១៨​ឆ្នាំ​ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពី​អតីត​អ្នក​រាំ​របាំ​បាឡេ ទៅជា «ស្តេចប្រថាប់ត្រា»?

0:00 / 0:00

គិត​មក​ទល់​ចុងឆ្នាំ២០២២ នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី បាន​គ្រងរាជ្យ​សម្បត្តិ​អស់​រយៈពេល​ ១៨ឆ្នាំហើយ។ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ចុងឆ្នាំ២០០៤ ក្រោយ​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច នរោត្តម សីហនុ បាន​សម្រេច​ដាក់រាជ្យ និង​ផ្ទេរ​រាជបល្ល័ង្ក​ទៅឱ្យ​ទ្រង់។ តើ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី មាន​ជីវប្រវត្តិ​ដូចម្តេច​ខ្លះ? និង​ថា​តើ​ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​ទ្រង់​រយៈពេល​ ១៨ឆ្នាំមកនេះ ព្រះអង្គ​បាន​បំពេញ​ព្រះរាជតួនាទី​អ្វីខ្លះ​ជូន​ដល់​ប្រជាជាតិ​របស់​ព្រះអង្គ?

Norodom Sihamoni1.jpg
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ពេលឡើងគ្រងរាជ្យសម្បត្តិកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ (រូប៖ AP)

សម្រាប់​ក្រុម​អ្នកគាំទ្រ​បក្ស​កាន់​អំណាច សម្តេច នរោត្តម សីហមុនី គឺជា​ព្រះមហាក្សត្រ​ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។ ពួកគេ​ចង់​ឃើញ​ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅក្នុង​ព្រះបរម​សិរីរាជសម្បត្តិ​បំពេញ​ព្រះរាជតួនាទី​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ និរន្តរភាព​ជាតិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​របស់​ប្រជារាស្ត្រ​ព្រះអង្គ តែ​មិន​ចង់​ឃើញ​ព្រះអង្គ​លូកដៃ​ចូលក្នុង​រឿង​កិច្ចការ​នយោបាយ​នោះ​ឡើយ។

ក៏ប៉ុន្តែ សម្រាប់​ក្រុម​អ្នក​មិន​គាំទ្រ​បក្ស​កាន់​អំណាច និង​ក្រុម​អ្នក​សាធារណរដ្ឋ​និយម​វិញ ពួកគេ​យល់ឃើញ​ផ្ទុយ​ពី​នេះ។ អ្នកខ្លះ​ថា ព្រះអង្គ​ជា «អ្នកទោស​ព្រះបរមរាជវាំង» ជា «ស្តេច​ទីងមោង» ជា «ស្តេច​ប្រថាប់​ត្រា» ជា «ស្តេច​អាយ៉ង» ឬ​ជា «ស្តេច​របាំ​បាឡេ» … ជាដើម។ ពួកគេ​ចង់​ឃើញ​ព្រះអង្គ​ដាក់រាជ្យ ព្រោះ​ពួកគេ​ថា ព្រះអង្គ​ជា​ក្សត្រ «ទន់ខ្សោយ» មិន​ក្លាហាន​ហ៊ាន​តទល់​នឹង​អ្នកនយោបាយ​មាន​អំណាច។ទាំងអស់​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​ទស្សនៈ​មួយចំនួន​ដែល​មជ្ឈដ្ឋាន​ទូទៅ​បានឮ​ស្ទើរ​ស៊ាំ​ត្រចៀក​​ក្នុងរយៈពេល ១៨ឆ្នាំ នៃ​ការ​សោយរាជ្យ​របស់​ទ្រង់​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​ដែល​មាន​ប្រជាជន​ប្រមាណ ១៦លាននាក់ ហែកហួរ​ទៅ​ដោយ​ការ​បែកបាក់​ឯកភាពជាតិ និង​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​រ៉ាំរ៉ៃ​មិន​ចេះចប់​មិន​ចេះ​ហើយ។

ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​រយៈ​ពេល​ជិត ២០ឆ្នាំ​មកនេះ ព្រះអង្គ​បាន​ក្លាយជា​ផ្ទាំង​ស៊ីប នៃ​ការរិះគន់ និង​ប្រមាថ​ខ្លាំងៗ​ពី​មជ្ឈដ្ឋាន​ចម្រុះ។

«តែ​អ្វី​ដែល​លោក ហ៊ុន សែន ប្រើ​ជា​ល្បិច គឺ​គាត់​បង្ខំ​ព្រះមហាក្សត្រ គាត់​សណ្តោង​ព្រះមហាក្សត្រ​ឱ្យ​គាំទ្រ​អំពើ​ក្បត់​ជាតិ​របស់​គាត់។ អ៊ីចឹង ព្រះមហាក្សត្រ​ចង់មិន​ចង់ បើយើង​ចាញ់​សម្លុត​របស់ ហ៊ុន សែន យើង​ទៅ​គាំទ្រ​អំពើក្បត់ជាតិ​របស់ ហ៊ុន សែន។ យើង​មាន​ការ​ទទួលខុស​ត្រូវណាស់។ ខ្ញុំ​ជឿ​ថា អ្នកខ្លះ បើ​ដាក់​ខ្លួន​ជា​ព្រះមហាក្សត្រ​នៅ​ពេល​ហ្នឹង គឺ​អត់​ស៊ីញ៉េទេ។ អត់ទេ!ចង់​អី?ចង់​ស្រលាញ់​អី?រាជបល្ល័ង្ក?រាជបល្ល័ង្ក​ស្អី​ហ្នុង?បើជាតិ​យើង​រលាយ ស្តេច​ស្រុក​ណា?បើស្រុក​ហ្នុង​ត្រូវ​រលាយ។ អ៊ីចឹង បើ​មាន​មនសិការ​ជាតិ​តែ​បន្តិច គឺ​មិន​ត្រូវ​ចុះ​ហត្ថលេខា​ទេ។ សុខចិត្ត​ដាក់រាជ្យ។ បើជា​ខ្ញុំ​វិញ ខ្ញុំ​ដាក់​រាជ្យ ពីព្រោះ​មិន​ត្រូវ​ចាញ់​សម្លុត ហ៊ុន សែន ហើយ​ស្រឡាញ់​រាជបល្ល័ង្គ វាហួស​ពេក ទៅ​ប្រថាប់ត្រា​ឱ្យ ហ៊ុន សែន ប្រថាប់ត្រា​ឱ្យ​ជនក្បត់ជាតិ គឺ​យើង​រួមចំណែក​ក្នុង​អំពើ​ក្បត់ជាតិ​មួយ​ដ៏​ធ្ងន់ធ្ងរ​ជាទីបំផុត​ចំពោះមុខ​ប្រជារាស្ត្រ​ខ្មែរ និង​ចំពោះមុខ​ប្រវត្តិសាស្ត្រ»។

CNRP_FB_012621.jpg
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

នេះ​គឺជា​ការប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង​ចាស់វស្សា គឺ​លោក សម រង្ស៊ី រិះគន់​សម្តេច នរោត្តម សីហមុនី ចំពោះ​ការ​ឡាយ​ព្រះហស្តលេខា​​របស់​ព្រះអង្គ​លើ​សន្ធិសញ្ញា​ដ៏​ចម្រូងចម្រាស​គឺ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ ដែល​ធ្វើឱ្យ​រស់ឡើង​វិញ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយ​វៀតណាម។ ព្រះអង្គ​បាន​ធ្វើ​ដូច្នេះ​រហូត​ដល់​ទៅ​ពីរ​ដង គឺម្តង​នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ និង​ម្តង​ទៀត​នៅ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដូច​តាម​ការ​ចង់​បាន​ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សន្ធិសញ្ញា​ទាំងនេះ ត្រូវ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ក្រុមអ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​កម្ពុជា រិះគន់​ថា ជា​ការ​ទទួល​ស្គាល់​លើ​សន្ធិសញ្ញា​ខុសច្បាប់​ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​វៀតណាម​បាន​ចុះ​ក្នុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្រោម​រណប និង​ការត្រួតត្រា​របស់​វៀតណាម​ក្នុង​អំឡុង​ពេល​ពេញ​មួយ​ទសវត្សរ៏ទី៨០។ ពួកគេ​អះអាង​បន្ថែម​ថា ការ​ចុះហត្ថ​លេខា​លើ​សន្ធិសញ្ញា​ទាំងនេះ គឺ​ជា​ការ​ទទួលស្គាល់ «ការ​កាត់» កោះត្រល់ និង​អធិបតេយ្យ​សំខាន់ៗ​មួយ​ចំនួន​ទៀត​របស់​កម្ពុជា​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ដោយ​ស្រប​ច្បាប់​ឡើងវិញ។ មូលដ្ឋាន​ស្របច្បាប់​របស់​ក្រុម​អ្នករិះគន់ គឺថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បាន​ចែង​យ៉ាង​ច្បាស់​ថា​រាល់​សន្ធិសញ្ញា​នានា​ដែល​ចុះ​នៅមុន​កិច្ច​ព្រមព្រៀង​នេះ គឺជា​សន្ធិសញ្ញា​ខុសច្បាប់ និង​ត្រូវ​ចាត់​ទុក​ជា​អសារបង់។

សន្ធិសញ្ញា​បំពេញបន្ថែម​ជាមួយ​វៀតណាម​នេះ បាន​ដិតដាម​ក្លាយជា​ស្លាកស្នាម​នៃ​កេរ្តិ៍ដំណែល​អវិជ្ជមាន​មួយ​ដែល​ពិបាក​នឹង​លាង​ជម្រះ​ក្នុង​រជ្ជកាល​របស់​ទ្រង់។ សន្ធិសញ្ញា​នេះ ក៏​ជា​ចំណុច​ចាប់ផ្តើម​មួយ​នៃ​វិញ្ញាសា​សាកល្បង​ចំពោះ​ភាព​ឆ្លៀសវៃ​របស់​ទ្រង់ នៅ​ក្រោយ​ទ្រង់​ឡើង​គ្រងរាជ្យ​បាន​មួយឆ្នាំ។ ដំបូង​ឡើយ ទ្រង់​ហាក់​រារែក​មិន​ចង់​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​នេះ​ទេ។ តែ​ក្រោយ​មក ទ្រង់​បាន​ប្តូរ​ព្រះទ័យ​វិញ ក្រោយពី​លោក ហ៊ុន សែន នៅចុងឆ្នាំ២០០៥ បាន​គំរាម​រំលាយ​របប​រាជានិយម​ចោល និង​ដាក់​ជំនួស​មកវិញ​នូវ​របប​សាធារណរដ្ឋ៖

«ខ្ញុំ​និយាយ​​ជាមួយ​​សម្តេច​ក្រុម​ព្រះ​ហើយ​ ខ្ញុំ​ថា​ព្រះអង្គ និយាយ​ប្រាប់​ឯកឧត្តម ស៊ុន ចាន់ថុល កុល​ ផេង អ៊ឹង​ កន្ថាផាវី ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​​យន្ត​ហោះ​តាម​​ទូរស័ព្ទ ខ្ញុំ​ថា​​ព្រះអង្គ​​ បើ​​លើក​​នេះ​​វា​ពិបាក​​ស៊ីញ៉េ ត្រូវ​​ពិនិត្យ​​ឡើង​​វិញ យើង​គួរ​ទុក​រាជានិយម​ ឬ​ធ្វើ​​សាធារណរដ្ឋ​ ឲ្យ​វា​មាន​ប្រធានាធិបតី​​តែ​​ម្តង?ឬ​ហោច​ណាស់​​ដាក់​បញ្ចូល​​ក្នុង​​រដ្ឋ​ធម្មនុញ្ញ លើ​មាត្រា​ណាមួយ ដែល​កាល​ណា​​ដាក់​ទៅ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ ត្រូវ​ឡាយ​ព្រះហស្តលេខា។ បើ​មិន​ឡាយ​ព្រះហស្តលេខា ​ទេ គឺ​នឹង​ចូល​ជាធរមាន»។

សារ​គំរាម​របស់​លោក ហ៊ុន សែន នេះ មិនទាន់​បញ្ចប់​ត្រង់​នេះ​ទេ។ ក្រោយ​មក​ទៀត នៅ​ចុង​ខែធ្នូ ឆ្នាំ២០១៨ លោក​បាន​និយាយ​ប្រមាថ​ព្រះមហាក្សត្រ​ជាថ្មី​ម្តង​ទៀត នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ ដែល​លោក​ប្រើ​អំណាច​លូកដៃ​អន្តរាគមន៍​ក្នុង​ជម្លោះ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ទូរទស្សន៍​មួយ​របស់​លោក គិត ម៉េង៖

«ជាមួយ​ខ្ញុំ​គឺ​កុំ​និយាយ​ឲ្យ​សោះ ឪ​ស្ដេច ម៉ែ​ស្ដេច ក៏​ខ្ញុំ​ដាក់​ដែរ កុំ​និយាយ​បញ្ហា​កូន​អ្នកធំ​ក្មួយ​អ្នកធំ ការ​យោគយល់​អត់​ទេ»។

ថ្វី​បើ​សារ​សំឡេងប្រមាថ​ទាំងនេះ​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​ព្រោងព្រាត​ក៏ដោយ ក៏​លោក ហ៊ុន សែន ពុំដែល​បាន​ចេញមុខ​បដិសេធ​ម្តង​ណា​ឡើយ។ លោក​ថែម​ទាំង​បាន​តាំងខ្លួន​ឯង​ធ្វើជា​អ្នក​ប្តូរផ្តាច់ «ការពារ» របប​រាជា​និយម​វិញ​ម្តង៖

«...គេ​មិន​ត្រឹមតែ​ជេរ​ត្រឹម​ខ្ញុំ​ទេ គេ​ជេរ​ព្រះមហាក្សត្រ​របស់​យើង។ ដូច្នេះ ខ្ញុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​ព្រះសង្ឃ ទាំង​គ្រហសត្ថ ងើបឈរ​ឡើង​ដើម្បី​ប្រឆាំង​ជន​ក្បត់ជាតិ ហើយនឹង​បក្ស​ណា​ដែល​ផ្សារភ្ជាប់​ជាមួយ​ជនក្បត់​ជាតិ​នេះ​ដើម្បី​ធានា​ការពារ​រាជា​និយម ការពារ​រាជបល្ល័ង្ក ការពារ​ព្រះមហាក្សត្រ ការពារ​ឯកភាព សន្តិភាព​នៃ​ទឹកដី​របស់​យើង»។

Hun_Sen_Prime_Minister_04_08_2021.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

«ការគោរព» របប​រាជានិយម​ដោយ​ក្រុម​អ្នក​នយោបាយ​យ៉ាង​ដូច្នេះ ត្រូវ​អ្នក​វិភាគ​នយោបាយ​ចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា មានតែ​នៅ​លើ «បបូរមាត់» តែប៉ុណ្ណោះ។ លោក​ផ្តល់​អំណះអំណាង​ថា មូលហេតុ​មួយ​ដែល​ព្រះមហាក្សត្រ​ពុំបាន​បំពេញ​ព្រះរាជ​តួនាទី​ណាមួយ​ក្នុង​ការ​បង្ក​ឱ្យ​មាន​ឯកភាពជាតិខ្មែរ​ពិត​ប្រាកដ​នោះ គឺ​ដោយសារ​តែ​ព្រះអង្គ​មិនបាន​ទទួល​នូវ «ការ​សហការ» និង «មធ្យោបាយ» ដើម្បី​បំពេញ​តួនាទី​របស់​ព្រះអង្គ ពីសំណាក់​ក្រុម​អ្នកកាន់អំណាច​នៅក្នុង​ប្រទេស៖

«បើ​តាម​មើលទៅ​គឺដូច​ជា​នៅតែ​ចុង​បបូរមាត់​ដែល​ថា​គោរព​ព្រះមហាក្សត្រ ជា​ទីសក្ការៈ​បូជា ឬ​ត្រូវ​ធ្វើតាម​ព្រះរាជ​តម្រិះ​អីហ្នុង...។ … គឺសំណូមពរ​ដោយ​ទទូច សូមឱ្យ​មេៗធំៗ ដឹកនាំ​ប្រទេស ថ្វាយ សហការ​សកម្ម និង​ថ្វាយ​មធ្យោបាយ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ព្រះអង្គ​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ ទីមួយ។ ទីពីរ ដើម្បី​បំពេញ​តួនាទី​សកម្ម​របស់​ព្រះអង្គ​ជាអាទិ៍ ជា​អ្នក​ធានា​ឯករាជ្យ​អំណាច​តុលាការ និង​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ»។

បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ជាជាង​រិះគន់​វាយប្រហារ​ទៅលើ​អង្គ​ព្រះមហាក្សត្រ អ្នកនយោបាយ​គួរ​រិះគន់​ទៅលើ​អ្នកមាន​អំណាច​ពិត​ប្រាកដ​វិញ​ដែល​ជា​អ្នកគ្រប់គ្រង​ប្រទេស និង​ជា​អ្នក​មាន​មធ្យោបាយ​ពេញដៃ។ លោក​ថា គេ​ពិបាក​នឹង «បន្ទោស» ព្រះមហាក្សត្រ​ណាស់ ខណៈ​ព្រះអង្គ​ពុំ​មាន​អំណាច​ប្រតិបត្តិ​ជាក់ស្តែង ពុំ​មាន​អំណាច​បញ្ជា និង​ពុំ​មាន​មធ្យោបាយ​ផ្តល់​ដោយ​អ្នកនយោបាយ​នោះ។ ទោះ​យ៉ាងណា លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​សម្តេច សីហមុនី គួរ​ដាក់រាជ្យ​ឬ​យ៉ាង​ណា​នោះ​ទេ។

b21383cb-30ee-46b8-9102-1b381443fcee.jpeg
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅកម្ពុជា។ (រូប៖ RFA)

ព្រះបាទ នរោត្តម សីហមុនី ពុំ​មាន​ប្រវត្តិ​ជា​ក្សត្រ «ជ្រែករាជ្យ» ឬ​បាន​សោយរាជ្យ​តាមរយៈ ល្បែង​ដណ្តើម​រាជបល្ល័ង្ក ឬ «Game of Thrones» ឡើយ។ ព្រះអង្គ​ទំនងជា​មិនអាច​ក្លាយជា​ព្រះមហាក្សត្រ​កម្ពុជា​បានទេ ប្រសិនបើ​ពុំ​ទទួល​បាន​ភ្លើង​ខៀវ​ណាមួយ​ពី​លោក ហ៊ុន សែន។ បើ​ទោះ​ជា​ព្រះអង្គ​គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​បាន​ឡើង​គ្រងរាជ្យ​ដោយ​គ្មាន​ការ​បង្ហូរឈាម និង​គ្មាន​បេក្ខជន​ប្រជែង​ក៏ដោយ ក៏​ការ​ឡើង​សោយរាជ្យ​របស់​ទ្រង់​ទំនងជា​ពិបាក​សម្រេច​បាន​ដែរ ប្រសិនបើ​គ្មាន​ផែនការ​ព្រះរាជបល័្លង្ក​ដែល​ត្រូវ​បាន​គូសវាស​​យ៉ាង​ហ្មត់ចត់​នៅ​ពី​ក្រោយ​ឆាក​ដោយ​ព្រះបិតា និង​ព្រះមាតា​របស់​ទ្រង់​ទេ​នោះ។

កាលនោះ ផែនការ​នេះ​ត្រូវ​កាសែត ឌឹ ញូវយ៉ក ថាមស៍ (The New York Times) របស់​អាមេរិក ហៅ​ថា​ជា «ជា​តឹក​ចុង​ក្រោយ​បង្អស់​នៃ​ល្បែង​ឆក់​យក​ឱកាស» ក្នុង​ជីវិត​របស់​ព្រះបិតា​ទ្រង់។ បើ​តាម​កាសែត​អាមេរិកាំង​ដដែល កាសែត​នេះ​សរសេរ​ថា សម្តេច នរោត្តម សីហនុ ទ្រង់ «ត្រូវតែ​ធ្វើ​ដូច្នេះ» គឺ​ដើម្បី​ធានា​ដល់​ការរស់រាន​នៃ​របប​រាជានិយម។ ផែនការ​ផ្ទេរ​រាជបល្ល័ង្ក​នេះ​ទៀត​សោត ក៏​ដើម្បី «ធានា​នូវ​ឥទ្ធិពល» របស់​ទ្រង់​ក្នុង​ការ​ជ្រើសរើស​អ្នកស្នង​រាជបល្ល័ង្ក​ពី​ព្រះអង្គ និង «មើល​ខុស​ត្រូវ» ក្នុង​ដំណាក់កាល​អន្តរកាល​នៃ​ការ​គ្រង​រាជបល្ល័ង្ក​របស់​បុត្រា​ទ្រង់ ព្រមទាំង «ជួយ» ឱ្យ​បុត្រា​ទ្រង់​អាច​ឈរជើង​បាន​នឹង​នរ​ក្នុង​ការ​គ្រងរាជ្យសម្បត្តិ។ ទន្ទឹម​នឹង​នោះ ផែន​ការ​នេះ​ក៏​ដើម្បី​ធានា​នូវ «សុខុមាលភាព» របស់​ព្រះអគ្គមហេសី​របស់​ទ្រង់ គឺ​សម្តេច​ម៉ែ នរោត្តម មុនីនាថ សីហនុ នៅ​ក្រោយពេល​ព្រះអង្គ​យាង​សោយ​ទិវង្គត​ទៅ។

ព្រះមហាក្សត្រ សម្តេច នរោត្តម សីហមុនី ប្រសូត​នៅថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ១៩៥៣ នៅ​ក្រុង​ភ្នំពេញ ប៉ុន្មាន​ខែ​មុន​ពេល​ដែល​កម្ពុជា​ប្រកាស​ឯករាជ្យ​​ពី​អាណានិគមនិយម​បារំាង។ សម្រាប់​ភាសាបរទេស ក្រៅពី​ភាសា​បារាំង និង​អង់គ្លេស ទ្រង់​ចេះ​ភាសា​ឆេក​យ៉ាង​ស្ទាត់​ជំនាញ។ ព្រះអង្គ​មិនដែល​មាន​ក្តី​សុបិន្ដ​ប្រាថ្នា​ចង់​ក្លាយ​ជា​ព្រះមហាក្សត្រ​កម្ពុជា​ឡើយ ខណៈ​ពេល​វេលា​ដ៏ «សប្បាយ​រីករាយ​បំផុត» នៃ​ជីវិត​របស់​ទ្រង់ គឺទំនង​ជា​នៅពេល​ដែល​ព្រះអង្គ​ទ្រង់​គង់​នៅ​ទីក្រុង​ប្រាគ (Prague) នៃ​សាធារណរដ្ឋ​ឆែក (Czech Republic) ដែល​ទ្រង់​ប្រសិទ្ធិនាម​ថា​ជា «មាតុភូមិ​កំណើត​ទីពីរ» របស់​ទ្រង់។

ទ្រង់​បាន​សិក្សា​រៀនសូត្រ​ផ្នែក​សិល្បៈ របាំ តូរ្យ​តន្រ្តី ល្ខោន រហូត​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​សាលា​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី ប្រាគ។ ព្រះអង្គ​ក៏ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ និង​ផ្នែក​គរុកោសល្យ​សិល្បៈ​នៅ​ប្រទេស​បារាំង ព្រម​ទាំងធ្លាប់​ធ្វើជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ (UNESCO) មុននឹង​ព្រះអង្គ​ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសរើស​ជា​ឯកច្ឆន្ទ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ក្នុង​ព្រះជន្ន ៥១​ព្រះវស្សា។

«ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ លោក​អ្នក​ជាទី​គោរព​ស្នេហា!នៅក្នុង​ជីវិត​ខ្ញុំ​នេះ និង​ជារៀងដរាប ខ្ញុំ​ជា​អ្នកបម្រើ​ដោយ​ក្តីស្វាមី​ភក្តិ និង​មាន​ភក្តីភាព​ជានិច្ច​ជាមួយ​ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ​អស់លោក​អ្នកទាំងឡាយ។ ខ្ញុំនឹងនៅ​ជាប់​ជិត​ស្នឹទ្ធ​ដរាប ជាមួយនឹង​ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ លោកអ្នកទាំងឡាយ ហើយរួមសុខ រួមទុក្ខជាមួយគ្នា ដរាប។ រាជវាំង​មិន​មាន​អ្វី​ដែលត្រូវ​លាក់កំបាំង ចំពោះ​ភ្នែកជ​នរួមជាតិ មាមីង បងប្អូន កូនក្មួយ អស់លោក​អ្នកទេ។ យើងខ្មែរ​គ្រប់រូប​ជា​មហា​គ្រួសារ​តែមួយ។ រៀងរាល់​សប្តាហ៍ ខ្ញុំ​នឹង​ចំណាយ​ពេលវេលា ជាច្រើនថ្ងៃ​ដើម្បី​ទៅ​គោរព និង​បម្រើ​ជនរួមជាតិ មាមីង បងប្អូន កូនក្មួយ​នៅ​តាម​ក្រុង ខេត្ត និង​ជនបទ​ជា​បន្តបន្ទាប់»។

Norodom Sihamoni2.jpg
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ពេលឡើងគ្រងរាជ្យសម្បត្តិកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ (រូប៖ AP)

នេះ​គឺ​ជា​ការសន្យា​របស់​សម្តេច សីហមុនី នៅ​ចំពោះ​មុខ​ប្រជាជាតិ​របស់​ទ្រង់​នៅក្នុង​ព្រះរាជ​ពិធី​ឡើង​គ្រង​ព្រះបរមរាជ​សម្បត្តិ​របស់​ទ្រង់​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ព្រះ​មាន​បន្ទូល​ថា ព្រះអង្គ​មាន​ជំនឿ​ដូច​ព្រះបិតា​របស់​ព្រះអង្គ​ដែរ ដែល​ថា កម្ពុជា​ច្បាស់ជា «ធំ» «រុងរឿង» «ថ្កើងថ្កាន» «សម្បូរសប្បាយ» និង «ខ្លាំងពូកែ» «គ្មាន​បរទេស​ណាផ្ចាញ់​បាន» ដរាបណា​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​ចេះ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ។

ក៏ប៉ុន្តែ ១៨ឆ្នាំក្រោយ​មក ក្តី​រំពឹង​ទាំងនេះ ហាក់​ពិបាក​សម្រេច​បាន​ណាស់ និង​ទំនង​ដូចជា​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ ខណៈ​ប្រជាជាតិ​របស់​ព្រះអង្គ​បន្ត​ហែកហួរ​គ្នា​ដោយសារ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​មិន​ចេះចប់​មិន​ចេះ​ហើយ។

ទន្ទឹម​នឹង​នេះ សម្តេច នរោត្តម សីហមុនី ទំនងជា​ព្រះមហាក្សត្រ​មួយ​អង្គ​នៅ​លើ​ពិភពលោក​ដែល​អភព្វ​ជាងគេ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​សង្គម​នយោបាយ​កម្ពុជា​ទាំង​ជាតិ និង​អន្តរជាតិ មើលឃើញ​ថា ទ្រង់​ជា «អ្នកទោស​នៃ​ព្រះបរមរាជវាំង» ជា​ក្សត្រ​ក្រ​ជាងគេ​ក្នុង​ចំណោម​ក្សត្រ​នៃ​ជាតិសាសន៍​ផ្សេងៗ គ្មាន​អគ្គមហេសី និង​ពុំ​សូវ​មាន​ឥទ្ធិពល​នយោបាយ ឬ ជា​ក្សត្រ «ទន់ខ្សោយ» ទាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ។

ខុសពី​ព្រះបិតា​របស់​ព្រះអង្គ និង​អង្គ​ក្សត្រ​មុនៗ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជា​ក្សត្រ​គ្រងរាជ្យ​ដែល​មិន​សូវ​ចូលចិត្ត​ភាព​អធិកអធម សប្បាយ​ហ៊ឺហារ​ជាមួយ​ស្រា​សំប៉ាញ ឬ​ជាក្សត្រ​ផ្លេប៊យ (Playboy) ឡើយ។ ក្នុង​ អត្ថបទ​សម្ភាសន៍​មួយ​ជាមួយ​អ្នកនាង ដេប្រា វៃណឺ (Debra Weiner) អ្នកកាសែត​របស់​ទស្សនាវដ្តី​កំសាន្ត ផ្លេប៊យ (Playboy) ចុះផ្សាយ​ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៧ សម្តេច​នរោត្តម សីហនុ បាន​ទម្លាយ​ថា ជីតាទួត​របស់​ព្រះអង្គ គឺ​ព្រះបាទ​នរោត្តម នៅ​ក្នុង​វាំង​របស់​ទ្រង់ ទ្រង់​មាន​ស្រី​ស្នំ​ប្រហែល «៣០០នាក់»។ រីឯ ជីតា​របស់​ទ្រង់ គឺ​ព្រះបាទ​មុនីវង្ស សម្តេច សីហនុ មាន​បន្ទូល​ថា ទ្រង់​រាង «គួរ​សម​បន្តិច» គឺ​មាន​ស្រីស្នំ​តែ ៦០នាក់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ សម្តេច សីហនុ បង្ហើប​ឱ្យ​ទស្សនាវដ្តី​ដដែល​ដឹង​ថា ឪពុក​របស់​ទ្រង់​ក៏​ជា​ស្តេច​ផ្លេប៊យ​ដែរ ព្រោះ​ព្រះអង្គ​បាន​រក​ឃើញ​សៀវភៅ​មួយ​ ដែល​ទ្រង់​បាន​កត់ត្រា​ទុក​អំពី​រឿងរ៉ាវ «ផ្សងព្រេង​ប្លែកៗ​របស់​ទ្រង់» និង​ថា ទ្រង់​មាន​ស្រីស្នំ​រហូត​ដល់ទៅ «រាប់រយ​នាក់» ឯណោះ។

Norodom Sihamoni7.jpg
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ (រូប៖ AP)

ផ្ទុយពី​ខ្សែស្រឡាយ​រាជវង្ស​របស់​ទ្រង់ សម្តេច សីហមុនី ជ្រើសរើស​យក​ការ​គ្រងរាជ្យ​សម្បត្តិ​​ដោយ​ភាព​ស្ងៀមស្ងាត់។ ព្រះអង្គ​ព្យាយាម​ផ្តាច់ខ្លួន​​ពី​រឿងរ៉ាវ​នយោបាយ​ ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ គោលការណ៍​គ្រឹះ​ចែងក្នុង​រដ្ឋធម្មនុញ្ញ។ គោលការណ៍​នោះ​គឺ ព្រះមហាក្សត្រ​ទ្រង់ «គ្រង​រាជ្យ​សម្បត្តិ» ប៉ុន្តែ​ទ្រង់ «មិន​កាន់អំណាច» ឡើយ»។ ប៉ុន្តែ រដ្ឋធម្មនុញ្ញ​ដដែល ក៏បាន​តម្រូវ​ឱ្យ​ព្រះអង្គ​ធានា​នូវ​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ ធានា​បូរណភាព​ទឹកដី អធិបតេយ្យ និង​ឯកភាពជាតិ ព្រមទាំង​ថា ទ្រង់​ជា «អ្នកធានា​ការគោរព​សិទ្ធិ និង​សេរីភាព» របស់​ប្រជាពលរដ្ឋ និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​ផង​ដែរ។ ក្រៅពីនោះ ទ្រង់​ក៏​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា «អាជ្ញា​កណ្តាល» ដើម្បី​ធានា​ការ​ប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ​ឱ្យ​មាន​ភាព​ទៀងទាត់។ រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់ជំពូកទី២ អំពី​ព្រះមហាក្សត្រ មាត្រា ៧ ចែងថា ព្រះមហាក្សត្រ​ទ្រង់​ជា «ព្រះប្រមុខរដ្ឋ​មួយ​ជីវិត» និង​ថា អង្គ​ព្រះមហាក្សត្រ «មិន​អាច​នរណា​រំលោភ​បាន​ឡើយ»។

ទោះជាយ៉ាងណា រដ្ឋធម្មនុញ្ញ មិនបាន​ចែង​ឱ្យច្បាស់​ទេ​ថា ព្រះមហាក្សត្រ​ត្រូវតែ​ឡាយ​ព្រះហសត្ថ​លេខា​លើ​រាល់​ឯកសារ​ច្បាប់ និង​លិខិតុបករណ៍​នានា​ទាំងអស់​ដែល​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​បញ្ជូន​មក​ក្រោយ​អនុម័ត​រួច។ រដ្ឋធម្មនុញ្ញ​ដដែល​នេះ ក៏​មិនបាន​ចែង​អំពី​ទោសទណ្ឌ​ដល់​ព្រះមហាក្សត្រ​ឡើយ​ប្រសិនបើ​ទ្រង់ជ្រើស​រើស​យក​សិទ្ធិ​វ៉េតូ (Veto) មិនព្រម​ឡាយ​ព្រះហស្តលេខា​លើ​ឯកសារ​ទាំងនោះ។

ទន្ទឹម​នឹង​នេះ ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ត្រូវ​គេ​មើល​ឃើញ​ថា ទ្រង់​ពុំបាន​ប្រើប្រាស់​នូវ​បុព្វសិទ្ធិ និង​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ ដែល​មាន​ជាពិសេស​គឺ​ការ​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស ព្រមទាំង​បុព្វសិទ្ធិ​នៃ​ការ​ស្នើ​ឱ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ផង​នោះ។

ក្រោម​ការ​គ្រងរាជ្យសម្បត្តិ​របស់​ព្រះអង្គ​អស់​រយៈពេល​ជិត ២ទសវត្សរ៍​មកនេះ សម្តេច នរោត្តម សីហមុនី បាន​ចូលរួម​ចំណែក​កំណត់​ជោគវាសនា​ប្រទេសជាតិ និង​ទទួលខុសត្រូវ​ចំពោះមុខ​ប្រវត្តិសាស្ត្រ លើ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន បើ​ទោះ​ជា​ច្បាប់​ខ្លះ​ទ្រង់​មិន​បាន​ឡាយ​ព្រះហស្តលេខា​ដោយ​ផ្ទាល់​ក៏ដោយ។ ច្បាប់​មួយ​ចំនួន​ដែល​សម្តេច នរោត្តម សីហមុនី ឬ​ប្រមុខ​រដ្ឋស្តីទី​តំណាង​ឱ្យ​ទ្រង់ គឺ​លោក សាយ ឈុំ បាន​ចុះហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ផ្ទុយពី​គោលការណ៍​ដើម​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៃ​រដ្ឋធម្មនុញ្ញ ដូចជា ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ច្បាប់​គណបក្ស​នយោបាយ និង​ ច្បាប់បោះឆ្នោត ដែល​បើក​ផ្លូវ​ឱ្យ​មាន​ការ​រម្លាយ និង​រឹបអូស​យក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ២០១៧ ទៅ​ចែកចាយ​ឱ្យ​បក្ស​ដទៃទៀត​ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឱ្យ។

បន្ថែម​ពីលើ​ការ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​អនុម័ត​រួចហើយ​នោះ សម្តេច នរោត្តម សីហមុនី ក៏​មាន​ព្រះរាជកិច្ច​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ឧត្តមមន្ត្រី និង​ផ្តល់​សញ្ជាតិខ្មែរ​ដល់​ជនបរទេស ដែល​ស្នើឡើង​ដោយ​នាយករដ្ឋមន្ត្រី​ទៀត​ផង​ដែរ។ តាម​សំណើរបស់​លោក ហ៊ុន សែន គេ​ឃើញ​ទ្រង់​បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​មួយចំនួន ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​មហាសេដ្ឋី​ជនជាតិ​ចិន​មួយចំនួន​ដែល​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន [ តំណភ្ជាប់ទី១ ទី២ ]

អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេច នរោត្តម សីហមុនី គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យល់ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​ការរិះគន់​ទាំងឡាយ​ទៅលើ​ព្រះមហាក្សត្រ ខណៈ​រឿងរ៉ាវ​គ្រប់យ៉ាង ព្រះអង្គ​មាន​បន្ទូល​ថា គឺ​អ្នកនយោបាយ​ខ្លួនឯង​ទេ ដែល​ជា​អ្នកទទួលខុសត្រូវ។

«ច្បាប់​ទាំងអស់​ចេញពី​រដ្ឋសភា។ ដូច្នេះ សួរ​ថា តើ​ព្រះករុណា​ព្រះមហាក្សត្រ លោក​មាន ខទីមួយ លោក​ត្រូវ​តែ​ប្រឆាំង​គ្រប់​ច្បាប់​ដែល​គណបក្ស​ប្រឆាំង​មិន​យល់ស្រប?នេះ​ជា​សំណួរ​ទីមួយ។ សំណួរ​ទីពីរ គឺ​តើ​លោក​មាន​លទ្ធភាព​អ្វី ត្បិតថា​លោក​អាច​នឹង​មិន​ចុះ​ព្រះហស្តលេខា?ក៏ប៉ុន្តែ រឿង​ហ្នឹង​វា​អត់​មាន​វិជ្ជមាន វា​អត់​មាន​ចម្រើន​ទៅដល់​ជាតិ។ ជម្លោះ​ទាំងអស់​ហ្នឹង បើ​សិន​ជា​លោក​អា​កាត់ ក៏​អត់មាន​ចម្រើន​ទៅ​ដល់​ជាតិ​ដែរ។ ដូច្នេះ រឿង​ទាំងអស់​ហ្នឹង វា​មាន​ភាពស្មុគស្មាញ។ ខ​ទីពីរ គឺ​អ្វី​ដែល​ខ្ញុំចង់​លើកឡើង គឺ​ភាព​ជ្រុល​និយម។ ភាពជ្រុល​និយម​ទាំង​សង្ខាង និយាយ​ឱ្យ​ត្រង់​ទៅ។ ទាំងខាង​សម្តេច​នាយក ហ៊ុន សែន ដែល​ឈ្លោះ​ជាមួយ​ឯកឧត្តម សម រង្ស៊ី ហើយ​ឯកឧត្តម សម រង្ស៊ី ទៅ​ឈ្លោះជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រឿង​ទាំងអស់ហ្នឹង វា​ឆ្លុះបញ្ចាំង​នូវ​ភាព​ជ្រុលនិយម ហើយនឹង​យើង​មិនអាច​នឹង​ដឹកនាំ​ជាតិ នៅក្នុង​ភាពជ្រុល​និយមទេ។ ខ្ញុំ​និយាយហ្នឹងៗ​ប៉ះទាំង​សង្ខាង»។

Norodom Sihamoni3.jpg
ព្រះករុណា ព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ និងព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ (រូប៖ AP)

បន្ថែម​ទៅ​លើ​អំណះ​អំណាង​នេះ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ មាន​ប្រសាសន៍​ប្រាប់ វិទ្យុអាស៊ីសេរី ថា រាជវាំង​ក៏​មិនមាន​សមត្ថភាព​ទៅ​ស៊ើប​អង្កេត​ទៅលើ​បុគ្គល​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ស្នើ​តែងតាំង​ឡើង​ដោយ​រដ្ឋាភិបាល​នោះ​ដែរ។ លោក​គិត​ថា ព្រះអង្គ សីហមុនី គឺជា​ព្រះមហាក្សត្រ​មួយ​អង្គ ដែល​ធ្វើ​ឱ្យ​របបរាជានិយម​នៅ​កម្ពុជា​រស់​បាន​យូរ​ជាងគេ​ ពោល​គឺ​ចាប់តាំងពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​កាលពីឆ្នាំ១៩៥៣ មក។ លោក​ពន្យល់​ប្រាប់វិទ្យុអាស៊ីសេរី ថា គោលដៅ​របស់​ព្រះអង្គ គឺ​ចង់​បន្ត​នូវ​អ្វី​ដែល​ព្រះបិតា​របស់​ទ្រង់​បាន​កសាង​រួច ពោល​គឺ​ចង់​បន្ត​របប​រាជានិយម ដើម្បី​ឱ្យ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ មាន​សុខដុមរមនា ចៀសវាង​នូវ​សង្គ្រាម​ស៊ីវិល​និង​ដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍ ខណៈ​ព្រះអង្គ​គ្រងរាជសម្បត្តិ​ប្រកបដោយ​ការ​កាន់សីល និង​ធម៌​វិន័យ​ខ្ពស់។

«ខ្ញុំជឿជាក់​ថា ព្រះមហាក្សត្រ​នរោត្តម សីហមុនី លោក​អត់​មាន​ចង់បាន​ព្រះ កិត្តិសព្ទ កិត្តិយស ឬ​កិត្តិនាម ដូច​លោក​មានប្រសាសន៍ ជា​អតីត​អយ្យការ អយ្យកោ របស់​លោក។ ច្បាស់​ណាស់ ខ្ញុំជឿ​ថា គ្មាន​ទេ។ លោក​អត់មាន​ហៅថា មហិច្ឆតា ឬក៏​ភាព​លោភលន់​រហូតដល់​ប៉ុណ្ណឹង​ទេ។ ព្រះអង្គ​លោក​អត់​ចេះមាន​ភាពលោភលន់ អា​នេះមួយ ដែល​ខ្ញុំ​សូម​ជម្រាបថា លោក​អត់​មាន​លោភលន់​អីទាំងអស់។ លោក​អត់ចង់បាន​ចេញ​នូវ​ព្រះនាម​លោក អោយ​មាន ព្រះកិត្តិនាម ព្រះ​កិត្តិយស ដូច​អ្នក​ដទៃទេ លោក​គឺថា​លោក​សូមម៉ា​រស់នៅ ហៅថា លាក់ពួន​ដោយ​អត់មាន​ចង់បាន​ស្អី​ទាំងអស់»។

ថ្វី​បើ​មាន​ការរិះគន់​មិន​ធ្លាប់​មាន​ទាំងនេះ​ក៏ដោយ ក៏​សម្តេច នរោត្តម សីហមុនី ពុំដែល​បង្ហាញ​ចេតនា​ណាមួយ​ពីការ​ចង់​ដាក់រាជ្យ​សម្បត្តិ​ម្តងណា​ឡើយ។ ការណ៍​នេះ គឺ​ផ្ទុយ​ពី​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច នរោត្តម សីហនុ ដែល​ធ្លាប់​មាន​ប្រវត្តិ​ដាក់រាជ្យ​រហូតដល់​ទៅ​ពីរ​ដង។

ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​បច្ចុប្បន្ន លោក សឺន ស៊ូប៊ែរ ជឿ​ថា ព្រះអង្គ សីហមុនី នឹង​បន្ត​គ្រងរាជ្យសម្បត្តិ​រហូតដល់​ទីបំផុត​នៃ​ជីវិត​របស់​ទ្រង់ ខណៈ​លោក​អះអាង​ថា ទ្រង់​នឹង​គង់​ជា​អព្យាក្រឹត្យ និង​គោរព​រដ្ឋធម្មនុញ្ញ «យ៉ាង​ហ្មត់ចត់»។

«ព្រះអង្គ​មិនដែល​ចង់​ឡើង​គ្រងរាជ​ផង​ហ្នឹង។ ក៏ប៉ុន្តែ ដោយសារ​វា​អត់មាន​នរណា​ទៀត ទើបបាន​លោក​សព្វព្រះទ័យ​ឡើង​គ្រងរាជ្យ។ ម៉្លោះហើយ​លោក​ស្គាល់​តួនាទី​របស់​ព្រះអង្គ ហើយ​ស្គាល់​កាតព្វកិច្ច​របស់​ព្រះអង្គ ម៉្លោះហើយ​លោក​នឹង​បំពេញ​ករណីយកិច្ច​របស់​ព្រះអង្គ​រហូតដល់​តាម​ច្បាប់​ធម្មនុញ្ញ​រហូតដល់​ព្រះអង្គ​ឈប់​គង់​នៅ​ឋាន​នេះ»។

១៨ឆ្នាំ​ក្រោយ​ការ​ឡើង​គ្រងរាជ្យ​របស់​សម្តេច នរោត្តម សីហមុនី សម្រាប់​ក្រុម​អ្នក​រាជានិយម និង​ក្រុម​អ្នក​គាំទ្រ​បក្ស​កាន់អំណាច ព្រះអង្គ​គឺជា​វីរក្សត្រ​ដែល​ធ្វើ​ឱ្យ​របប​រាជានិយម​រស់រាន​បាន​យូរជាងគេ និង​ទ្រង់​គង់​នៅ​ជាម្លប់​នៃ «សន្តិភាព» និង​ការ​អភិវឌ្ឍជាតិ ដែល​ពួកគេ​ថា កម្ពុជា​ពុំធ្លាប់​បាន​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន។

Norodom Sihamoni10.jpg
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ (រូប៖ AP)

ក៏ប៉ុន្តែ សម្រាប់​ក្រុមអ្នក​មិនគាំទ្រ​បក្ស​កាន់​អំណាច​វិញ ពួកគេ​យល់ថា «សន្តិភាព» និង «ការ​អភិវឌ្ឍ» ដែល​ព្រះអង្គ​ទ្រង់​គ្រងរាជ្យ​នាពេល​នេះ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ក្តៅ​ក្រហាយ ជា​សន្តិភាព «ក្លែងក្លាយ» ខណៈ​កម្ពុជា​របស់​ទ្រង់​ត្រូវ​បាន​អ្នកនយោបាយ​កាន់អំណាច​ប្រែក្លាយ​ជា​ដែនដី​គុក​សម្រាប់​ដាក់​អ្នក​ទោស​នយោបាយ និង​ជា​ប្រទេសដែល​ហែកហួរ​ទៅ​ដោយ​ការ​បែកបាក់​ឯកភាព​ជាតិខ្មែរ​គ្នាឯង​គ្មាន​ទី​បញ្ចប់។

ទឹកភ្នែក​របស់​រាស្ត្រខ្មែរ​ក្រីក្រ​នៅ​តែ​បន្ត​ហូរស្រក់​នៅ​លើ​មាតុភូមិ​កម្ពុជា​របស់​ទ្រង់​ដោយសារ​តែ​ពួកគេ​ត្រូវ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ជិះជាន់ កេងប្រវ័ញ្ច សង្កត់សង្កិន ច្បាមយក​ដីធ្លី និង​ធនធាន​ធម្មជាតិ។ ក្នុង​ពេល​ព្រះអង្គ​កំពុង​គង់នៅ​ក្នុង​ព្រះបរមរាជវាំង ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​មិនតិចជាង ១សែន៦ម៉ឺននាក់​នោះទេ (១៦៧.០០០នាក់) បានលក់ដីធ្លី​របស់​ពួកគេ​ដើម្បី​សងបំណុល​ធនាគារ ឬកម្ចីឥណទាន​ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ​នេះ ខណៈ​ចន្លោះពី ២៥% ទៅ ៥០% នៃ​គ្រួសារ​ចំនួន ២លាន ៨សែន​គ្រួសារ ដែល​ជាប់ជំពាក់​បំណុល​នៅកម្ពុជា កំពុង​ជាប់បំណុល​វ័ណ្ឌក។ រីឯ បំណុល​សាធារណៈ​របស់​រដ្ឋ​ដែល​កម្ពុជា​ជំពាក់​បរទេស​វិញ ក៏​ចេះតែកើនឡើង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ។ ទិន្នន័យ​ចុងក្រោយ​របស់​ក្រសួងសេដ្ឋកិច្ច ឱ្យដឹងថា គិតត្រឹម​ដំណាច់ត្រីមាស​ទីពីរ​ឆ្នាំ២០២២ កម្ពុជា​របស់​ទ្រង់​ជំពាក់បំណុល​បរទេស​ប្រមាណ​ជិត ១ម៉ឺន​លាន​ដុល្លារ (៩.៧៤០,៥៨លានដុល្លារ)។ ក្នុង​នោះ បំណុល​រដ្ឋ​ស្ទើរតែ​ពាក់កណ្តាល គឺ​កម្ពុជា​ជំពាក់ «មិត្ត​ដែកថែប» ចិន គឺប្រមាណ​ជាង ៤ពាន់​លាន​ដុល្លារ (៤.០៤៣,៥៧ លាន​ដុល្លារ)។ នេះ​មានន័យ​ថា ប្រជារាស្ត្រ​កម្ពុជា​របស់​ទ្រង់​ម្នាក់​កើត​ង៉ា​មក​ភ្លាម ត្រូវ​ជាប់​បំណុល​បរទេស​ក្នុង​ម្នាក់​ចំនួន​ជាង ​៦រយ​ដុល្លារ។

ទន្ទឹម​នឹង​នោះ ប្រជារាស្ត្រ​របស់​ព្រះអង្គ​ប្រមាណ ២លាននាក់​ផ្សេងទៀត​បាន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​រត់ទៅ​ស៊ីឈ្នួលគេ​នៅ​ក្រៅប្រទេស ខណៈ​ពលរដ្ឋ​ខ្លះទៀត​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ​បាញ់សម្លាប់​នៅកណ្តាល​ព្រៃ។ កម្ពុជា​ក្រោម​ម្លប់​របស់​ព្រះអង្គ ក៏​កំពុង​ត្រូវ​ជនបរទេស​ជាពិសេស​ជនជាតិ​ចិន និង​វៀតណាម​ចូល​មក​អាងយ៉ាង​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញ​ភោគទ្រព្យ​ជាតិ បង្ក​វិនាសកម្ម​ស្ទើរតែ​ហិនហោច​គ្មាន​សល់ ដោយ​គ្មានខ្លាច​រអា​ម្ចាស់​ស្រុក។ កម្ពុជា​របស់​ទ្រង់​កំពុង​ជាប់​ផុង​ខ្លួន​រើ​មិន​រួច​ចេញពី « បញ្ជីប្រផេះ » នៃ​ប្រទេសលាងលុយកខ្វក់ ជា​ប្រទេស​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង អំពើជួញដូរមនុស្ស និង​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​អនឡាញ (Online) ឬ​ទាសភាព​សម័យ​ទំនើប។

តើ​សម្តេច នរោត្តម សីហមុនី មាន​មោទនភាព​​ជាមួយនឹង​សមិទ្ធផល​របស់​ប្រជាជាតិ​ខ្មែរ​របស់​ទ្រង់​នា​ពេល​បច្ចុប្បន្ន​នេះ និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​ដែល​ត្រូវ​បន្សល់ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​ទ្រង់​នា​ពេល​អនាគត​ដែរឬទេ?

មានតែ​ព្រះអង្គ សីហមុនី ទេ​ដែល​អាច​ឆ្លើយ​នូវ​សំណួរ​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។