មេដឹកនាំគណបក្សចំនួន៥ ដែលមានបំណងចងសម្ព័ន្ធភាពគ្នា គ្រោងជួបគ្នានៅថ្ងៃទី៦ ខែកក្កដាស្អែកនេះ ដើម្បីពិភាក្សា ពីរឿងរួបរួមគ្នា និងការធ្វើសំណើមួយចំនួនទៅរដ្ឋាភិបាល។ អ្នកវិភាគគាំទ្រឲ្យមានការរួបរួមគ្នានេះ ប៉ុន្តែ គណបក្សកាន់អំណាចថា គណបក្សមិនបារម្ភពីរួបរួមរបស់គណបក្សទាំងនោះឡើយ។
ការរួបរួមគ្នានៃមេដឹកនាំគណបក្សនយោបាយថ្មី និងមេដឹកនាំគណបក្សដែលកើតចេញពីអតីតមន្ត្រីបក្សប្រឆាំង កំពុងធ្វើដំណើរការទៅមុខ ប៉ុន្តែ មិនទាន់មានការសម្រេចណាមួយថា ការរួមគ្នានោះស្ថិតដំបូលបក្សតែមួយឬយ៉ាងណានោះទេ។
ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ឲ្យដឹងថា ពេលនេះក្រុមការងាររបស់គណបក្សទាំង៥បានសហការគ្នាដើម្បីធ្វើការងារលើបញ្ហាដំណើរការបោះឆ្នោត និងក្រុមការងារនយោបាយ។ លោកឲ្យដឹងទៀតថា តាមគម្រោងមេដឹកនាំគណបក្សទាំង៥ នឹងជួបគ្នា ដើម្បីសម្រេចលើសេចក្ដីព្រាងមួយជុំវិញបទពិសោធន៍នយោបាយ និងភាពមិនប្រក្រតី មុនបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោតកាលពីពេលថ្មីៗ។ លោកថា នៅពេលចេញលទ្ធផលនៃជំនួបនេះ ក្រុមគណបក្សទាំងនោះ នឹងយកដាក់ជួនរដ្ឋាភិបាល ឬគ.ជ.ប ដើម្បីដោះស្រាយ៖ «យើងបង្កើតបានក្រុមការងារពិសេសមួយ ក្រុមការងារបច្ចេកទេសគេបញ្ចប់ការងារគេសម្រាប់ជាឯកសារមួយដើម្បីឲ្យថ្នាក់ដឹកនាំគណបក្សជួបជុំពិភាក្សាអនុម័ត»។
គណបក្សទាំង៥ដែលគ្រោងជួបគ្នានេះ រួមមាន៖ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ។
លោក យ៉ង សាំងកុមារ មិនទាន់អាចបញ្ជាក់ពីគម្រោងរួបរួមគ្នានៃគណបក្សទាំង០៥នេះនៅឡើយទេ ព្រោះបញ្ហាកំពុងស្ថិតនៅក្នុងការជជែកគ្នានៅឡើយ។
ទាក់ទងរឿងនេះដែរ ប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មូនីកា និយាយថា តាមរយៈការធ្វើការងារជាមួយគ្នាកន្លងមក គណបក្សរបស់លោក និងគណបក្សមួយចំនួនទៀតមានគោលដៅចង់ឲ្យមានការរួបរួមគ្នាមុនការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ៖ «យើងត្រូវអ្វីបន្តទៀត ដោយសាររយៈពេលនេះថ្នាក់ដឹកនាំគណបក្សនីមួយៗក៏កំពុងមានការមមាញឹក ការងារគណបក្សរបស់ខ្លួនផង ហើយក៏យើងជាមួយជាមួយគណបក្សផ្សេងទៀតកំពុងធ្វើការតស៊ូមតិផ្នែកប្រព័ន្ធបោះឆ្នោត ឬក៏គ . ជ . ប ជាដើម ដូច្នេះហើយនៅមានការងារជាច្រើនដែលយើងកំពុងធ្វើ ប៉ុន្តែ ជារួមស្ថិតលើគោលដៅតែមួយហើយ»។
ជុំវិញគម្រោង រួបរួម និងសំណើគណបក្សនយោបាយទាំង៥នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី០៥ ខែកក្កដា។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា បក្សកាន់អំណាចមិនបារម្ភពីការចងសម្ព័ន្ធគ្នារបស់គណបក្សទាំងនេះទេ។ លោកនិយាយបែបចំអកថា គណបក្សទាំងនេះជាគណបក្សចាញ់ឆ្នោតស្រាប់ទៅហើយ ទោះមានការរួមគ្នាបែបណា ក៏គណបក្សទាំងនេះមិនអាចយកឈ្នះ គណបក្សប្រជាជនកម្ពុជាបានឡើយ៖ «បក្សទាំងហ្នឹងបែកចេញពីបក្សធំ ឥឡូវមករួបរួមគ្នានៅតែក្នុងបក្សធំនោះដដែល ហើយបក្សនោះជាបក្សធ្លាប់ចាញ់គណបក្សប្រជាជនរួចហើយ»។
ផ្ទុយពីលើកឡើងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា គណបក្សទាំងនេះគួររួមគ្នាធ្វើការជាមួយគ្នាយូរមកហើយ។ អ្នកវិភាគរូបនេះ យល់ថា ដើម្បីឲ្យរួមគ្នានេះមានកម្លាំងនយោបាយគ្រប់គ្រាន់សម្រាប់ប្រកួតជាមួយបក្សកាន់អំណាច គឺទាមទារឲ្យការរួមបញ្ចូលគ្នាជាគណបក្សមួយ ដើម្បីទៅប្រកួតប្រជែងជាមួយបក្សកាន់អំណាចក្នុងការបោះឆ្នោតនាពេលខាងមុខ៖ «យើងគ្រាន់តែប្រើពាក្យរួបរួមគ្នា ហើយនៅបក្សផ្សេងទៀតគ្នាធ្វើអីទៀត ពីព្រោះប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជា ត្រឹមតែរួមសកម្មភាព ប៉ុន្តែ មិនរួមបក្សគ្នាអត់មានផលប្រយោជន៍ធំទេ ក្នុងការប្រកួតប្រជែង ដណ្ដើមយកលទ្ធផលសមប្រសើរមួយក្នុងការបោះឆ្នោត»។
លោក គឹម សុខ យល់ថា ប្រសិនបើគណបក្សទាំងនេះ មានឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងរួបរួមគ្នានឹងអាចផ្ដល់ជម្រើសថ្មីដល់ពលរដ្ឋម្ចាស់ឆ្នោត។ ទោះយ៉ាងណា ក្នុងការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ គណបក្សទាំងនេះ មិនទាន់បានបង្ហាញពីសម្ព័ន្ធភាពរឹងមាំណាមួយឲ្យពលរដ្ឋឃើញនោះឡើយ។ គណបក្សទាំងនោះបានចូលរួមការបោះឆ្នោតដោយគណបក្សរបស់ពួកគេរៀងៗខ្លួន ហើយគណបក្សកាន់អំណាចបានទទួលសំឡេងឈ្នះដាច់លើគណបក្សទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។