មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន ថាជាមេដឹកនាំការពារថៅកែតែមិនខ្វល់ពីសុខទុក្ខរបស់កម្មករដោយសារតែផលប្រយោជន៍គ្រួសារ និងការពារអំណាចផ្ដាច់ការ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បើកយុទ្ធនាការជួបកម្មករនៅមុនការបោះឆ្នោតដោយអះអាងថាលោកតែងតែគិតពីសុខទុក្ខពលរដ្ឋ និងដោះស្រាយបញ្ហាជូនកម្មករគ្រប់ពេល។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី លើកឡើងនៅលើកហ្វេសប៊ុក នៅយប់ថ្ងៃទី១៧ ខែមិថុនាថា ការបាត់បង់ការងារធ្វើដោយសារទណ្ឌកម្មអន្តរជាតិ ដូចជាការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ(EBA) របស់សហភាពអឺរ៉ុប គឺបណ្តាលមកពីលោក ហ៊ុន សែន បានប្រើអំណាចផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយលោកចាត់ទុកលោក ហ៊ុន សែន ថាជាមនុស្សកំសាកដែលចាប់កម្មករធ្វើជាចំណាប់ខ្មាំងឱ្យទទួលរងទណ្ឌកម្មជំនួស។ លោកបន្តថា នយោបាយសេដ្ឋកិច្ច និងការបរទេសរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះបានធ្វើឲ្យកម្មករខ្វះការងារល្អដែលផ្តល់ប្រាក់ខែខ្ពស់។
លោក សម រង្ស៊ី ក៏លើកឡើងពីបញ្ហាដែលកម្មករគ្មានផ្ទះសម្បែងផ្ទាល់ខ្លួនសម្រាប់ស្នាក់នៅក្នុងទីប្រជុំជន ឬក្បែរកន្លែងធ្វើការ ខណៈឈ្នួលផ្ទះ និងទំនិញនៅលើទីផ្សារកាន់តែឡើងថ្លៃ។ ទន្ទឹមនឹងនេះលោកថា បញ្ហាកម្មករជំពាក់លុយធនាគារវ័ណ្ឌកដោយគ្មានដំណោះស្រាយបានធ្វើឱ្យពលករខ្មែររាប់លាននាក់ត្រូវបង្ខំចិត្តចំណាកស្រុកនៅប្រទេសជិតខាង។
ប្រតិកម្មរបស់មេបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន លោក ហ៊ុន សែន កំពុងបើកយុទ្ធនាការចុះជួបកម្មករនិយោជិតនៅតាមរោងចក្រក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនៅមុនពេលការបោះឆ្នោតខិតជិតមកដល់។ ស្ទើរគ្រប់វេទិកាជួបជុំជាមួយកម្មករ លោក ហ៊ុន សែន អះអាងថាជារឿយៗលោកតែងតែគិតពីសុខទុក្ខរបស់ពលរដ្ឋដោយមិនសន្យាចោលនោះទេ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែមិថុនា លោក ហ៊ុន សែន និយាយថាតាមរយៈវេទិកាជួបនឹងកម្មករជាហូរហែមកនេះគឺដើម្បីឱ្យលោកបានពិនិត្យពីវឌ្ឍនភាពនៅតាមរោងចក្រ ព្រមទាំងបានចុះសួរសុខទុក្ខ និងរកដំណោះស្រាយចំពោះបញ្ហាជូនកម្មករជាបន្តបន្ទាប់។
លោក ហ៊ុន សែន៖ «អ្វីដែលខ្ញុំដឹងតើស្ថានភាពរបស់កម្មករ កម្មការិនីរបស់យើងយ៉ាងមិច ខ្ញុំចង់ជួបជាមួយអ្នកទាំងអស់គ្នា ដើម្បីដឹងសុខទុក្ខ ហើយខ្ញុំពិតជាមានការរីករាយ និងនៅពេលខ្ញុំទៅកាន់កន្លែងមួយទៅកន្លែងមួយ បូករួមជាមួយការធ្វើសម្ភាសន៍»។
ទោះជាយ៉ាងណា ក្រុមកម្មករស្នើលោក ហ៊ុន សែន គួរដោះស្រាយបញ្ហាការលំបាករបស់កម្មករចេញពីចិត្តពិត ជាជាងមកជួបកម្មករនៅពេលបោះឆ្នោត៥ឆ្នាំម្ដង ហើយទុកពួកគាត់ចោល នៅក្រោយការបោះឆ្នោត។
កូដករណាហ្គាវើលដ៍ (Naga World) កញ្ញា ម៉ម សុវឌ្ឍិន លើកឡើងថា លោក ហ៊ុន សែន មិនបានយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់ និងការពារប្រយោជន៍របស់កម្មករដូចអ្វីដែលលោកអះអាងនោះទេ ផ្ទុយទៅវិញកម្មករដែលចេញតវ៉ាប្រឆាំងនឹងអំពីអយុត្តិធម៌បែរជាទទួលរងការធ្វើទុក្ខបុកម្នេញ អំពើហិង្សា និងការបៀតបៀនពីសំណាក់អាជ្ញាធរ។ កញ្ញាប្រាប់ថា ក្រុមកូដករក៏មានបំណងជួបជាមួយលោក ហ៊ុន សែន ដោយផ្ទាល់នៅក្នុងវេទិកាដូចកម្មករផ្សេងទៀតដែរ ដើម្បី បកស្រាយរឿងពិតទាក់ទងបញ្ហាវិវាទការងារជាមួយម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គា ដែលបានអូសបន្លាយជិតពីរឆ្នាំមកនេះ។
កញ្ញា ម៉ម សុវឌ្ឍិន៖ «(អាជ្ញាធរ)មិនបានការពារសិទ្ធិកម្មករទេ តែការពារសិទ្ធិថៅកែច្រើនជាង ថៅកែគ្មានសិទ្ធិធ្វើរឿងហ្នឹងបែរជាក្រសួងពាក់ព័ន្ធការពារជំនួសថៅកែទៅទៀត អ៊ីចឹងភាគីរដ្ឋអត់បានដើរតួនាទីដោះស្រាយឱ្យកម្មករទេ»។
កម្មកររោងចក្រ សិន តៃ ហ្គាមែន (Zhen Tai Garment) លោកស្រី ឈួ សារិត ថ្លែងថា វិវាទនៅកន្លែងការងាររបស់លោកស្រីបានអូសបន្លាយអស់រយៈពេល៦ខែមកហើយ ដោយសារក្រសួងការងារអសមត្ថភាពក្នុងការដោះស្រាយ ក្រោយពេលថៅកែរោងចក្របញ្ឈប់កម្មការិនីពីការងារដោយអយុត្តិធម៌។ លោកស្រីចាត់ទុកទង្វើបែបនេះ គឺផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន នាពេលកន្លងមកថា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលំបាករបស់កម្មករ។
លោកស្រី ឈួ សារិត៖ «ទាំងខ្ញុំទាំងគេ ទោះបីកម្មករត្រូវក៏ខុសដែរ បើកម្មករខុសកាត់ក្តីភ្លាមៗមកថាខុស តែនេះមិនកាត់ទេ នៅរុញចុះរុញឡើង ទៅមុខទៅក្រោយហ្នឹង តើកម្មករមានពេលឯណាដែលរឿងនេះធ្វើឱ្យកម្មករមួយចំនួនបាក់ទឹកចិត្តខ្លាំងបំផុត»។
នៅដើមឆ្នាំ២០២៣នេះ មានរោងចក្រចំនួន១០ បានបិទទ្វារ និងរោងចក្រជិត៥០០ បានព្យួរការងារកម្មករ ខណៈរោងចក្រប្រមាណ៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។ លោក ហ៊ុន សែន លើកឡើងពីមូលហេតុដែលនាំឱ្យរោងចក្របិទទ្វារជាបន្តបន្ទាប់ថា គឺបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចជាសកលដែលបណ្ដាលមកពីសង្គ្រាមរុស្សី (Russia) និងអ៊ុយក្រែន (Ukraine) ធ្វើឱ្យការបញ្ជាទិញរបស់សហភាពអឺរ៉ុប និងអាមេរិកធ្លាក់ចុះ។
ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា មានកត្តាធំៗមួយចំនួនដែលនាំឱ្យរោងចក្រនៅកម្ពុជាបិទទ្វារជាបន្តបន្ទាប់ រួមមានការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សមាគមន៍អឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យការនាំចេញផលិតផលវាយនភ័ណ្ឌរបស់កម្ពុជា ជាប់រនាំងពន្ធ និងពិបាកក្នុងការប្រកួតប្រជែងតម្លៃលើទីផ្សារ។ ចំណែកកត្តាសំខាន់មួយទៀតនោះគឺ អស្ថិរភាពខាងផ្នែកនយោបាយនៅកម្ពុជា ដោយសារយុទ្ធសាស្ត្រកណ្ដាប់ដៃដែករបស់ លោក ហ៊ុន សែន ដែលប្រើអំណាចផ្ដាច់ការសម្លាប់ប្រជាធិបតេយ្យ។
ជុំវិញរឿងនេះ ប្រធានសភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ មានប្រសាសន៍ថា ទំនិញក្នុងវិស័យកាត់ដេរជាង៨០ភាគរយនាំចេញទៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ លោកបារម្ភថាបើសិនប្រទេសទាំងនោះសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀតអ្នកដែលរងគ្រោះគឺកម្មករ និងគ្រួសារកម្មករ ដោយសាររោងចក្រកាត់បន្ថយបុគ្គលិក និងបិទរោងចក្រមិនដំណើរ ស្របពេលសិទ្ធិរបស់កម្មករ និងសហជីពនៅកន្លែងការងារកំពុងរងការរឹតត្បិតសិទ្ធិសេរីភាពខ្លាំង។
លោក អាត់ ធន់៖ «រដ្ឋាភិបាលត្រូវគិតគូរឱ្យមានការដោះស្រាយបញ្ហានយោបាយហ្នឹងឱ្យល្អឱ្យមានប្រកួតប្រជែងគ្នាឱ្យបានត្រឹមត្រូវ ចំពោះការដឹកនាំរដ្ឋមួយឱ្យមានប្រជាធិបតេយ្យទើបពលរដ្ឋមានសិទ្ធិ និងឥទ្ធិពល ហើយចុងក្រោយរឿងអ៊ីប៊ីអេរបស់អឺរ៉ុប ជីអេសភីរបស់អាមេរិក និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀតត្រូវរក្សា និងចុះកិច្ចព្រមព្រៀងបន្ថែមទៀតដើម្បីបង្កើនការងារ ហើយបង្កើតការងារក្នុងស្រុកបន្ថែមទៀត»។
លោក សម រង្ស៊ី អំពាវនាវឲ្យកម្មករ កម្មការិនី ដែលស្រលាញ់សេរីភាព និងយុត្តិធម៌នាំគ្នាទៅបោះឆ្នោតនៅថ្ងៃ២៣ កក្កដា ២០២៣ ប៉ុន្តែលោកបញ្ជាក់ថា នៅក្នុងបន្ទប់សម្ងាត់នៃការិយាល័យបោះឆ្នោតនីមួយៗ គឺកម្មករគូសខ្វែងនៅលើសន្លឹកឆ្នោតនោះចោល ដើម្បីប្រឆាំងអំណាចផ្ដាច់ការ និងអំពើអយុត្តិធម៌។ លោកថា កាយវិការបែបនេះក៏បង្ហាញពីការគ្មានជម្រើសរបស់អ្នកបោះឆ្នោតដែលមិនឃើញឈ្មោះគណបក្សដែលខ្លួនស្រលាញ់នៅលើសន្លឹកឆ្នោត ហើយលទ្ធផលពិតប្រាកដដែលពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិរង់ចាំមើលពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺចំនួនសន្លឹកឆ្នោតគូសចោលដែលឆ្លុះបញ្ចាំងពីកម្លាំងប្រឆាំងរបបផ្ដាច់ការសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។