បញ្ញវន្ត​និង​អ្នក​ស្រាវជ្រាវ​មិន​សូវ​សង្ឃឹម​លើ​រដ្ឋាភិបាល​ស្វែង​រក​ការ​ពិត​នៃ​ឃាតកម្ម​លោក​កែម ឡី

ដោយ ថា កិត្យា
2016.07.20
Share on WhatsApp
Share on WhatsApp
កែម ឡី ៨៥៥ ២០១៦ ពលរដ្ឋ​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​មុខ​ស្តារម៉ាត នា​ស្ថានីយ​លក់​សាំង​កាល់តិច ស្ដុប​បូកគោ ទី​ដែល​ឃាតក​បាញ់​សម្លាប់​លោក (កែម ឡី)។ រូបថត​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦
RFA/Sochivy

អ្នក​ស្រាវជ្រាវ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មិន​សូវ​មាន​ក្តី​សង្ឃឹម​ថា សមត្ថកិច្ច​អាច​ស្វែង​រក​ការពិត​ចំពោះ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ឡើយ។ រី​ឯ​សមត្ថកិច្ច​លើក​ឡើង​ថា អាជ្ញាធរ​កំពុង​ធ្វើ​កិច្ចការ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។

មជ្ឈដ្ឋាន​ទូទៅ​បាន​ទទូច​ដល់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដោយ​ស្មោះត្រង់ និង​ស្នើ​បើក​ឲ្យ​អ្នក​ជំនាញ​ស៊ើប​អង្កេត​ឯករាជ្យ​ចូល​រួម​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​នេះ។

ទោះបីជាយ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ហាក់​មិន​សូវ​សង្ឃឹម​ថា ពន្លឺ​យុត្តិធម៌​នឹង​មាន​សម្រាប់​គ្រួសារ​លោក​បណ្ឌិត កែម ឡី ឡើយ ព្រោះ​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​និយាយ​តិចតួច​អំពី​ឃាតកម្ម និង​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​អះអាង​ថា ឈ្មោះ “ជួប សម្លាប់”។

បញ្ញវន្ត និង​ជា​អ្នក​ស្រាវជ្រាវ​១​រូប លោក ប៉ា ច័ន្ទរឿន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​គេ​មិន​សូវ​មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​រក​ឃើញ​ការពិត​នោះ​ឡើយ ដោយសារ​មើល​ទៅ​អាជ្ញាធរ​ដូច​ជា​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ឡើយ៖ «រឿង​រ៉ាវ​មួយ​ចំនួន​យើង​ឃើញ​ថា សមត្ថកិច្ច​ខ្មែរ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​តាម​ចាប់​ខ្លួន ឬ​ផ្ដន្ទាទោស​ទៅ​ដល់​ជន​ឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​ច្បាប់​ទាំង​អស់​នោះ ប៉ុន្តែ​ករណី​មួយ​ចំនួន​ទៀត ជាពិសេស​ទៅ​លើ​ករណី​ឃាតកម្ម​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ដែល​ជា​សកម្មជន ឬ​ក៏​ជា​អ្នក​តស៊ូ​ដើម្បី​សេរីភាព ឬ​ក៏​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ហាក់​បី​ដូជា​សមត្ថកិច្ច​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ស្វែង​រក​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ផ្ដន្ទាទោស​ឡើយ»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) បាន​ទទូច​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ និង​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។ ជាមួយ​គ្នា​នេះ ក្រុម​បញ្ញវន្ត និង​អ្នក​ស្រាវជ្រាវ​ជាង ៧០​នាក់ ក៏​បាន​ស្នើ​សុំ​ដោយ​ទទូច​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​សុំ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់ ឆាប់រហ័ស គ្មាន​ការ​រើសអើង និង​ដោយ​ស្មោះត្រង់ ដើម្បី​វែក​មុខ​អ្នក​បញ្ជា​ពី​ក្រោយ និង​ជន​រួម​គំនិត​ទាំង​អស់​នៅ​ក្នុង​ឃាតកម្ម​នេះ មិន​ថា​ជន​នោះ​ជា​ខ្មែរ ឬ​បរទេស​ឡើយ ហើយ​ត្រូវ​ផ្ដន្ទាទោស​ជន​ទាំង​នោះ​ជា​អតិបរមា​តាម​ការ​កំណត់​នៃ​ច្បាប់​ជា​ធរមាន។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​កិច្ច​ការងារ​នេះ​ឋិត​នៅ​ក្នុង​ទី​ងងឹត​នៅ​ឡើយ​ក្តី ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​អស់​សង្ឃឹម​នោះ​ទេ ដោយ​នៅ​ខិតខំ​បន្ត​ទៀត​ជាមួយ​ស្ថាប័ន​តុលាការ៖ «ជា​ឆន្ទៈ​រួម​របស់​ប្រជាជន​ខ្មែរ ចង់​ឃើញ​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នេះ។ យើង​ក៏​បាន​ធ្វើ​កិច្ចការ​នេះ​តាំង​ពី​ដើម​ទី​រហូត​មក ហើយ​យើង​ក៏​ចាប់​បាន​ជនល្មើស ជន​ដៃដល់​ហើយ តែ​អ្វី​ដែល​យើង​រក​នោះ គឺ​ជន​ដៃដល់​មិន​ព្រម​ប្រាប់​អ្វី​សោះ»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា អង្គការ​អន្តរជាតិ «អ្នក​កាសែត​គ្មាន​ព្រំដែន» បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ឃាតកម្ម​លើ​លោក កែម ឡី ធ្វើ​ឲ្យ​អង្គការ​នេះ​ព្រួយ​បារម្ភ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់។ អង្គការ​​អ្នក​កាសែត​គ្មាន​ព្រំដែន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​បំភិតបំភ័យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​រំលោភ​លើ​សេរីភាព​ផ្នែក​សារព័ត៌មាន។

បញ្ញវន្ត និង​ជា​អ្នក​ស្រាវជ្រាវ​លោក ប៉ា ច័ន្ទរឿន មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​មាន​សុឆន្ទៈ​ក្នុង​ការ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នោះ លោក​គិត​ថា មាន​សាក្សី​ជា​ច្រើន​នាក់ និង​ខ្សែ​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ដារម៉ាត (Star Mart) គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

លោក​បណ្ឌិត កែម ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ក្រុង​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​​ទី​១០ ខែ​កក្កដា កន្លង​ទៅ ក្រោយ​ពី​លោក​បាន​ធ្វើ​បទសម្ភាសន៍​ និង​បញ្ចេញ​មតិ​តាម​សារ​ព័ត៌​មាន​នានា​អំពី​របាយ​ការណ៍​មួយ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​និយាយ​ពី​ការ​កាន់កាប់​ជំនួញ​ដោយ​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។