អ្នកនាំពាក្យគណបក្សកាន់អំណាចព្រមានមេបក្សប្រឆាំង លោក កឹម សុខា ថាមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលដើរហួសបន្ទាត់ក្រហមរបស់តុលាការនោះទេ។ ការព្រមាននេះធ្វើឡើង ខណៈលោក កឹម សុខា កំពុងមមាញឹក ជួបអ្នកគាំទ្ររាប់សិបតាមបណ្ដាខេត្តនានា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តឡើងនៅ ថ្ងៃទី៥ខែមិថុនា ខាងមុខ ប៉ុន្តែ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅ មិនទាន់មានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយទេ។ ទោះបីជាយ៉ាងណា លោកបានស្កាត់ជួបអ្នកគាំទ្ររបស់ខ្លួន តាមខេត្តជាប់បឹងទន្លេសាប និងខេត្តមួយចំនួនទៀត។ ពលរដ្ឋរាប់សិបនាក់បានជួបស្វាគមន៍លោក កឹម សុខា ពេលលោកបានចុះតាមខេត្តជាប់បឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម។
មន្ត្រីបក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា គឺលោក សួន រីដា ឲ្យដឹងតាម ហ្វេសប៊ុកថា ក្រុមពលរដ្ឋចង់ដឹងពីសុខទុក្ខ និងចង់ដឹងនូវព័ត៌មានមួយចំនួនរបស់ លោក កឹម សុខា។ លោកថា លោក កឹម សុខា មានជំហរច្បាស់លាស់រឹងមាំក្រាញននៀលលើសមរភូមិជាក់ស្តែង ទើបពលរដ្ឋខ្មែរគ្រប់ច្រកល្ហកនៅគាំទ្រ និងស្កាត់មកជួប នៅពេលដឹងថាលោកកឹម សុខា ធ្វើដំណើរឆ្លងកាត់ខេត្តរបស់ពួកគេ។
ជុំវិញសកម្មភាពលោក កឹម សុខា ជួបអ្នកគាំទ្រខ្លួនពេលនេះដែរ មន្ត្រីបក្សកាន់អំណាចរំលឹកថា លោក កឹម សុខា មិនត្រូវធ្វើសកម្មភាពដែលតុលាការហាមឃាត់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ព្រមាន លោក កឹម សុខា ថា លោកមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដើរហួសបន្ទាត់ក្រហមរបស់តុលាការនោះទេ៖ «នេះជារឿងមនោសញ្ចេតនារបស់គាត់ ( លោក កឹម សុខា ) ដែលជួបមហាជន ហើយជាពិសេសអ្នកដែលធ្លាប់គាំទ្រគាត់ គឺជារឿងរបស់គាត់ ប៉ុន្តែ កុំឲ្យហួសបន្ទាត់ក្រហមដែលតុលាការបានកំណត់ជូនគាត់»។
ជុំវិញការព្រមាននេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានទេនៅថ្ងៃទី២៦ ខែមីនានេះ។
ពាក់ព័ន្ធនឹងករណីលោក កឹម សុខា នេះដែរ លោកបានស្នើសុំតុលាការចេញទៅប្រជុំនៅទីក្រុងប៊ែរឡាំង (Berlin)ប្រទេសអាល្លឺម៉ង់(Germany) ប៉ុន្តែ តុលាការមិនអនុញ្ញាតឡើយ ហើយតម្រូវឲ្យលោកប្រជុំតាមអនឡាញ(Onlin)វិញ។ តុលាការបានព្យាយាមបញ្ចុះបញ្ចូលឲ្យលោក កឹម សុខា ឲ្យសារភាពទាំងលោកគ្មានកំហុសដើម្បីបញ្ចប់ក្តីនៅតុលាការឲ្យបានឆាប់។ អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងផ្សេងទៀតព្រមានថា ប្រសិនបើលោក កឹម សុខា សារភាព មានន័យថា លោក កឹម សុខា នឹងធ្វើអត្តឃាតនយោបាយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា អ្វីដែលមន្ត្រីបក្សកាន់អំណាចថ្លែងដូច្នេះគ្រាន់តែចង់បញ្ជាក់ថា គេបានដឹងពីការធ្វើសកម្មភាពរបស់ លោកកឹម សុខា។ លោកបន្តថា ប្រសិនបើបក្សកាន់អំណាច ចង់ចោទប្រកាន់លោក កឹម សុខា គឺមិនខ្វះករណីចោទប្រកាន់នោះទេ ក្នុងនោះ សកម្មភាព លោក កឹម សុខា ចែកអំណោយ និងចុះជួបពលរដ្ឋក៏គេអាចរកចោទប្រកាន់ថា នេះជាសកម្មភាពនយោបាយបានដែរ។
អ្នកឃ្លាំមើលរូបនេះយល់ថា ការធ្វើសកម្មភាពរបស់លោក កឹម សុខា ព្រោះលោកចង់ទប់ស្កាត់មិនឲ្យអ្នកគាំទ្រខ្លួនចាកចេញទៅចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សផ្សេង ព្រោះពេលនេះមន្ត្រីជាន់ខ្ពស់របស់ លោក កឹម សុខា បានចេញពីលោកស្ទើរអស់ទៅហើយ ទៅបង្កើតបក្សថ្មី៖ «ខ្ញុំថា បើគេ ( តុលាការ ) ចោទប្រកាន់ ចង់ចាប់ចងដាក់បន្ទុកគេដាក់បានហើយ ពីព្រោះថាគាត់ ( លោក កឹម សុខា ) ទៅក្រៅគេមិនឲ្យទៅ តែប្រជុំអនឡាញ (Online) គេឲ្យ មានអីខុសគ្នាគ្រាន់មួយទៅផ្ទាល់ មួយនៅប្រយោល។ គាត់ត្រូវនៅបម្រាមនយោបាយ មិនឲ្យធ្វើនយោបាយ ហើយកាលណាគាត់ធ្វើសកម្មភាពជួបសកម្មជនគាំទ្រ គឺធ្វើនយោបាយខុសបម្រាមហើយ»។
មកទល់ពេលនេះ មានគណបក្សនយោបាយជាង ១០បានចុះឈ្មោះចូលរួមការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខ។ គណបក្សនាំមុខគេនៅពេលនេះ មានគណបក្សកាន់អំណាច និងគណបក្សភ្លើងទៀន។ មន្ត្រីគណបក្សភ្លើងទៀនភាគច្រើន ជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ។ ពួកគេថា គណបក្សភ្លើងទៀន មានគោលនយោបាយស្រដៀងនឹងគណបក្សសង្គ្រោះជាតិ ទើបពួកបានចូលរួមធ្វើនយោបាយជាមួយវិញ។ ការកើនឡើងប្រជាប្រិយភាពគណបក្សភ្លើងទៀននេះ ហើយបានធ្វើឲ្យគណបក្សកាន់អំណាចព្រួយបារម្ភ។ នេះបើតាមការអះអាងរបស់អ្នកវិភាគ។ លោក ហ៊ុន សែន កាលពីថ្ងៃទី២៥ មីនា ប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅឆ្នាំ ២០២៣វិញ មិនឲ្យកូនប្រុសលោក គឺ លោក ហ៊ុន ម៉ាណែត យកតំណែងនេះនៅឡើយទេ ប៉ុន្តែលោកថា វាអាចមានការផ្លាស់ប្តូរ ក្រោយការបោះឆ្នោតរួច។ ទោះបីជាយ៉ាងណា អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត មិនមានគីឡូដើម្បីប្រកួតប្រជែងនឹងមេដឹកនាំគណបក្សប្រឆាំងនៅឡើយទេ៕