អង្គការ​អន្តរជាតិ​អំពាវនាវ​ឲ្យ​ផ្ញើ​សារ​សុំ​ដោះលែង​លោក ម៉ម សូណង់ដូ

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​អំពាវ​ដល់​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក​​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ សុំ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ នាំ​គ្នា​ផ្ញើ​សារ​ទៅ​មេដឹកនាំ​ខ្មែរ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។
ដោយ វោហារជាតិ
2013.02.23
ម៉ម សូណង់ដូ ១៤ ធ្នូ ៣០៥ ប្រជាពលរដ្ឋ​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សវនាការ​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក ម៉ម សូណង់ដូ ខាង​ក្រៅ​ក្បែរ​សាលា​ឧទ្ធរណ៍ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Morm Moniroth

ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​លោក ម៉ម សូណង់ដូ ដែរ។

ខណៈ​ពេល​ថ្ងៃ​កាត់​ក្ដី​លោក ម៉ម សូណង់ដូ នៅ​សាលា​ឧទ្ធរណ៍​កាន់​តែ​ខិត​ចូល​មក​ដល់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ក្នុង​ស្រុក រួម​ទាំង​មន្ត្រី​ប្រទេស​មហា​អំណាច​មួយ​ចំនួន បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ អាយុ ៧១​ឆ្នាំ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ។

នៅ​សប្ដាហ៍​នេះ តាម​រយៈ​គេហទំព័រ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ អេមណេសធី អ៊ីនធឺណេហ្សិនណល (Amnesty International) បាន​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភព​លោក​ឲ្យ​សរសេរ​សារ​ទៅ​​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ តាម​រយៈ​ទូរសារ​ដែល​មាន​បង្ហាញ​លេខ​លើ​គេហទំព័រ​នោះ​ស្រាប។

គេហទំព័រ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​សរសេរ​ថា៖ សូម​មេតា​សរសេរ​ជា​បន្ទាន់​ជា​ភាសា​អង់គ្លេស ឬ​ភាសា​ខ្មែរ​ដែល​ជា​ភាសា​របស់​អ្នក ទាមទារ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណងដូ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អំពាវនាវ​អាជ្ញាធរ​ទាំង​អស់​ឲ្យ​ការពារ និង​គោរព និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​​ប្រទេស​កម្ពុជា

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​រដ្ឋាភិបាល​សុំ​ប្រតិកម្ម​ទៅ​នឹង​គេហទំព័រ​អង្គការ​សិទ្ធិ​មនុស្ស អេមណេសធី អ៊ីនធឺណេហ្សិនណល បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២ ឲ្យ​ជាប់​គុក ២០​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​ធ្វើ​កុប្បកម្ម​ខុស​ច្បាប់ ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។ បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ដែល​ទាក់ទង​នឹង​ទំនាស់​ដី​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ឆ្នាំ​២០១២ ដែល​ទំនាស់​ដី​នេះ ទាក់​ទង​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ប្រហែល ១​ពាន់​គ្រួសារ ហើយ​រដ្ឋាភិបាល​ចោទ​ថា ចង់​បំបែក​រដ្ឋ។ តែ​លោក ម៉ម សូណង់ដូ បាន​បដិសេធ​ចំពោះ​បទ​ចោទ​ទាំង​នោះ ដោយ​ប្ដឹង​ឡើង​ឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​នឹង​ជម្រះ​ក្ដី​នេះ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ខាង​មុខ​នេះ។

មិន​ថា​តែ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទេ ដែល​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ សូម្បី​តែ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ក៏​ដូច​គ្នា​ដែរ។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ដី​ធ្លី​នៃ​សមាគម​អាដហុក (Adhoc) ក៏​បាន​បញ្ជាក់​ថា សមាគម​អាដហុក បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក ម៉ម សូណង់ដូ ដែរ។

ស្រប​ពេល​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​រៀប​ចំ​បោះពុម្ព​ប្រៃសណីយបត្រ ឬ​ហៅ​ថា កាតប៉ុស្ដាល់ (Post Card) ប្រហែល ១​ម៉ឺន​ហើយ​ដែរ ដើម្បី​ចែក​ជូន​សាធារណជន​សរសេរ​សារ​សុំ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ។

លោក​ថា អ្នក​ដែល​ចង់​សរសេរ​សារ​ផ្ញើ​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ សុំ​ទាក់​ទង​អង្គការ​លោក និង​អង្គការ​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​យក​ប័ណ្ណ​នោះ។

ករណី​លោក ម៉ម សូណង់ដូ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​មួយ​ចំនួន ដូច​ជា​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស សហគមន៍​អឺរ៉ុប ជាដើម បាន​តម្រង់​ជួរ​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ ដោយ​ពួក​គេ​យល់​ថា រឿង​នេះ​ទាក់ទង​នឹង​នយោបាយ។ តែ​ភាគី​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ ហើយ​ឆ្លើយ​ថា រឿង​លោក ម៉ម សូណង់ដូ ជា​រឿង​ព្រហ្មទណ្ឌ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
អត្ថបទពេញនិយម
នយោបាយ
ខ្មាន់កាំភ្លើង​មិន​ទាន់​ហ៊ាន​លាតត្រដាង​មេខ្លោង​នៅ​ពីក្រោយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។