លោក ស ខេង បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ការ​ពារ​សុវត្ថិភាព​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ការ​ពារ​សុវត្ថិភាព​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រប់​សកម្មភាព​គណបក្ស​នយោបាយ ដោយ​គ្មានការ​រើសអើង និង​ប្រកាន់​បក្ខ​ពួក ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នា​ពេល​ខាងមុខ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការលើក​ឡើង​របស់​លោក ស ខេង នេះធ្វើឡើង​បន្ទាប់ពី​គណបក្ស​នយោបាយខ្លះ​ រួមមាន​គណបក្ស​ភ្លើងទៀនបានរិះគន់​អាជ្ញាធរ​នៅ​តាម​បណ្តាខេត្ត​មួយ​ចំនួន​ថាបាន​រំខាន​សកម្មភាព​ជួបប្រជុំ​រារាំង​មិន​ឲ្យ​លើក​ស្លាក​គណបក្សនៅ​ទី​សាធារណៈនិង​ជា​ពិសេសហាម​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ជា​មួយ​គណបក្ស​ផ្សេង​ទៀត​ជាដើម។

លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ដល់​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​កាល​ពី​ថ្ងៃទី២៥ ខែមករា ម្សិលមិញ​ថារដ្ឋាភិបាល​នៅ​តែ​បន្ត​ពង្រឹង​ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​អនុវត្ត​នយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​តាមរយៈ​ការ​ផ្ទេរអំណាច​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យបាន​កាន់​តែ​ច្រើន​និង​ស្រប​តាម​ច្បាប់។ លោកបន្តថា ក្នុងនាម​ជា​នគរបាលជាតិអាជ្ញាធរ​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​មិន​បែង​ចែកមិន​ប្រកាន់សំរាប់​គណបក្ស​នយោបាយ​នោះ​ទេ។

ទោះជា​យ៉ាង​នេះ​ក៏​ដោយប្រធាន​ស្តីទី​និង​ជាអ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​បានគំរាមកំហែង​ពលរដ្ឋ​មិ​ន​ឲ្យមក​គាំទ្រ​គណបក្ស​ភ្លើងទៀន​ហើយ​ការ​លើក​ស្លាក​គណបក្ស​វិញកន្លែង​ខ្លះត្រូវ​បាន​កាត់​បំផ្លាញ​ចោលនិង​កន្លែង​ខ្លះទៀត​អាជ្ញាធរ​យក​លេស​ថាមិន​បាន​សុំការ​អនុញ្ញាត​ជា​មុន៖ «ជាទូទៅ​ពេល​យើង​ចុះ​ទៅ យើង​កត់​សម្គាល់ មាន​ការ​ហាម​ឃាត់ ឬ​សម្លុត គំរាម​ពលរដ្ឋ មិន​ឲ្យ​ចូលរួម​គាំទ្រ​ជាមួយ​គណបក្សភ្លើង ទៀន។ ករណី​មួយ​ចំនួន​បាន​ទៅកាត់​ស្លាក​បក្ស​ចោល​ដូច​នៅ​សៀមរាប កន្លែងខ្លះ​ទៀតមិន​ឲ្យ​លើក​ស្លាក​ ដូច​ជា​ថ្មីៗ​នេះ​នៅ​ខេត្តកំពងចាម ហើយ​កន្លែង​ខ្លះ​ទៀត គេលើក​បាន តែ​យើង​លើក​អត់​បាន »

បន្ថែមពីនេះ ​ប្រធាន​គណបក្ស​ភ្លើងទៀន​នៅខេត្ត​ប៉ៃលិន​ លោក​ខឹម មុនី​កុសល ក៏បានប្រាប់​វិទ្យុ​អាស៊ី​សេរីថា អភិបាល​រង​ក្រុង​ប៉ៃលិន​លោក ចក់ ឬទ្ធី ថ្មីៗនេះបាន​ដឹក​នាំ​​ប៉ូលិស​ជា​ច្រើន​នាក់ ទៅរារាំង​​ពួក​លោក​មិន​ឱ្យ​លើក​ស្លាក​គណបក្ស​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​សកម្មជន​បក្ស​លោក​នោះ​ទេ ទោះបីបាន​​បង្ហាញ​លិខិត​​ជូន​ដំណឹង​ទៅ​សាលា​ខេត្ត​ប៉ៃលិន​ក៏​ដោយ​។

ការ​​បោះ​ឆ្នោត​ជ្រើស​រើសសមាជិក​ក្រុម​ប្រឹក្សាឃុំ-ស​ង្កាត់ សម្រាប់​អាណត្តិទី៥ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។