ព័ត៌មាន​សំខាន់ៗ​ ចំនួន៩ ដែលលោក​អ្នក​នាងគួរអាន​នៅថ្ងៃអង្គារ​នេះ

. អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ជំនាញ​កិច្ចការ​នយោបាយ​អន្តរជាតិ​រិះគន់​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពុំបាន​ប្រកាន់​ជំហរ​នយោបាយ​ការ​បរទេស​ដោយ​ឯករាជ្យ​ស្របតាម​ច្បាប់​នោះ​ទេ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ក្នុង​មហាសន្និបាត​របស់​បក្ស​ខ្លួន​ថា កម្ពុជា​ប្រកាន់​ការ​អនុវត្ត​នយោបាយ​បរទេស​ដោយ​ឯករាជ្យ។ អានព័ត៌មានពិស្តារ ...

. សមាគមថា កម្មវិធី​នយោបាយ​របស់​បក្ស​ប្រជាជន​ហាក់​ពុំមាន​ប្រសិទ្ធភាព​ក្នុងការ​ជួយ​កសិករនិង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធឡើយ

មេដឹកនាំ​សមាគម​លើកឡើង​ថា ការដាក់​ចេញ​យុទ្ធសាស្រ្ត​ជួយ​ដល់​កសិករ​ និង​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​បក្ស​ប្រជាជនកម្ពុជា​នឹង​មិន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋនោះ​ទេ ពីព្រោះ​គោល​នយោបាយ​នេះ​មិន​ខុស​ពី​អាណាត្តិ​ចាស់​ទេ ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល​គណបក្ស​ប្រជាជនកម្ពុជា​ប្រកាស​ដាក់​ចេញ​គោលនយោបាយ​ដោយ​ផ្តោត​ជួយ​កសិករ​ និង​អ្នកប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ស្វែងរកសំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៧​ខាង​មុខ​នេះ។

. ​ ប្រតិភូ​ខ្មែរ​ក្រោម​ជំរាប​ប្រាប់​សន្និសិទ​អន្តរ​សាសនា​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ធ្វើរបាយការណ៍​ស្តីពី​​ស្ថានភាព​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ទៅ​លើ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​គង់​នៅ​លើ​ទឹក​ដី​កំណើត។ ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើងថា ​​សន្និសិទ​នេះ​ជា​ឱកាស​មាស​ដើម្បី​ជំរាប​មេ​ដឹកនាំ​សាសនា​ទាំង​អស់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ឲ្យ​ស្វែង​យល់​ពី​ការ​ប្រវត្តិ​នៃការ​ប្រតិបត្តិ​សាសនា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​។ អានព័ត៌មានពិស្តារ ...

. រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃប្រកាស​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​បន្ថែមដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង រំពឹង​ពីការ​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍បន្ទាប់​ពី​បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​បន្ថែម​ទៀតដោយធ្វើការ​កែ​សម្រួល​ឱ្យ​ត្រូវ​នឹង​ទិដ្ឋភាព​សង្គម​បច្ចុប្បន្ន។ អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន រិះគន់ថា ការកែ​ច្បាប់​ចរាចរណ៍​ផ្លូវគោកថ្មីមិនអាច​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​នោះទេដោយសារតែ​មន្ត្រីអនុវត្ត​ច្បាប់មួយ​ចំនួន​ប្រព្រឹត្ត​អំពើពុករលួយ​យក​លុយ​ពី​ជន​ល្មើស។

. ឆ្នាំ២០២២ កម្ពុជា​នាំចូល​ពី​ចិន​ច្រើន​ជាង​គេតែអាមេរិក​ជាទីផ្សារ​កម្ពុជានាំ​ចេញ​ធំជាង​គេ

មិត្ត​ដែកថែប​ចិន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារ​ធំបំផុត​អាចឱ្យ​កម្ពុជា​នាំចេញ​ទំនិញ​ពាណិជ្ជកម្ម​ទៅដាក់​លក់​ច្រើន​ជាង​គេ​ឡើយ។ ក៏​ប៉ុន្តែមិត្តដែកថែប​នេះគឺជាទីផ្សារ​ដែល​ពូកែ​ខាង​ឱ្យ​កម្ពុជា​ទិញ​ទំនិញ​នាំចូល​មក​វិញ។

យោងតាម​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្មនាំចូល​ជាមួយ​ប្រទេស​សំខាន់ៗត្រឹមដំណាច់​ឆ្នាំ២០២២ចេញ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចិនគឺ​ជាប្រទេស​ឈានមុខគេ​ដែល​កម្ពុជា​ទិញ​ទំនិញ​ឬ​នាំចូលក្នុង​ឆ្នាំ២០២២គឺ​ស្មើនឹង​ជិត ៣៥% (៣៤,៩%) ឬមាន​តម្លៃសរុប​ជាង១០ពាន់​លានដុល្លារ។ ក៏ប៉ុន្តែ ចិនគឺជាប្រទេស​ដែល​កម្ពុជា​នាំចេញ​ទំនិញ​ទៅដាក់​លក់​វិញបានតិចតួច​បំផុតគឺ​ត្រឹម​តែ​ជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុងឆ្នាំ​ដដែល​នេះពោល​គឺ​ស្មើ​នឹង​តម្លៃ​សរុបជាង១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

ផ្ទុយ​ទៅ​វិញកម្ពុជា​នៅតែបន្តពឹង​ផ្អែកខ្លាំង​លើទីផ្សារ​សហរដ្ឋអាមេរិក។ស្ថិតិ​ដដែល​បង្ហាញ​ថាសហរដ្ឋ​អាមេរិកគឺជាប្រទេសតែមួយគត់​ដែលកម្ពុជា​នាំចេញ​ទំនិញ​ពាណិជ្ជកម្ម​ទៅដាក់លក់​បានច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់ពោលគឺស្មើនឹង​ជិត​ពាក់​កណ្តាល ឬ ៤០% (៣៩,៩%) ដែល​មាន​តម្លៃសរុប​រហូត​ដល់​ជាង ៨ពាន់លានដុល្លារ។ ក៏ប៉ុន្តែ​កម្ពុជា​បាន​ទិញ​ទំនិញឬនាំចូល​ទំនិញ​ពី​អាមេរិក​មកវិញ​បាន​ត្រឹម​តែ ១% ប៉ុណ្ណោះ ឬស្មើនឹង​តម្លៃសរុបជាង៣រយ​លាន​ដុល្លារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាង​ថាបើមិនឱ្យ​លោក​ពឹង​ចិនតើឱ្យ​លោកទៅ​ពឹង​អ្នក​ណា។ ក៏ប៉ុន្តែ ការពិតជាក់​ស្តែង​ផ្អែក​តាម​ស្ថិតិនេះកម្ពុជាពឹងផ្អែក​ស្ទើតែពាក់​កណ្តាល​ទៅលើទីផ្សារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការនាំចេញ​ទំនិញខណៈមិត្តដែកថែប​ចិន​អាច​ជួយ​កម្ពុជា​បាន​ត្រឹម​តែ​ជាង៥ភាគរយ​ប៉ុណ្ណោះ។

. សកម្មជន​គណបក្ស​ភ្លើងទៀន​ម្នាក់ ក្នុងខេត្តត្បូងឃ្មុំ ស្នើសុំឱ្យ​អាជ្ញាធម៌​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​តាម​រយៈប័ណ្ណ​សមធម៌​ឡើង​វិញ

សកម្មជន​គណបក្ស​ភ្លើងទៀន​ម្នាក់នៅ​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នើឱ្យ​រដ្ឋាភិបាល​ផ្ដល់ការ​ឧបត្ថម្ភ​ជាសាច់​ប្រាក់​ដល់​គ្រួសារ​របស់​លោក​តាមរយៈប័ណ្ណសមធម៌​ជា​ប្រចាំខែ​ឡើង​វិញដើម្បី​បញ្ជាក់​ពីការ​មិន​រើសអើង​ក្នុងការ​ជួយ​ជន​ក្រីក្រ។ មន្ត្រីអង្គការ​សង្គមស៊ីវិល​យល់​ឃើញ​ថាដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដរដ្ឋាភិបាល​គួរ​ត្រួត​ពិនិត្យនិង​តាមដាន​ការឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រី​តាម​សហគមន៍និង​ត្រូវ​ដាក់​ពិន័យ​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ដែល​បន្លំផ្ដល់​ប័ណ្ណសមធម៌​បែប​បក្ស​ពួក​និយម។

. លោក រ៉ុង ឈុន នឹង​ប្រកាស​ជំហរ​នយោបាយ​របស់​លោក​នៅ​ថ្ងៃនេះ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នឹងប្រកាសជា​សាធារណៈពី​ជំហរ​នយោបាយ​របស់​លោក នៅថ្ងៃអង្គារ ទី៣១ ខែមករានេះ។

តាមគម្រោង​លោក រ៉ុង ឈុន នឹងធ្វើសន្និសីទ​សារព័ត៌មាន​នៅព្រឹកថ្ងៃ​អង្គារ​នេះនៅស្នាក់ការ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យដែល​ស្ថិត​នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សហភាព​សហជីព​កម្ពុជា​បញ្ជាក់ថា ក្នុង​សន្និសីទ​សារព័ត៌មាន​នៅព្រឹក​នេះលោក រ៉ុង ឈុន នឹងបញ្ជាក់​ពី​ជំហរ​របស់​លោកថាតើ​នឹង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​នយោបាយឬ​យ៉ាង​ណាដែលនេះក៏​ជាការ​ឆ្លើយតប​នឹង​សំណូមពរ​របស់​ថ្នាក់​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន។

. ជនជាតិ​ដើមភាគតិច​បង្ខំចិត្ត​ធ្វើចំណាកស្រុក​ជាច្រើន​គ្រួសារ ក្រោយ​ពី​បាត់បង់​ព្រៃឈើ និង ដីធ្លី​សមូហភាព
ជនជាតិ​ដើម​ភាគតិច​កួយ​រស់​នៅខេត្តព្រះវិហារ បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេសដើម្បី​ស្វែងរក​ប្រាក់​ចំណូលក្រោយពី​បាត់បង់​ព្រៃឈើ និងដីសមូហភាព​ដែលពួកគាត់​ធ្វើចម្ការ​វិលជុំ​បែប​ប្រពៃណី​ចិញ្ចឹមជីវិត។

. ក្រុម​យុវជន​ស្នើឱ្យ​រដ្ឋាភិបាល ចាប់អារម្មណ៍​សុខទុក្ខ​ពលរដ្ឋខ្មែរ​ក្រោម
ក្រុម​យុវជន និងព្រះសង្ឃ ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជាចាប់​អារម្មណ៍​ពី​សុខទុក្ខ​ពលរដ្ឋខ្មែរ​ក្រោម​ដែល​ពួកគាត់​ព្យាយាម​រក្សា​ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និង​ប្រតិបត្តិ​ជំនឿ​ព្រះពុទ្ធសាសនា។

ក្រុម​យុវជន​ទាំង​នោះចង់​បង្ហាញ​ពីទិដ្ឋភាព​ទូទៅនិង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោមក្រោយ​ពី​ពួកគាត់​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​ទី​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។