ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងថា លោកនៅតែប៉ុនប៉ងរកច្រកវិលទៅកម្ពុជាវិញ ឲ្យបានក្នុងពេលឆាប់ៗ នេះ។ លោកបញ្ជាក់ថា លោក និងមន្រ្តីបក្សប្រឆាំងដទៃទៀត កំពុងប្រើមធ្យោបាយការទូត ដើម្បីជួយអន្តរាគមន៍សម្រួលដំណើរមាតុភូមិនិវត្តន៍នេះ ស្របពេលដែលរបបក្រុងភ្នំពេញកំពុងរងសម្ពាធជុំទិស។
លោក សម រង្ស៊ី បន្តអំពាវនាវឲ្យពលរដ្ឋខ្មែរ បន្តអត់ធ្មត់បន្តិចទៀត។ លោកថា គណបក្សសង្គ្រោះជាតិ ជិតទទួលបានជ័យជំនះហើយ។
លោក សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសអាស៊ាន ក្បែរៗ ប្រទេសកម្ពុជានៅឡើយ ផ្តល់បទសម្ភាសន៍ជាមួយនឹងអាស៊ីសេរី ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែវិច្ឆិកាមានប្រសាសន៍ថា លោកមិនអាចលើកទ័ព ទៅតទល់ជាមួយលោក ហ៊ុន សែន បានទេ ហើយក៏មិនអាចឆ្លងកាត់ដែនដីប្រទេសថៃបានដែរ បើរដ្ឋាភិបាលប្រទេសថៃ បិទផ្លូវមិនឲ្យលោកចូលទៅប្រទេសគេ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជា ដូចបានគ្រោងទុកបាននោះ។
ទោះជាយ៉ាងនេះក្តី លោកថា ការធ្វើឲ្យរបបលោក ហ៊ុន សែន ប្រតិកម្មខ្លាំងទៅលើកម្លាំងពលរដ្ឋ ដែលទាមទារឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានបែបនេះ គឺជាសញ្ញាណបង្ហាញអំពីភាពខ្លាំងរបស់គណបក្សសង្គ្រោះជាតិ និងការភ័យខ្លាចរបស់លោក ហ៊ុន សែន ចំពោះការបាត់បង់អំណាច និង បង្ហាញអំពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ លើបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៖ «ជោគជ័យរបស់យើងធំណាស់ ដែលយើងបានប្រមូលកម្លាំងដល់កម្រិតហ្នឹង ធ្វើឲ្យ ហ៊ុន សែន ញ័រ ឲ្យ ហ៊ុន សែន ស្លន់ស្លោ ពង្រាយទ័ពដាក់រទេះតង់ ដាក់កាណុង ដាក់កាំភ្លើងយន្តរារាំងមិនឲ្យយើងចូលតាមជាយដែន។ រួចហើយគំរាមព្រមានក្រុមហ៊ុនអាកាសចរណ៍ មិនឲ្យគេដឹកខ្ញុំទៅស្រុកខ្មែរ។ ទូទាំងពិភពលោក គេសើច »។
ទោះជារងការរារាំង ដែលមិនអាចឲ្យលោកវិលចូលទៅស្រុកខ្មែរវិញបានតាមកាលកំណត់ ក៏លោក សម រង្ស៊ី ថា លោកកំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗ ខាងមុខនេះ គឺទៅដោយអហិង្សា និងសន្តិវិធី។
លោក សម រង្ស៊ី ចាត់ទុកសកម្មភាពដាក់សម្ពាធលើរបបលោក ហ៊ុន សែន ថាមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសសម្ពាធពីសហភាពអឺរ៉ុប ដែលទើបតែបានដាក់ឱសានវាទ ឲ្យលោក ហ៊ុន សែន ៣០ថ្ងៃ ដើម្បីស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើវិញឲ្យទាន់ បើមិនដូច្នេះទេ ប្រទេសកម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។
គណៈកម្មការអឺរ៉ុប បានញ្ចូនរបាយការណ៍បឋមស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅរដ្ឋាភិបាលកម្ពុជារួចហើយ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា។ របាយការណ៍នេះ គឺជារបាយការណ៍សម្ងាត់ ដោយផ្ញើទៅតែរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។ អាស៊ីសេរី កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា បានទទួលបានរបាយការណ៍ដែលមានកម្រាស់ ៧០ទំព័រនេះ ពីប្រភពមន្រ្តីដែលមានរបាយការណ៍នេះក្នុងដៃ ប៉ុន្តែសុំមិនបញ្ចេញឈ្មោះ។
ក្នុងរបាយការណ៍នោះបញ្ជាក់ថា របបលោក ហ៊ុន សែន មិនបានស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីបន្តរក្សាបានការអនុគ្រោះពន្ធ EBA នេះតទៅទៀតនោះទេ។
មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបថា ស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះ រឹតតែអាក្រក់ខ្លាំងជាងមុនទៅទៀត គឺអាក្រក់ជាងកាលពី ៩ខែមុន ពោលគឺ កាលពីខែកុម្ភៈ ដែលគណៈកម្មការអឺរ៉ុបបានចាប់ផ្តើមនីតិវិធីត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដែលឈានទៅការព្យួរការអនុគ្រោះពន្ធ នៅដើមឆ្នាំ២០២០ បើស្ថានភាពនេះនៅតែមិនប្រសើរឡើងវិញ។
ស្ថានភាពកាន់តែអាក្រក់នេះ រួមមានទាំងការបន្តមិនទំលាក់ចោលបទចោទប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ការរម្លាយគណបក្សសង្គ្រោះជាតិ ការបោះឆ្នោតដោយផាត់ចោលគណបក្សសង្គ្រោះជាតិ ការបណ្តេញអង្គការសង្គមស៊ីវិល ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបន្តធ្វើទុក្ខបុកម្នេញបណ្តាញផ្សព្វផ្សាយព័ត៌មាន ដូចករណីបន្តមិនទម្លាក់ចោលបទចោទប្រឆាំងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បញ្ហារំលោភដីធ្លី និងការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពកម្មករ និង ចុងក្រោយការបន្តចាប់ឃុំខ្លួន និង ចោទប្រកាន់មន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានជាទ្រង់ទ្រាយធំ ដោយសារតែចោទប្រកាន់អ្នកទាំងនោះ ដោយសារតែគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី វិលទៅកម្ពុជាវិញនោះ។
របាយការណ៍នោះ សង្កត់ធ្ងន់ថា យោងតាមការវាយតម្លៃជាទូទៅលើស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា គណៈកម្មការអឺរ៉ុបរកឃើញថារបបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និង ជាប្រព័ន្ធទៅលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងរំលោភធ្ងន់ធ្ងរទៅលើគោលការណ៍សិទ្ធិការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) ដែលប៉ះពាល់ដល់ការបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាតទៅទៀត បើកម្ពុជាមិនកែខ្លួន។
បើយោងតាមឱសានវាទ ដែលកំណត់ដោយគណៈកម្មការអឺរ៉ុបនេះ របបលោក ហ៊ុន សែន គិតមកត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា គឺមានពេលតែ ២៦ថ្ងៃទៀតប៉ុណ្ណោះ ដែលត្រូវស្តារស្ថានភាពទាំងនេះឡើងវិញ។
ជុំវិញការឈានទៅបាត់បង់ការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ លោក សម រង្ស៊ី ស្នើឲ្យពលរដ្ឋខ្មែរ ត្រូវតែបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ដោយសន្តិវិធី ដើម្បីប្រាប់ទៅសហគមន៍អន្តរជាតិថា ពលរដ្ឋខ្មែរមិនព្រមទទួលទណ្ឌកម្មពីអន្តរជាតិ ដោយសារតែលោក ហ៊ុន សែន និង មិនត្រូវទទួលទណ្ឌកម្មជំនួសលោក ហ៊ុន សែន ទេ។
លោកបន្តថា គណបក្សសង្គ្រោះជាតិ ចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយរបស់កម្មករប្រមាណ ៨សែននាក់។ ក្នុងបុព្វហេតុនេះ លោក សម រង្ស៊ី បន្ថែមថា អ្នកនិយមប្រជាធិបតេយ្យ នឹងនៅតែបន្តតស៊ូ ដើម្បីផ្តួលរំលំរបបលោក ហ៊ុន សែន បើលោក ហ៊ុន សែន ខ្លួនឯងមិនព្រមកែខ្លួន ហើយមិនព្រមបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ តាមការទាមទាររបស់សហភាពអឺរ៉ុប និងប្រជាពលរដ្ឋដែលស្រលាញ់ប្រជាធិបតេយ្យ៖ «សូមបងប្អូនរក្សាការប្រមូលផ្តុំស្មារតីប្រយុទ្ធ របស់យើង។ យើងត្រូវតែរក្សាកំដៅនយោបាយ។ ឲ្យកំដៅនយោបាយនៅខ្ពស់ ឲ្យវាក្តៅ ហើយបើពេលណាមកដល់ ឲ្យវាក្តៅជាហ្នឹងទៀត។ ពេលហ្នឹងបានពួកជនផ្តាច់ការ ត្រូវតែថយ។ ទាល់តែអន្តរជាតិសំពងពីខាងក្រៅ យើងធ្វើឲ្យក្តៅរហូតដល់ផ្ទុះពីខាងក្នុង បានជនផ្តាច់ការថយ ជនផ្តាច់ការធ្វើសម្បទានពិតប្រាកដ។ តែឥឡូវនេះ សូមរក្សាជំហរ និងក្តីសង្ឃឹមរបស់យើង រក្សាកម្លាំងរបស់យើង ត្រៀមខ្លួន បើត្រូវធ្វើសកម្មភាពគួបផ្សំជាមួយអន្តរជាតិពេលណា យើងនឹងធ្វើពេលហ្នឹង » ។
ថ្មីៗ នេះ លោក ហ៊ុន សែន បានបញ្ជាឲ្យបន្ធូរស្ថានការណ៍តានតឹង ដោយផ្តើមពីការកែប្រែលក្ខខណ្ឌឃុំខ្លួនលោក កឹម សុខា ដោយលែងឃុំខ្លួនប្រធានគណបក្សប្រឆាំងរូបនេះក្នុងផ្ទះបន្តទៅទៀត។ ចំណែកឯសកម្មជនគណបក្សសង្គ្រោះជាតិ ដែលលោក ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនជាទ្រង់ទ្រាយធំ និងចោទប្រកាន់ពីបទក្បត់ជាតិចាប់តាំងពីខែ សីហាមក ដោយសារតែពួកគាត់គាទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ីនោះ ក៏លោក ហ៊ុន សែន ចេញបញ្ជាឲ្យតុលាការដោះលែងវិញ យ៉ាងប្រញាប់ប្រញាល់ដែរ។
មន្រ្តីនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន អះអាងប្រាប់អាស៊ីសេរីថា ស្ថានការណ៍នយោយបាយនៅប្រទេសកម្ពុជា មានភាពល្អប្រសើរច្រើនហើយ ដែលមិនត្រូវមានវត្តមានលោក សម រង្ស៊ី នោះទេ។ ទោះជាយ៉ាងនេះក្តី លោកថា រដ្ឋាភិបាលកម្ពុជា នឹងនៅតែរក្សាជំហរចាប់ខ្លួនលោក សម រង្ស៊ី បើហ៊ានវិលចូលស្រុកខ្មែរវិញមែននោះ៖ «កាតព្វកិច្ចរបស់រាជរដ្ឋាភិបាល គឺចាប់រង្ស៊ី រួចបញ្ជូនទៅតុលាការ»។
ទោះបីជាលោអះអាងថា រក្សាជំហរចាប់លោក សម រង្ស៊ី យ៉ាងណាក្តី លោក ផៃ ស៊ីផាន ថារដ្ឋាភិបាលកម្ពុជា មិនទាន់សម្រេចថាតើនឹងដកបម្រាម ដែលហាមក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល មិនឲ្យដឹកលោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំងមួយចំនួនទៀត ចូលមកកម្ពុជាវិញ នៅពេលណានៅឡើយនោះទេ៖ «ឲ្យគាត់មក៍ឬក៏យ៉ាងម៉េច ? អាហ្នឹងទៅតាមរយៈស្ថានភាព។ បើសិនគាត់មក៍បង្កើតនូវបញ្ហាចលាចល បង្កើតអ្វីអ៊ីចឹងទៅ យើងរកវិធីគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ ក្នុងន័យរក្សាសណ្តាប់ធ្នាប់សាធារណៈ។ យើងរកគ្រប់មធ្យោបាយ»។
ចំពោះសារអំពាវនាវឲ្យពលរដ្ឋក្រោកតវ៉ា ទាមទារឲ្យរបបក្រុងភ្នំពេញ ទទួលខុសត្រូវចំពោះការព្យួរការអនុគ្រោះពន្ធ EBA នោះ លោក ផៃ ស៊ីផាន អះអាងថាកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋ មានសិទ្ធិតវ៉ា ដោយសន្តិវិធីបាន៖ «តាមរដ្ឋធម្មនុញ្ញ ការតវ៉ាត្រូវតែធ្វើតាមយន្តដែលមានស្រាប់។ ប្រជាពលរដ្ឋអាចតវ៉ាជាមួយរដ្ឋាភិបាល តាមរយៈសភា ឬតុលាការ។ ប៉ុន្តែ មិនអាចយកការបះបោរធ្វើជាការតវ៉ាទេ ព្រោះយើងនឹងបង្ក្រាប »។
លោក សម រង្ស៊ី និង មន្រ្តីបក្សប្រឆាំងឯទៀត ដែលអមដំណើររបស់លោកទៅកាន់តំបន់អាស៊ាន និងប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានោះ ត្រូវបានរារាំងគ្រប់មធ្យោបាយពីរសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ទាំងហាមក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល ៤៧ ក្រុមហ៊ុន មិនឲ្យដឹកលោក សម រង្ស៊ី ចូលកម្ពុជា និងស្នើឲ្យអាជ្ញាធរប្រទេសអាស៊ានទាំងអស់ ជួយសហការទប់ស្កាត់លោក សម រង្ស៊ី កុំឲ្យចូលកម្ពុជាវិញបាន។ មិនតែប៉ុណ្ណោះ របបនេះបានពង្រាយកងកម្លាំងប្រដាប់អាវុធ តាមព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានចាប់សកម្មជនបក្សប្រឆាំងដាក់ឃុំឃាំងជាច្រើននាក់។
ទោះជាមិនទាន់អាចវិលចូលស្រុកខ្មែរបាននៅពេលនេះក៏ដោយ ក៏អ្នកឃ្លាំមើលសង្គមយល់ថា លោក សម រង្ស៊ី មានឥទ្ធិពលធ្វើឲ្យអន្តរជាតិ ចាប់អារម្មណ៍ខ្លាំង លើវិបត្តិនយោបាយនៅកម្ពុជា ដែលសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធបន្ថែម ដើម្បីឲ្យរបបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។