ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា លោក រ៉ុង ឈុន បានទាមទារឱ្យសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ដល់ក្រុមគ្រូបង្រៀនចំនួន ១១នាក់ ដែលត្រូវក្រសួងអប់រំបានលុបឈ្មោះចេញពីក្របខ័ណ្ឌគ្រូបង្រៀន។
លោក រ៉ុង ឈុន ដែលមានឈ្មោះក្នុងសំណុំរឿងទាំង ១១នាក់បានអះអាងថា ប្រសិនបើផ្អែកទៅលើច្បាប់ក្រុមគ្រូបង្រៀនទាំង ១១នាក់ នឹងត្រូវលើកលែងការចោទប្រកាន់ទាំងស្រុង ប៉ុន្តែសំណុំរឿងនេះទាក់ទិនក្នុងរឿងនយោបាយដូច្នេះលោក មិនរំពឹងថា សាលឧទ្ធរណ៍ និងផ្ដល់យុត្តិធម៌ដល់ពួកគេទេ៖ « រឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយពីព្រោះអ្នកដែលត្រូវបានលុបឈ្មោះហ្នឹងសុទ្ធ សឹងជាក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាឃុំ ហើយរួមទាំងរូបខ្ញុំផងដែរ ដែលត្រូវបានលុបឈ្មោះហ្នឹង » ។
សាលាឧទ្ធរណ៍បានចេញដីកាកោះហៅក្រុមគ្រូបង្រៀនចំនួន ១១នាក់ ដែលក្នុងនោះរួមមានលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អោយចូលរួមសវនាការនៅថ្ងៃទៅ០៣ មីនា ខាងមុខនេះពាក់ព័ន្ធនឹងបណ្ដឹងបដិសេធប្រកាសស្ដីពីការលុបឈ្មោះរបស់ក្រសួងអប់រំដែលមានលោក ហង្ស ជួនណារ៉ុន ភាគីចុងចោទនោះក្នុងសំណុំរឿងនេះ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំបូលី ដើម្បីសុំការឆ្លើយតបរឿងក្រុមគ្រូបង្រៀនដាក់បណ្ដឹងឧទ្ធរណ៍នេះបានទេ កាលពីថ្ងៃទី២៦ កុម្ភៈ ដោយលោកមិនលើកទូរស័ព្ទ។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមឆ្នាំ២០១៨ កន្លងទៅបានលុបឈ្មោះគ្រូបង្រៀនដែលសុទ្ធ សឹងជាអ្នកនិយមបក្សប្រឆាំងចំនួន ១៣នាក់ ចេញពីក្របខ័ណ្ឌ ក្រោមហេតុផលថា ពួកគាត់បានបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
ក្នុងចំណោម ១៣នាក់ មានក្រុមគ្រូបង្រៀន ១១នាក់ បានដាក់បណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីដោះស្រាយករណីនេះ ក៏ប៉ុន្តែតុលាក្រុងភ្នំពេញបានសម្រេចតម្កល់រឿងទុកឥតចាត់ការ កាលពីខែសីហា ឆ្នាំ២០១៩។ ក្រុមគ្រូបង្រៀនក៏បានប្ដឹងទាស់សេចក្ដីសម្រេចនេះ ហើយបច្ចុប្បន្នសំណុំរឿងនេះត្រូវបានសាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះនៅដើមខែ មីនាខាងមុខ។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមរដ្ឋប្បវេណីស្របទៅតាមសំណើរបស់តំណាងក្រសួងអប់រំ ដោយបានលើកចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ក្រោមហេតុផលថា បណ្ដឹងនេះធ្វើឡើងហួសកាលកំណត់នៃច្បាប់។ ចំពោះការលើកឡើងរបស់ក្រុមគ្រូបង្រៀនអំពីលិខិតស្នើសុំអន្តរាគមន៍ ដែលពួកគេបានដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួន ណារ៉ុន នោះវិញ តុលាការសម្រេចថា លិខិតទាំងនោះពុំមានភាពត្រឹមត្រូវតាមច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។