១ . អង្គការឃ្លាំមើលសិទ្ធិមនុស្សចេញរបាយការណ៍បង្ហាញពីរដ្ឋាភិបាលកម្ពុជាប្រើការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីរំលាយសហជីព
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានចេញរបាយការណ៍មួយនៅថ្ងៃទី២១ ខែវិច្ឆិកា ដោយបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីរំលាយសហជីព។ អង្គការនេះអំពាវនាវដល់សហគមន៍អឺរ៉ុប និងអាមេរិក ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការពិត និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ការអនុវត្តច្បាប់ ស្ដីពី ការងារ ឡើងវិញ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជា ការអនុគ្រោះពន្ធផ្សេងៗ ពីបណ្ដាប្រទេសប្រជាធិបតេយ្យ។ អានព័ត៌មានពិស្តារ ...
២ . លោក ហ៊ុន សែន ថាប្រមុខការពារជាតិចិននិងអាមេរិកនឹងជួបគ្នានៅសៀមរាប
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា នឹងមានជំនួបរវាងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) និងរដ្ឋមន្រ្តីការពារជាតិចិនលោក វ៉ៃ ហ្វេងហេ (Wei Fenghe) នៅលើទឹកដីខេត្តសៀមរាបអំឡុងពេលមេទ័ពនៃប្រទេសមហាអំណាចទាំង២ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ជាមួយដៃគូពាក់ព័ន្ធ (ADMM Plus)។
លោក ហ៊ុន សែន បង្ហើបព័ត៌មាននេះនៅពេលដែលលោកថ្លែងបើកកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៣និងកីឡាជនពិការលើកទី១នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ម្សិលម៉ិញ។ កម្ពុជាកំពុងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ជាមួយដៃគូពាក់ព័ន្ធ (ADMM Plus) នៅខេត្តសៀមរាបដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។
៣ . រដ្ឋាភិបាលកម្ពុជានិងចិនបង្កើនការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកងទ័ពស្របពេលអាមេរិកនៅតែបន្តសង្ស័យអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា
ក្រុមអ្នកឃ្លាំមើល លើកឡើងថា រដ្ឋមន្រ្តីការពារជាតិចិនលោក វ៉ៃ ហ្វេង ហេ (Wei Feng He) មកបំពេញទស្សនកិច្ចនៅកម្ពុជាកំពុងពង្រីកឥទ្ធិពលខ្លួនមកលើកម្ពុជាកាន់តែខ្លាំងឡើង។ លោក វ៉ៃ ហ្វេង ហេ បានជួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន កូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក្នុងក្របខណ្ឌពង្រឹងវិស័យកងទ័ពនៃប្រទេសទាំងពីរស្របពេលអាមេរិកនៅតែបន្តសង្ស័យអំពីការសាងសង់មូលដ្ឋានទ័ពចិននៅកម្ពុជា។ អានព័ត៌មានពិស្តារ ...
៤ . ប្រតិកម្មរបស់សកម្មជនបរិស្ថានទៅនឹងរដ្ឋាភិបាលកម្ពុជាដែលទាមទារឱ្យអាមេរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរឿងជួញដូរសត្វស្វា
សកម្មជនបរិស្ថានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា ការស្នើសុំឱ្យរដ្ឋាភិបាលអាមេរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មជុំវិញករណីជួញដូរសត្វស្វាក្តាមខុសច្បាប់គឺជារឿងគួរឱ្យអាម៉ាស់សម្រាប់កម្ពុជា។ ពួកគាត់ថា រដ្ឋាភិបាលកម្ពុជាគួរសហការជាមួយអាមេរិកដំណើរការនីតិវិធីតាមផ្លូវច្បាប់ដើម្បីរកការពិតប្រសើរជាងប្រកែកមិនទទួលស្គាល់កំហុស។ អ្នកសិក្សាផ្នែកច្បាប់យល់ថាក្រសួងកសិកម្មគួរស្វែងរកភស្តុតាងបញ្ជាក់ថា មន្ត្រីរបស់ខ្លួនគ្មានកំហុសនិងសហការជាមួយតុលាការអាមេរិកទៅតាមផ្លូវច្បាប់។ អានព័ត៌មានពិស្តារ ...
៥ . មន្ត្រីសង្គមស៊ីវិល និងយុវជនទទូចឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌ជូនអតីតសកម្មជនបក្សសង្រ្គោះជាតិ លោក ស៊ិន ខុន
អង្គការសង្គមស៊ីវិលនិងយុវជនទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យស្វែងរកយុត្តិធម៌ជូនអតីតសកម្មជនបក្សសង្រ្គោះជាតិដែលបានស្លាប់អស់រយៈពេល១ឆ្នាំខណៈដែលពេលនេះនៅមិនទាន់រកឃើញមុខឃាត់ករពិតប្រាកដនៅឡើយ។ពួកគេថា បើសិនជាអាជ្ញាធរមិនស្រាវជ្រាវរកឃាតករពិតមកផ្ដន្ទាទោសតាមច្បាប់ទេនោះកាន់តែបង្ហាញថា ឃាត់កម្មនេះជារឿងនយោបាយជាជាងគំនុំបុគ្គល។ អានព័ត៌មានពិស្តារ ...
៦ . មជ្ឈមណ្ឌលសិទ្ធិមនុស្សធ្វើយុទ្ធនាការ ១៦ថ្ងៃដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគ្រោងធ្វើយុទ្ធនាការលុបបំបាត់អំពើហិង្សាលើស្ត្រី រយៈពេល ១៦ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដែលចំថ្ងៃទិវាអន្តរជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីរហូតដល់ថ្ងៃទី១០ ខែធ្នូ។ យុទ្ធនាការរយៈពេល១៦ថ្ងៃនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងលើកកម្ពស់ការយល់ដឹងពីសិទ្ធិស្ត្រីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងសហគមន៍និងអំពាវនាវដល់រដ្ឋាភិបាលឲ្យចាត់វិធានការជាក់លាក់បន្ទាន់ដើម្បីលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា បញ្ជាក់ថាតាមការប៉ាន់ស្មានមានស្ដ្រីម្នាក់ក្នុងចំណោម ៥នាក់ ត្រូវបានដៃគូរបស់ខ្លួនប្រើហិង្សា។ ប្រភពដដែលបញ្ជាក់ថាការប៉ាន់ស្មាននេះគឺចាប់ផ្ដើមតាំងពីការរាតត្បាតកូវីដ១៩៕
៧ . ពលរដ្ឋប្រមាណ៧៤គ្រួសារនៅខេត្តបាត់ដំបងសុំអន្តរាគមន៍ពីអាជ្ញាធរក្រោយទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ធ្វើរបងដីបិទផ្លូវ
ពលរដ្ឋរស់នៅខេត្តបាត់ដំបងប្រមាណ៧៤គ្រួសារស្នើអាជ្ញាធរឃុំតាគ្រៃអន្តរាគមន៍បើកផ្លូវចេញចូលផ្ទះខណៈទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ លោក តូ ធានទឺ បានធ្វើរបងបិទផ្លូវមិនអោយពលរដ្ឋចេញចូល។មន្ត្រីសង្គមស៊ីវិលយល់ថា លោក តួ ធានទឺ គួរបើកផ្លូវ ហើយអាជ្ញាធរពាក់ព័ន្ធគួរចុះទៅពិនិត្យជាក់ស្ដែងដើម្បីសម្របសម្រួលបើកផ្លូវជូនដល់ពលរដ្ឋឡើងវិញ។ អានព័ត៌មានពិស្តារ ...
៨ . ឆ្មាំអភរិក្សរបស់ក្រសួងបរិស្ថានរងការចោទថាមិនអើពើការពារសត្វព្រៃក្នុងឧទ្យានជាតិជួរភ្នំក្រវាញ់កណ្តាល
ប្រជាសហគមន៍ការពារសត្វព្រៃខេត្តកំពង់ស្ពឺអះអាងថាឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានមិនអើពើអភិរក្សសត្វព្រៃដែលកំពុងជួបគ្រោះថ្នាក់ដល់ជីវិតដោយសារការដាក់អន្ទាក់ពង្រាយពាសពេញតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ់កណ្តាល។ ពួកគាត់អំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យពីប្រសិទ្ធភាពការងាររបស់ឆ្មាំអភិរក្សនៃក្រសួងបរិស្ថានឡើងវិញដែលមិនបានបំពេញតួនាទីនិងភារកិច្ចស្របតាមច្បាប់នោះទេ។ អានព័ត៌មានពិស្តារ ...
៩ . គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) ជំរុញឲ្យអាមេរិកអន្តរាគមន៍វៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញសិទ្ធិសាសនាខ្មែរក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមនិងពលរដ្ឋខ្មែរក្រោមស្វាគមន៍ស្ថាប័នការពារសិទ្ធិសេរីភាពផ្នែកសាសនារបស់សហរដ្ឋអាមេរិកដែលបានស្នើឲ្យរដ្ឋាភិបាលលោកប្រធានាធិបតី (Joe Biden) អន្តរាគមន៍ទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញសេរីភាពសាសនារបស់ជនជាតិដើមខ្មែរក្រោម។ សំណើនេះធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាមកំពុងស្វែងរកគ្រប់វិធីដើម្បីវាយកំទេចសាលាឆទានរបស់ពលរដ្ឋក្រោមដែលបានកសាងដើម្បីប្រតិបត្តិព្រះពុទ្ធសាសនានិងបង្រៀនអក្សរខ្មែរ។ អានព័ត៌មានពិស្តារ ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។