​ប្រតិភូ​ខ្មែរ​ក្រោម​​ប្រាប់​សន្និសិទ​អន្តរ​សាសនា​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម​

ដោយ យន់ សាមៀន
2023.01.29
​ប្រតិភូ​ខ្មែរ​ក្រោម​​ប្រាប់​សន្និសិទ​អន្តរ​សាសនា​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នៅ​ដើម​សប្តាហ៍​នេះ។
រូប៖ KKF

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ធ្វើរបាយការណ៍​ស្តីពី​​ស្ថានភាព​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ទៅ​លើ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​គង់​នៅ​លើ​ទឹក​ដី​កំណើត។ ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើងថា ​​សន្និសិទ​នេះ​ជា​ឱកាស​មាស ​ដើម្បី​ជម្រាប​មេ​ដឹកនាំ​សាសនា​ទាំង​អស់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ឲ្យ​ស្វែង​យល់​ពី​ការ​ប្រវត្តិ​នៃការ​ប្រតិបត្តិ​សាសនា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​។

សន្និសិទ​សេរីភាព​អន្តរ​សាសនា​នឹង​ចាប់​ផ្តើម​ពីថ្ងៃទី​៣១​ មករា ​ដល់​ថ្ងៃទី១ កុម្ភៈ នៅ​រដ្ឋធានីវ៉ាស៊ីនតុន​។​ សន្នីសិទ​លើកទីបីនេះ​ រៀបចំ​ឡើង​ដោយ ​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋ​អាមេរិក​(United States ​Commission​ on ​International Religious ​Freedom) ​ដើម្បី​បង្កើត​ឲ្យ​មាន​ក្រុម​អង្គការ​ចម្រុះ​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​លើក​តម្កើង​សេរីភាព​សាសនា​អន្តរជាតិ ​និង​ជំរុញឲ្យ​មាន​ការ​ដឹង​លឺ​និង​ស្វែង​យល់​ពី​សេរីភាព​អន្តរជាតិ។ ​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋអាមេរិក​ ហៅ​កាត់​ថា​ (USCIRF)​ ជា​ស្ថាប័ន​ឯករាជ្យ​ មាន​តំណាង​មក​ពីរ​គណបក្ស​ និងជា​គណៈកម្មការ​សហព័ន្ធ​រដ្ឋាភិបាល​អាមេរិក​បង្កើត​ឡើង​ កាល​ពី​ឆ្នាំ​១៩៩៨​ ដើម្បី​ឃ្លាំមើល​សិទ្ធិ​សេរី​ភាព​សាសនា​ជាសកល​ និង​ជំនឿ​ប្រតិបត្តិ​សាសនា​នៅ​ក្រៅ​ប្រទេស។​ ស្ថាប័ន​នេះ​ ប្រើ​ប្រាស់​ស្តង់ដារ​កំរិត​អន្តរជាតិ​ ដើម្បី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​សាសនា​សកល​លោក ​និងផ្តល់​​អនុសាសន៍​បង្កើត​គោល​នយោបាយ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​សភា​។​​​​​​​

នាយក​អន្តរ​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះ​ភិក្ខុ ​ធីធី ​ធម្មោ ​ដឹក​នាំ​ប្រតិភូ​មក​ពី​​កាណាដា ​ ​​អូស្រ្តាលី​ និង​សហរដ្ឋអាមេរិក​ទៅ​ចូល​រួម​ក្នុង​សន្និសិទ​អន្តរជាតិ​ស្តី​ពី​សេរីភាព​សាសនា​នេះ​។​​​ ព្រះ​ភិក្ខុ ​ធីធី ​ធម្មោ ​មាន​ថេរដីកា​ថា ​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ជម្រាប​សន្និសិទ​ស្តី​ការ​រំលោភ​សិទ្ធិ​សេរីភាព​សាសនា​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម​មក​លើ​ព្រះ​សង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​៖

«ក្នុង​ពិធី​ប្រជុំ​នោះ យើងមានឱកាស។ យើងនឹង​ពន្យល់គេថា យើងមកពីប្រភព​ណា ​យើង​កំពុង​ធ្វើស្អី ​យើង​ចង់​បានស្អី?យើងចង់បង្ហាញថា ​យើងជាជនរងគ្រោះ។ ព្រះសង្ឃ​ខ្មែរក្រោម ​និង​ព្រះពុទ្ធ​សាសនា​ខ្មែរក្រោម​ត្រូវបានរដ្ឋាភិបាលហ្នឹងជាន់​ឈ្លឺរាល់ពេល រាល់ថ្ងៃ ​ប៉ុន្មាន​មិន​បានពិភព​លោកហ្នឹងយកចិត្ត​ទុក្ខដាក់​ដឹង​ឮ​»

ព្រះអង្គ​បន្ត​ថា ​ក្រៅ​ពី​ការ​ជំរាប​ជូន​មេដឹកនាំ​សាសនា​ ដែល​ចូល​រួម​ក្នុង​សន្និសិទ​សេរីភាព​សាសនា​ដោយ​ផ្ទាល់​មាត់ ​សហព័ន្ធ​ផ្តល់​របាយការណ៍​និង​ប្រវត្តិ​ប្រតិបត្តិ​សាសនា​របស់​ព្រះ​សង្ឃ​ និង​ពលរដ្ឋ​ខ្មែរក្រោមនៅ​លើ​ទឹក​ដីកំណើត ដើម្បី​ឲ្យ​មេ​ដឹក​នាំ​សាសនា​យល់កាន់​តែ​ច្បាស់​​អំពី​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​៖

«ចុង​ក្រោយគឺ​យើង​សំណូម​ពរ​ឲ្យ​អង្គ​ប្រជុំ​ទាំង​មូល​ហ្នឹង​ពិនិត្យ​ឡើង​វិញ​ ពិសេស ​ក្រសួង​ការបរទេស​ ជួយឃ្លាំមើល​ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត​សកម្មភាព​របស់​រដ្ឋាភិបាល​យួន​កំពុង​ប្រព្រឹត្ត​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​»។​​​

សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​ការបរទេស​អាមេរិក បាន​ដាក់​ប្រទេស​វៀតណាម​ក្នុង​បញ្ជី​ឃ្លាំមើល​ជា​ប្រទេស​រំលោភ​សិទ្ធិ​សាសនា​ធ្ងន់ធ្ងរ​។

កាល​ពី​ពេល​ថ្មីៗ​ នេះ ​គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​របស់​សហរដ្ឋអាមេរិក​ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​កុំ​ធ្វើ​ទុក្ខ​បុកម្នេញ ​ការ​ប្រតិបត្តិ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​។ ​ គណៈកម្មការ​សេរីភាព​អន្តរ​សាសនា​បាន​ស្នើឲ្យ​រដ្ឋាភិបាល​​អាមេរិក​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ កុំ​បំផ្លាញ​សាលា​ឆទាន​របស់​ពលរដ្ឋ​ក្រោម​ ដែល​បាន​កសាង​សម្រាប់​គោរព​សាសនា ​និង​ជា​កន្លែង​បង្រៀន​អក្សរ​ខ្មែរ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​នៅ​ខេត្ត​លង់ហោរ។

អាជ្ញាធរ​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​ នេះ ​ក៏​បាន​គាប​សង្កត់​សមាគម​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​នៅ​ឃ្លាំង​កុំ​ឲ្យ​ទទួល​ស្គាល់​សាមណេរ​ យឿង​ ខាយ​ ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិម​នុស្ស​ និង​សិទ្ធិ​ស្វ័យ​សម្រេច​។​ អាជ្ញាធរ​វៀតណាម​​ព្រមាន​ថា ​ប្រសិន​បើ​វត្ត​ណា ​ហ៊ាន​ឲ្យ​កន្លែង​គង់​នៅ​ដល់​សាមណេរ​ យឿង ខាយ​ វត្ត​នោះ​នឹង​ត្រូវ​រង​វិធានការ​តាម​ផ្លូវ​ច្បាប់​។ ​ទោះបីជាយ៉ាងណាក្ដី ​សាមណេរ​ យឿង ខាយ ​កំពុង​បន្ត​គង់​នៅ​វត្ត​​មង្គល​បុរី​ទ្រនំ​សេក ​នៅ​ឡើយ​ទោះបី​មាន​ការ​គំរាម​កំហែង​ក្តី​។ ទោះជា​សហរដ្ឋអាមេរិក​ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ រក​ឃើញ​ការ​រំលោភ​សេរីភាព​សាសនា​របស់​ខ្មែរក្រោមក៏​ដោយ ​ក៏​វៀតណាម​នៅ​តែ​បដិសេធ​។​

របាយការណ៍​សិទ្ធិ​មនុស្ស​សកល​ឆ្នាំ២០២៣ របស់អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (HRW) ចេញ​ កាល​ពី​ពេល​ថ្មីៗ ​រក​ឃើញ​ថា វៀតណាម​​រឹតត្បិត​សេរីភាព​សាសនា។​ (Human Rights Watch) ​រក​ឃើញថា រដ្ឋាភិបាល​វៀតណាម​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​រើសអើង​ជា​ប្រព័ន្ធ​លើ​សហគមន៍​ខ្មែរ​ក្រោម​។ ​រដ្ឋាភិបាល​វៀតណាម ក៏​តែងតែ​ជ្រៀតជ្រែក​ក្នុង​ប្រតិបត្តិ​ការ​ផ្ទៃ​ក្នុង​របស់​ពុទ្ធសាសនិក​ខ្មែរ​ក្រោម និង​ចង់​ត្រួតត្រា​ពួក​គេ បង្អាក់​ការ​អប់រំ​ជា​ភាសា​ខ្មែរ និង​ឃ្លាំមើល​ជា​លក្ខណៈ​ស្អប់​ខ្ពើម​លើ​មេ​ដឹក​នាំ​សហគមន៍​ខ្មែរ​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។