បក្ស​កាន់អំណាច​នៅតែ​មិន​ហ៊ាន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​មុន​ការ​បោះឆ្នោត​ជាតិ

0:00 / 0:00

មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច​អះអាង​ថា គណបក្ស​នេះ​គ្មាន​ការចរចា​នយោបាយ​ណាមួយ​ជាមួយនឹង​មេដឹកនាំ​គណបក្សប្រឆាំង​នៅមុន​ការបោះឆ្នោត​ឡើយ​។ ទោះ​យ៉ាងណា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀម​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែកក្កដា ឱ្យ​បាន​ច្រើន​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចេញ​ពី​ការគ្រប់គ្រង​អំណាច​តាម​បែប​ត​វង្ស​ត្រកូល។

ការ​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នឹង​រៀបចំ​នៅ​កក្កដា​ខាងមុខនេះ ខុសពី​អាណត្តិ​ទី​៦ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ចេញទៅ​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្ដូរ។ ប៉ុន្តែ​គណបក្សកាន់អំណាច​ចាត់ទុក​សារ​របស់​មេ​បក្ស​ប្រឆាំង​នោះ​ថា ជា​ល្បិចកល​នយោបាយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាមរយៈ​ស្នាដៃ​ដឹកនាំ​ប្រទេស​រយៈពេល​៦​អាណត្តិ​កន្លង​មក​នេះ​ ​គណបក្ស​ប្រជាជន​មិន​បារម្ភ ឬ​ភ័យខ្លាច​ចរន្ត​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្ដូរ ដូច​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ ពីព្រោះ​បក្ស​លោក​ព្យាករណ៍​មុន​ការបោះឆ្នោត​ថា នឹង​ទទួល​បាន​សំឡេងឆ្នោត​យ៉ាង​ហោច​ជាង​៧៥​ភាគរយ​ដែរ។ លោក សុខ ឥសាន អះអាង​ថា បច្ចុប្បន្ន​មេដឹកនាំ​គណបក្ស​កាន់អំណាច​ពុំ​ចាំបាច់​ត្រូវ​ជួប​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ឡើយ។

លោក សុខ ឥសាន៖ «តួនាទី​មិនអាច​ខ្វះ​បាន​ក្នុង​ការ​ដឹកនាំ​សង្គម​កម្ពុជា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្រជាពលរដ្ឋ​គាំទ្រ ត្រូវ​ការ​ជាប់​ជានិច្ច ជាពិសេស គឺ​ការ​ថែរក្សា​ឱ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ជីវភាព​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​នៅក្នុង​សង្គម​កម្ពុជា​ដូច​បច្ចុប្បន្ន​នៅ​មាន​ការ​រីកចម្រើន​តាមរយៈ​ការ​កសាង​អភិវឌ្ឍ​ប្រទេស​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

ទោះយ៉ាងណា​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា លោក ហ៊ុន សែន មិន​ហ៊ាន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​វិល​ចូល​កម្ពុជា​ដើម្បី​ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ ពីព្រោះ​ពួកគេ​មើលឃើញ​ថា លោក ហ៊ុន សែន​ ​ភ័យខ្លាច​ចាញ់​ការ​បោះឆ្នោត និង​បារម្ភ​ពី​ផែនការ​ផ្ទេរអំណាច​ត​ពូជ​នៅពេល​អនាគត។

ប្រតិកម្ម​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​៣១ ខែ​មករា បាន​បង្ហោះ​វីដេអូ​ (Video) ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ដោយ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រៀម​ចេញទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ដោយ​រក្សា​ឧត្តមគតិ​ដើម ហើយ​កុំ​បារម្ភ​ពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​តទៅ​ទៀត។ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន អាច​គ្រប់គ្រង​អំណាច​រហូតដល់​សព្វថ្ងៃ​ដោយសារ​ការ​លួច​បន្លំ​សន្លឹកឆ្នោត ប៉ុន្តែ​លោក​ថា ដំណោះស្រាយ​ដែល​ល្អ​បើសិន​ពលរដ្ឋ​ខ្មែរ​ចេញទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​មាន​ចំនួន​ច្រើន​លើសលប់​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ នោះ​លោក ហ៊ុន សែន មិនអាច​ប្រកែក​នឹង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ។

លោក សម រង្ស៊ី៖ «បើ​យើង​ទៅ​បោះឆ្នោត​ទាំងអស់ សន្លឹកឆ្នោត​ដែល​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​វា​ច្រើន ទោះបី​ខាង ហ៊ុន សែន លួច​អត់​អស់​ទេ វា​ច្រើនពេក កាល​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លួច​ប៉ុណ្ណឹង​ហើយ ពាក់កណ្តាល​នគរ តែ​ឥឡូវ​បើ​ទាំង​នគរ​យើង​ទាំងមូល​ទៅ​បោះឆ្នោត​ដើម្បី​ដេញ ហ៊ុន សែន ចេញ ខ្ញុំ​ជឿ​ថា ចង់​លួច​សន្លឹកឆ្នោត​ប៉ុន្មាន​ក៏​លួច​អត់​អស់​ដែរ ហើយ​អ្វី​ដែល​នៅ​សល់​នៅតែ​ជា​សន្លឹកឆ្នោត​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ​ដដែល»។

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅតែ​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​ស្ថាប័ន​ពុំ​ឯករាជ្យ​ ​មិន​អព្យាក្រឹត្យ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច ខណៈ​ក្បាលម៉ាស៊ីន​ ​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​ជាតិ​មួយ​នេះ​ ​ភាគច្រើន​សុទ្ធតែ​ជា​មនុស្ស​ចេញពី​ជួរ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ​ ​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នៅពេល​ខាងមុខនេះ គឺជា​សញ្ញា​វិជ្ជមាន​ទាំង​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​ធ្លាប់​បោះបង់​ឱកាស​ដោយសារ​ពុំ​មាន​ជំនឿ​លើ​ស្ថាប័ន​បោះឆ្នោត​ងាក​ទៅ​បោះឆ្នោត​វិញ​។ ទោះ​យ៉ាង​ណា លោក​យល់​ថា​ការ​ចរចា​នយោបាយ​វាង​មេដឹកនាំ​គណបក្ស​ប្រជាជន និង​មេដឹកនាំ​គណបក្សប្រឆាំង​អាច​កើតឡើង​បាន​លុះត្រាតែ​កម្លាំង​របស់​អ្នក​ប្រជាធិបតេយ្យ​មាន​សន្ទុះ ឬ​ប្រហាក់ប្រហែល​នឹង​កម្លាំង​របស់​បក្ស​កាន់អំណាច​ក្នុង​លទ្ធផល​នៃ​ការបោះឆ្នោត​ខាង​មុន​នេះ។

លោក ឯម សុវណ្ណារ៉ា៖ «ចរន្ត​នៃ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី និង​កម្លាំង​គណបក្ស​ភ្លើងទៀន​អាច​ស្ទុះ​ឡើង ឬ​ហៅថា​កម្លាំង​ប្រជាធិបតេយ្យ និង​បញ្ញវន្ត បញ្ញាជន​ផ្សេងៗ​បាន​ចូលរួម​ច្រើន​នោះ ខ្ញុំ​គិតថា​កម្លាំង​ប្រកួតប្រជែង​អាច​មក​ប្រហាក់ប្រហែល​គ្នា ឬ​អាច​ប្រកួតប្រជែង​គ្នា​បាន ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​យើង​ពិបាក​សង្ឃឹម​ណាស់ តែ​ក៏​ជា​ចរន្ត​មួយ​ដែរ ថ្វីត្បិតតែ​នៅក្នុង​ស្ថានភាព​ហ្នឹង​លោក សម រង្ស៊ី គិតថា​ពេល​ដែល​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​នឹង​តាមដាន​នូវ​លទ្ធផល និង​ដំណើរការ​រាប់​សន្លឹកឆ្នោត​ដោយ​មិន​ទុក​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រាប់​តែឯង​ទេ​បាទ»។

គិត​មក​ទល់​ពេល​នេះ​ ​គណបក្ស​កាន់អំណាច បាន​អនុវត្ត​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ​ចាប់តាំងពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​មក។ យុទ្ធនាការ​នេះ​ ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​សង្គម​ ​និង​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ ​ធ្វើឡើង​ដើម្បី​ធានា​ជ័យជម្នះ​ទុកជាមុន​សម្រាប់​គណបក្ស​កាន់អំណាច​។ យុទ្ធនាការ​នេះ​ ​ទំនងជា​បន្ត​ទៅ​ទៀត​ក្នុង​ឆ្នាំ​២០២៣​នេះ ស្របពេល​កម្ពុជា​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​អនុវត្ត​ផែនការ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនៗ​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។