោស និង​ព្រមាន​របប​លោក ហ៊ុន សែន ជាច្រើនលើក​ច្រើន​សា​ទៅ​ហើយ ឱ្យ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ បើ​ចង់​បន្ត​រក្សា​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ​តទៅទៀត​។ ប៉ុន្តែ របប​លោក ហ៊ុន សែន នៅតែ​ចចេស​មិន​ព្រម​ស្ដារ​ស្ថានការណ៍​នេះ​ឡើងវិញ ដោយ​របប​នេះ​សម្អាង​ថា ខ្លួន​មិនបាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ​។ មិនតែប៉ុណ្ណោះ​មេដឹកនាំ​របប​នេះ គឺ​លោក ហ៊ុន សែន ថែមទាំង​ឌឺ​ថា បើ​ទោះ​បី​ជា​អត់ EBA ក៏​កម្ពុជា​អត់​បញ្ហា​។ លោក​ថែមទាំង​ជំរុញ​ឱ្យ​គេ​ប្រញាប់​ផ្ដាច់​វា​ទៀត​ផង៖ «បើ​សិន​គេ​ផ្ដល់​ភាព​អនុគ្រោះ​ឱ្យ​យើង យើង​ក៏​មិន​អាច​ក្លាយទៅជា​អ្នកមាន​បានទេ​។ តែ​បើ​គេ​ដក​ភាព​អនុគ្រោះ​ពី​យើង ក៏​មិន​ធ្វើ​ឱ្យ​យើង​ស្លាប់​ដែរ​។ យល់​ទេ​អា​កន្លែង​ហ្នឹង​ ? កុំ​ធ្វើជា​សត្វ​ឆ្កែ គ្រាន់តែ​ដើម្បី​ជាមួយ​នឹង​ឆ្អឹង​ឬ​សាច់​មួយ​ដុំ វា​មិន​ថ្លៃថ្នូរ​ទេ​។ ឧទាហរណ៍​គេ​គំរាម បើ​មិន​ធ្វើតាម​អញ អញ​នឹង​កាត់ផ្ដាច់​នេះ កាត់ផ្ដាច់​នោះ​។ កាត់​ទៅ​ ! លោក​ឯង​កាត់​ទៅ​ ! ធ្វើ​ឱ្យ​វា​អស់​សេចក្ដី​ទៅ»។

ក្រោយ​ការ​ទុក​ឱកាស​ជាច្រើនលើក និង ភាព​គ្មាន​ប្រសើរ​ឡើង​ផ្នែក​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ សហភាព​អឺរ៉ុប​បានសម្រេច​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​នីតិវិធី ដែល​ឈាន​ដល់​ការ​ព្យួរ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ។

នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ ចែកចេញជា​បី​ដំណាក់កាល​ធំៗ​៖

• ដំណាក់កាល​ទី​មួយ គឺ​ត្រួតពិនិត្យ​តាមដាន និង វាយតម្លៃ​ស៊ីជម្រៅ ថា​តើ​កម្ពុជា​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​កែប្រែ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​សហភាព​អឺរ៉ុប​ស្នើ​ឱ្យ​កែប្រែ​ឬ​នៅ​។ សហភាព​អឺរ៉ុប ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា ក្នុង​ការចរចា និង ចូលរួម​សហការ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់​។ ដំណាក់កាល​ទី​មួយ​នេះ មាន​រយៈពេល ៦ ខែ ដោយ​គិត​ចាប់ពី ថ្ងៃទី១២ ខែ កុម្ភៈ ដល់​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ​២០១៩​។ ដំណាក់កាល ៦ ខែ ដំបូង​នេះ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ទៅ​ហើយ កាលពី​ថ្ងៃ​ទី១២ ខែ​សីហា កន្លង​ទៅ។

ក្នុង​ដំណាក់កាល​នោះ គណៈកម្មការ​អឺរ៉ុប ត្រូវ​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នានា រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង មន្ត្រី​សហជីព​កម្មករ និង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​តំណាង​ខាង​ថៅកែ​រោងចក្រ​កាត់ដេរ​ផង។

គណៈប្រតិភូ​ស្វែងរក​ការពិត​របស់​គណៈកម្មការ​អឺរ៉ុប បាន​បំពេញ​ទស្សនកិច្ច​ចំនួន​ពីរ​លើក ក្នុង​រយៈពេល​នេះ​។ ភាគី​ដែល​ពាក់ព័ន្ធ ផ្សេងៗ អាច​ដាក់​ឯកសារ​ភស្តុតាង ទៅ​គណៈកម្មការ​អឺរ៉ុប​។ ឯកសារ​ទាំងនេះ អាច​ជា​កង្វល់​អំពី​ផល​ប៉ះពាល់ ករណី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង ជំហរ​ការពារ​ចំណាត់​ការ ដែល​រង​ការរិះគន់ ថា​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​។​

ខាង​សមាគម​ថៅកែ​រោងចក្រ​នៅ​កម្ពុជា (GMAC) បាន​ដាក់​ឯកសារ​ទៅ​គណៈកម្មការ​អឺរ៉ុប​ដែរ ដោយ​បង្ហាញ​អំពី​ភាព​ប្រសើរ​ឡើង និង​ការ​គោរព​សិទ្ធិ​ការងារ និង​សិទ្ធិ​សហជីព​របស់​សមាគម​រោងចក្រ​កាត់ដេរ ដែល​សហភាព​អឺរ៉ុប​គួរ​ពិចារណា មុននឹង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ ជាមួយគ្នា​ដែរ សមាគម​ថៅកែ​រោងចក្រ​នៅ​កម្ពុជា ថ្លែង​ពី​ក្តី​កង្វល់ ថា ការ​អនុគ្រោះ​ពន្ធ EBA នេះ មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៣​លាន​នាក់ បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​មែន​នោះ​។ គ្រាន់តែ​វិស័យ​រោងចក្រ​កាត់ដេរ គឺ​ផ្ដល់​ការងារ​ដល់​កម្មករ ៧៥០,០០០ នាក់ ដែល​ស្មើនឹង​ជាង​ពាក់​កណ្តាល នៃ​កម្លាំង​ពលកម្ម​សរុប​នៅ​កម្ពុជា។

ខាង​របប​លោក ហ៊ុន សែន ក៏បាន​ដាក់​ឯកសារ​របស់​ខ្លួន ជូន​ទៅ​គណៈកម្មការ​អឺរ៉ុប​ដែរ គឺ​ដាក់​នៅ​កៀក​ថ្ងៃ​បិទ​បញ្ចប់ នៃ​ដំណាក់កាល ៦ ខែ​ដំបូង​នោះ​។ នេះ​បើ​តាម​មន្ត្រី​នាំ​ពាក្យ​គណៈកម្មការ​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម និង កសិកម្ម លោក ដានីញ៉ែល រ៉ូសារីយ៉ូ (Daniel Rosario) ដែល​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក ភ្លាមៗ​ក្រោយ​បិទ​បញ្ចប់​នីតិវិធី ៦ ខែ​ដំបូង​កាលពី​ថ្ងៃ​ទី១៣ ខែ​សីហា​នោះ​។​

•​ដំណាក់កាល​ទី​ពីរ មាន​រយៈពេល ៦ ខែ​ដែរ ប៉ុន្តែ​ចែកចេញជា​បី ដំណាក់កាល​តទៅទៀត (​គឺ​ដំណាក់កាល ៣ ខែ ដំណាក់កាល ១ ខែ និង​ដំណាក់កាល ២ ខែ​)៖

o​ដំណាក់កាល ៣ ខែ​ដំបូង គឺជា​ពេល​សរសេរ​របាយការណ៍​សន្និដ្ឋាន​បឋម ដោយ​ផ្អែកលើ​អ្វី​ដែល​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប ប្រមូល​បាន​ក្នុង​អំឡុង​ទស្សនកិច្ច​ស្វែងរក​ការពិត​នៅ​កម្ពុជា និង ឯកសារ​ភស្តុតាង ដែល​ប្រមូល​បាន​ពី​ភាគី​ពាក់ព័ន្ធ​។ ដំណាក់កាល​បី​ខែ​ដំបូង​នេះ បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី ១៣ ខែ សីហា មក​ម្ល៉េះ ពោល​គឺ​ចាប់ផ្ដើម​ភ្លាមៗ ក្រោយ​ចប់​ដំណាក់កាល ៦ ខែ ដំបូង​។ ដំណាក់កាល​សរសេរ​រ​បាយ​ការណ៍​បឋម​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា​។

ដំណាក់កាល ១​ខែ​បន្ទាប់ គឺ​ចាប់ផ្ដើម​ភ្លាមៗ ក្រោយ​សរសេរ​របាយការណ៍​សន្និដ្ឋាន​នោះ​ចប់​។ ដំណាក់កាល​នេះ គឺ​គិត​ចាប់ពី ថ្ងៃទី១៣ ខែ វិច្ឆិកា ដល់​ថ្ងៃទី ១២ ខែ ធ្នូ​។ ក្នុង​រយៈពេល​ពេញ​មួយ​ខែ​នេះ គណៈកម្មការ​អឺរ៉ុប ទុក​ឱកាស​ឱ្យ​របប​លោក ហ៊ុន សែន ឆ្លើយតប​។ ផុត​ពី​មួយ​ខែ​នេះ​ទៅ គឺ​ចូល​ដល់​ដំណាក់កាល ២ ខែ​ចុងក្រោយ។

ដំណាក់កាល ២ ខែ​ចុងក្រោយ​នេះ គឺជា​ពេល​សរសេរ​សេចក្ដី​សម្រេច​ស្ថាពរ ថា​តើ​ត្រូវ​ព្យួរ ឬ មិនត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នោះ។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មការ​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម និង កសិកម្ម លោក ដានីញ៉ែល រ៉ូសារីយ៉ូ ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី​១៣ ខែ សីហា ថា សេចក្ដី​សម្រេច​ស្ថាពរ នឹង​ត្រូវ​ចុះផ្សាយ​ក្នុង​ទិនានុប្បវត្តិ (​ទស្សនាវដ្ដី​) ផ្លូវការ​របស់​គណៈកម្មការ​អឺរ៉ុប នៅ​អំឡុង​ពាក់​កណ្តាល​ខែ កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ។

• ដំណាក់កាល​ទី ៣ គឺជា​ពេល​កំណត់ ដែល​ត្រូវ​អនុវត្ត​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ដោយ​ត្រូវ​រាប់ ៦ ខែ ចាប់ពី​ក្រោយ​សេចក្ដី​សម្រេច​ស្ថាពរ​នោះ​។ បើ​គណៈកម្មការ​នេះ សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​អំឡុង​ពាក់​កណ្តាល​ខែ កុម្ភៈ ឆ្នាំ ២០២០ មែន​នោះ ការអនុវត្ត​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពិតប្រាកដ នឹង​ចូល​ជា​ធរមាន​នៅ ៦​ខែ​បន្ទាប់​មក​ទៀត​។ មានន័យថា ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នឹង​ចាប់ផ្ដើម​អនុវត្ត នៅ​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០២០។

សហភាព​អឺរ៉ុប ចាត់​ទុក​ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ថា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ ដែល​កម្ពុជា​ត្រូវតែ​គោរព ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ សហភាព​អឺរ៉ុប ក៏បាន​ទុក​ឱកាស​ឱ្យ​របប​នេះ ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ​ដែរ​។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប នៅតែ​ហួសចិត្ត ដែល​របប​លោក ហ៊ុន សែន មិន​ព្រម​ធ្វើតាម​សំណូមពរ​របស់​សហភាព​អឺរ៉ុប ឱ្យ​ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ។

ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី សេស៊ីស្យា ម៉ាមស្ត្រុម (Cecilia Malmstrom) ប្រាប់​អាស៊ីសេរី កាលពី​ដើមខែ មិថុនា ដោយ​សម្ដែង​ការ​ខកចិត្ត ដែល​អ្វីៗ​កំពុង​ស្ថិត​ក្នុង​ដៃ​លោក ហ៊ុន សែន ប៉ុន្តែ លោក​បែរជា​មិន​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​សោះ៖ «ចាស៎​ ! រឿងនេះ គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ទាំងស្រុង​របស់​​លោក ហ៊ុន សែន និង​រដ្ឋបាល​របស់​​លោក​។ ពី​ព្រោះ​ថា យើង​គិត​ថា ស្ថានភាព​បាន​ដើរ​ថយក្រោយ ជុំវិញ​រឿង​សិទ្ធិមនុស្ស​នា​រយៈពេល​ចុងក្រោយ​នេះ​ ... រឿង​ដែល​គណបក្សប្រឆាំង​ត្រូវ​បាន​គេ​រម្លាយ ការបោះឆ្នោត​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ ...​ ។ យើង​ឃើញ​មានការ​កម្រិត​លំហ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម​។ ក៏​មាន​ក្តី​បារម្ភ​មួយ​ចំនួន អំពី​បទដ្ឋាន​ការងារ អំពើ​ច្បាម​យក​ដីធ្លី​ជាដើម​។ យើង​គិត​ថា មាន​ការ​កែ​លម្អ​តិចតួច​ដែរ ខាង​វិស័យ​សង្គមកិច្ច ដែល​ជា​រឿង​ល្អ ប៉ុន្តែ​យើង​សង្ឃឹមថា មានការ​កែ​លម្អ​ច្រើនជាង​នេះ​។ អ្វីៗ​គឺ​អាច​កើត​មានឡើង​បាន​។ ប៉ុន្តែ ក្នុង​កណ្តាប់​ដៃ​លោក ហ៊ុន សែន ទំនង​ដូចជា​មិន​អាច​កើតឡើង​បាន​ច្រើន​នោះ​ទេ»។

មិនមែន​តែ​សមាគម​រោងចក្រ​កាត់ដេរ​ទេ ដែល​ភ័យខ្លាច​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សូម្បីតែ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឯណោះ ក៏​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ណាស់​ដែរ បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​នេះ​មែន ព្រោះ​ការបាត់បង់ EBA នឹង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី និង​ធ្វើ​​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ ដែល​ស្មើនឹង​រាប់​លាន​នាក់​។ ស្ថាប័ន​ធំៗ​ទាំងនេះ បាន​អំពាវនាវ​សុំ​កុំ​ឱ្យ​សហភាព​អឺរ៉ុប ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​ឱ្យ​សោះ​។ ប៉ុន្តែ ការ​អំពាវនាវ​ទៅ​សហភាព​អឺរ៉ុប ដែល​មិនមែន​ជា​អ្នកធ្វើ​ឱ្យ​ស្ថានការណ៍​អាក្រក់​ដូច​បច្ចុប្បន្ន​នេះ រង​ការរិះគន់​ជុំ​ទិស​ដែរ ថា អេះ​មិន​ចំ​រមាស់។

ប្រធាន​សហភាព​សហជីព​កម្មករ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​អ្នកវិភាគ​ផង សុទ្ធតែ​យល់ថា ទាំង​សមាគម​រោងចក្រ​កាត់ដេរ និង សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គួរតែ​យក​ពេលវេលា​នេះ ទៅ​ជជែក​ជាមួយ​របប​ក្រុងភ្នំពេញ ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ប្រសើរ​ជាង​លើក​កង្វល់​ទៅ​សហភាព​អឺរ៉ុប ព្រោះ​របប​លោក ហ៊ុន សែន ឯណោះ​ទៅវិញ​ទេ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការណ៍​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ធ្លាក់​ដល់​កម្រិត​បែបនេះ។

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) បញ្ជាក់​ប្រាប់​សារព័ត៌មាន​ជប៉ុន នៅ​ចុងខែ​កក្កដា​កន្លង​ទៅ​នេះ ថា​ជំហរ​របស់​សហភាព​អឺរ៉ុប គឺ​នៅតែ​ដដែល គឺ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​នៅតែ​មិន​ប្រសើរ​។ ទោះជា​យ៉ាង​នេះ​ក្តី អ្នកស្រី​ថា បង្ហើប​ថា របប​លោក ហ៊ុន សែន នៅ​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ បើ​ប្រញាប់​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ពេល​នេះ បើ​ចង់​បញ្ចៀស​ការ​ព្យួរ​អនុគ្រោះ​ពន្ធ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។