១ . សមត្ថកិច្ចបន្តប្រើហិង្សាលើកូដករណាហ្គវើលដ៍ធ្វើឱ្យកម្មករម្នាក់សន្លប់ និងរបួសច្រើននាក់
ក្រុមកូដករណាហ្គាវើលដ៍ភាគច្រើនជានារី បានទទួលរងអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខរបស់កាស៊ីណូយ៉ាងដំណំ បណ្ដាលឱ្យមានអ្នករងបួស និងសន្លប់។ ពួកគាត់ចាត់ទុកករណីនេះ ជាទង្វើអមនុស្សធម៌ ដែលបន្ថែមពីលើការរំលោភសិទ្ធិការងាររបស់ម្ចាស់ក្រុមហ៊ុនបនល្បែងមួយនេះ។ មន្ត្រីសង្គមស៊ីវិលថា ក្រុមហ៊ុនណាហ្គាវើលដ៍គួរទទួលយកបុគ្គលិកចាស់ឱ្យចូលធ្វើការវិញ ដើម្បីបញ្ចប់ការធ្វើកូដកម្ម និងការចោទប្រកាន់ថាក្រុមហ៊ុនមួយនេះមានបំណងរើសអើងសហជីព។

២ . រដ្ឋាភិបាលថាមិនបានបញ្ជូនពលរដ្ឋខ្មែរឲ្យទៅធ្វើការនេសាទនៅសមុទ្រថៃទេ
រដ្ឋាភិបាលថា កម្ពុជាមិនបានចុះអនុសញ្ញាការងារជាមួយថៃ ដើម្បីបញ្ជូនពលករខ្មែរ ឲ្យទៅធ្វើការងារនេសាទនៅក្នុងសមុទ្រថៃទេ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមើលឃើញថា នៅតែមានពលករខ្មែរចុះទូកនេសាទច្រើន ហើយអ្នកខ្លះចាញ់បោកឈ្មួញជួញដូរមនុស្សទៅលក់ឲ្យថៅកែថៃ។

៣ . តុលាការខ្មែរក្រហម គ្រោងប្រកាសសាលដីកាប្តឹងសាទុក្ខក្នុងសំណុំរឿង០០២ / ០២ របស់ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខ
អង្គជំនុំជម្រះតុលាការកំពូលនៃតុលាការខ្មែរក្រហម (អ.វ.ត.ក) គ្រោងប្រកាសសាលដីកាក្នុងសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងបណ្តឹងសាទុក្ខរបស់ ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខ ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដល់ជនជាតិចាមនិងជនជាតិវៀតណាម កាលពីជាង ៤០ឆ្នាំមុន។

៤ . ក្រសួងមហាផ្ទៃសន្និដ្ឋានថា លោក ពេជ្រ ធារ៉េត ដែលស្លាប់ពេលប៉ូលិសឃុំខ្លួនសួរចម្លើយ ដោយសារគាំងបេះដូង
សមត្ថកិច្ចក្រសួងមហាផ្ទៃបានចេញលទ្ធផលស៊ើបអង្កេតដោយសន្និដ្ឋានថា លោក ពេជ្រ ធារ៉េត ដែលប៉ូលិសស្រុកសង្កែចាប់ឃុំខ្លួនសួរចម្លើយកាលពីដើមឆ្នាំ២០២១ ស្លាប់ដោយសារគាំងបេះដូងពុំមានជាប់ពាក់ព័ន្ធអំពើទារុណកម្មទេ។ ប៉ុន្តែសាច់ញាតិជនរងគ្រោះចាត់ទុកលទ្ធផលនេះផ្ទុយពីការពិតជាក់ស្តែងដែលមិនអាចគួរជឿជាក់បានឡើយ។

[ អានព័ត៌មានបន្ថែម...Opens in new window ]
៥ . គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរកំពុងសិក្សាពីការបញ្ចូលគណបក្សឆន្ទៈខ្មែរទៅក្រោមឆ័ត្រគណបក្សភ្លើងទៀន
មេដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ កំពុងជជែកពីការដាក់បញ្ចូលគណបក្សឆន្ទៈ ខ្មែរឲ្យស្ថិតក្រោមឆ័ត្រគណបក្សភ្លើងទៀន ដើម្បីរួមកម្លាំងគ្នាក្នុងចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ អ្នកឃ្លាំមើលការបោះឆ្នោតថា ការរួបរួមរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាល ទោះក្នុងរូបភាពបែបណាក៏អាចធ្វើឱ្យពួកគេមានកម្លាំងនយោបាយខ្លាំងជាងការធ្វើនយោបាយនៅដាច់ដោយឡែកពីគ្នា។
អានព័ត៌មានបន្ថែម...
៦ . ការវាយតម្លៃផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ២០១៧ - ២០២១
ការវាយតម្លៃស្ដីពីផែនការសកម្មភាពទប់ស្កាត់ អំពើហិង្សាលើកុមារនៅកម្ពុជា បង្ហាញពីវឌ្ឍនភាពនៅក្នុងផ្នែកមួយចំនួន ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើបន្ត ហើយចាំបាច់ត្រូវប្រមូលភស្តុតាងបន្ថែមទៀតអំពីផលប៉ះពាល់នានាដល់កុមារ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) លោក វង សូត។
សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសង្គមកិច្ច និងអង្គការយូនីសេហ្វ (UNICEF) ចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ឲ្យដឹងថា ការវាយតម្លៃនេះ ធ្វើឡើងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពសំខាន់ៗក្នុងរយៈពេល៥ឆ្នាំកន្លងមក នៃការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារចន្លោះពី ឆ្នាំ២០១៧-២០២១។
លោក វង សូត បន្តថា ប្រទេសកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មថែមទៀត ក្នុងការធានាថា កុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជានៅផ្ទះ សាលារៀន និងក្នុងសហគមន៍។ លោកបន្តថា រដ្ឋាភិបាលប្ដេជ្ញាធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ ទទួលបានការចិញ្ចឹមបីបាច់ថែរក្សា និងកិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និងសម្រេចឱ្យបាននូវការប្ដេជារបស់កម្ពុជាក្នុងក្របខណ្ឌតំបន់ និងសកលតាមរយៈការអនុវត្តផែនការ និងគោលនយោបាយជាតិនានា ដែលបានដាក់ចេញ។
នាយិកាយូនីសេហ្វប្រចាំកម្ពុជា អ្នកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ (Foroogh Foyouzat) មានប្រសាសន៍ថា “អំពើហិង្សាលើកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់ជីវិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញសហគមន៍ទាំងមូល និងមនុស្សជំនាន់ក្រោយទៀតផង។ អ្នកស្រីបន្តថា ការបញ្ចប់សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចការពារកុមារនាពេលខាងមុខ ការបង្កើនលើកម្មវិធីសុខុមាលភាពសង្គម និងកម្មវិធីទប់ស្កាត់នានា មានសារៈសំខាន់ណាស់ សំរាប់សុវត្ថិភាពកុមារ និងបញ្ចប់អំពើហិង្សាដែលបង្កផលប៉ះពាល់ដល់គ្រួសារយ៉ាងច្រើនរាប់មិនអស់។
តួលេខចុងក្រោយពីការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ២០២២ បង្ហាញថា កុមារ ៤៣% ត្រូវបានគេដាក់វិន័យនៅក្នុងផ្ទះ ដោយប្រើអំពើហិង្សាលើរាងកាយ។ របាយការណ៍បញ្ជាក់ដែរថា កត្តាសំខាន់មួយនៅក្នុងវឌ្ឍនភាពរបស់ផែនការនេះ គឺឆន្ទៈនយោបាយយ៉ាងរឹងមាំ និងការចូលរួមរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមសហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន រួមទាំងអង្គការយូនីសេហ្វផងដែរ៕
៧ . ពលរដ្ឋថា ពួកគេត្រូវស្ថាប័នផ្ដល់ប្រាក់កម្ចីបង្ខំឱ្យលក់ដី ព្រោះជំពាក់បំណុលវ័ណ្ឌក
ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីថា ពួកគេត្រូវលក់ដី និងផ្ទះដោយការបង្ខិតបង្ខំ ដោយសារតែជាប់បំណុលវ័ណ្ឌក ហើយមិនមានការយោគយល់ពីស្ថាប័នផ្ដល់ប្រាក់កម្ចី។ មន្ត្រីអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាល និងស្ថាប័នផ្ដល់ប្រាក់កម្ចីដែលទទួលបានប្រាក់ចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ត្រូវផ្ដល់ការអនុគ្រោះដល់ប្រជាពលរដ្ឋក្រីក្រ ដោយជួយលុបបំណុលពួកគេ។
អានព័ត៌មានបន្ថែម...
៨ . សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាចេញសេចក្តីថ្លែងការរួមបារម្ភអំពីរបាយការណ៍ស្រាវជ្រាវអំពីការពាក់បំណុលវ័ណ្ឌក
ពាក់ព័ន្ធនឹងរបាយការណ៍សិក្សាស្រាវជ្រាវស្ដីពីស្ថានភាពមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះដែរ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី១៦ កញ្ញា បានសេចក្តីថ្លែងការណ៍រួម ដោយចាត់ទុកការសិក្សានេះថា មិនបានឆ្លុះបញ្ចាំងរូបភាពទាំងស្រុងនៃវិស័យនេះនៅឡើយទេ។
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុយល់ថា បញ្ហានេះអាចបណ្តាលមកពីការកំណត់និយមន័យខុសគ្នានូវពាក្យ «បំណុលច្រើនលើសលប់» ឬទៅលើទិដ្ឋភាពខុសគ្នានៃបរិបទវិស័យមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ជាដើម។ សេចក្តីថ្លែងការណ៍ដដែលក៏រិះគន់សង្គមស៊ីវិលដែលផ្តោតចំណុចអវិជ្ជមាន ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវស្ដីពីស្ថានភាពមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដោយមិនបានបង្ហាញខ្លឹមសារទាំងស្រុងរបស់របាយការណ៍។
សេចក្តីថ្លែងការណ៍បន្តទៀតថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចូលរួមចំណែកជាវិជ្ជមាន និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាអតិថិជនទទួលសេវាធនាគារ និងហិរញ្ញវត្ថុ មានភាពប្រសើរឡើង ជាពិសេសលើការបង្កើនប្រាក់ចំណូល និងកម្មសិទ្ធិដីធ្លី។
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ថា សមាគមនឹងអញ្ជើញស្ថាប័នអន្តរជាតិ ឯករាជ្យមួយ មកសិក្សាអោយបានស៊ីជម្រៅលើទិដ្ឋភាពរួមនៃវិស័យមីក្រូហិរញ្ញវត្ថុផងដែរ៕
៩ . ពលករខ្មែរម្នាក់ធ្វើការលើទូកនេសាទថៃរៀបរាប់ពីភាពជូរចត់ ពេលបានមកធ្វើការលើដីគោកវិញ
ពលករខ្មែរម្នាក់ធ្វើការលើទូកនេសាទនៅកណ្ដាលសមុទ្រប្រទេសថៃ ដែលបានរួចជីវិតពីការធ្វើបាបកំឡុងពេលជាប់លើទូក រៀបរាប់ពីភាពជូរចត់ដែលបានហែលឆ្លងកាត់ ពេលបានមកធ្វើការលើដីគោកវិញ។ ពលករខ្មែររូបនេះថា លោកនៅតែដក់ជាប់ក្នុងអារម្មណ៍ជានិច្ចនូវទង្វើអមនុស្សធម៌ ដែលថៅកែថៃគាបសង្កត់ កេងកម្លាំងពលកម្ម ប្រើអំពើហិង្សា និងបង្ខំឲ្យធ្វើការ ដោយមិនបើកប្រាក់ឲ្យជាច្រើនឆ្នាំក្នុងពេលធ្វើការនៅកណ្ដាលសមុទ្រ។
អានព័ត៌មានបន្ថែម...
១០ . សត្វខ្ទីង និងសត្វព្រៃជាច្រើនក្បាលបាត់បង់ជម្រក ក្រោយក្រុមហ៊ុនចិនសម្រុកកាប់ឈើក្នុងព្រៃសហគមន៍ឃុំក្បាលរមាស ខេត្តស្ទឹងត្រែង
សត្វខ្ទីង និងសត្វព្រៃជាច្រើនក្បាលទៀតកំពុងប្រឈមបាត់បង់ជម្រក ក្រោយពីក្រុមហ៊ុនចិនមួយ បន្តសម្រុកកាប់ឈើ និងឈូសឆាយព្រៃទ្រង់ទ្រាយធំ ឋិតក្នុងតំបន់ព្រៃសហគមន៍ ឃុំក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង។ ជនជាតិដើមភាគតិចព្នង ដែលតស៊ូយាមព្រៃសហគមន៍នេះស្តីបន្ទោសអាជ្ញាធរខេត្តស្ទឹងត្រែងថា កំពុងបំផ្លាញទឹកចិត្តប្រជាជន ដែលលះបង់ការពារព្រៃបន្សល់ចុងក្រោយ នៅជាប់នឹងភូមិកំណើតពួកគាត់។
អានព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។