មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថ្លែងការពារជំហររបស់ខ្លួនតបទៅនឹងលោក ស ខេង ថា របបក្រុងភ្នំពេញពិតជាមានការរំលោភសិទ្ធិមនុស្សពិតប្រាកដមែន។ ការលើកឡើងនេះ បានកើតមានឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានចោទប្រកាន់មន្ត្រីបក្សប្រឆាំងថា និយាយគ្មានការពិតនឹងមានចរិតនយោបាយ ពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា សួរតែប្រជាពលរដ្ឋទៅដឹងហើយថា មានការរំលោភសិទ្ធិមនុស្សបែបណានៅក្នុងការគ្រប់គ្រងដោយរបបក្រុងភ្នំពេញសព្វថ្ងៃនេះ។
លោកថា អ្នកនយោបាយមិនអាចទៅនិយាយអ្វីតាមការនឹកឃើញបានទេ គឺទាល់តែមានការទាមទារ មានការប្រាប់ មានការសំដែងពីប្រជាពលរដ្ឋ បានអ្នកនយោបាយយកមកនិយាយបាន ទាក់ទិននឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៖ «ឥឡូវយើងសួរថា តើប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នហ្នឹង លោកមានសេចក្ដីសុខផ្លូវចិត្តទេ វាអត់មាន។ ឥឡូវយើងមើលថា សង្គ្រាមអត់ច្បាំងគ្នា អត់បាញ់គ្នា វាមានមែន ប៉ុន្តែសម្រាប់សន្តិភាពផ្លូវចិត្ត វាអត់មាន ពីព្រោះសង្គមពោរពេញទៅដោយអំពើអយុត្តិធម៌ ពោរពេញទៅដោយការគាបសង្កត់ បំភិតបំភ័យប្រជាពលរដ្ឋមិនអាចប្រកបមុខរបរបានស្រួល បាត់បង់ចំណូល បាត់បង់ការងារ គឺថា ប្រជាពលរដ្ឋខ្មែរ រស់នៅក្រោមការភ័យខ្លាចព្រួយបារម្ភគ្រប់បែបយ៉ាង»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះបានធ្វើឡើង ក្រោយពីក្រសួងមហាផ្ទៃបានចាត់ទុកការលើកឡើងរបស់លោក អេង ឆៃអ៊ាង ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ កញ្ញាថា «អាជ្ញាធរមូលដ្ឋានជាអ្នកគាបសង្កត់ សិទ្ធិប្រជាពលរដ្ឋ នឹងប្រព្រឹត្តិអំពើពុករលួយ»។
លោក ស ខេង បានអះអាងនៅក្នុងសេចក្ដីណែនាំមួយថា កន្លងមកក្រសួងមហាផ្ទៃបានទទួលយកការដោះស្រាយចំពោះបណ្ដឹងសំណើ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ ឬក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈការដាក់លិខិតមកក្រសួងមហាផ្ទៃ តាមរយៈហ្វេសប៊ុកផេករបស់លោកផ្ទាល់ និងតាមរយៈការដកស្រង់សារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមនានា ដើម្បីបញ្ជូនទៅឲ្យជំនាញពាក់ព័ន្ធនានា ចំណុះក្រសួង រដ្ឋបាលរាជធានី ខែត្រ និងស្នងការដ្ឋាននគរបាលរាជធានី ខែត្រ ដោះស្រាយ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ចាត់ទុកសេចក្ដីណែនាំរបស់លោក ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែល ឲ្យមន្ត្រីថ្នាក់ក្រោមយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះ គ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ។ លោក អេង ឆៃអ៊ាង សង្កត់ធ្ងន់ថា មានបញ្ហាអយុត្តិធម៌ សង្គមជាច្រើនដែលសមត្ថកិច្ចមិនដោះស្រាយជូនពលរដ្ឋ រាប់ទាំងការទទួលសេវារដ្ឋ ដែលមន្ត្រីថ្នាក់ក្រោមប្រព្រឹត្តិអំពើពុករលួយ បញ្ហាជម្លោះដីធ្លីពលរដ្ឋមកបណ្ដាខែត្រមករាជធានីភ្នំពេញ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ ផ្ទុយទៅវិញសមត្ថកិច្ចរាជធានី បង្ក្រាប និងករណីខ្លះចាប់ចងពលរដ្ឋទៀតក៏មាន។
នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ កញ្ញា បានចាត់ទុកថា សំដីរបស់លោក អេង ឆៃអ៊ាង នេះបញ្ជាក់ឲ្យឃើញពីចរិតពិតនៃអ្នកនយោបាយប្រឆាំង ដែលមានភ្នែកភ្លឺនឹងគេដែរ តែធ្វើពុតត្បុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនឮ មើលមិនឃើញ នូវសមិទ្ធផល និងស្នាដៃជាច្រើន ដែលរដ្ឋាភិបាលបានធ្វើកន្លងមក។
ក្រសួងមហាផ្ទៃលើកឡើងថា ប្រសិនបើដូចអ្វីដែលលោក អេង ឆៃអ៊ាង និយាយម្ល៉េះសមរដ្ឋាភិបាលសព្វថ្ងៃ មិនអាចស្ថិតនៅគង់វង្សបានទេ ហើយក៏មិនអាចកសាងប្រទេសអោយបានរីកចម្រើនដូចសព្វថ្ងៃបានដែរ។
អាស៊ីសេរីមិនអាច សុំការបំភ្លឺបន្ថែម ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក បានទេកាលពីថ្ងៃទី២៥ កញ្ញា។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការរំលោភសិទ្ធិមនុស្ស ដោយសារតែរបបក្រុងភ្នំពេញ បានដឹកនាំប្រទេសដោយគ្មានការប្រើប្រាស់ច្បាប់ទម្លាប់ គឺប្រើប្រាស់តែបបូរមាត់របស់ខ្លួន ច្បាប់ទុកក្រោមគូទ ។លោកនិយាយថា មនុស្សបច្ចុប្បន្ននេះដណ្ដើមគ្នារស់ អ្នកណាមានឧកាស គឺធ្វើតាមអំពើចិត្ត ដែលនាំឲ្យតម្លៃនៃសីលធម៌សង្គមធ្លាក់ចុះ។
ទាក់ទិននឹងបញ្ហានេះ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត បញ្ជាក់ថា ទាក់ទិននឹងសិទ្ធិសេរីភាពបច្ចុប្បន្ននេះ សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹងយល់ឃើញថា មួយរយៈពេលចុងក្រោយនេះមានការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា កន្លងមកគេឃើញមានការចាប់ខ្លួនអ្នកហ៊ាន និយាយរិះគន់រដ្ឋាភិបាល និងក្រុមយុវជនជាបន្តបន្ទាប់ ដែលតវ៉ាដោយសន្តិវិធី នៅពីមុខតុលាការ ដើម្បីឱ្យដោះលែងសកម្មជនផ្សេងៗ ទៀត ដែលកំពុងជាប់ឃុំ។
លោកបន្ថែមថា បញ្ហារំលោភសិទ្ធិមនុស្សនេះ មិនមែនតែអង្គការសង្គមស៊ីវិលនៅក្នុងស្រុកទេ សូម្បីតែសហរដ្ឋអាមេរិកក្ដី សហគមន៍អឺរ៉ុបក្ដី ក៏ដូចជា អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសតាមជំនាញផ្សេងៗ នៃផ្នែកសិទ្ធិមនុស្ស ក៏បានសំដែងការព្រួយបារម្ភ អំពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាដែរ។ ជាពិសេស សេរីភាពក្នុងការជួបប្រជុំ និងការប្រមូលផ្ដុំដោយសន្តិវិធីផងដែរ នៅក្នុងការចាប់ខ្លួនរយៈពេលចុងក្រោយនេះ ត្រូវបានរឹតត្បិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។