លោក រ៉ុង ឈុន និងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ បានទៅបង់ប្រាក់ពិន័យចំនួន ២លានរៀល ឬប្រមាណ ៥រយដុល្លារអាមេរិក នៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ នៅថ្ងៃទី១ ខែមីនា។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបន្តធ្វើទុក្ខបុកម្នេញលើលោក រ៉ុង ឈុន ឆ្លុះបញ្ចាំងថា សេរីភាពបញ្ចេញមតិនៅកម្ពុជានៅតែរងការរឹតត្បិត។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានដើរទៅបង់ប្រាក់ពិន័យ ២លានរៀន នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ដោយចាប់ផ្ដើមធ្វើដំណើរចេញពីកន្លែងចតឡាន នៅខាងត្បូងច្រកចូលសាលាដំបូងរាជធានីភ្នំពេញ ប្រមាណ ២០០ម៉ែត្រ។
អមដំណើរដោយថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រលោកប្រមាណ ៤០នាក់ និងមានមន្ត្រីសង្គមស៊ីវិលមួយចំនួនតាមឃ្លាំមើលផងនោះ ក៏មានប្រជាពលរដ្ឋមួយចំនួន ឆ្លៀតឱកាសបរិច្ចាគថវិកាដាក់ក្នុងឡាំងក្រដាស ដើម្បីជួយបង់ថ្លៃពិន័យទៅឱ្យតុលាការផងដែរ។
ថ្លែងដោយទឹកមុខស្វាហាប់ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមីនាថា លោកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបរិច្ចាគប្រាក់គ្រប់គ្រាន់ បង់ពិន័យទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា តាមរយៈការបរិច្ចាគថវិការបស់ប្រជាពលរដ្ឋពីគ្រប់ទិសទីនេះ បញ្ជាក់ឱ្យឃើញថា បើទោះបីជារងការគំរាមកំហែងយ៉ាងណាក្ដី តែប្រជាពលរដ្ឋជាច្រើននៅតែគាំទ្រលោក អ្នកលើកកម្ពស់អ្នកការពារសិទ្ធិមនុស្ស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
លោក រ៉ុង ឈុន៖«បើសិនជាយើងអ្នកនយោបាយមិនមានភាពស្មោះត្រង់ទៅនឹងដៃគូលទ្ធផលវានឹងត្រូវបានទទួលបានការថ្កោលទោសពីជាតិ និងអន្តរជាតិ ហើយលើសពីនេះទៀត ជនរួមជាតិខ្មែរយើងនឹងទទួលរងគ្រោះ ក៏ដូចជាជាតិតាមរយៈគេមិនសប្បាយចិត្ត គេអាចដកEBAបង្កកGSPមិនបន្តឱ្យកម្ពុជាយើង ហើយអ្នករងគ្រោះគឺប្រជាពលរដ្ឋខ្មែរនេះឯង»។
លិខិតបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានចុះហត្ថលេខារបស់ព្រះរាជ្ញារង ឆាយ ហុង ចុះកាលពីថ្ងៃទី១៨ ខែកុម្ភៈ បានបង្គាប់ឲ្យលោក រ៉ុង ឈុន បង់ប្រាក់ពិន័យចំនួន២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍និងសកម្មភាពរបស់លោកដែល ចុះទៅពិនិត្យតំបន់ព្រំដែន ដែលពលរដ្ឋអះអាងថា វៀតណាមរំលោភយកដីស្រែចម្ការរបស់ពួកគាត់នៅខេត្តត្បូងឃ្មុំកាលពីឆ្នាំ២០២០។
សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែសាលាឧទ្ធរណ៍ បានបន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹមរយៈពេល១៥ខែ និង១១ថ្ងៃ នៃទោសជាប់ពន្ធនាគារសរុប ២៤ខែ ហើយទោសនៅសល់ត្រូវបានព្យួរ និងពិន័យជាប្រាក់ ២លានរៀល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបន្ថែមបានឡើយនៅថ្ងៃទី១ ខែមីនា។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការ សម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ លោក សុន ពេញ មានប្រសាសន៍ថា ដោយសារតែលោក រ៉ុង ឈុន មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាអ្នកនយោបាយដែលមានតួនាទីខ្ពស់ផងនោះ ដូច្នេះការធ្វើទុក្ខបុកម្នេញទាំងឡាយចំពោះលោក រ៉ុង ឈុន ក៏អាចធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋទូទៅផងដែរ។ លោកបន្តថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលគួរបើកលំហសេរីភាពបញ្ចេញមតិ ជាជាងគំរាមកំហែងដល់អ្នកដែលហ៊ានរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។
លោក សុន ពេញ៖«ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ឬការលើកឡើងមតិយោបល់នានានេះវាអាចប៉ះពាល់ទៅដោយផ្ទាល់ទៅដល់ការបំពេញសេវារបស់មន្ត្រីសាធារណៈទៅពលរដ្ឋ ហើយទីពីរវាអាចមានផលអវិជ្ជមានមួយផ្នែកទៅការងារសេដ្ឋកិច្ចផង ព្រោះសេដ្ឋកិច្ចយើងដឹងទាំងអស់គ្នា វាមិនមែនគ្រាន់តែជាការរួមចំណែកពីមន្ត្រីសាធារណៈ វាក៏ចូលរួមពីប្រជាពលរដ្ឋដែរ»។
ក្រៅពីតុលាការបង្គាប់ឱ្យបង់ប្រាក់ពិន័យនេះ កាលពីពេលថ្មីៗនេះ គ.ជ.ប ក៏បានដាក់បម្រាមមិនឱ្យលោកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា របស់គណបក្សកម្លាំងជាតិដែរ។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏ធ្លាប់ព្រមាន រំលាយគណបក្សនយោបាយណា ដែលទទួលយកលោក រ៉ុង ឈុន ចូលរួមជីវភាពនយោបាយ ដោយក្រសួងអះអាងថាលោកមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ធ្វើនយោបាយឡើងវិញនោះទេ។
លោក រ៉ុង ឈុន លើកឡើងថា ការយាយីសិទ្ធិធ្វើនយោបាយមកលើរូបលោក តាមគ្រប់រូបភាពបែបនេះគឺបង្ហាញថា អ្នកនយោបាយមួយចំនួននៅតែមិនហ៊ានប្រកួតប្រជែងនយោបាយដោយស្មើភាពជាមួយលោកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។