ទាក់ទងនឹងបញ្ហានេះ គណបក្សប្រជាជនកម្ពុជា បានបន្ទន់ឥរិយាបថចង់ឲ្យមានការបន្តការចរចាជាមួយគណបក្សសង្គ្រោះជាតិ បន្តទៀត នៅថ្ងៃទី២៩ សីហា នេះ។ ការចង់វិលមករកតុចរចានេះ កើតមានក្រោយពេលមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មួយរូប បានប្រកាសថា វាយឺតពេលទៅហើយសម្រាប់ការបង្កើតគណៈកម្មការស៊ើបអង្កេតលទ្ធផលបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថា គម្រោងធ្វើមហាបាតុកម្មនៅថ្ងៃទី៧ កញ្ញា ខាងមុខ មិនមែនជាការធ្វើបាតុកម្មដើម្បីចង់ផ្ដួលរំលំរដ្ឋាភិបាលទេ។ ការធ្វើបាតុកម្មនោះ គឺដើម្បីទាមទារឲ្យរកដំណោះស្រាយភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតដោយសន្តិវិធីតែប៉ុណ្ណោះ។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៩ សីហា ថា ប្រសិនបើគ្មានដំណោះស្រាយណាមួយពីខាងគណបក្សប្រជាជនកម្ពុជា ទេ គណបក្សសង្គ្រោះជាតិ នឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សាទៅតាមការកំណត់ ដែលបាតុកម្មនោះធ្វើឡើងដោយអហិង្សា និងមិនមែនចង់ផ្ដួលរំលំរដ្ឋាភិបាលនោះឡើយ។
ការប្រកាសធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ ធ្វើឡើងនៅខណៈដែលក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នបកស្រាយច្បាប់កំពូលរបស់ជាតិនោះ កំពុងតែដោះស្រាយបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ និងបញ្ជាឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព "ក" នៅការិយាល័យបោះឆ្នោតមួយចំនួន ដើម្បីពិនិត្យអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតមិនទាន់បញ្ចប់នៅឡើយ។
ទាក់ទងនឹងបញ្ហានេះ លោក សម រង្ស៊ី បញ្ជាក់ថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មនេះ ដោយសារតែគណបក្សសង្គ្រោះជាតិ គ្មានជំនឿលើការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប នោះទេ ពីព្រោះថា គណបក្សសង្គ្រោះជាតិ បានដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើការសម្រេចចិត្តកាត់សេចក្ដីចុងក្រោយដូចនឹង គ.ជ.ប ដដែល។
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី បានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងលុបចោលការធ្វើបាតុកម្មអហិង្សាវិញ ប្រសិនបើប្រធានគណបក្សប្រជាជនកម្ពុជា មានការឆ្លើយតបចំពោះលិខិតរបស់គណបក្សសង្គ្រោះជាតិ ដាក់ទៅ លោក ជា ស៊ីម កាលពីថ្ងៃទី២៨ សីហា សុំឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ជួបគ្នាបន្តនីតិវិធីចរចាបន្តទៀត។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ សីហា នេះ បានចេញសេចក្ដីថ្លែងការណ៍ចំនួនពីរដាច់ដោយឡែកពីគ្នាភ្លាមៗ ដោយបញ្ចេញជំហរចង់រកដំណោះស្រាយតាមការជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ បន្ត។
ក្នុងលិខិតរបស់ លោក ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើជូន លោក សម រង្ស៊ី នៅថ្ងៃទី២៩ សីហា បានសរសេរថា គណបក្សប្រជាជនកម្ពុជា នៅតែមានសុឆន្ទៈដ៏ពិតប្រាកដ ដើម្បីបន្តការចរចាដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើលទ្ធផលនៃការបោះឆ្នោត និងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ដែលជាផ្លូវការដ៏ល្អបំផុត ដើម្បីធានាបាននូវភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ។
ដោយឡែក លិខិតមួយច្បាប់ទៀតដែលចេញដោយគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ សីហា ដដែល មានខ្លឹមសារស្រដៀងគ្នាថា ទោះបីជាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបគ្នាកាលពីថ្ងៃទី៣ និងថ្ងៃទី៩ សីហា ឆ្នាំ២០១៣ មិនទាន់ត្រូវរ៉ូវគ្នាទាំងស្រុងក្ដី តែគណបក្សប្រជាជនកម្ពុជា នៅតែត្រៀមខ្លួនជានិច្ចបន្តការចរចា ដើម្បីដោះស្រាយបញ្ហាសេសសល់ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោត និងឈរលើស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ។
ការបន្ទន់ឥរិយាបថរបស់គណបក្សទាំងពីរនេះ ត្រូវបានអង្គការសង្គមស៊ីវិល និងក្រុមអ្នកវិភាគ បានស្វាគមន៍ចំពោះស្មារតីបង្រួបបង្រួមជាតិរបស់គណបក្សជាប់ឆ្នោតទាំងពីរ ពីព្រោះថា ការឈ្លោះគ្នារបស់អ្នកនយោបាយខ្មែរ មិនមានផលប្រយោជន៍សម្រាប់ជាតិនោះទេ។ អ្នកវិភាគសង្កត់ធ្ងន់ថា កម្ពុជា បានបន្សល់ទុកនូវប្រវត្តិសាស្ត្រអាក្រក់ជាច្រើន ដោយសារតែទំនាស់របស់អ្នកនយោបាយនេះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ប្រទេសកម្ពុជា បានបន្សល់ទុកប្រវត្តិសាស្ត្រអាក្រក់ចំនួន ៤ បន្ទាប់ពីប្រទេសនេះមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលធ្វើឲ្យប្រទេសនេះមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យជាលើកដំបូងក្នុងឆ្នាំ១៩៩៣។ ប៉ុន្តែ ក្រោយពីការបោះឆ្នោត អ្នកនយោបាយតែងតែប្រើកម្លាំងរៀងខ្លួន ដើម្បីដោះស្រាយបញ្ហា។
លោកបណ្ឌិត សុខ ទូច បានលើកហេតុផលថា ដោយសារតែអ្នកនយោបាយជម្នះរៀងខ្លួននេះហើយ ដែលធ្វើឲ្យកម្ពុជា មិនមានការឯកភាពជាតិ ហើយធ្វើឲ្យកម្ពុជា ជាមហានគរដ៏ធំនោះ ក្លាយជាប្រទេសដែលមានផ្ទៃដីរួមតូច។ លោកបណ្ឌិត សុខ ទូច ផ្ដល់អនុសាសន៍ថា នៅពេលអ្នកនយោបាយមានទំនាស់ទៅលើលទ្ធផលបោះឆ្នោតនោះ គណបក្សជាប់ឆ្នោតទាំងពីរត្រូវយកអ្នកឯករាជ្យមកផ្ដល់អនុសាសន៍ ដើម្បីដោះស្រាយបញ្ហាទាល់ច្រក។
បន្ថែមពីលើនេះទៀត អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានពន្យល់ថា មូលហេតុតែមួយគត់ដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិ ចង់ធ្វើបាតុកម្មនោះ ដោយសារតែភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោក កែម ឡី បញ្ជាក់ថា បើរដ្ឋាភិបាលចង់ឲ្យមានភាពយុត្តិធម៌លើការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ត្រូវតែឲ្យអ្នកជំនាញមកចូលរួមក្នុងការស្វែងរកយុត្តិធម៌លទ្ធផលបោះឆ្នោតនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងអាចប្រែប្រួល ឬលុបចោលនៅនាទីចុងក្រោយវិញក៏ថាបាន ប្រសិនបើគណបក្សទាំងពីរមានឆន្ទៈពិតប្រាកដ ក្នុងការជួបប្រជុំចរចាបន្ត ដើម្បីដោះស្រាយនូវភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតនោះ។
ក្រុមអ្នកវិភាគបានពន្យល់ថា គណបក្សជាប់ឆ្នោតទាំងពីរត្រូវតែរកវិធីដោះស្រាយបញ្ហានេះដោយសន្តិវិធី និងអាចទទួលយកបានទាំងអស់គ្នា ដើម្បីផលប្រយោជន៍ជាតិជាធំ។
គណបក្សទាំងពីរបានបរាជ័យក្នុងការជួបចរចាគ្នានេះចំនួនពីរលើកហើយ គឺការជួបជុំគ្នាកាលពីថ្ងៃទី៩ និងថ្ងៃទី២០ សីហា។
លោក សម រង្ស៊ី បានអះអាងថា ការបរាជ័យនៃការចរចានេះ ដោយសារតែមន្ត្រីគណបក្សប្រជាជនកម្ពុជា មិនហ៊ានធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយយកលទ្ធផលនៃការចរចានោះឲ្យថ្នាក់លើសម្រេច។ លោក សម រង្ស៊ី ស្នើថា ប្រសិនមានការចរចាលើកក្រោយ សុំឲ្យមន្ត្រីដែលមកចរចាជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិ នោះ មានសិទ្ធិសម្រេចដោយខ្លួនឯងនៅក្នុងបន្ទប់ចរចា។ ការធ្វើដូច្នេះ ទើបអាចរកច្រកដោះស្រាយបញ្ហាបានភ្លាមៗ។
គណបក្សសង្គ្រោះជាតិបដិសេធថាមិនពាក់ព័ន្ធនឹងចលនាអំណាចពលរដ្ឋខ្មែរ
ដោយ ឡេង ម៉ាលី
នៅពេលដែលគណបក្សសង្គ្រោះជាតិ ប្រកាសអំពីគម្រោងធ្វើមហាបាតុកម្មអហិង្សាតវ៉ាឱ្យមានតម្លាភាពលើលទ្ធផលបោះឆ្នោតនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ គណបក្សសង្គ្រោះជាតិ ច្រានចោលជាថ្មីចំពោះការជាប់ពាក់ព័ន្ធជាមួយចលនាអំណាចពលរដ្ឋខ្មែរ។
ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បញ្ជាក់ថា គម្រោងធ្វើមហាបាតុកម្មរបស់គណបក្សលោក មិនពាក់ព័ន្ធអ្វីជាមួយ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នោះទេ។
ការបដិសេធន៍របស់ លោក សម រង្ស៊ី គឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី២៩ សីហា ទាក់ទងទៅនឹងការចោទដោយសង្ស័យមួយថា លោក សួន សេរីរដ្ឋា នឹងចូលរួមក្នុងក្បួនមហាបាតុកម្មអហិង្សាដែលគណបក្សសង្គ្រោះជាតិ គ្រោងធ្វើនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ៖ «ប្រសិនឃើញលោក សួន សេរីរដ្ឋា គាត់មកចូលរួមក្នុងបាតុកម្មយើង ខ្ញុំសុំបញ្ជាឱ្យសន្តិសុខគណបក្សសង្គ្រោះជាតិ បណ្ដេញចេញ។ អត់មានទៅពាក់ព័ន្ធជាមួយបុគ្គលហ្នឹងទេ ព្រោះយើងដឹងថាជំហររបស់គាត់ គឺខុសស្រឡះផ្ទុយស្រឡះពីជំហរគណបក្សសង្គ្រោះជាតិ ដែលធ្វើអ្វីៗ គឺឈរលើអហិង្សា និងសន្តិវិធីមួយរយភាគរយ ហើយជាស្ថាពរ»។
នេះគឺជាការបដិសេធន៍ម្ដងទៀតរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃច័ន្ទ ទី២៦ សីហា បានផ្ញើចេញកម្រងឯកសារទាក់ទងនឹងសកម្មភាពរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ពេលជួបសំណេះសំណាលជាមួយពលរដ្ឋ និងសកម្មជនបក្សនៅតាមបណ្ដាខេត្ត-ក្រុង រាជធានីមួយចំនួន និងអំពាវនាវឱ្យត្រៀមខ្លួនធ្វើបាតុកម្ម។
ក្នុងកម្រងឯកសាររបស់ក្រសួងមហាផ្ទៃ នោះ ក៏មានដាក់បញ្ចូលឯកសារអំពាវនាវផ្សេងៗយកចេញពីបណ្ដាញហ្វេសប៊ុក (Facebook) និងឯកសារលិខិតចំហរបស់ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធចូលរួមជាមួយពលរដ្ឋធ្វើបាតុកម្មផង។ នៅខ្លឹមសារចំណុចទី២ នៃលិខិតចំហរបស់ លោក សួន សេរីរដ្ឋា បានសរសេរអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធឱ្យបំបែរចុងអាវុធសំដៅជនផ្ដាច់ការ ដែលល្មោភសង្គ្រាម ដែលជាមេដឹកនាំឈ្មួញសង្គ្រាម និងដែលចេះតែគំរាមធ្វើសង្គ្រាមវិនាសកម្មសម្លាប់ជាតិសាសន៍ខ្លួនឯង។ ក្រសួងមហាផ្ទៃ ចាត់ទុកថា សកម្មភាពមេដឹកនាំបក្សសង្គ្រោះជាតិ និងឯកសារទាំងនោះថា ជាការបំផុសឲ្យមានបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល។
លោក យឹម សុវណ្ណ បានបដិសេធទាំងស្រុង និងមិនទទួលស្គាល់ឯកសារនោះទេ ដោយចាត់ទុកថា ជាឯកសារក្លែងក្លាយ៖ «ខ្ញុំកត់សម្គាល់ ៣ចំណុច។ ទី១ គឺប្រើប្រាស់ឯកសាររបស់ សួន សេរីរដ្ឋា ដែលគាត់ធ្វើសេចក្ដីថ្លែងការណ៍ផ្សេងៗ ហើយយើងអត់មានពាក់ព័ន្ធនឹងចលនារបស់ សួន សេរីរដ្ឋា ទេ។ ឯកសារនេះគាត់ភ្ជាប់ទៅក្នុងស្រោមសំបុត្រតែមួយ ហើយផ្ញើអ្នកការទូត ហើយចោទប្រកាន់យើងថា គ្រោងធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល។ សុំបដិសេធទាំងស្រុង។ ទី២ គឺមានលិខិតក្លែងក្លាយ ដែលមិនដឹងចេញដោយបុគ្គលណាទេ ហើយផ្ញើលិខិតក្លែងក្លាយនេះទៅអ្នកការទូត ហើយនិងស្ថាប័នព័ត៌មាន»។
លោកបញ្ជាក់បន្ថែមថា ឯកសារផ្លូវការរបស់គណបក្សសង្គ្រោះជាតិ គឺជាឯកសារដែលផ្សាយនៅក្នុងហ្វេសប៊ុក និងគេហទំព័ររបស់គណបក្សរបស់ប្រធាន និងអនុប្រធានគណបក្សប៉ុណ្ណោះ។ រីឯឯកសារក្លែងក្លាយ លោកក៏បានធ្វើលិខិតបដិសេធហើយដែរ។
លិខិតឆ្លើយតបរបស់ លោក សួន សេរីរដ្ឋា មួយច្បាប់ បានសរសេរថា ការថ្លែងរបស់ លោក សម រង្ស៊ី ដែលថា ការធ្វើមហាបាតុកម្មថ្ងៃទី៧ កញ្ញា មិនមែនជាបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន តែជាការតវ៉ាភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតដោយសន្តិវិធី គឺកើតឡើងបន្ទាប់ពីមានការគំរាមកំហែងពីក្រសួងមហាផ្ទៃ រដ្ឋាភិបាលអាយ៉ងយួន ថានឹងចាប់ខ្លួន លោក សម រង្ស៊ី កាត់ទោស បើហ៊ានដឹកនាំធ្វើមហាបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។