រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដាស់តឿនថា កងកម្លាំងទាំងអស់មិនត្រូវមើលស្រាលសភាពការណ៍ទេ គឺជាស្ថានការណ៍ ដែលលោកអះអាងដោយគ្មានភស្តុតាងថា គម្រោងផែនការធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល។ ចំណែកអ្នកវិភាគ ចាត់ទុកថា រដ្ឋាភិបាលមិនខ្វល់ពីកង្វល់របស់ពលរដ្ឋ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប៉ូលិស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែសីហា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អាជ្ញាធរ និងកងកម្លាំង មិនត្រូវមើលស្រាលស្ថានការណ៍សង្គម នូវអ្វីដែលលោកហៅថា គម្រោងធ្វើបាតុកម្មរបស់ក្រុមប្រឆាំង។
លោក ស សុខា បន្តទៀតថា ការអាចទប់ស្កាត់នូវអ្វីដែលអាជ្ញាធរអះអាងថា គម្រោងបាតុកម្មថ្ងៃទី ១៨ សីហា ចង់ផ្ដួលរំលំរដ្ឋាភិបាលនោះ គឺជាការទប់ស្កាត់ការបង្ហូរឈាម ហើយការត្រៀមលក្ខណៈរបស់អាជ្ញាធរនេះ គឺមិនហួសហេតុឡើយ ។
ទោះជាយ៉ាងណា គម្រោងបាតុកម្មប្រឆាំង CLV ថ្ងៃទី១៨ សីហា ដោយមានការអះអាងក្នុងគណនីតេលេក្រាម (Telegram) មួយ ដែលមានឈ្មោះថា សិដ្ឋ (Mr.Seth) បច្ចុប្បន្នបុគ្គលរូបនេះ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ បុគ្គលឈ្មោះសិទ្ធិនេះជាអ្នកបង្កើតគ្រុបមួយមានឈ្មោះថា «រួបរួមដើម្បីជាតិ»ហើយគ្រុបនេះ បានជជែកគ្នាពីការធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV។ គណនីតេលេក្រាមដដែលនេះ ក៏ជាអ្នកផ្ញើសំឡេងគំរាមកំហែងរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចូលទៅក្នុងគ្រុប រួបរួមដើម្បីជាតិ។ ក្រោយមក គណនីដដែលនេះ បានថ្លែងរំសាយគម្រោងធ្វើបាតុកម្មកាលពីថ្ងៃទី១៨ ខែសីហាវិញ ដោយអះអាងថា ខ្លួនយល់ខុស ដោយខ្លួនឯង។
ថ្មីៗ នេះ រដ្ឋាភិបាលកំពុងដាក់ពង្រាយកងកម្លាំងដោយបំពាក់អាវុធគ្រប់ដៃនៅតាមបណ្ដាខេត្ត ជាពិសេស រាជធានីភ្នំពេញ និងបានចេញល្បាតប្រចាំការត្រួតពិនិត្យការធ្វើចរាចរណ៍ចេញចូល នៅតាមគោលដៅទាំងយប់ទាំងថ្ងៃ២៤ម៉ោង និងរឹតបន្តឹងការជួបជុំទាំងអស់ រហូតដល់ចុងខែសីហាជាដើម។
ជុំវិញបញ្ហានេះ អ្នកអត្ថាធិប្បាយបញ្ហាសង្គម លោក គឹម សុខ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែសីហា ថា វិធានការរបស់រដ្ឋាភិបាល ដោយការគំរាមកំហែង ការចាប់ពលរដ្ឋគុក គឺមិនអាចបញ្ឈប់ពលរដ្ឋ មិនឲ្យគិតគូរពីបញ្ហាទឹកដីឡើយ។ លោកថា ការដឹកនាំដោយមិនស្ដាប់ពីក្ដីកង្វល់របស់ពលរដ្ឋនេះ គឺនឹងធ្វើឲ្យពលរដ្ឋអស់ជំនឿលើរដ្ឋាភិបាល។
លោក គឹម សុខ៖«មេដឹកនាំឆ្លាតកាលណា គេដឹងខុសហើយ គេដកថយ គេមិនរុលទៅមុខទាំងខុសងងើលនោះទេ គេសុខចិត្តចាញ់ប្រជារាស្ត្រ ប្រជាពលរដ្ឋ ពីព្រោះការចាញ់ប្រជាពលរដ្ឋមិនមែនជាភាពល្ងង់ខ្លៅរបស់មេដឹកនាំទេ វាជាឥរិយាបទថ្លៃថ្នូររបស់មេដឹកនាំ ព្រោះមេដឹកនាំជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ កាលណាបម្រើប្រជាពលរដ្ឋបានល្អ នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម»។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ពលរដ្ឋទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ហើយសេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបង្កើនការចាប់ខ្លួនយុវជន ពលរដ្ឋ និងសកម្មជនបក្សប្រឆាំងប្រមាណ៤២នាក់ នេះបើតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក។ រដ្ឋាភិបាលចោទគ្មានភស្តុតាងថា ពួកគាត់មានគម្រោងធ្វើបាតុកម្មផ្ដួលរលំរដ្ឋាភិបាលជុំវិញរឿងកិច្ចប្រតិបត្តិការCLV។
ក្នុងចំណោមអ្នក ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួននោះ មានបុគ្គលមួយចំនួន ដូចទៅនឹងការរៀបចំនៅក្នុងគ្រុបរួបរួមជាតិ ដែលអ្នកវិភាគសង្ស័យថា អាចជាការរៀបចំឡើងដោយរដ្ឋាភិបាល។ បុគ្គលទាំងនោះ ត្រូវរដ្ឋាភិបាលអះអាងថា បានប្រើប្រាស់អាវុធមួយចំនួនដូចជា កាំបិតស្នៀត ដំបងគ្រលាស់ ចំពាមគ្រាប់ដែក ស្នាប់ដៃ និងដបសាំងជាដើម ហើយដើរសំដៅមុខព្រះបរមរាជវាំង ដើម្បីធ្វើបាតុកម្ម។
ទាក់ទងនឹងបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែសីហាថា នៅពេលមានព្រឹត្តិការណ៍នយោបាយណាមួយកើតឡើងដូចជាដំណើរវិលចូលស្រុករបស់មេបក្សប្រឆាំង កាលពីថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ និងគម្រោងបាតុកម្មប្រឆាំងនឹងគ្រោង CLV កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ ជាដើម គឺពលរដ្ឋជាអ្នករងគ្រោះ។ លោកកត់សម្គាល់ថា នៅក្នុងពេលមានព្រឹត្តិការណ៍នយោបាយទាំងនេះ គឺបរិយាកាសសង្គម ហាក់ស្ថិតក្នុងកម្រិតមួយក្ដៅ ហើយសិទ្ធិសេរីភាពក៏ត្រូវបានរួមតូចដែរ។
លោក អំ សំអាត៖«នៅក្នុងប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ទោះយ៉ាងណាក៏ដោយសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ ឬធានាដោយច្បាប់ត្រូវតែការពារ លើកលែងតែការប្រព្រឹត្តនៃបទល្មើសណាមួយដែលច្បាប់ហាមឃាត់តែប៉ុណ្ណោះ។ អីចឹងខ្ញុំគិតថា អ្នកនយោបាយទាំងអស់ គួរតែដោះស្រាយគ្នាដោយសន្តិវិធីតាមបែបនយោបាយ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ»។
អ្នកសង្កេតការណ៍ថា ទោះជារដ្ឋាភិបាលគំរាមកំហែងពលរដ្ឋយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមិនអាចបញ្ឈប់ទឹកចិត្តពលរដ្ឋ ដែលបារម្ភពីការបាត់បង់អធិបតេយ្យភាព ឬបូរណភាពទឹកដីបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
