ពេញមួយឆ្នាំ២០២២ ដែលជិតនឹងឆ្លងផុតនៅប៉ុន្មានថ្ងៃខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តជាប់ឈ្មោះជាមេដឹកនាំ ដែលបានគាស់រំលើងប្រជាធិបតេយ្យ និងរំលោភបំពានសិទ្ធិពលរដ្ឋ។
ស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែមិនអាចវិលទៅរកស្ថានភាពប្រសើរបាន បើទោះបីជាបណ្ដាសហគមន៍អន្តរជាតិ មេដឹកនាំប្រទេសប្រជាធិបតេយ្យ បាន លើកឡើងពីបញ្ហានេះនៅចំពោះមុខ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតកាលរបស់បក្សកាន់អំណាច ឬនៅចំពោះមុខ លោក ហ៊ុន សែន ក្ដី។
តើស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានឹងប្រែប្រួលយ៉ាងណានៅក្នុងឆ្នាំ២០២៣ខាងមុខ នៅពេលកម្ពុជារៀបចំការបោះឆ្នោតជាតិនីតិកាលទី៧? តើបណ្ដាប្រទេសប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិរំពឹងយ៉ាងណាពីការបោះឆ្នោតនេះ?
មកដល់ចុងឆ្នាំ២០២២នេះ សហភាពអឺរ៉ុបនៅតែដាក់លក្ខខណ្ឌ ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន កែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣។
តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ លោក ចូសេហ្វ បូរ៉ែល (Josep Borell Fontelles) កាលពីថ្ងៃទី១៥ ខែធ្នូបានលើកឡើងចំពោះមុខ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន នៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) ពីលទ្ធភាពកម្ពុជាអាចទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពេញលេញឡើងវិញ។ នោះគឺគ្មានអ្វីក្រៅពីការបើកលំហសេរីភាពនយោបាយសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ឡើយ។
នេះមិនមែនជាលើកទី១ទេ ដែលសហភាពអឺរ៉ុបដាក់លក្ខខណ្ឌឱ្យកម្ពុជា កាលពីខែឧសភា សភាអឺរ៉ុបបានឱ្យសមាជិកសភាតាមដានដំណើរការបោះឆ្នោតនៅកម្ពុជា ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតនៅឆ្នាំ២០២៣ និងថា ប្រសិនបើមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ សភាអឺរ៉ុបនឹងស្នើឱ្យលុបចោលប្រពន្ធ័អនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជាតែម្ដង។
មិនខុសគ្នានេះគឺនៅលើទឹកដីអឺរ៉ុបដែរ ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) នៅចំពោះមុខលោក ហ៊ុន សែន បានលើកឡើងពីការចង់ឃើញដំណើរការបោះឆ្នោត តាមបែបប្រជាធិបតេយ្យដែរ។
លោក អេម៉ានុអែល ម៉ាក្រុង៖ «នៅក្នុងការបន្តសកម្មភាពរួមគ្នា យើងបានជជែកផងដែរពីការលុបបំបាត់ការកាត់ទោសប្រហារជីវិតនិងប្រយុទ្ធប្រឆាំងអំពើនិទ្ទណ្ឌភាព។ នៅមុនពេលព្រឹត្តិការណ៍ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ប្រទេសបារាំងនឹងបន្តជំហរជួយជ្រោមជ្រែងកម្ពុជាក្នុងការត្រៀមខ្លួនឱ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងមានតម្លាភាព សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ»។
ការលើកឡើងទាំងនេះគឺនៅ ១ខែ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) បានលើកឡើងដូចគ្នានៅក្នុងជំនួបជាមួយ លោក ហ៊ុន សែន ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។
សេចក្ដីថ្លែងការណ៍ចេញដោយភាគីអាមេរិកពីជំនួបនោះបញ្ជាក់ថាលោក បៃឌិន អំពាវនាវឱ្យអាជ្ញាធរដោះលែងអ្នកទោសមនសិការ ជាពិសេស កញ្ញា សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិកាំង និងបើកលំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣។
ក្នុងពេលជាមួយគ្នានោះនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ក៏បានលើកឡើងចំពោះមុខ លោក ហ៊ុន សែន ដែរថា ចង់ឃើញការបោះឆ្នោតនៅកម្ពុជានៅក្នុងឆ្នាំ២០២៣ ខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ពលរដ្ឋកម្ពុជា។
ក្នុងចំណោមការទាមទារទាំងនេះលោក ហ៊ុន សែន ផ្ដល់ចម្លើយសមរម្យតែមួយគត់ គឺលោកឆ្លើយទៅលោក គីស៊ីដា ថា នឹងប្រឹងប្រែងធានាឱ្យការបោះឆ្នោតនៅឆ្នាំក្រោយនោះ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ចំណែកនៅលើទឹកដីអឺរ៉ុបកាលពីថ្ងៃទី១៣ខែធ្នូ ថា លោក ហ៊ុន សែន អះអាងថាកម្ពុជា មិនអាចយកឯករាជ្យ អធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយនោះទេ។
លោក ហ៊ុន សែន៖ «ខ្ញុំម៉ោអឺរ៉ុបនេះខ្ញុំអត់មាន ខ្ញុំបានដាក់បម្រាមអត់ឱ្យមន្ត្រីរបស់ខ្ញុំសុំអីនរណាត្រឡប់មកវិញភាពអនុគ្រោះណា ទេ។ ខ្ញុំបាននិយាយហើយថា ខ្ញុំមិនអាចយកឯករាជ្យអធិបតេយ្យទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់ អ្នកឯងចង់ឱ្យៗ»។
សម្រាប់ប្រទេសជប៉ុន ក្រុមមេដឹកនាំប្រទេសនេះមិនបញ្ឈប់បង្ហាញបំណងប្រាថ្នារបស់គេត្រឹមលោក ហ៊ុន សែន ទេ។ គេបានលើកបញ្ហានេះនៅចំពោះមុខកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតរបស់គណបក្សប្រជាជននោះថែមទៀត។
តួយ៉ាងកាលពីពាក់កណ្ដាលខែកុម្ភៈ រដ្ឋមន្ត្រីកាបរទេសជប៉ុនលោក ហាយ៉ាស៊ី យូស៊ីម៉ាសា (Hayashi Yoshimasa) បានប្រាប់លោក ហ៊ុន ម៉ាណែត ថា ជប៉ុនមានគោលបំណងជួយជំរុញប្រជាធិបតេយ្យកម្ពុជា តាមរយៈការបោះឆ្នោតរួមទាំងការបោះឆ្នោតឆ្នាំក្រោយ ដែលតំណាងឱ្យសំឡេងចម្រុះរបស់ពលរដ្ឋ និងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣។ គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតរយៈពេល ៣០ឆ្នាំមកហើយ។ ៣០ឆ្នាំក្រោយការបោះឆ្នោតលើកទី១ កាលពីឆ្នាំ១៩៩៣ លោក ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី ហើយក៏នៅតែមានឥទ្ធិពលលើដំណើការបោះឆ្នោតដដែល តាមរយៈការប្រើអំណាចជាបុរសខ្លាំង ការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ការរិតត្បិតសេរីភាពពលរដ្ឋ និងរម្លាយដៃគូប្រកួតប្រជែងនយោបាយ។
អ្នកឃ្លាំមើលការបោះឆ្នោតមើលឃើញថាឥទ្ធិពលរបស់លោក ហ៊ុន សែន ដែលមិនប្រែប្រួល ឬមិនមានការបើចំហរសម្រាប់ដំណើរការប្រជាធិបតេយ្យពិតប្រាកដនេះ នឹងនាំឱ្យការបោះឆ្នោតនៅឆ្នាំខាងមុខនេះគឺនៅតែមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌។
ទីប្រឹក្សាអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មើលឃើញថា ដើម្បីការពារអំណាច ឬរក្សាអំណាចតវង្សត្រកូល លោក ហ៊ុន សែន មិនអាចបន្ធូរបន្ថយឱ្យមានបក្សប្រឆាំងមួយពេញលេញឡើយ ពោលគឺលោកមិនឱ្យប្រវត្តិសាស្ត្របោះឆ្នោតឆ្នាំ១៩៩៣ និងឆ្នាំ២០១៧ ជាន់ដានម្ដងទៀតឡើយ។
លោក គល់ បញ្ញា៖ «អាចបានដូចជាទម្រង់ការបោះឆ្នោត ឆ្នាំ២០២២ ដែលរដ្ឋាភិបាលចង់បង្ហាញរូបភាពបែបហ្នឹង។តាមពិតគាត់ចង់បានរូបភាពឱ្យគេទទួលស្គាល់ការបោះឆ្នោតហ្នឹងដែរ ប៉ុន្តែក៏មិនចង់ឱ្យមានការ្រកួតប្រជែងការបោះឆ្នោតមួយមានការចូលរួមពីគណបក្សប្រឆាំង»។
គណបក្សនយោបាយចំនួន១៧ បានចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ មានក្នុងនោះមានគណបក្សភ្លើងទៀន ដែលមានប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាស្ថាបនិកចូលរួមដែរ។ ប៉ុន្តែការបោះឆ្នោតនេះរងការរិះគន់ថា មិនបានអនុវត្តបានកម្រិតអប្បរមានៃការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដឡើយ។
អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប មានបទពិសោធរៀបចំការបោះឆ្នោត ដោយត្រឹមត្រូវនឹងយុត្តធម៌រួចមកហើយ។ លោកថា នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ គ.ជ.ប ប្រឹងប្រែងរៀបចំការបោះឆ្នោតឱ្យកាន់តែល្អ។
លោក ហង្ស ពុទ្ធា៖ «គ.ជ.ប ទី១គឺពង្រឹងនូវសកម្មភាពនឹងភាពត្រឹមត្រូវនឹងអព្យាក្រឹត្ររបស់ខ្លួន។ ទី២ ស្វាគមន៍ទទួលយកមតិទាំងឡាយណា ដែលធ្វើឱ្យដំណើរការបោះឆ្នោតមានការរីកចំរើន»។
មិនខុសគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ដដែលៗថា អាជ្ញាធររដ្ឋាភិបាល រួមទាំង គ.ជ.ប ផង តែងអនុវត្តតាមច្បាប់។
លោក ផៃ ស៊ីផាន៖ «មិនដឹងជាយើងត្រូវលុបច្បាប់ចោលទាំងអស់ទៅយកច្បាប់ដែលជាការចង្អុលបង្ហាញទាំងអស់ពីបរទេស។ នេះយើងពិបាកនឹងឆ្លើយ ពិបាកនឹងសួរខ្លួនឯង ពីព្រោះអ្វីដែលជាប្រទេសមួយយើងត្រូវតែរៀនធ្វើពង្រឹងនូវការអនុវត្តតាមច្បាប់ ដែលយើងមាន»។
ទាក់ទងនឹងការបោះឆ្នោតនេះ ក្រុមអង្គការសង្គមស៊ីវិលស្នើនូវលក្ខខណ្ឌអប្បរមាចំនួន៦ចំណុចសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ដែលរួមមាន បរិយាកាសនយោបាយដោយសេរី សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ការការពារឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត ឯករាជ្យរបស់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កងកម្លាំងប្រដាប់អាវុធ និងតុលាការឯករាជ្យ និងអព្យាក្រឹត្យ តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ក្នុងរឿងនេះដែរអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាកាលពីខែវិច្ឆិកា ក៏អំពាវនាវឱ្យធានាសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិនៅមុនការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះដែរ។
ដូច្នេះមកដល់ពេលនេះស្ទើរគ្រប់ភាគីទាំងអស់ចាប់តាំងពីអង្គការបោះឆ្នោតក្នុងស្រុក អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសប្រជាធិបតេយ្យចង់ឱ្យកម្ពុជាបង្ហាញពីឆន្ទៈពិតប្រាកដឱ្យការបោះឆ្នោតនៅឆ្នាំក្រោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងរក្សាការពារសិទ្ធិពលរដ្ឋ។
ទាក់ទងនឹងរឿងនេះ អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា មើលឃើញថា កម្ពុជានឹងរងទណ្ឌកម្មពីបណ្ដាប្រទេសដែលចេញមុខទាមទារឱ្យកម្ពុជាធានាការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ នៅក្រោយការបោះឆ្នោត។
លោក វណ្ណ ប៊ុនណា៖ «ធ្វើឱ្យកម្ពុជាបាត់បង់ទីផ្សារ សម្រាប់ការនាំចេញដែលវាមានតម្លៃពន្ធខ្លាំង ពិបាកប្រកួតប្រជែង អីចឹងបាត់បង់ផ្នែកសេដ្ឋកិច្ច។ មួយទៀតទាក់ទងនឹងនយោបាយគឺធ្វើឱ្យពលរដ្ឋរងភាពអយុត្តិធម៌ដែលជាបញ្ហាចាក់ស្រែះក្នុងសង្គមទៅថ្ងៃអនាគត»។
លោក វណ្ណ ប៊ុនណា យល់ថា គណបក្សកាន់អំណាច ដែលក្ដោបក្ដាប់អំណាចពេញដៃហើយនោះគួរតែបន្ធូរបន្ថយខ្លះឱ្យគណបក្សប្រឆាំងបានចូលរួមពេញលេញនៅក្នុងការបោះឆ្នោតខាងមុខ។
សម្រាប់លោក គល់ បញ្ញា វិញលោកថា ប្រសិនបើគណបក្សកាន់អំណាចនៅប្រកាន់ជំហរមិនងាកមកអនុវត្តប្រជាធិបតេយ្យ គឺមានតែកម្លាំងពលរដ្ឋទេ ដែលមានឥទ្ធិពលទាមទារសិទ្ធិសេរីភាពពីអ្នកនយោបាយ។
លោក វណ្ណ ប៊ុនណា៖ «វាមានការប្រឈមច្រើនដូចជាការគំរាមកំហែងប៉ុន្តែរឿងតួនាទីនៃការចូលរួមសកម្មរបស់ពលរដ្ឋគឺសំខាន់។ បើយើងមើលពិសោធន៍នៅប្រទេសណាក៏ដូចប្រទេសណាដែរ គឺកត្តាប្រជាពលរដ្ឋនេះសំខាន់ណាសដែលត្រូវតែចូលរួមយ៉ាងសកម្មតស៊ូមតិ»។
បើទោះជាយ៉ាងណាមកដល់ពេលនេះលោក ហ៊ុន សែន នៅតែមិនញញើតនឹងបំបិទសំឡេងពលរដ្ឋដែរ។ ជាអាទិ៍លោកបានបញ្ជាឱ្យក្រុមបាតដៃទី៣ ទៅថតរូបអ្នកចូលរួមបាតុកម្មប្រឆាំងលោកនៅលើទឹកដីអឺរ៉ុប ដែលជាទឹកដីនៃសេរីភាព។ ចំណែកស្ថានភាពនយោបាយវិញក៏មិនធូរស្រាលដែរ ប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ត្រូវតុលាការកាត់ក្តីពីបទត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដែលនឹងប្រកាសសាលក្រមនៅថ្ងៃទី៣ ខែមីនា ដែលកៀកនឹងថ្ងៃបោះឆ្នោត ស្របពេលដែលមេដឹកនាំបក្សប្រឆាំងដទៃទៀតរួមទាំងលោក សម រង្ស៊ី ជាប់បណ្ដឹងស្អេកស្កះនៅតុលាការ និងភៀសខ្លួននៅក្រៅប្រទេស។ ជាមួយគ្នានេះអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ក៏តុលាការកាត់ឱ្យចាញ់ក្ដីក្នុងសំណុំរឿងបរិហាកេរ្តិ៍ ដោយត្រូវសងជំងឺចិត្តជិត ១លានដុល្លារទៅឱ្យគណបក្សកាន់អំណាចនិង គ.ជ.ប ហើយប្រឈមនឹងតុលាការរឹបអូសដីធ្លីផ្ទះសម្បែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។