សាច់​ញាតិ​និង​មេធាវី​មន្ត្រី​បក្ស​ភ្លើងទៀន​រំពឹង​ថា សាលាឧទ្ធរណ៍​និង​ផ្ដល់​យុត្តិធម៌​ដល់​សាច់​ញាតិ​ពួកគេ

0:00 / 0:00

សាច់ញាតិ និង​មេធាវី​មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ជាប់ឃុំ​រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ជាប់ឃុំ​ទាំងនោះ​ដើម្បី​ទទួល​បាន​សេរីភាព​ឡើង​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សំណុំរឿង​នយោបាយ​បែបនេះ ពិបាក​រំពឹង​ថា តុលាការ​នឹង​អនុញ្ញាត​ឱ្យ​មន្ត្រី​គណបក្ស​ភ្លើងទៀន អាច​នៅ​ក្រៅ​ឃុំ​បាន​ណាស់ ខណៈ​ស្ថានការណ៍​នយោបាយ​នៅ​តានតឹង​នៅ​ឡើយ។

មេធាវី​ការពារ​ក្ដី​មន្ត្រី​គណបក្ស​ភ្លើងទៀន ត្រៀមខ្លួន​រួចហើយ ដើម្បី​ការពារ​ក្ដី ជូន​ក្ដី​របស់​ខ្លួន​នៅ​តុលាការ។ ការ​តៀម​ខ្លួន​របស់​មេធាវី​នៅ​ពេល​នេះ ខណៈ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​ជំទាស់ មន្ត្រី​គណបក្ស​ភ្លើងទៀន​បី​រូប​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា។ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​រួមមាន រួមមាន ប្រធាន​ចលនា​យុវជន​ថ្នាក់​ជាតិ​របស់​គណបក្ស​ភ្លើងទៀន លោក ខឿន វីរ៉ាត់ ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ចាម លោក តូច ថឹង និង​មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់​ទៀត អ្នកស្រី នូ សុទ្ធារី។

ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើងទៀន​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ លោកស្រី​រំពឹង​ថា តុលាការ​ដោះលែង​ប្ដី​លោកស្រី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ព្រោះ​ប្ដី​លោកស្រី មិន​បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឡើយ។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​សមត្ថកិច្ច​ចាប់ខ្លួន​ប្ដី​លោកស្រី​មក លោកស្រី​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ​តែម្នាក់ឯង។

លោកស្រី ថាច់ ចន្ធូ៖ «រដ្ឋាភិបាល​សុំ​ពឹង​ឱ្យ​គាត់​បន្ធូរបន្ថយ​ប្ដី​ខ្ញុំ​ជាមួយ​អ្នកទោស​ផ្សេងទៀត ហើយក៏​សុំ​ឱ្យ​គាត់​ដោះលែង​ប្ដី​ខ្ញុំ​នៅ​ក្រៅ​ឃុំ​អ៊ីចឹង»។

ចំណែក មេធាវី​ការពារ​ក្ដី​របស់​មន្ត្រី​គណបក្សប្រឆាំង លោក សំ សុគង់ ប្រាប់​ថា ក្រុម​មេធាវី​ត្រៀមខ្លួន​រួច​ហើយ ដើម្បី​ការពារ​នៅក្នុង​បន្ទប់​សវនាការ​របស់​សាលាឧទ្ធរណ៍។ លោក​មាន​មេធាវី​ក៏​រំពឹង​ដែរ​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ​នឹង​យុត្តិធម៌​ជូន​ដល់​កូនក្ដី​របស់​លោក។

លោក សំ សុគង់៖ «ក្នុងនាម​ជា​មេធាវី សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឱ្យ​កូនក្ដី​នៅ​ថ្ងៃស្អែក​ពួកគាត់​បាន​ប្រកាស​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​ទេ»។

សមត្ថកិច្ច​បាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​បី​នាក់ កាលពី​ថ្ងៃទី​២៤ ខែមីនា ដែល​ធ្វើឡើង​ប្រមាណ​៤​ម៉ោង​មុន​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពួកគេ ពី​បទ​ក្លែងបន្លំ​និង​ប្រើប្រាស់​លិខិត​ក្លែង​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ នឹង​ការ​ស្នើ​សុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ​កាលពី​ឆ្នាំ​២០២១ របស់​លោក សៀម ភ្លុក។ បច្ចុប្បន្ន​សំណុំ​រឿង​នេះ​មាន​អ្នក​កំពុង​ជាប់ឃុំ​ចំនួន ៤​នាក់​ហើយ ខណៈ​មនុស្ស ៨​នាក់​ភាគច្រើន​ជា​មន្ត្រី​បក្ស​ភ្លើងទៀន​កំពុង​គេចខ្លួន។

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត ឃើញ ថា តុលាការ​បាន​យក​ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​របស់​អ្នកនយោបាយ​បក្ស​ប្រឆាំង ធ្វើជា​ដើមទង​នៃ​ការ​ចោទប្រកាន់។ សង្គម​ស៊ីវិល​រូប​នេះ កត់សម្គាល់​ទៀត​ថា សំណុំរឿង​ភាគច្រើន​របស់​សកម្មជន​ប្រឆាំង បើ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បែប​​ណា​ហើយ សាលាឧទ្ធរណ៍​ក៏​តែងតែ​សម្រេច​បែប​នោះ​ដែរ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​យល់​ថា ពិបាក​នឹង​ថា មាន​ភាព​វិជ្ជមាន​ណាស់ ប៉ុន្តែ​យ៉ាងណា យើង​នៅ​តាម​ដាន​ទាំងអស់គ្នា​មើល​ថា តើ​ការ​ដេញដោល​នៅក្នុង​សាលាឧទ្ធរណ៍​ហ្នឹង​គេ​ផ្ដល់​សិទ្ធិ​ផ្ដល់​ឱកាស សកម្មជន​ទាំងអស់​ហ្នឹង​គាត់​បាន​លើកឡើង​អ្វី​ជា​រឿងរ៉ាវ របស់​ពួកគាត់​ទៅដល់​តុលាការ​អ្វី​ដែល​ជា​ការ​យល់ឃើញ ឬក៏​សកម្មភាព​របស់​ពួកគាត់​ភស្តុតាង​ផ្សេងៗ​ដើម្បី​ដោះ​បន្ទុក​គាត់»។

អង្គការ​លីកាដូឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែវិច្ឆិកា មាន​អ្នក​ទោស​នយោបាយ​ចំនួន​៣៨​នាក់​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ដោយ​អយុត្តិធម៌​។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស រិះគន់​ថា សំណុំរឿង​នយោបាយ បើ​ស្ថានភាព​នយោបាយ​នៅតែ​មាន​សភាព​តានតឹង​ដូច​សព្វថ្ងៃ​នេះ សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ពិបាក​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់​។ ទោះ​យ៉ាងណា សហគមន៍​អន្តរជាតិ បាន​រំលឹក​ទៅ​រដ្ឋាភិបាល​ជា​ញឹកញាប់​ឱ្យ​ផ្ដល់​សេរីភាព​ដល់​អ្នក​ទោស​នយោបាយ​ទាំងនោះ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ តែ​រដ្ឋាភិបាល​មិនទាន់​ធ្វើតាម​សំណើ​នោះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។