ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រកាស​ស្វាគមន៍​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

0:00 / 0:00

ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រកាស​រង់ចាំ​ស្វាគមន៍​អមដំណើរ​ប្រធាន​ស្ដី​ទីគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រសិនបើ​លោក​វិល​ចូល​ស្រុក​វិញ​នៅពេល​ខាងមុខ។ អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា លោក សម រង្ស៊ី មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ឆ្លង​កាត់​ប្រទេស​ថៃ​បាន ក្រោយ​ពេល​ដែល​ថៃ​ប្ដូរ​រដ្ឋាភិបាល​ថ្មី។

ពលករ​ខ្មែរ​មួយចំនួន​ធ្វើការ​នៅ​ប្រទេស​ថៃ​អះអាង​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​រាប់​ម៉ឺន​នាក់​រង់ចាំ​អម​ដំណើរ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​មិន​ខ្លាច​ការ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

ពលករ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង លោក ថន ស្ដើង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ មិថុនា​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ជាច្រើន​កន្លែង​សប្បាយចិត្ត​នៅពេល​ទទួល​ដំណឹង​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅពេល​ខាងមុខ​។ ពលករ​វ័យ​៤០​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា លោក​នឹង​ពលករ​ជាច្រើន​នាក់​ទៀត​ធ្វើការ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក (Bangkok) ហ៊ាន​ប្ដូរជីវិត​អមដំណើរ​ជាមួយ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ដោយ​មិន​ខ្លាច​លោក ហ៊ុន សែន នោះ​ទេ។

លោក ថន ស្ដើង៖ «លោក សម រង្ស៊ី គឺជា​អ្នក​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​គាត់​ឱ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ភាព​អយុត្តិធម៌​ក្ដី ឬ​ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​នៅក្នុង​ប្រទេស​ថៃ​ហ្នឹង​គាត់​រង​ទុក្ខ​លំបាក​ពី​ការងារ ហើយ​ព្រាត់ប្រាស​ឪពុកម្ដាយ​ប្រពន្ធ​កូន​។ អីចឹង​ហើយ​ពួកគាត់​ចង់ទៅ​រស់នៅ​ប្រទេស​កម្ពុជា​វិញ ដោយមាន​ភាព​កក់ក្ដៅ​ដោយមាន​អាណាព្យាបាល​ត្រឹមត្រូវ។ អ៊ីចឹង​ពួកគាត់​មើលឃើញ​ថា លោក​ប្រធាន សម រង្ស៊ី គាត់​គឺជា​មេដឹកនាំ​មួយ​ដែល​ជា​បង្គោល​នៃ​លទ្ធិប្រជាធិបតេយ្យ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ទៀប ពិសិទ្ធ ថ្លែង​ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​អមដំណើរ លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ ពលករ​ធ្វើការ​សំណង់​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​រូប​នេះ បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ហ៊ាន​លះបង់​អាយុជីវិត​អមដំណើរ​មេ​បក្ស​ប្រឆាំង​រូប​នេះ ដោយសារ​លោក​មើល​ឃើញ​ថា លោក សម រង្ស៊ី វិល​ចូល​ស្រុក​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក ទៀប ពិសិទ្ធ៖ «សព្វថ្ងៃ​បើ​រស់​ស្មើនឹង​ស្លាប់​ដែរ ហើយ​សិន​ជា​យើង​ខ្លាច​ទៀត​ជីវិត​យើង​ក៏​ស្លាប់​ឥតន័យ​ដដែល​។ យើង​ស៊ូស្លាប់​ឱ្យ​មាន​ន័យ​ទៅ​ដើម្បី​ឱ្យ​ជាតិ​មានការ​កែប្រែ​ឱ្យ​បាន​ខ្ពង់ខ្ពស់​ឡើងវិញ​។ ខ្ញុំ​ចង់​បាន​ប្រទេស​កម្ពុជា​ដូច​ប្រទេស​គេ​ឱ្យ​មាន​ការងារ​ធ្វើ ឱ្យ​កូនចៅ​នៅ​ជនបទ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ដូច​នៅ​ប្រទេស​ថៃ»។

ការ​ប្រកាស​របស់​ពលករ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ពួកគេ​ទទួល​ដំណឹង​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី មាន​គម្រោង​វិល​ចូល​ស្រុក​វិញ​នៅពេល​ខាងមុខ។

ការ​ប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​ជាថ្មី​របស់​លោក សម រង្ស៊ី នេះ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ផ្ទុះ​កំហឹង​លាយឡំ​ជាមួយ​ក្តី​បារម្ភ​។ កាលពី​ថ្ងៃទី​៣១ ឧសភា លោក ហ៊ុន សែន បាន​ប្រកាស​ប្រើ​កាំភ្លើង​ធំ​បេអឹម​(BM)២១ បាញ់​ស្លាប់​លោក សម រង្ស៊ី និង​បក្សពួក ប្រសិនបើ​ពួកគេ​ហ៊ាន​ឆ្លងកាត់​តាម​ព្រំដែន​ថៃ​ចូល​មក​កម្ពុជា។

លោក ហ៊ុន សែន៖ «ហើយ​គ្រាន់តែ​ថៃ​គេ​បោះឆ្នោត​មាន​បក្ស​មួយ​នោះ​ឈ្នះ គេ​ថា គេ​ជិត​បាន​ចូល​ស្រុក​ខ្មែរ​ហើយ ចាំ​តើ​អាពៅ ចាំ​ទៅ​ឯង​កុំ​ភូត​គេ​ពេក។ គេ​ស្គាល់​នយោបាយ​ថៃ​គេ​ដឹង​រឿង​ថៃ​ច្រើន​ណាស់ ថៃ​ស្មាន​តែ​សុខៗ​ឱ្យ​អ្នកឯង​មក​ធ្វើ​អ៊ីចឹង​ឬ ហើយ​ខ្មែរ​យ៉ាងម៉េច​ដែរ​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង»។

ពាក់ព័ន្ធ​នឹង​ដំណឹង​វិល​ចូល​ស្រុក​របស់​មេ​បក្ស​ប្រឆាំង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ជឿជាក់​ថា លោក សម រង្ស៊ី មិន​ហ៊ាន​វិល​ចូល​ស្រុក​នោះ​ទេ​។ លោក​បន្ត​ថា ប្រសិន​មេ​បក្ស​ប្រឆាំង​រួប​នេះ​វិល​ចូល​ស្រុក​មែន​នោះ ក៏​មិន​មាន​ពលករ​ខ្មែរ​ច្រើន​ចាំ​ទទួល​ស្វាគមន៍​លោក​ដែរ។

លោក សុខ ឥសាន៖ «ហើយ​ចុះបើ​គេ​ប្រកាស​ស្វាគមន៍​យ៉ាងម៉េច​ក៏​មិន​មក។ អាហ្នឹង​បាន​សេចក្ដីថា​មនុស្ស​ហ្នឹង​គ្រាន់តែ​យក​ការ​វិល​ចូល​ស្រុក​មក​ធ្វើជា​ឧបាយកល​នយោបាយ ប្រកូក​ប្រកាស​គ្រាន់តែ​គោះ​ទឹក​បង្អើល​ត្រី​ទេ វា​អត់​មាន​មក​ទេ។ ហើយ​អាច​យក​ការប្រកាស​ចូល​ស្រុក​នឹង​ធ្វើ​អាជីវកម្ម​នយោបាយ»។

ទោះជា​យ៉ាងណា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ មើលឃើញ​ថា លោក សម រង្ស៊ី មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ​បាន ប្រសិនបើ​ប្រទេស​នេះ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​នាំ​ដោយ​ក្រុម​ប្រជាធិបតេយ្យ​។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​ថៃ​ថ្មី​នេះ​នឹង​ជួយ​ដល់​ក្រុម​ប្រជាធិបតេយ្យ​ដូចគ្នា។

លោក គឹម សុខ៖ «ដោយ​លោក សម រង្ស៊ី ចេះ​ធ្វើការ​សម្របសម្រួល​នយោបាយ​ការទូត​ហើយនឹង​បង្កើត​ទំនាក់ទំនង​ការទូត​របស់​គាត់​ជាមួយ​បណ្ដា​ប្រទេស​នានា​ថែមទៀត មិន​ត្រឹមតែ​ថៃ​ទេ។ ទាំង​ថៃ​ទាំង​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជាដើម​ដើម្បី​ឱ្យ​ប្រទេស​ថៃ និង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី​មើល​ឃើញ​ថា វា​ជា​កិច្ច​សហប្រតិបត្តិការ​រួម»។

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក សម រង្ស៊ី បាន​ព្យាយាម​វិល​ទៅ​កម្ពុជា​វិញ​ម្ដង​រួច​មក​ហើយ តែ​មិនបាន​សម្រេច ដោយសារតែ​របប​លោក ហ៊ុន សែន បាន​ដាក់​កងកម្លាំង​ប្រដាប់​អាវុធ​ពង្រាយ​តាម​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​រារាំង និង​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក សម រង្ស៊ី ទៅ​កម្ពុជា និង​ថែមទាំង​ស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​រួម​ទាំង​ប្រទេស​ថៃ ជាដើម កុំ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ជាន់​ទឹកដី។ កាលណោះ​ក៏​មាន​ពលករ​ខ្មែរ​ជាច្រើន​រង់ចាំ​អមដំណើរ​លោក សម រង្ស៊ី នៅ​ប្រទេស​ថៃ​ដែរ។

លោក ហ៊ុន សែន ធ្លាប់​ទទួល​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ​២០១៩ ដោយ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាលយោធា​ថៃ​របស់​លោក ប្រាយុទ្ធ ចាន់អូចា មិន​ឲ្យ​លោក សម រង្ស៊ី ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ដឹកនាំ​អ្នកគាំទ្រ​លោក​វិល​ទៅ​កម្ពុជា​វិញ។ ក៏ប៉ុន្តែ​សម្រាប់​បរិបទ​នយោបាយ​នៅ​ប្រទេស​ថៃ​នា​ពេល​នេះ​វិញ ខុសពី​មុន ពោល​គឺ​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) បាន​ចាញ់​ការ​បោះឆ្នោត កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​ថៃ​ឈ្នះ​ការ​បោះឆ្នោត​នេះ ក៏​ជា​របត់​មួយ​ថ្មី​ទៀត សម្រាប់​លោក សម រង្ស៊ី ក្នុង​ការ​វិល​ទៅ​កម្ពុជា​វិញ។

អ្នកវិភាគ លោក គឹម សុខ អះអាង​ថា ប្រសិន​បើ លោក សម រង្ស៊ី អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នៅពេល​ខាងមុខ​មែន​នោះ នឹង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​កូន​ប្រុស​ច្បង គឺ លោក ហ៊ុន ម៉ាណែត ដែល​ប្រការ​នេះ​នឹង​អាច​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។