ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នក​នាង​គួរ​អាន​នៅ​ថ្ងៃសុក្រ​នេះ

មេធាវី​លោក កឹម សុខា ទាមទារ​តុលាការ​ឱ្យ​កោះហៅ​សាក្សី​ដែល​ជា​សមត្ថកិច្ច​ចាប់​ខ្លូន​លោក កឹម សុខា មក​បំភ្លឺ

ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ប៉ះ​ពាក្យ​សម្ដី ជាមួយ​តំណាង​អយ្យការ​នៅ​ក្នុង​បន្ទប់​សវនាការ ក្នុង​រឿង​ទាមទារ​ឱ្យ​តុលាការ​កោះហៅ​សាក្សី​ដែល​ជា​សមត្ថកិច្ច​ដែល​ចុះ​ចាប់​ខ្លួន​លោក​ កឹម សុខា កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ​មក​បំភ្លឺ ប៉ុន្តែ​តំណាង​អយ្យការ​បដិសេធ​មិន​ព្រម​ឱ្យ​តុលាការ​កោះ​ហៅ​សាក្សី​ជា​នោះ​មក​បំភ្លឺ​ទេ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ ក្នុង​សវនាការ​លើក​ទី៦១ ដែល​តុលាការ​បាន​កោះហៅ​សាក្សី​មួយ​ចំនួន​មក​បំភ្លឺ ទាក់ទង​ការ​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​រៀន​វគ្គ​ខ្លី​នៅ​ក្រៅ​ប្រទេស កាល​ពី​ឆ្នាំ២០១៦។

kemsokha131022.jpeg
លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ពេល​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អានព័ត៌មាន​ពិស្ដារ...Opens in new window ]

ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ នៅ​តែ​មិន​ទាន់​មាន​ការងារ​ធ្វើ​ទៀង​ទាត់

ពលករ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ នៅ​តែ​មិន​ទាន់​មាន​ការងារ​ធ្វើ​ឲ្យ​បាន​ទៀងទាត់​នៅ​ឡើយ​ទេ ហើយ​ពួក​គាត់​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ដោយសារ​ទំនិញ​ឡើង​ថ្លៃ​គ្រប់មុខ។ ពួក​គាត់​ថា ទោះ​ជា​ពួក​គាត់​មាន​ការងារ​ធ្វើ​ខ្លះ​ក៏​ដោយ ក៏​វា​គ្រាន់តែ​ជា​ការងារ​បណ្ដោះអាសន្ន សម្រាប់​ដោះ​ស្រាយ​រក​អង្ករ​ច្រក​ឆ្នាំង​មួយ​គ្រា​តែ​ប៉ុណ្ណោះ។

migration_thai-workers_180722.jpeg
ឡាន​មន្ត្រី​ពន្ធនាគារ​ដឹក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ដែល​កំពុង​ជាប់​ឃុំ មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ រូបពីពលរដ្ឋ

អាន​ព័ត៌មាន​ពិស្ដារ...Opens in new window ]

សិស្សសាលា២នាក់ស្លាប់ក្នុងចំណោមមនុស្សប្រមាណជាង១០នាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកដ​នៅ​ស្រុកលើកដែក ខេត្តកណ្តាល

សិស្សសាលា ២នាក់ស្លាប់ក្នុងចំណោមមនុស្សប្រមាណជាង ១០នាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកដ នៅស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ តុលា។

ស្នងការ​ខេត្តកណ្តាល លោក ឈឿន សុចិត្ត ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ តុលាថា ទូកដនោះប្រភេទទូកដខ្នាតតូចសម្រាប់ចម្លងអ្នកភូមិ បានលិចនៅម៉ោងប្រមាណ៧យប់បណ្តាលឲ្យបាត់ខ្លួនមនុស្សប្រមាណពី១៤ ទៅ១៥ នាក់ ក្នុងនោះមានទាំងអ្នកបើកទូកដ អ្នកភូមិ និងកូនសិស្សសាលា។

លោកស្នងការឲ្យដឹងទៀតថា គិតត្រឹមម៉ោង១១អាធ្រាតុថ្ងៃដដែលនេះ កងកម្លាំងសមត្ថកិច្ច និងពលរដ្ឋ បានរកឃើញ៤នាក់ក្នុងនោះស្លាប់២នាក់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​បង្អែក។

លោក ឈឿន សុចិត្ត អះអាងថា តាមការសន្និដ្ឋានបឋមថា ទូកដ ដែលលិចនោះដោយសារដឹកលើសចំណុះ។

sink-kandal.JPG
សកម្មភាព​អាជ្ញាធរ​ចុះសង្គ្រោះ​អ្នកជិះទូកដ ដែលបានលិច នៅស្រុក​លើកដែក ខេត្ត​កណ្ដាល កាលពីយប់ថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​ស្នងការខេត្ត​កណ្ដាល (Vadhna Vey)

អាន​ព័ត៌មាន​ពិស្ដារ...

ពលរដ្ឋរងគ្រោះទឹកជំនន់ជាង២ពាន់គ្រួសារនៅខេត្តបាត់ដំបង ខ្វះទីជម្រកនិងស្បៀងអាហារ

នៅខេត្តបាត់ដំបងឯណោះវិញ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារនៅស្រុកឯកភ្នំ កំពុងរងគ្រោះដោយសារទឹកជំនន់ បាត់បង់ទីជម្រក ខ្វះខាតស្បៀងអាហារ និងប្រឈមគ្រោះថ្នាក់ដល់ជីវិត។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋបាលខេត្តគួរផ្ដល់ជំនួយឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះ និងសិក្សាទៅលើហានិភ័យនៅពេលបើកទំនប់ទឹកឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់អ្នករស់នៅតំបន់ក្រោមទំនប់។

អាន​ព័ត៌មាន​ពិស្ដារ...

ពលរដ្ឋជិត១០០គ្រួសារនៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបងបារម្ភបាក់ច្រាំងស្ទឹងប៉ះពាល់ផ្ទះពួកគេ


ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់នៅតាមដងស្ទឹងសង្កែ ខេត្ត​បាត់ដំបង កំពុងបារម្ភពីការបាក់ច្រាំង ដែលបន្តកើតមានជារៀងរាល់ឆ្នាំនៅពេលមានទឹកជំនន់ឡើងខ្លាំងម្ដងៗ។
ពលរដ្ឋត្អូញត្អែរថា អាជ្ញាធរពាក់ព័ន្ធហាក់មិនអើពើដោះស្រាយឱ្យបានត្រឹមត្រូវដែលជាហេតុធ្វើឱ្យផ្លូវ និងផ្ទះរបស់ពលរដ្ឋមួយចំនួននៅតាមដងស្ទឹង បន្តបាក់ស្រុត។

អាន​ព័ត៌មាន​ពិស្ដារ...

គណបក្សភ្លើងទៀនខេត្តប៉ៃលិន ដាក់លិខិតទៅអាជ្ញាធរខេត្តនេះឱ្យជួយ អន្តរាគមន៍ រឿងក្រុមប្រឹក្សាជាប់ឆ្នោតគ្មានការងារធ្វើ

ពាក់ព័ន្ធនឹងការងារក្រុមប្រឹក្សាឃុំសង្កាត់វិញ គណបក្សភ្លើងទៀនខេត្តប៉ៃលិន ដាក់លិខិតទៅអាជ្ញាធរខេត្តនេះឱ្យជួយអន្តរាគមន៍ ដែលក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សខ្លួន៥នាក់ គ្មានការងារធ្វើ។

មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា បញ្ហានេះកើតឡើងនៅតាមតំបន់មួយចំនួន ដោយសារអាជ្ញាធររើសអើងនយោបាយ ប៉ុន្តែមានកន្លែងមួយចំនួន មានការបែងចែកការងារគ្នាធ្វើស្របទៅតាមច្បាប់។

អាន​ព័ត៌មាន​ពិស្ដារ...

ក្រុមអ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថាបណ្ដោយឱ្យអន្តោប្រវេសន្តខុសច្បាប់ចូលកម្ពុជាតាមអំពើចិត្ត

ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា បរាជ័យក្នុងការអនុវត្តច្បាប់លើជនបរទេស។ ពួកគេលើកឡើងថា ការបណ្តែតបណ្តោយឲ្យជនអន្តោប្រវេសន្តខុសច្បាប់ចូលកម្ពុជាតាមអំពើចិត្ត អាចនាំឲ្យកម្ពុជាបាត់បង់អធិបតេយ្យជាតិកម្ពុជា។

អាន​ព័ត៌មាន​ពិស្ដារ...