សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​សវនាការ​លើ​សកម្មជន​គណបក្ស​ប្រឆាំង ៣៩នាក់ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់

ដោយ យ៉ង ចាន់តារា
2022.10.13
Share on WhatsApp
Share on WhatsApp
សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​សវនាការ​លើ​សកម្មជន​គណបក្ស​ប្រឆាំង ៣៩នាក់ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ឡាន​មន្ត្រី​ពន្ធនាគារ​ដឹក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ដែល​កំពុង​ជាប់​ឃុំ មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។
រូបពីពលរដ្ឋ

តុលាការ​ក្រុង​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៣៩នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែតុលា។ សវនាការ​លើក​ទី៤ នេះ ចៅក្រម​បាន​សួរ​ដេញ​ដោល​អំពី​បញ្ហា​ផ្ទាល់​ខ្លួន ជា​ជាង​សួរ​ផ្ដោត​ទៅ​លើ​សំណុំ​រឿង។

មន្ត្រី​ពន្ធនាគារ​បាន​ដឹក​សកម្មជន​គណបក្ស​ប្រឆាំង​តែ ៣នាក់ ឱ្យ​ចូល​រួម​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​បទ​ចោទ រួម​គំនិត​ក្បត់ និង​ញុះញង់ ប្រឆាំង​ទៅ​នឹង​សកម្មជន​គណបក្ស​ប្រឆាំង​សរុប​៣៩នាក់ នា​ព្រឹក​ថ្ងៃ​ទី១៣ ខែតុលា។ សកម្មជន​ទាំង​នោះ​រួម​មាន លោក វឿង សំណាង លោក ខាន់ ប៊ុនផេង និង​លោក គង់ ម៉ាស់ ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​ព្រៃ​ស "ម១" នៅ​ក្នុង​រាជធានី​ភ្នំពេញ។ចៅ​ក្រម​ជំនុំ​ជម្រះ​រឿង​នេះ គឺ​អ្នក​ស្រី អ៊ុក រ៉េតគន្ធា បាន​ចោទ​សួរ​តែ​លោក វឿង សំណាង ម្នាក់​ប៉ុណ្ណោះ ហើយ​ព្រះរាជ​អាជ្ញា​រង លោក សេង ហៀង ក៏​បាន​បញ្ចូល​ដីកា​សន្និដ្ឋាន​រឿង​បន្ថែម​ទាក់ទង​ទៅ​នឹង​បទ​ចោទ​ទៅ​លើ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ម្នាក់ (South Korea) គឺ​លោក សុខ ស៊ីឡូត ហៅ សង្ហា ភ្ជាប់​ជា​មួយ​ផែនការ​វិល​ចូល​ស្រុក​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង លោក សំ សុខគង់ យល់​ឃើញ​ថា ការ​សួរ​ដេញ​ដោល​ទៅ​លើ​កូន​ក្ដី​របស់​លោក មិន​មាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​បទ​ចោទ​ប្រកាន់​ឡើយ។ លោក បន្ថែម​ថា ការ​ភ្ជាប់​អង្គហេតុ​សំណុំ​រឿង​គម្រោង​វិល​ចូល​ស្រុក​របស់​លោក សម រង្សី ក្នុង​ឆ្នាំ២០១៩ ជា​មួយ​នឹង​សំណុំ​រឿង​គ្រោង​វិល​ចូល​ស្រុក​របស់​អ្នកស្រី មូរ សុខហួរ នៅ​ដើម​ឆ្នាំ២០២០ នោះ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​តាម​អង្គហេតុ និង​អង្គ​ច្បាប់​នោះ​ទេ៖ «រឿង​ហ្នឹង​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​រួច​ហើយ ហើយ​សិន​ជា​យក​អង្គហេតុ (ឆ្នាំ) ២០១៩ មក​បូក​ជា​មួយ​ហ្នឹង​អង្គហេតុ (ឆ្នាំ) ២០២០ នៃ​ឆ្នាំ​ផ្សេង​ហ្នឹង​គឺ​ជា អង្គហេតុ​មួយ​អត់​ត្រឹម​ត្រូវ ហើយ​ទី​មួយ វា​អាច​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​ហៅ​ថា អាជ្ញា​អស់​ជំនុំ ដោយ​សារ​សំណុំ​រឿង​ហ្នឹង​ត្រូវ​បាន​កាត់​ម្ដង​រួច​ទៅ​ហើយ»

ចំណែក ប្រពន្ធ​សកម្ម​ជន​គណបក្ស​ប្រឆាំង លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ដែល​បាន​ចូលរួម​ក្នុង​សវនា​នេះ​ដែរ យល់​ឃើញ​ថា អង្គ​សវនាការ​លើក​ទី៤ នេះ ក៏​មិន​ខុស​ពី​អង្គ​សវនាការ​មុន​ៗ​នោះ​ដែរ ដោយ​ចៅ​ក្រម​បាន​សួរ​រឿង​ដដែល​ៗ ទាក់​ទង​ទៅ​នឹង​ការ​បង្ហោះ​ហ្វេសប៊ុក​របស់​បុគ្គល​នៅ​ក្រៅ​ប្រទេស ហើយ​ចៅក្រម​អាន​តែ​អំពី​ខ្លឹមសារ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​មាន​បំណង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​សារ​ចុះ​សារ​ឡើង ដែល​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្ដី​របស់​លោកស្រី និង​សកម្មជន​នយោបាយ​ក្នុង​ស្រុក​ឡើយ។ លោក​ស្រី​បន្ថែម​ថា ការ​ចោទ​ប្រកាន់​លើ​ប្ដី​របស់​លោក​ស្រី​ពី​បទ រួម​គំនិត​ក្បត់​នេះ គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ព្រោះ​ប្ដី​របស់​លោក​ស្រី ទើប​តែ​មាន​សេរីភាព​ពី​ការ​ឃុំ​ខ្លួន​ត្រឹម​តែ​៤ខែ​ប៉ុណ្ណោះ ហើយ​តុលាការ​ក៏​គ្មាន​ភស្តុតាង​ជាក់​លាក់ ដើម្បី​មក​បញ្ជាក់​ថា ប្ដី​របស់​លោក​ស្រី​បាន​គៀង​គរ​មនុស្ស​ឱ្យ​មក​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែរ៖ «ចូល​ទៅ​ស្ដាប់ ដូច​ថា វា​អត់​ជាក់​លាក់​ថា គួរ​តែ​ខ្ញុំ​និយាយ​ពី​កន្លែង​ណា ព្រោះ​អី​ការ​កាត់​រឿង​គាត់​ហ្នឹង គឺ​គាត់​សួរ​ហ្នឹង សួរ​តែ​រឿង ដែល​អ្នក​នៅ​ក្រៅ​ប្រទេស»

ទាក់ទង​នឹង​រឿង​នេះ មន្ត្រី​សមាគម​សិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត ដែល​បាន​ចូលរួម​សង្កេត សវនាការ​នេះ យល់​ឃើញ​ថា ចៅក្រម​បាន​សួរ​ដេញ​ដោល​អំពី​បញ្ហា​ផ្ទាល់​ខ្លួន​របស់ លោក វឿង សំណាង ច្រើន​ជាង សួរ​សំណួរ​ដាក់​បន្ទុក​ទៅ​លើ​សំណុំ​រឿង​ដែល​បាន​ចោទ​ប្រកាន់។ លោក​បន្ត​ថា ចៅក្រម​ហាក់​គ្មាន​ភស្តុតាង​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ឱ្យ​រឹង​មាំ​ឡើយ៖ «យើង​ស្នើ​សុំ​ដោយ​ទទូច ឱ្យ​អ្នក​នយោបាយ​គួរ​មាន​ភាព​ចាស់​ទុំ ហើយ​ហ្នឹង​ចូល​តុ​ចរចា​គ្នា ដើម្បី​លើក​មុខ​លើក​មាត់​ប្រទេស​កម្ពុជា ដែល​គេ​ហៅ​ថា ប្រទេស​ដែល​មាន​សន្តិភាព​គ្រប់​ទិសទី។ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ជាប់​គុក»

នៅ​ក្នុង​ចំណោម​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ៣៩នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​នេះ តុលាការ​ក៏​បាន​ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដូច​ជា លោក សម រង្សី អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ជា​ដើម។ ចំណែក​សកម្មជន​ផ្សេង​ៗ​ទៀត​ដែល​រង​បទ​ចោទ​ជា​មួយ​គ្នា​នេះ ពួក​គេ ភាគ​ច្រើន​កំពុង​តែ​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

សំណុំ​រឿង​នេះ​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំ​មើល​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា និង​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​ពី​ក្រុម​សមត្ថកិច្ច​នៅ​ជុំវិញ​បរិវេណ​តុលាការ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​នេះ​ទៀត នៅ​ថ្ងៃ​ទី២០ ខែ​តុលា​ខាង​មុខ ដោយ​នឹង​សាក​សួរ​សាក្សី​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។