លោក ស ខេង រិះគន់​រឿង​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​នៅ​មុខ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ

ដោយ ទីន ហ្សាការីយ៉ា
2018.01.17
ស ខេង ៦២២ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​រិះគន់​លើ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​ផ្លូវ​ជាតិ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ការ​ថ្លែង​របស់​លោក ស ខេង ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨។

​បើ​ទោះ​ជា​លោក ស៊ុន ចាន់ថុល បាន​ខិតខំ​លើក​ឡើង​ពី​សមិទ្ធផល​សំខាន់ៗ ដែល​ក្រសួង​លោក​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និង​ការ​ធ្វើ​ទំនើបកម្ម​ក្រសួង​ជាដើម ក៏​លោក​នៅ​តែ​ទទួល​ស្គាល់​ថា ការ​ខិតខំ​ប្រឹងប្រែង និង​ទទួល​បាន​សមិទ្ធផល​ការងារ​ធំធេង​យ៉ាង​ណា ក៏​ក្រសួង​នៅ​មាន​ចំណុច​ខ្វះខាត​ទាមទារ​ឲ្យ​មាន​ការ​កែលំអ។

លោក ស ខេង ដែល​ចូលរួម​ក្នុងនាម​ជា​គណៈអធិបតី​ក្នុង​អង្គ​សន្និបាត​បូក​សរុប​ការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​រិះគន់​ថា ការ​កសាង​ផ្លូវជាតិ​លេខ​៨ មិន​មាន​គុណភាព​ទេ។ តែ​ទោះ​យ៉ាង​ណា លោក ស ខេង ទ​ទូល​ស្គាល់​ថា ការ​សាងសង់​ផ្លូវ​មួយ​ចំនួន​អនុវត្ត​​បាន​ត្រឹមត្រូវ និង​មាន​គុណ​ភាព​ល្អ តែ​ផ្លូវ​មួយ​ចំនួន​ទៀត​ខ្វះ​គុណភាព ជាក់​ស្ដែង​ផ្លូវជាតិ​លេខ​៨ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៦​អា ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៧ ដែល​ជា​ផ្លូវ​ទើប​សាងសង់​ថ្មី​ដោយ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​ផ្លូវ​ថ្មី​នេះ​ហាក់​មាន​សភាព​ទ្រុឌទ្រោម​ជាង​ផ្លូវ​ចាស់​ពី​មុន​ទៅ​ទៀត៖ «ផ្លូវ​ជាតិ​លេខ​៨​នេះ​ជួសជុល​ជា​បន្តបន្ទាប់​ គ្មាន​គុណភាព មិន​ធានា​ទុក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក និង​ប្រជាពលរដ្ឋ»

​លោក ស ខេង ជំរុញ​ឲ្យ​ក្រសួង​សាធារណៈ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់ និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ផ្លូវ និង​ស្នើ​ឲ្យ​កែទម្រង់​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​ចម្រុះ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ពង្រឹង​ការ​សហប្រតិបត្តិការ និង​ពង្រឹង​ការគ្រប់គ្រង​ការ​កែច្នៃ​យានយន្ត​ដើម្បី​រក្សា​របៀបរៀបរយ សុវត្ថិភាព និង​រក្សា​ភាព​មាំទាំ​នៃ​ផ្លូវ​ថ្នល់។

​ផ្លូវ​ជាតិ​លេខ​៨ គិត​ចាប់​ពី​គល់​ស្ពាន​ព្រែកតាមាក់ ក្នុង​ភូមិ​ស្វាយអាត់លើ ឃុំ​ព្រែកតាមាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាត់​តាម​ស្រុក​ស្វាយអន្ទរ ក្នុង​ខេត្ត​ព្រៃវែង ឆ្ពោះ​ទៅ​ស្រុក​អូររាំងឪ ខែត្រ​ត្បូងឃ្មុំ។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មិន​អាច​វាយតម្លៃ​ជា​រួម​បាន​អំពី​គុណភាព​ផ្លូវ​បច្ចុប្បន្ន​ទេ ដោយ​លោក​ថា មក​ដល់​ពេល​នេះ គ្មាន​ស្តង់ដារ​ណា​មួយ​ដែល​អាច​កំណត់​ពី​គុណភាព​ផ្លូវ​នោះ​ទេ។ លោក ព្រាប កុល មើល​ឃើញ​ថា ការ​កសាង​ផ្លូវ និង​ការ​សិក្សា​បច្ចេកទេស​នៃ​ការ​ធ្វើ​ផ្លូវ មិន​មាន​លក្ខណៈ​ស្មុគស្មាញ​ដែល​ពិបាក​ធានា​គុណភាព​នោះ​ទេ កត្តា​ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច លោក​មើល​ឃើញ​ថា ដោយសារ​បញ្ហា​តម្លាភាព ការ​គ្រប់គ្រង ខ្វះ​ការ​ត្រួត​ពិនិត្យ និង​បញ្ហា​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​សាងសង់​ផ្លូវ​ជាដើម៖ «ខ្ញុំ​មើល​ឃើញ​ជា​ទូទៅ គឺ​ការ​ធ្វើ​ដោយ​មិន​តម្លាភាព​ បញ្ហា​គ្រប់គ្រង ការ​សាងសង់​ផ្លូវ​មិន​ល្អ ធ្វើ​ឲ្យ​ឆាប់​ខូច មិន​មាន​គុណភាព មួយ​វិញ​ទៀត ការ​សាងសង់​គឺ​ប្រហែល​មាន​បញ្ហា​មិន​ប្រក្រតី​ក្នុង​ការ​សាងសង់ ទើប​ធ្វើ​ឲ្យ​មាន​ការ​សាងសង់ ផ្លូវ ថ្នល់ មាន​បញ្ហា»

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ផ្លូវជាតិ​រង​ការ​រិះគន់​អូស​បន្លាយ​មក​ដល់​ពេល​នេះ រហូត​ដល់​ឮ​ថា ផ្លូវ​ចាក់​ស្ដើង​ស៊ី​ក្រាស់​ដោយសារ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួសជុល អសកម្ម​ក្នុង​ការ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​ក្នុង​ការ​ដេញថ្លៃ ដែល​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ៖ «គឺ​ដោយសារ​តម្លាភាព​និង​ភាព​អសកម្ម​ក្នុង​ការ​សាងសង់ មួយ​វិញ​ទៀត ការ​ដាក់​មិន​ដេញ​ថ្លៃ​ដែល​ចំណុច​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​មាន​បញ្ហា។ កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​ណា​មួយ​ក៏​គ្មាន​អង្គការ​សង្គម​ស៊ីវិល ក្រៅ​រដ្ឋាភិបាល​ចូលរួម​ដែរ»

 

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា បាន​ទទួល​ស្គាល់​ថា ផ្លូវ​មួយ​ចំនួន​នៅ​កម្ពុជា នៅ​មិន​ទាន់​បំពេញ​គុណភាព​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា ដោយសារ​ស្ថានភាព​ដី និង​ទឹក​នៅ​តំបន់​ទាំង​នោះ។

​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់​ប្រកាស​ថា នឹង​ចាប់​បង្ខំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​សាងសង់​ផ្លូវ​ដែល​គ្មាន​គុណភាព ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វេសប្រហែស​ទាំង​នេះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ថា គឺ​មាន​តែ​ផ្លូវជាតិ​លេខ​៥ តែ​មួយ​គត់​ដែល​ត្រូវ​បាន​លោក ស៊ុន ចាន់ថុល ធ្លាប់​ព្រមាន​ម្ចាស់​ក្រុមហ៊ុន​ជា​ជនជាតិ​ចិន ឲ្យ​ជួសជុល​ឡើង​វិញ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គេ​កត់សម្គាល់​ឃើញ​ថា ការសាងសង់​ផ្លូវ​ដែល​ជា​ជំនួយ ឬ​កម្ចី​របស់​ចិន ហើយ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ទៀត​នោះ ភាគ​ច្រើន​គឺ​ផ្លូវ​គ្មាន​គុណភាព។ បញ្ហា​នេះ​ត្រូវ​បាន​អនុ​ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា លោក សុន ឆ័យ ធ្លាប់​បាន​រិះគន់​ពី​ការ​សាងសង់​ផ្លូវ​គ្មាន​លក្ខណៈ​បច្ចេកទេស និង​គ្មាន​គុណភាព​នេះ​ជា​បន្តបន្ទាប់។ ពេល​ខ្លះ​លោក​ថា ធ្វើ​មុខ ខួច​ពី​ក្រោយ ធ្វើ​​រួច​ពី​ក្រោយ ខូច​ពី​មុខ ដែល​បញ្ហា​នេះ ក៏​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ បំណុល​របស់​រដ្ឋាភិបាល​ជំពាក់​ចិន កាន់​តែ​ច្រើន ផ្លូវ​កាន់​តែ​គ្មាន​គុណភាព​ជាដើម។ ក្រៅ​ពី​នេះ​ទៀត តារា​កំប្លែង​ខ្លះ ធ្លាប់​លើក​មក​និយាយ​ចំអក​នៅ​លើ​ឆាក​ទៀត​ផង​ថា ផ្លូវ​ស្រុក​ខ្មែរ​ធ្វើ​ជាប់​រហូត​ជាដើម។

ផ្លូវ​ជាតិ​ដែល​សាធារណជន​ទទួល​ស្គាល់​ថា មាន​គុណភាព​ល្អ​នោះ គឺ​ផ្លូវជាតិ​លេខ​៤ ពី​ភ្នំពេញ ទៅ​ខែត្រ​ព្រះសីហនុ ដែល​សាងសង់​ដោយ​​ជំនួយ​របស់​អាមេរិក និង​ផ្លូវ​ជាតិ​លេខ​១ ដែល​ទើប​សាងសង់​ថ្មី ជា​ជំនួយ​របស់​ជប៉ុន និង​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។