លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិចោទប្រកាន់ជាថ្មីទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ជាអ្នកនៅពីក្រោយករណីឃាតកម្មជាច្រើន ទៅលើសកម្មជននយោបាយ ព្រះសង្ឃ អ្នកបរិស្ថាន សិល្បៈករ រួមនឹងលោកបណ្ឌិត កែម ឡី ផង។ លោក សម រង្ស៊ី លើកឡើងបែបនេះនៅពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ ពីប្រទេសបារាំងក្នុងពេលលោកចូលរួម បុណ្យខួប ៥ ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី។
លោក សម រង្ស៊ី បញ្ជាក់ថា មានសាក្សីដែលបញ្ជាក់ថា ករណីឃាតកម្មជាច្រើនករណី ទាក់ទងនឹងការបង្រ្កាបអ្នក ដែលហ៊ានចេញមុខប្រឆាំងនឹងអាជ្ញាធរ និងមេដឹកនាំរបបក្រុងភ្នំពេញ ក្នុងរួមមាន ព្រះតេជគុណ សំ ប៊ុនធឿន អ្នកការពារសិទ្ធិកម្មករលោក ជា វិជ្ជា អ្នកការពារធនធានធម្មជាតិលោក ឈុត វុទ្ធី អ្នកសារព័ត៌មានប្រឆាំងជាច្រើននាក់ និងលោកបណ្ឌិត កែម ឡី។ លោកបន្តថា ចំណែកអ្នកស្រី ប៊ុន រ៉ានី ជាភរិយាលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងឃាតកម្មលើសិល្បៈករ និងជានាដការីល្បីឈ្មោះអ្នកស្រី ពិសិដ្ឋ ពាលីកា៖ « ថាអាហ្នឹងគ្រោះថ្នាក់សម្រាប់ ហ៊ុន សែន សម្រាប់ប្រពន្ធ ហ៊ុន សែន របប ហ៊ុន សែន ទើបបាន ហ៊ុន សែន ប្រពន្ធ ហ៊ុន សែន របប ហ៊ុន សែន រៀបចំការបាញ់សម្លាប់។ ទី២ ត្រូវសួរថា នរណា ដែលមានមធ្យោបាយរៀបចំការសម្លាប់ហ្នុង។ ទី៣គឺរកមុខអត់ដែលឃើញទេ ដោយសាររបបការពារ ដោយសារតុលាការការពាររបបលោក ហ៊ុន សែន។ ទាល់តែមានអំណាច កាន់អំណាចទើបអាចបញ្ជាតុលាការថា កុំស៊ើបអង្កេត ប៉ូសីលកុំស៊ើបអង្កេត ឬមួយបើស៊ើបគេស៊ើបទៅជាឆ្កយទៅ។ ដូចជារឿងបណ្ឌិត កែម ឡី ទៅសង្ស័យម្នាក់នោះ សួរថាអ្នកឯងឈ្មោះអី ថាឈ្មោះជួប សម្លាប់ ដែលជារឿងលេងសើចទាំងប៉ូលីស ទាំងតុលាការក្នុងកណ្ដាប់ដៃ ហ៊ុនសែន គឺបំបិទបំបាំងការពិត ការពារជនឧក្រិដ្ឋ ហើយទប់ស្កាត់មិនឱ្យមានយុត្តិធម៌»។
លោក សម រង្ស៊ី ក៏បានលើកឡើងទៀតថា ដើម្បីរកយុត្តិធម៌ពិតប្រាកដដល់អ្នកដែលសម្លាប់ដោយអយុត្តិធម៌ទាំងនោះ គឺមានតែពលរដ្ឋត្រូវចូលរួមទាមទារយុត្តិធម៌ទាំងអស់គ្នា៖ « សូមបងប្អូនជនរួមជាតិទាំងអស់កុំអស់សង្ឃឹមមនុស្ស ដែលធ្វើអាក្រក់មិនចាំបាច់ចុះនរកជាតិក្រោយ ឬទាល់តែស្លាប់ទេ។ ខ្ញុំជឿថាកម្មពារនឹងមកដល់ជាតិហ្នឹង ខាងមុខហ្នឹងមិនយូរទេ គឺទាល់តែប្រជាតិខ្មែរយើងរួបរួមគ្នា ងើបឈរទាំអស់គ្នា ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ វីរជន ឥស្សរជនដ៏ល្បីល្បាញមកដល់សព្វថ្ងៃ ធ្វើម៉េចកុំឱ្យមានទង្វើឃោរឃៅ អយុត្តិធម៌បែបហ្នឹងទៀត ដល់អ្នកស្នេហាជាតិបែបហ្នឹងទៀត។ធ្វើម៉េចផ្ដល់យុត្តិធម៌ឱ្យពលរដ្ឋខ្មែរនៅពេលខាងមុខឆាប់ៗនេះ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការឆ្លើយតបពីមន្រ្តីរដ្ឋាភិបាលពីការចោទប្រកាន់របស់លោក សម រង្ស៊ី នេះបាននៅឡើយទេ។ បើទោះជាយ៉ាងណា មកដល់ពេលនេះលោក សម រង្ស៊ី បានជាប់បណ្ដឹងជាច្រើនទាក់ទងនឹងការចោទប្រកាន់នានា និងការថ្លែងសារជាសាធារណៈរបស់លោក។ សំណុំរឿងទាំងនោះត្រូវប្ដឹងដោយលោក ហ៊ុន សែន រដ្ឋាភិបាល រួមនឹងមន្រ្តីស្និទ្ធនឹងលោក ហ៊ុន សែន ពីបទបរិហាកេរ្តិ៍ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថព្រះមហាក្សត្រជាដើម។
ជាមួយគ្នានេះកាលពីថ្ងៃទី១១ ខែកក្កដា គណបក្សសង្រ្គោះជាតិនៅរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិកក៏នាំគា្នធ្វើបុណ្យខួបគម្រប់៥ឆ្នាំថ្ងៃឃាតកបាញ់សម្លាប់លោក បណ្ឌិត កែម ឡី នេះដែរ ដោយបានធ្វើពិធីតាមបែបព្រះពុទ្ធសាសនា។ ពួកគេក៏ឆ្លៀតពេលនោះរម្លឹកដល់វីរភាពរបស់អ្នកការពារសិទ្ធិកម្មករលោក ជា វិជ្ជា និងអ្នកការពារព្រៃឈើលោក ឈុត វុទ្ធី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។