លោក សម រង្ស៊ី បន្តផ្ញើសារពង្រឹងស្មារតីមន្ត្រីបក្សប្រឆាំង កុំចុះចាញ់ល្បិចនយោបាយរបស់លោក ហ៊ុន សែន ដែលកំពុងអន្ទងឲ្យមន្រ្តីទាំងនោះ សុំសិទ្ធិធ្វើនយោបាយឡើងវិញ។ តើលោក សម រង្ស៊ី សម្អាងលើអ្វី ដែលថា សិទ្ធិធ្វើនយោបាយនេះ នឹងបានមកវិញដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់សុំលោក ហ៊ុន សែន?
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ អំពាវនាវសារជាថ្មី ដល់មន្ត្រីក្នុងជួរដឹកនាំគណបក្សនេះ ដែលរងការហាមឃាត់សិទ្ធិនយោបាយទាំងអស់ ឲ្យបន្តរក្សាជំហររឹងមាំដាច់ខាត និងមិនត្រូវមិនត្រូវទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីរបប ហ៊ុន សែន ទេ ពីព្រោះរបបនេះ កំពុងតែត្រូវអន្តរជាតិព្រមានកាន់តែខ្លាំងឡើងៗ។ លោក សម រង្ស៊ី អះអាងថា សម្ពាធរបស់សហភាពអឺរ៉ុប នឹងធ្វើឲ្យរបបលោក ហ៊ុន សែន គ្មានជម្រើសអ្វី ក្រៅពីបើកផ្លូវឲ្យគណបក្ស សង្គ្រោះជាតិ ដំណើរការឡើងវិញ ដែលពេលនោះ មន្ត្រីគណបក្ស សង្គ្រោះជាតិ ទាំងអស់ នឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដោយស្វ័យប្រវត្តិ និងដោយរក្សាកិត្តិយសរបស់ខ្លួន។
ថ្លែងនៅក្នុងសារជាវីដេអូ រយៈពេលជាង ៨នាទី តាមទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែមីនានេះ លោក សម រង្ស៊ី បញ្ជាក់អំពីសុទិដ្ឋិនិយមថា សហភាពអឺរ៉ុប កំពុងតែយកចិត្តទុកដាក់ខ្លាំង លើការព្យួរការអនុគ្រោះពន្ធ EBA ដោយគ្រោងបញ្ជូនគណៈប្រតិភូទៅកម្ពុជា នៅសប្ដាហ៍ក្រោយនេះ។ លោកបន្តថា ការបន្តអត់ធ្មត់ និង រឹងមាំតទៅទៀតនេះ នឹងបានផលសម្រេចដោយថ្លៃថ្នូរ នឹងឈ្នះល្បិចរបស់លោក ហ៊ុន សែន ក្នុងការបំបែកគណបក្ស សង្គ្រោះជាតិ៖ «បើមន្រ្តីគណបក្ស សង្គ្រោះជាតិ ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោក ហ៊ុន សែន នៅពេលដែលគណបក្សយើងត្រូវគេរម្លាយ នៅពេលដែលគណបក្សយើងមិនទាន់ដំណើរការឡើងវិញ ហើយនៅពេលដែលលោក កឹម សុខា នៅជាប់ឃុំឃាំងនៅឡើយ មានន័យថាម៉េច ? មានន័យថា យើងទៅចុះជាមួយ ហ៊ុន សែន។ យើងទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ធ្វើនយោបាយជាមួយនរណា ? ធ្វើនយោបាយយ៉ាងម៉េច ? បើគណបក្សយើងត្រូវគេរម្លាយ ហើយ ហ៊ុន សែន មិនទាន់បើកផ្លូវ ឲ្យគណបក្សយើងដំណើរការឡើងវិញ។ មិនអាចធ្វើនយោបាយក្នុងជួរគណបក្ស សង្គ្រោះជាតិ ដូចមុនទេ។ មិនអាចមានគណបក្សដែលប្រធានត្រូវជាប់ឃុំឃាំងដូចនៅពេលនេះ។ ដូច្នេះបើយើងទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពី ហ៊ុន សែន មានន័យថាយើងចុះចូល ហ៊ុន សែន ហើយ។ ខ្ញុំជឿថា បងប្អូនទាំងអស់គ្នា យើងមិនទៅល្ងង់ចាញ់បោក ហ៊ុន សែន ទេ។ យើងចាំតែបន្តិចទៀត សម្ពាធអន្តរជាតិមកដល់ហើយ។ ហ៊ុន សែន គាត់យល់ច្បាស់ថា របបគាត់នឹងដួលរលំហើយ បើមានទណ្ឌកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ ដូចដែលសហភាពអឺរ៉ុប គេនឹងត្រៀមដាក់ ហើយគេនឹងត្រៀមបញ្ជាក់ប្រាប់គាត់ជាចុងក្រោយ»។
របបលោក ហ៊ុន សែន ក្រោយរងសម្ពាធពីសហគមន៍អន្តរជាតិ ដែលទាមទារឲ្យស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ បានកែច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា ៤៥ថ្មី (ស្ទួនមួយ) កាលពីចុងឆ្នាំ២០១៨ ដើម្បីបើកផ្លូវឲ្យលោក ហ៊ុន សែន មានសិទ្ធិលើកលែងទោស ដល់មន្ត្រី ១១៨នាក់របស់គណបក្សប្រឆាំង ដែលបក្សកាន់អំណាចហាមឃាត់សិទ្ធិនយោបាយ ក្រោយធ្វើច្បាប់រម្លាយបក្សនេះ។
ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកការកែច្បាប់ស្រេចតែចិត្តនេះថា គ្រាន់តែជាល្បិច ដើម្បីបំបែកសំឡេងប្រឆាំងប៉ុណ្ណោះ មិនមែនជាចេតនាស្មោះត្រង់ ក្នុងការស្តាតលំហប្រជាធិបតេយ្យឡើងវិញនោះឡើយ។
ក្រោយចេញច្បាប់ថ្មីនេះ មានមន្ត្រីគណបក្សប្រឆាំងតែបីរូបប៉ុណ្ណោះ បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញ ក្នុងចំណោមមន្ត្រីទាំង ១១៨រូបនោះ។ ថ្មីៗ នេះ ដោយគ្មានអ្នកចាប់អារម្មណ៍សុំសិទ្ធិនយោបាយនេះច្រើន ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំ អំពីបែបបទនៃការដាក់ពាក្យសុំសិទ្ធិនេះ ដោយត្រូវដាក់ម្នាក់ម្តងៗ។ ប៉ុន្តែ រហូតមកដល់ពេលនេះ នៅតែគ្មានមន្ត្រីបក្សប្រឆាំងដាក់ពាក្យសុំ បន្ថែមថ្មីទៀតទេ ស្របពេលដែលឱសានវាទ នៃការព្យួរការអនុគ្រោះពន្ធ កាន់តែរំកិលជិតមកដល់។
ក្រោយព្រមានរបបលោក ហ៊ុន សែន ជាច្រើនសាថា នឹងពិចារណាព្យួរការអនុគ្រោះពន្ធ EBA បើរបបនេះ មិនស្គារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ សហភាពអឺរ៉ុប បានចាប់ផ្ដើមនីតិវិធីដក ឬព្យួរការអនុគ្រោះពន្ធនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ដោយទុកពេលឲ្យរបបលោក ហ៊ុន សែន មានពេលតែ ១២ខែប៉ុណ្ណោះ ដើម្បីស្ដារស្ថានភាពអាក្រក់នេះឱ្យទាន់។ នីតិវិធីក្នុងរយៈពេល ១២ខែនេះ ចែកចេញជាបីដំណាក់កាល។ ដំណាក់កាលទីមួយ គឺប្រាំមួយខែដំបូង ពីខែកុម្ភៈ ដល់ខែកក្កដា គឺដំណាក់កាលពិនិត្យតាមដាន និងវាយតម្លៃស៊ីជម្រៅថា តើកម្ពុជាបានធ្វើអ្វីខ្លះ ដើម្បីកែប្រែស្ថានការណ៍បច្ចុប្បន្ន។ សហភាពអឺរ៉ុបផ្ដល់ឱកាសឱ្យកម្ពុជា ក្នុងការចរចា និងចូលរួមសហការ ក្នុងការប្រមូលព័ត៌មានចាំបាច់។ ដំណាក់កាលទីពីរ គឺបីខែបន្ទាប់ រាប់ពីខែសីហា ដល់ខែតុលា គឺជាពេលសរសេររបាយការណ៍សរុបលទ្ធផលនៃដំណាក់កាលតាមដានប្រាំមួយខែដំបូងនោះ។ ដំណាក់កាលទីបី គឺបីខែបន្ទាប់មកទៀត គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប នឹងបិទបញ្ចប់នីតិវិធី ១២ខែនេះ ដោយចេញសេចក្ដីសម្រេចស្ថាពរមួយថា តើត្រូវដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធនោះ។ បើគណៈកម្មការនេះសម្រេចដកការអនុគ្រោះពន្ធពីកម្ពុជា នៅថ្ងៃខែមករា ឆ្នាំ២០២០ នោះមែន ប្រសិទ្ធភាពនៃការអនុវត្តត្រូវរង់ចាំប្រាំមួយខែបន្ទាប់ទៀត មានន័យថា ការដកការអនុគ្រោះពន្ធ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។