អ្នកឃ្លាំមើលសង្គមថា ការដំឡើងតំណែងកូនប្រុសលោក រ័ត្ន ស្រ៊ាង ជាមេប៉េអឹមខេត្តសៀមរាប គឺធ្វើតាមខ្សែរយៈ
2024.08.09
អ្នកឃ្លាំមើលសង្គមថា ការដំឡើងដំណែងកូនប្រុសរបស់មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោក រ័ត្ន ស្រ៊ាង គឺលោក សៀ ទីន ឱ្យទទួលបានដំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប គឺអាចធ្វើតាមតាមខ្សែរយៈជាងសមត្ថភាព។
ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមនេះក្រោយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទីថ្ងៃទី២២ ខែកក្កដា បានដំឡើងតំណែងលោក សៀ ទីន ពីមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជំនួសអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោក ប៉ោ វណ្ណនិត។
លោក សៀ ទីន ក៏ត្រូវបានព្រះមហាក្សត្រតែងតាំងដំឡើងឋានន្តរសក្ដិជាឧត្ដមសេនីយ៍ត្រីត្រឹមរយៈពេលបីថ្ងៃប៉ុណ្ណោះ ក្រោយលោកទទួលបានដំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ លោក សៀ ទីន គឺជាកូនប្រុសរបស់ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺ លោក រ័ត្ន ស្រ៊ាង ដែលជាមនុស្សស្មោះស្ម័គ្រនឹងក្រុមគ្រួសារត្រកូលហ៊ុន ហើយលោក រ័ត្ន ស្រ៊ាង គឺជាអ្នកដឹកនាំអាជ្ញាធរបង្ក្រាបទៅលើកម្មករដែលចេញតវ៉ាទាមទារប្រាក់ឈ្នួលកាលពីឆ្នាំ២០១៤ នៅផ្លូវ វេង ស្រេង ដែលបណ្ដាលឱ្យកម្មករស្លាប់ និងរបួសជាច្រើននាក់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ករណី ដែលសាច់ញាតិរបស់គ្រួសារអ្នកមានអំណាចទទួលបានតំណែងមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែលោកថាសម្រាប់ប្រទេសប្រជាធិបតេយ្យការដំឡើងតួនាទី គឺផ្អែកទៅលើសមត្ថភាព បទពិសោធន៍ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។
លោក សេក សុជាតិ៖ «ក៏ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថានៅក្នុងប្រទេសមួយដែលមាននីតិរដ្ឋត្រឹមត្រូវការដំឡើងតួនាទីឋានៈ គឺជាការផ្ដល់នូវទំនួលខុសត្រូវ ហើយអ្នក ដែលមានតួនាទី និងឋានៈហ្នឹងជាអ្នកទទួលបន្ទុកក្នុងការដោះស្រាយបញ្ហាធំៗ របស់សង្គម និងប្រទេសជាតិ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី យល់ថា ការតែងតាំងលោក សៀ ទីន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបអាចមកពីសមត្ថភាពផង ឬអាចតាមរយៈបក្ខពួកនិយមផង។ ទោះជាយ៉ាងណាក្ដី លោកថា រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តតែងតាំងក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់ឱ្យកាន់តួនាទីធំៗ ក្នុងជួររដ្ឋាភិបាល ខណៈដែលពួកគេមិនបានបង្ហាញស្នាដៃពិតប្រាកដជូនជាតិនោះឡើយ។
លោក សេង វ៉ាន់លី៖ «ខ្ញុំគិតថា ជារឿងសាមញ្ញសម្រាប់ប្រព័ន្ធបក្ខពួកនិយមរបស់រដ្ឋាភិបាលបច្ចុប្បន្នទៅហើយៗ ការដំឡើងតួនាទីរបស់សមាជិកក្រុមគ្រួសារនេះអាចផ្អែកទៅលើសសមត្ថភាពក៏ថាបាន គឺដោយសារតែការដំឡើងហ្នឹងវាមានច្រើនគ្រប់ស្ថាប័នរដ្ឋទាំងអស់ ដូច្នេះហើយធ្វើឱ្យប្រតិកម្មមជ្ឈដ្ឋានសាធារណៈ ក៏ដូចជាអ្នកតាមដានស្ថានការណ៍នយោបាយក្នុងស្រុកហ្នឹងមានការងឿងឆ្ងល់ហើយថាប្រព័ន្ធបក្ខពួកនិយមនេះវាចាក់ស្រេះក្នុងប្រព័ន្ធនយោបាយកម្ពុជាដែលពិបាកក្នុងប្រព័ន្ធនយោបាយកម្ពុជាដែលពិបាកក្នុងការកំណែទម្រង់»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោក សៀ ទីន ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៨ ខែសីហា ។
កន្លងមកពលរដ្ឋរិះគន់ការតែងតាំងបុគ្គលមួយចំនួនតាមរយៈសែស្រឡាយ និងជាបក្ខពួកនិយមរួមទាំងបុគ្គលធ្លាប់មានប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្មផងដែរ។ ជាក់ស្ដែងអតីតអគ្គសេនាធិការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកស្រី ជា រដ្ឋា ដែលត្រូវបានតុលាការកាត់ទោសឧក្រិដ្ឋឱ្យជាប់គុក ១៨ឆ្នាំ កាលពី ឆ្នាំ២០០៩ ករណីវាយប្រហារដោយទឹកអាស៊ីដ លើម្ដាយមីងរបស់អតីតបវរកញ្ញា ទេសចរណ៍ និងជាតារាសម្ដែងអ្នកនាង អ៊ិន សុលីដា ត្រូវបានតែងតាំងទីប្រឹក្សាក្នុង រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ រីឯ ឧក្រិដ្ឋជនជួញដូរមនុស្ស គឺ លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានតែងតាំងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។