ការ​យល់​ឃើញ​របស់​ពលរដ្ឋ ជុំវិញ​ការ​អរគុណ​សន្តិភាព​របស់​លោក ហ៊ុន សែន

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​នយោបាយ ៦ទំព័រ រៀបរាប់​ពី​ចំណុច​វិជ្ជមាន ក្រោម​ការ​ដឹក​នាំ​របស់​លោក​ជាង ៤០ឆ្នាំ​មក​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល បាន​សុខ​សន្តិភាព​ពេញលេញ និង​រីក​ចម្រើន​គ្រប់​វិស័យ។ លោក ហ៊ុន សែន បាន​អរគុណ​ពលរដ្ឋ​ខ្មែរ គាំទ្រ​សារ​នយោបាយ​របស់​លោក ប៉ះ​ចំ​ទិវា​សន្តិភាព​ពិភព​លោក លើក​ទី ៥៥ ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា​នេះ។ ក៏​ប៉ុន្តែ​ពលរដ្ឋ​ថ្លែង​ថា សារ​នយោបាយ​នេះ ប្រាស់​ចាក​ពី​ការ​ពិត ព្រោះ​បច្ចុប្បន្ន​កម្ពុជា​មាន​សុខ​សន្តិភាព​សម្រាប់​តែ មនុស្ស​មួយ​ក្រុម តូច​ប៉ុណ្ណោះ។

ក្រុម​ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​ខេត្ត​នានា បង្ហាញ​ទស្សន​ទាន​ផ្សេងៗ គ្នា តាម​បណ្ដាញ​សង្គម ឆ្លើយ​តប​ចំពោះ​សារ​នយោបាយ​របស់​លោក ហ៊ុន សែន អរគុណ​សន្តិភាព ចំ​ថ្ងៃ​ដែល​ពិភពលោក ប្រារព្ធ​ទិវា​សន្តិភាព។ ពលរដ្ឋ​ខ្លះ ហាក់​ខ្លាច​ញញើត​មិន​ហ៊ាន​សម្ដែង​មតិ​អំពី​បញ្ហា​នេះ ព្រោះ​ខ្លាច​រដ្ឋាភិបាល​ចាប់​ដាក់​គុក ឯ​ពលរដ្ឋ​ខ្លះ​ទៀត​មិន​គាំទ្រ ពាក្យ​អរគុណ​សន្តិភាព​របស់​លោក ហ៊ុន សែន នោះ​ទេ។ ពួក​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ស្នេហា​សន្តិភាព​មិន​ស្មោះ​ត្រង់​នោះ​ទេ ព្រោះ​បាន​រាំង​ខ្ទប់ និង​ចាប់​ចង​ក្រុម​យុវជន​ការពារ​បរិស្ថាន និង​រឹតត្បិត​ពលរដ្ឋ មិន​ឱ្យ​ធ្វើ​ការងារ​សង្គម​ឱ្យ​បាន​ទូលំទូលាយ ជា​ពិសេស គឺ​ធ្វើ​បាប​សកម្មជន​បក្ស​ប្រឆាំង។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ លោក វឿន វាសនា ថ្លែង​ថា សុខ​សន្តិភាព​ទទួល​បាន តែ​សម្រាប់​ក្រុម​គ្រួសារ លោក ហ៊ុន សែន និង​បក្ខ​ពួក​របស់​គាត់​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ភាគ​ច្រើន​កំពុង​រង​ទុក្ខ​វេទនា ទាំង​ចិត្ត និង​កាយ ដោយ​សារ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​បាប​រួម​មាន រំលោភ​ដីធ្លី កាប់​បំផ្លាញ​ព្រៃ​ឈើ និង​មិន​ដោះ​ស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ​ជា​ដើម។ លោក​បញ្ជាក់​ថា មើល​ពី​ខាង​ក្រៅ​ពលរដ្ឋ​ភាគ​ច្រើន បង្ហាញ​ទឹក​មុខ​ញញឹម​រីករាយ ក៏​ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ពួក​គេ បង្កប់​នូវ​ក្តី​ព្រួយ​បារម្ភ ដោយសារ ភាព​អយុត្តិធម៌​សង្គម ការ​ចាប់​ចង​យុវជន និង​សកម្មជន​នយោបាយ​ដាក់​គុក តាម​តែ​អំពើ​ចិត្ត​យ៉ាង​អយុត្តិធម៌៖ « សន្តិភាព​តែ​បក្ខពួក​ ​សង្គម​ក្រុម​គ្រួសារ​គាត់​តែប៉ុណ្ណោះ​ ​តែ​ពលរដ្ឋ​រង​ទុក្ខ​វេទនា​ ​ហូរទឹកភ្នែក​យំ​រាល់ថ្ងៃ​ដោយសារតែ​ ​មន្ត្រី​ឈូស​ឆាយ​ដី​ផ្ទះសម្បែង​របស់​គាត់​ ​គឺ​រដ្ឋាភិបាល​ ​អត់​ដែរ​បាន​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ​ ​អ៊ីចឹង​សង្គ្រាម​ផ្លូវចិត្ត​របស់​ពួកគាត់​ស្ទើរតែ​បែក​ហើយ​ ​គឺ​សន្តិភាព​ផេះ »

សារ​នយោបាយ​របស់ លោក ហ៊ុន សែន ថ្លែង​អរគុណ​ពលរដ្ឋ​ខ្មែរ បង្កប់​នូវ​មោទនភាព ក្រោម​ម្លប់​សន្តិភាព​មិន​សាបសូន្យ បូក​ផ្សំ​ទាំង​អតីតកាល បច្ចុប្បន្ន និង​អនាគត។​ លោក​ថា កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ អស់​រយៈ​ពេល ២ទសវត្សរ៍​កន្លង​មក ក្រោយ​ពី​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្គ្រាម។

យុវជន​រស់​នៅ​ខេត្ត​ស្វាយរៀង លោក ឯម សុខសុវណ្ណ យល់ថា សន្តិភាព​កើត​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ធ្វើ​គ​ថ្លង់ គាំទ្រ​រដ្ឋាភិបាល ដើម្បី​យស​តំណែង ក៏​ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ណា​ដែល​មាន​ទស្សន​ផ្ទុយ​ពី​រដ្ឋាភិបាល បាន​ភៀស​ខ្លួន​រស់​ចោល​ស្រុក ព្រាត់ប្រាស​គ្រួសារ និង​ខ្លះ​ទៀត ដេក​គុក​ជា​ដើម។ លោក​ថា ដើម្បី​ឱ្យ​កម្ពុជា មាន​សុខ​សន្តិភាព​ពិត​ប្រាកដ រដ្ឋាភិបាល ត្រូវ​តែ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ដោយ​ត្រូវ​ច្របាច់​បញ្ចូល​គ្នា គ្រប់​និន្នាការ​នយោបាយ​ទាំង​អស់ ពុំ​មែន​ដឹក​នាំ​ប្រទេស ក្នុង​របប​ឯក​បក្ស​ដូច​សព្វថ្ងៃ​នោះ​ទេ៖ « ពលរដ្ឋ​ទាំងអស់​ ​ដែល​ធ្លាប់​មាន​អ្នកតំណាង​របស់​គាត់​ ​កាលពី​ឆ្នាំ២០១៣ ពាក់​កណ្ដាល​ប្រទេស​ដែរ​ហ្នឹង​ ​អ្នកខ្លះ​រត់ចោលស្រុក​ ​អ្នកខ្លះ​ក៏​ជាប់គុក​ទៅ​ ​ដូច្នោះ​ហើយ​ ​សន្តិភាព​បានតែ​មនុស្ស​មួយ​ចំនួន។ មនុស្ស​មួយ​ចំនួន​ទៀត​ដែល​មាន​ទស្សន​ផ្ទុយ​ទៅ​ជា​អត់​ទទួល​បាន​វិញ។ វា​អត់​បាន​ទូលាយ​ទាំង​អស់​គ្នា។ អ្វី​ដែល​ចង់បាន​កាលណា​សន្តិភាព​ត្រូវ​សន្តិភាព​ចំពោះ​ពលរដ្ឋ​ទាំងអស់ មិនមែន​ផ្នែក​ណាមួយ ដែល​មាន​មតិ​ស្រប​តែខ្លួន​ឯង​ទេ »

ស្រដៀងគ្នា​នេះ ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប លោក សែម វ៉ាន់ យល់ថា កម្ពុជា​សព្វ​ថ្ងៃ​គ្មាន​សន្តិភាព​នោះ​ទេ ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។ លោក​ថា ពលរដ្ឋ​បច្ចុប្បន្ន​កំពុង​ធ្វើ​គរ​ថ្លង់ មិន​ហ៊ាន​សម្ដែង​ទស្សន​នយោបាយ ​ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច ប្រជា​ការពារ​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​តាម​ដាន និង​ធ្វើ​ទុក្ខ​បុក​ម្នេញ៖ « សព្វថ្ងៃ​អត់មាន​សន្តិភាព​ទេ​ ​សន្តិភាព​តែ​បបូរមាត់​ ​សន្តិភាព​តែ​សំបក​ក្រៅ​ទេ​ ​ប្រជាជន​បញ្ចេញមតិ​ការងារ​អី​អត់​បានទេ​។​ ​ប្រជាជន​អត់​ហ៊ាន​និយាយ​អី​ទេ​ ​ធ្វើ​តែ​គរ​ថ្លង់​ ​និង​ខ្លាច​ដោយសារ​យើង​ខ្លាច​ ​បើ​យើង​និយាយ​ ​គេ​មាន​ប្រជា​ការពារ​គេ​ ​ដើរ​ស៊ើប។

ចំណែក​ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ឆ្ងល់​ថា រដ្ឋាភិបាល​ចាត់​ទុក ពាក្យ​សន្តិភាព​សំខាន់ ក៏​ប៉ុន្តែ​ហេតុ​អ្វី​មិន​ដាក់​ទោស​ទណ្ឌ ចំពោះ​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រុករាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​អស់​រាប់​ពាន់​ហិកតារ។ លោក​ថា អ្នក​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ បែរ​ត្រូវ​មាន​ទោស និង​រង​ការ​គំរាម​កំហែង​គ្រប់​រូបភាព ឯ​អ្នក​បំផ្លាញ​ព្រៃ​ឈើ បែរ​រួច​ខ្លួន​ទៅ​វិញ៖ « សន្តិភាព​មិនមែន​អត់ទេ​មាន​ ​តែ​ពាក្យ​សន្តិភាព​មានតែ​ចង្កោម​មួយ​ផ្សេង​។​ ​បើ​គាំទ្រ​រដ្ឋាភិបាល​ទោះបីជា​កាប់​ឈើ​ហាល​វាល​ក៏​គេ​នៅតែ​គាំទ្រ។ ជាក់​ស្ដែង​ខ្ញុំ​រាល់ថ្ងៃ​ ​ខ្ញុំ​អ្នកការពារ​បែរជា​ខុស​ ​ដល់​អ្នក​កាប់​ឈើ​បែរជា​ត្រូវ​វិញ​។​ ​គេ​កំពុង​ចោទប្រកាន់​ខ្ញុំ​ខ្លាំង​ណាស់​រាល់ថ្ងៃ​ ​គេ​ថា​ ឱ្យ​តែ​ខ្ញុំ​ផ្តល់​បទ​សម្ភាស​ដល់​អាស៊ី​សេរី​ ​គេ​ចាប់​ដាក់គុក ខ្ញុំ​ថា ដាក់​អី​ក៏​ដាក់​ទៅ »

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យេង វីរៈ បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក របស់​ខ្លួន​ថា បើ​ទោះ​បី​ជា​កម្ពុជា ពុំ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ក្តី ក៏​ប៉ុន្តែ សុខ​សន្តិភាព​ពេញលេញ លុះ​ត្រាតែ​សង្គម​គោរព​សិទ្ធិ​មនុស្ស រស់​នៅ​ពុំ​មាន​ភាព​ភ័យ​ខ្លាច និង​មាន​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់ៗ រូប។ ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក៏​បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា ការ​តម្កល់​សន្តិភាព​ជា​គោល​ គួរ​តែ​បញ្ចប់​ការ​លាប​ពណ៌ ចោទ​ប្រកាន់ ចាប់ចង បញ្ឆេះ ដុតរោល និង​ជួយ​ដាស់​សតិ​ឲ្យ​ខ្មែរ​រួបរួម​គ្នា ធ្វើ​កិច្ច​ការ​ដើម្បី​ទទួល​បាន​នូវ​សន្តិភាព​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។