លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីហើយ កាលពីថ្ងៃទី១៩ ខែឧសភា ដោយលោកអះអាងថា អ្នកមុខអ្នកការគ្រប់មជ្ឈដ្ឋាននៅឥណ្ឌូណេស៊ីបានផ្តល់តម្លៃដល់គណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដែលពួកគេចាត់ទុកថា ជាតំណាងប្រជារាស្ត្រខ្មែរពិតប្រាកដ ក្នុងការតស៊ូ ដើម្បីទាមទារសេរីភាព និងយុត្តិធម៌។
មេដឹកនាំបក្សប្រឆាំងរូបនេះបង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook)របស់លោកបន្តទៀតថា មានតែ លោក ហ៊ុន សែន ទេ ដែលនិយាយថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជា “ឧទ្ទាម” ឬជា “ទណ្ឌិត” ក៏ប៉ុន្តែ លោកចោទថា លោក ហ៊ុន សែន ទៅវិញទេ ដែលជា ជាជនក្បត់ជាតិ និងជាជនឧក្រិដ្ឋដែលប្រជារាស្ត្រខ្មែរ នឹងយកទៅកាត់ទោស ក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអង្គការសង្គមស៊ីវិល និងតំណាងរាស្ត្រឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា (Jakarta) កាលពីថ្ងៃសុក្រ ទី១៩ ខែឧសភា លោក សម រង្សី ឥឡូវនេះ កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលី ដើម្បីជួបជុំពលរដ្ឋខ្មែរដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរនៅកម្ពុជា។ លោកគ្រោងជួបពលរដ្ឋខ្មែរ នៅថ្ងៃអាទិត្យទី២២ ខែឧសភា ក្នុងកម្មវិធីបុណ្យផ្កាប្រាក់មួយនៅវត្តខ្មែរបន់នីរិក (Bonnyrigg) នៃទីក្រុងស៊ីដនី (Sydney)។
លោក សម រង្សី នឹងបន្តដំណើរទៅទីក្រុងកងបេរ៉ា (Canberra) ទៀតដើម្បីជួបជាមួយតំណាងរាស្ត្រ សហព័ន្ធអូស្ត្រាលី ជជែករឿងនយោបាយតានតឹងនៅកម្ពុជា ក្នុងនោះមានបញ្ហាគណបក្សភ្លើងទៀនផងដែរ ដែលគ.ជ.ប មិនអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ២០២៣ ខាងមុខនេះ ។ លោកនឹងជួបលោក ជូលៀន ហៀល (Julian Hill) ជាតំណាងរាស្ត្រមកពីទីក្រុងម៉ែលប៊ន ដើម្បីជំរុញឲ្យលោកនាំសារទៅជូនរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស អ្នកស្រី ផែនី វ៉ង់ (Penny Wong)ដើម្បីគិតគូររឿងប្រជាធិបតេយ្យនៅកម្ពុជា ដែលរបបលោក ហ៊ុន សែន កំពុងជាន់ឈ្លីហើយដឹកនាំកាន់តែផ្ដាច់ការ។ ក្រោយពីជំនួបនេះហើយ លោក សម រង្សី នឹងបន្តដំណើរទៅជួបអ្នកគាំទ្រខ្មែរនៅក្នុងទីក្រុងអាឌឺលែត (Adelaide) ទៀតហើយនឹងបញ្ចប់ទស្សនកិច្ច លោកនៅឯទីក្រុងម៉ែលប៊ន នៅថ្ងៃទី២៧ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។